និក្ខមនំ 5:1-9
និក្ខមនំ 5:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយនោះមក លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចូលទៅគាល់ផារ៉ោន ទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ចូរឲ្យប្រជារាស្ត្ររបស់យើងចេញទៅថ្វាយយញ្ញបូជាដល់យើងនៅទីរហោស្ថាន"»។ ប៉ុន្ដែ ផារ៉ោនតបថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលយើងត្រូវស្តាប់តាម ហើយឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះយេហូវ៉ាទេ ហើយមិនឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។ ពេលនោះ ពួកលោកទូលថា៖ «ព្រះរបស់សាសន៍ហេព្រើរបានលេចមកឲ្យយើងខ្ញុំឃើញ ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ក្រែងព្រះអង្គស្ទុះមកប្រហារយើងខ្ញុំ ដោយអាសន្នរោគ ឬដោយដាវ»។ ប៉ុន្ដែ ស្តេចស្រុកអេស៊ីព្ទមានរាជឱង្ការមកពួកលោកថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍មនុស្សមិនឲ្យធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។ ផារ៉ោនមានរាជឱង្ការថា៖ «មើល៍ ឥឡូវនេះ គេមានគ្នាច្រើនជាងប្រជាជនក្នុងស្រុកហើយ តែអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការទៅវិញ!»។ នៅថ្ងៃនោះឯង ផារ៉ោនបញ្ជាពួកមេតម្រួតលើប្រជាជន និងពួកមេក្រុមថា៖ «មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែលសម្រាប់ធ្វើឥដ្ឋដូចមុនទៀតឡើយ ត្រូវឲ្យពួកគេទៅរកចំបើងដោយខ្លួនឯងទៅ។ ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើឥដ្ឋគ្រប់ចំនួន ដូចដែលគេធ្លាប់ធ្វើពីមុន កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិល ហេតុនេះហើយបានជាគេស្រែកថា "សូមឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ"។ ត្រូវដាក់ការងារឲ្យគេធ្វើរឹតតែធ្ងន់ថែមទៀត ដើម្បីឲ្យគេខំប្រឹងធ្វើ កុំឲ្យគេយកចិត្តទុកដាក់នឹងពាក្យភូតភរឡើយ»។
និក្ខមនំ 5:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅនេះ: ចូរអនុញ្ញាតឲ្យប្រជារាស្ដ្រយើង ចេញទៅធ្វើពិធីបុណ្យគោរពយើងនៅវាលរហោស្ថាន»។ ព្រះចៅផារ៉ោនតបថា៖ «តើព្រះអម្ចាស់ជានរណាបានជាយើងត្រូវស្ដាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះអម្ចាស់ទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅឡើយ»។ លោកទាំងពីរទូលស្ដេចទៀតថា៖ «ព្រះនៃជនជាតិហេប្រឺបានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ព្រះអង្គនឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។ ស្ដេចស្រុកអេស៊ីបមានរាជឱង្ការមកកាន់លោកទាំងពីរថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍ពួកអ៊ីស្រាអែលឲ្យឈប់ធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលមានចំនួនច្រើននៅក្នុងស្រុក តើអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការដូចម្ដេចបាន?»។ នៅថ្ងៃដដែលនោះ ព្រះចៅផារ៉ោនបានបញ្ជាមេត្រួតត្រាលើប្រជាជន និងមេក្រុមថា៖ «មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែល សម្រាប់ធ្វើដុំឥដ្ឋដូចពីមុនទៀតទេ គឺឲ្យពួកគេទៅរកចំបើងដោយខ្លួនឯង។ ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើដុំឥដ្ឋគ្រប់ចំនួនដដែល កុំបន្ថយចំនួនឡើយ។ ពួកគេសុទ្ធតែជាមនុស្សខ្ជិល ហេតុនេះហើយបានជាគេទាមទារសុំចេញទៅថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ ត្រូវដាក់ការងារឲ្យពួកគេធ្វើកាន់តែធ្ងន់ធ្ងរថែមទៀត ដើម្បីកុំឲ្យពួកគេមានពេលគិតអំពីការភូតភរបានឡើយ»។
និក្ខមនំ 5:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ម៉ូសេនឹងអើរ៉ុននាំគ្នាចូលទៅគាល់ផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះថា ចូរឲ្យរាស្ត្រអញចេញទៅថ្វាយយញ្ញបូជាដល់អញនៅទីរហោស្ថាន តែផារ៉ោនមានបន្ទូលឆ្លើយថា តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្តាប់តាមទ្រង់ នឹងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ អញមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ នោះគេទូលថា ព្រះនៃសាសន៍ហេព្រើរ ទ្រង់បានលេចមកឯយើងខ្ញុំហើយ ដូច្នេះ សូមទ្រង់អនុញ្ញាត ឲ្យយើងខ្ញុំរាល់គ្នា ទៅឯទីរហោស្ថាន ចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ខ្លាចក្រែងទ្រង់ស្ទុះមកប្រហារយើងរាល់គ្នា ដោយអាសន្នរោគឬដាវផង តែស្តេចស្រុកអេស៊ីព្ទទ្រង់មានបន្ទូលតបថា នែម៉ូសេនឹងអើរ៉ុន ហេតុអ្វីបានជាបញ្ឈប់ពួកជនមិនឲ្យធ្វើការដូច្នេះ ចូរឯងរាល់គ្នាត្រឡប់ទៅធ្វើការរបស់ឯងវិញទៅ។ ផារ៉ោនទ្រង់ក៏មានបន្ទូលថា មើល ឥឡូវនេះ បណ្តាជននៅស្រុកនេះគេមានគ្នាច្រើន ហើយឯងមកធ្វើឲ្យគេឈប់ពីការគេចេញដូច្នេះ។ នៅថ្ងៃនោះឯង ផារ៉ោនទ្រង់បង្គាប់ដល់ពួកមេដំរួតលើជនទាំងឡាយ ហើយនឹងពួកនាយថា ចូរកុំឲ្យចំបើងដល់ជនសំរាប់នឹងធ្វើឥដ្ឋដូចអំពីដើមទៀតឡើយ ត្រូវឲ្យគេទៅរកចំបើងដោយខ្លួនឯងវិញ តែឯចំនួនឥដ្ឋដែលគេធ្លាប់ធ្វើពីដើមមក នោះត្រូវបង្ខំឲ្យគេចេះតែធ្វើទៅទៀតចុះ កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិលទេ បានជាស្រែកថា សូមឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ ត្រូវដាក់បន្ទុកឲ្យគេធ្វើរឹតតែធ្ងន់ឡើង ដើម្បីឲ្យគេខំធ្វើទៅ កុំឲ្យគេទុកចិត្តនឹងពាក្យកំភូតឡើយ។