និក្ខមនំ 5:1-23
និក្ខមនំ 5:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយនោះមក លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចូលទៅគាល់ផារ៉ោន ទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ចូរឲ្យប្រជារាស្ត្ររបស់យើងចេញទៅថ្វាយយញ្ញបូជាដល់យើងនៅទីរហោស្ថាន"»។ ប៉ុន្ដែ ផារ៉ោនតបថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលយើងត្រូវស្តាប់តាម ហើយឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះយេហូវ៉ាទេ ហើយមិនឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។ ពេលនោះ ពួកលោកទូលថា៖ «ព្រះរបស់សាសន៍ហេព្រើរបានលេចមកឲ្យយើងខ្ញុំឃើញ ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ក្រែងព្រះអង្គស្ទុះមកប្រហារយើងខ្ញុំ ដោយអាសន្នរោគ ឬដោយដាវ»។ ប៉ុន្ដែ ស្តេចស្រុកអេស៊ីព្ទមានរាជឱង្ការមកពួកលោកថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍មនុស្សមិនឲ្យធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។ ផារ៉ោនមានរាជឱង្ការថា៖ «មើល៍ ឥឡូវនេះ គេមានគ្នាច្រើនជាងប្រជាជនក្នុងស្រុកហើយ តែអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការទៅវិញ!»។ នៅថ្ងៃនោះឯង ផារ៉ោនបញ្ជាពួកមេតម្រួតលើប្រជាជន និងពួកមេក្រុមថា៖ «មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែលសម្រាប់ធ្វើឥដ្ឋដូចមុនទៀតឡើយ ត្រូវឲ្យពួកគេទៅរកចំបើងដោយខ្លួនឯងទៅ។ ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើឥដ្ឋគ្រប់ចំនួន ដូចដែលគេធ្លាប់ធ្វើពីមុន កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិល ហេតុនេះហើយបានជាគេស្រែកថា "សូមឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ"។ ត្រូវដាក់ការងារឲ្យគេធ្វើរឹតតែធ្ងន់ថែមទៀត ដើម្បីឲ្យគេខំប្រឹងធ្វើ កុំឲ្យគេយកចិត្តទុកដាក់នឹងពាក្យភូតភរឡើយ»។ ពួកមេតម្រួតលើពួកប្រជាជន និងពួកនាយ ក៏ចេញទៅប្រាប់ពួកគេថា៖ «ផារ៉ោនមានរាជឱង្ការដូច្នេះថា "យើងលែងផ្ដល់ចំបើងឲ្យអ្នករាល់គ្នាហើយ ចូរទៅរកចំបើងដោយខ្លួនឯង នៅកន្លែងណាដែលរកបានចុះ ប៉ុន្តែ ការងាររបស់អ្នករាល់គ្នាមិនត្រូវបន្ថយឡើយ សូម្បីតែបន្តិច"»។ ដូច្នេះ បណ្ដាជនត្រូវខ្ចាត់ខ្ចាយទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីរកជញ្ជ្រាំងមកជំនួសចំបើង។ ពួកមេតម្រួតដាក់កំហិតថា៖ «ត្រូវបង្ហើយការងាររបស់អ្នករាល់គ្នា ដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាពេលមានចំបើងនោះដែរ»។ ពួកមេតម្រួតរបស់ផារ៉ោនបានវាយពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែល ដែលខ្លួនបានតែងតាំង ហើយសួរថា៖ «ហេតុអ្វីបានជាពីម្សិលមិញ និងថ្ងៃនេះ អ្នករាល់គ្នាមិនបានធ្វើឥដ្ឋឲ្យគ្រប់ចំនួនដូចពីមុន?»។ បន្ទាប់មក ពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែល ក៏នាំគ្នាទៅឯផារ៉ោន ហើយស្រែកថា៖ «ហេតុអ្វីបានជាព្រះករុណាប្រព្រឹត្តនឹងយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណាដូច្នេះ? គេមិនផ្ដល់ចំបើងឲ្យយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណាទៀតទេ ហើយគេប្រាប់យើងខ្ញុំថា "ចូរធ្វើឥដ្ឋទៅ!" មើល៍ គេវាយយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា តែប្រជារាស្ត្ររបស់ព្រះករុណាទេដែលធ្វើខុស»។ ផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាជាមនុស្សកម្ជិល ជាមនុស្សខ្ជិលច្រអូល ហេតុនេះហើយបានជានិយាយថា "សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។ ឥឡូវនេះ ចូរទៅធ្វើការវិញទៅ យើងគ្មានចំបើងឲ្យអ្នករាល់គ្នាទេ តែត្រូវធ្វើឥដ្ឋឲ្យបានគ្រប់ចំនួន»។ កាលពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែលឮថា មិនត្រូវបន្ថយចំនួនឥដ្ឋដែលត្រូវធ្វើរាល់ថ្ងៃដូច្នោះ នោះក៏ឃើញថា ពួកគេធ្លាក់ក្នុងស្ថានភាពវេទនាហើយ។ ពេលគេចេញពីផារ៉ោនវិញ គេក៏ជួបលោកម៉ូសេ និងអើរ៉ុនដែលកំពុងតែឈរចាំ។ ពួកគេពោលទៅកាន់លោកទាំងពីរថា៖ «សូមព្រះយេហូវ៉ាទតមើល ហើយដាក់ទោសអ្នកចុះ ដ្បិតអ្នកបានធ្វើឲ្យពួកយើងស្អុយឈ្មោះនៅចំពោះផារ៉ោន និងពួកមហាតលិករបស់ស្ដេច ហើយបានហុចដាវឲ្យពួកគេសម្លាប់យើង»។ លោកម៉ូសេត្រឡប់ទៅរកព្រះយេហូវ៉ា ហើយទូលថា៖ «ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមក? ដ្បិតតាំងពីទូលបង្គំចូលទៅជួបផារ៉ោន ក្នុងព្រះនាមព្រះអង្គ ស្ដេចបានធ្វើបាបប្រជាជននេះ ហើយព្រះអង្គក៏មិនបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គសោះ»។
និក្ខមនំ 5:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅនេះ: ចូរអនុញ្ញាតឲ្យប្រជារាស្ដ្រយើង ចេញទៅធ្វើពិធីបុណ្យគោរពយើងនៅវាលរហោស្ថាន»។ ព្រះចៅផារ៉ោនតបថា៖ «តើព្រះអម្ចាស់ជានរណាបានជាយើងត្រូវស្ដាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះអម្ចាស់ទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅឡើយ»។ លោកទាំងពីរទូលស្ដេចទៀតថា៖ «ព្រះនៃជនជាតិហេប្រឺបានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ព្រះអង្គនឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។ ស្ដេចស្រុកអេស៊ីបមានរាជឱង្ការមកកាន់លោកទាំងពីរថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍ពួកអ៊ីស្រាអែលឲ្យឈប់ធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលមានចំនួនច្រើននៅក្នុងស្រុក តើអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការដូចម្ដេចបាន?»។ នៅថ្ងៃដដែលនោះ ព្រះចៅផារ៉ោនបានបញ្ជាមេត្រួតត្រាលើប្រជាជន និងមេក្រុមថា៖ «មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែល សម្រាប់ធ្វើដុំឥដ្ឋដូចពីមុនទៀតទេ គឺឲ្យពួកគេទៅរកចំបើងដោយខ្លួនឯង។ ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើដុំឥដ្ឋគ្រប់ចំនួនដដែល កុំបន្ថយចំនួនឡើយ។ ពួកគេសុទ្ធតែជាមនុស្សខ្ជិល ហេតុនេះហើយបានជាគេទាមទារសុំចេញទៅថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ ត្រូវដាក់ការងារឲ្យពួកគេធ្វើកាន់តែធ្ងន់ធ្ងរថែមទៀត ដើម្បីកុំឲ្យពួកគេមានពេលគិតអំពីការភូតភរបានឡើយ»។ ពួកមេត្រួតត្រាលើប្រជាជន និងពួកមេក្រុម ពោលមកកាន់ជនជាតិអ៊ីស្រាអែលដូចតទៅ៖ «ព្រះចៅផារ៉ោនមានរាជឱង្ការថា: យើងឈប់ផ្ដល់ចំបើងឲ្យអ្នករាល់គ្នាទៀតហើយ។ អ្នករាល់គ្នាត្រូវចេញទៅរកចំបើងខ្លួនឯងផ្ទាល់ នៅកន្លែងណាដែលអាចរកបាន ប៉ុន្តែ កុំបន្ថយចំនួនដុំឥដ្ឋឡើយ»។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងអស់ចេញទៅគ្រប់កន្លែង ក្នុងស្រុកអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។ ពួកមេត្រួតត្រាដាក់កំហិតប្រជាជនថា៖ «ត្រូវបង្ហើយការងារប្រចាំថ្ងៃឲ្យបានគ្រប់ចំនួនដូចពីមុន ក្នុងពេលដែលអ្នករាល់គ្នាមានចំបើង»។ មេត្រួតត្រាទាំងនោះវាយពួកមេក្រុមអ៊ីស្រាអែល ដែលខ្លួនបានតែងតាំង ព្រមទាំងស្ដីបន្ទោសថា៖ «ប៉ុន្មានថ្ងៃនេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនផលិតដុំឥដ្ឋគ្រប់ចំនួន ដូចកាលពីមុន?»។ មេក្រុមអ៊ីស្រាអែលនាំគ្នាទៅតវ៉ាព្រះចៅផារ៉ោនថា៖ «ហេតុអ្វីបានជាព្រះករុណាធ្វើបាបទូលបង្គំទាំងអស់គ្នាដូច្នេះ? គេមិនបានផ្ដល់ចំបើងឲ្យពួកទូលបង្គំទេ ហើយគេបញ្ជាឲ្យពួកទូលបង្គំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកទូលបង្គំទៀតផង។ ប្រជារាស្ដ្ររបស់ព្រះករុណាខុសហើយ!»។ ព្រះចៅផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាសុទ្ធតែជាមនុស្សខ្ជិល មនុស្សច្រអូស! ហេតុនេះហើយបានជាអ្នករាល់គ្នាពោលថា “សូមអនុញ្ញាតឲ្យយើងខ្ញុំ ចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់”!។ ឥឡូវនេះ ចូរនាំគ្នាទៅធ្វើការវិញទៅ។ យើងគ្មានចំបើងឲ្យទេ ប៉ុន្តែ ត្រូវធ្វើដុំឥដ្ឋឲ្យបានគ្រប់ចំនួន»។ កាលឮថា គេមិនបន្ថយចំនួនដុំឥដ្ឋដែលត្រូវផលិតប្រចាំថ្ងៃទេនោះ ពួកមេក្រុមអ៊ីស្រាអែលដឹងថា ខ្លួនធ្លាក់ក្នុងស្ថានភាពលំបាកវេទនាហើយ។ ពេលចេញពីគាល់ព្រះចៅផារ៉ោនវិញ ពួកគេមករកលោកម៉ូសេ និងលោកអើរ៉ុន ដែលកំពុងតែរង់ចាំពួកគេ។ ពួកគេពោលទៅកាន់លោកទាំងពីរថា៖ «សូមព្រះអម្ចាស់ទតមើល ហើយដាក់ទោសលោកទាំងពីរចុះ! លោកទាំងពីរធ្វើឲ្យព្រះចៅផារ៉ោន និងពួកមន្ត្រីទាំងអស់ស្អប់ពួកយើង។ លោកទាំងពីរបានហុចដាវទៅឲ្យពួកគេសម្លាប់យើង»។ លោកម៉ូសេបែរទៅរកព្រះអម្ចាស់ ទូលថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមក? តាំងពីទូលបង្គំបានទៅគាល់ព្រះចៅផារ៉ោន ក្នុងព្រះនាមរបស់ព្រះអង្គមក ស្ដេចនោះបានធ្វើបាបប្រជាជននេះ តែព្រះអង្គមិនបានរំដោះប្រជារាស្ដ្ររបស់ព្រះអង្គសោះ»។
និក្ខមនំ 5:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ម៉ូសេនឹងអើរ៉ុននាំគ្នាចូលទៅគាល់ផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះថា ចូរឲ្យរាស្ត្រអញចេញទៅថ្វាយយញ្ញបូជាដល់អញនៅទីរហោស្ថាន តែផារ៉ោនមានបន្ទូលឆ្លើយថា តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្តាប់តាមទ្រង់ នឹងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ អញមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ នោះគេទូលថា ព្រះនៃសាសន៍ហេព្រើរ ទ្រង់បានលេចមកឯយើងខ្ញុំហើយ ដូច្នេះ សូមទ្រង់អនុញ្ញាត ឲ្យយើងខ្ញុំរាល់គ្នា ទៅឯទីរហោស្ថាន ចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ខ្លាចក្រែងទ្រង់ស្ទុះមកប្រហារយើងរាល់គ្នា ដោយអាសន្នរោគឬដាវផង តែស្តេចស្រុកអេស៊ីព្ទទ្រង់មានបន្ទូលតបថា នែម៉ូសេនឹងអើរ៉ុន ហេតុអ្វីបានជាបញ្ឈប់ពួកជនមិនឲ្យធ្វើការដូច្នេះ ចូរឯងរាល់គ្នាត្រឡប់ទៅធ្វើការរបស់ឯងវិញទៅ។ ផារ៉ោនទ្រង់ក៏មានបន្ទូលថា មើល ឥឡូវនេះ បណ្តាជននៅស្រុកនេះគេមានគ្នាច្រើន ហើយឯងមកធ្វើឲ្យគេឈប់ពីការគេចេញដូច្នេះ។ នៅថ្ងៃនោះឯង ផារ៉ោនទ្រង់បង្គាប់ដល់ពួកមេដំរួតលើជនទាំងឡាយ ហើយនឹងពួកនាយថា ចូរកុំឲ្យចំបើងដល់ជនសំរាប់នឹងធ្វើឥដ្ឋដូចអំពីដើមទៀតឡើយ ត្រូវឲ្យគេទៅរកចំបើងដោយខ្លួនឯងវិញ តែឯចំនួនឥដ្ឋដែលគេធ្លាប់ធ្វើពីដើមមក នោះត្រូវបង្ខំឲ្យគេចេះតែធ្វើទៅទៀតចុះ កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិលទេ បានជាស្រែកថា សូមឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ ត្រូវដាក់បន្ទុកឲ្យគេធ្វើរឹតតែធ្ងន់ឡើង ដើម្បីឲ្យគេខំធ្វើទៅ កុំឲ្យគេទុកចិត្តនឹងពាក្យកំភូតឡើយ។ ពួកមេដំរួតលើពួកជន នឹងពួកនាយ ក៏ទៅប្រាប់ដល់គេថា ផារ៉ោនទ្រង់មានបន្ទូលដូច្នេះថា អញលែងបើកចំបើងឲ្យឯងរាល់គ្នាហើយ ចូរទៅរកចំបើងដោយខ្លួនឯងនៅកន្លែងណាដែលរកបានចុះ ប៉ុន្តែការរបស់ឯងរាល់គ្នា នោះមិនត្រូវបន្ថយសូម្បីដល់បន្តិចបន្តួចឡើយ ដូច្នេះ បណ្តាជនទាំងឡាយត្រូវខ្ចាត់ខ្ចាយ ទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីនឹងរករើសជញ្ជ្រាំងមកជំនួសចំបើង ពួកមេដំរួតក៏ពោលបង្ខំថា ចូរឯងរាល់គ្នាធ្វើបង្ហើយការរបស់ឯងដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាកាលមានចំបើងពីដើមមកដែរ គេក៏វាយពួកមេនៃកូនចៅអ៊ីស្រាអែល ដែលពួកមេដំរួតរបស់ផារ៉ោនបានតាំងលើបណ្តាជន ហើយសួរថា ហេតុអ្វីបានជាពីម្សិលមិញហើយថ្ងៃនេះ ឯងរាល់គ្នាមិនបានធ្វើឥដ្ឋឲ្យគ្រប់ចំនួនដូចអំពីដើមមក។ នោះពួកមេរបស់កូនចៅអ៊ីស្រាអែល ក៏នាំគ្នាទៅស្រែកដល់ផារ៉ោនថា ហេតុអ្វីបានជាទ្រង់ប្រព្រឹត្តនឹងយើងខ្ញុំជាពួកបំរើទ្រង់យ៉ាងដូច្នេះ ដ្បិតគេមិនឲ្យចំបើងដល់យើងខ្ញុំជាពួកបំរើទ្រង់ទៀតទេ ហើយគេប្រាប់យើងខ្ញុំថា ចូរខំធ្វើឥដ្ឋទៅ គេក៏វាយយើងខ្ញុំជាពួកបំរើទ្រង់ដែរ តែគឺពួកទ្រង់ទេ ដែលធ្វើខុសនោះ ទ្រង់ឆ្លើយតបថា ឯងរាល់គ្នាជាមនុស្សកំជិល គឺឯងខ្ជិលទេ បានជានិយាយថា សូមបើកឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ដូច្នេះចូរឯងរាល់គ្នាត្រឡប់ទៅធ្វើការវិញឥឡូវចុះ ដ្បិតគេមិនត្រូវឲ្យចំបើងដល់ឯងរាល់គ្នាទេ តែត្រូវឲ្យឯងធ្វើឥដ្ឋនោះឲ្យគ្រប់ចំនួនកុំខាន ឯពួកមេរបស់កូនចៅអ៊ីស្រាអែល កាលគេឮថា មិនត្រូវបន្ថយចំនួនឥដ្ឋដែលត្រូវធ្វើរាល់ថ្ងៃដូច្នោះ នោះក៏ឃើញថា ខ្លួនជាមនុស្សជាប់សេចក្ដីវេទនាហើយ គេក៏ចេញពីចំពោះផារ៉ោនមកជួបនឹងម៉ូសេ ហើយនឹងអើរ៉ុន ដែលកំពុងតែឈរចាំ ក៏និយាយថា សូមឲ្យព្រះយេហូវ៉ាពិចារណា ហើយជំនុំជំរះអ្នកចុះ ដ្បិតអ្នកបានធ្វើឲ្យយើងរាល់គ្នាស្អុយកេរនៅចំពោះផារ៉ោន នឹងពួកមហាតលិកទ្រង់ ព្រមទាំងដាក់ដាវនៅដៃគេឲ្យសំឡាប់យើងរាល់គ្នាផង។ នោះម៉ូសេ គាត់ត្រឡប់ទៅឯព្រះយេហូវ៉ា ទូលថា ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់ធ្វើបាបដល់ពួកបណ្តាជននេះដូច្នេះ តើទ្រង់បានចាត់ទូលបង្គំមកធ្វើអី ដ្បិតតាំងតែពីទូលបង្គំចូលទៅទូលផារ៉ោន ដោយនូវព្រះនាមទ្រង់ នោះផារ៉ោនចេះតែធ្វើបាបដល់បណ្តាជននេះ ហើយទ្រង់សោត ក៏មិនបានប្រោសដល់រាស្ត្រទ្រង់ឲ្យរួចផងដែរ។