និក្ខមនំ 40:33-38
និក្ខមនំ 40:33-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកដំឡើងរនាំងនៃទីលាន នៅជុំវិញរោងឧបោសថ និងអាសនា រួចដាក់រនាំងនៅមាត់ទ្វារទីលាន។ ដូច្នេះ លោកម៉ូសេបានធ្វើការទាំងនោះចប់សព្វគ្រប់។ ពេលនោះ មានពពកមកគ្របលើត្រសាលជំនុំ ហើយសិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅពេញរោងឧបោសថ។ លោកម៉ូសេពុំអាចចូលទៅក្នុងត្រសាលជំនុំបានឡើយ ព្រោះមានពពកគ្របពីលើ ហើយសិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅពេញក្នុងរោងឧបោសថ។ ពេលណាពពកអណ្ដែតឡើងផុតពីលើរោងឧបោសថ កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញដំណើរទៅមុខ គឺរាល់វេលាដែលពួកគេធ្វើដំណើរ តែបើកាលណាពពកមិនអណ្ដែតឡើងទេ នោះគេក៏មិនចេញដំណើរទៅដែរ គឺគេរង់ចាំរហូតដល់ថ្ងៃដែលពពកអណ្ដែតឡើង។ ដ្បិតគ្រប់ដំណាក់ដែលកូនចៅអ៊ីស្រាអែលធ្វើដំណើរ នោះនៅវេលាថ្ងៃ តែងមានពពករបស់ព្រះយេហូវ៉ាស្ថិតនៅលើរោងឧបោសថ ហើយនៅវេលាយប់ មានភ្លើងនៅក្នុងពពក ពួកវង្សអ៊ីស្រាអែលសុទ្ធតែបានឃើញទាំងអស់គ្នា។:៚
និក្ខមនំ 40:33-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅទីបញ្ចប់ លោកម៉ូសេឲ្យគេដំឡើងរនាំងរបស់ទីលាន នៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងចងវាំងនន នៅមាត់ទ្វារចូលទីលាន។ ពេលនោះ មានពពក*មកគ្របបាំងលើពន្លាជួបព្រះអម្ចាស់ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។ លោកម៉ូសេពុំអាចចូលទៅក្នុងពន្លាជួបព្រះអម្ចាស់បានឡើយ ព្រោះមានពពកមកគ្របបាំងលើពន្លានោះ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។ ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នារើជំរំ ចេញដំណើរទៅមុខ។ ប្រសិនបើពពកមិនអណ្ដែតឡើងពីព្រះពន្លាទេ ជនជាតិអ៊ីស្រាអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃដែលពពកអណ្ដែតឡើង។ គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រាអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពក*របស់ព្រះអម្ចាស់ស្ថិតនៅលើព្រះពន្លា នៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។
និក្ខមនំ 40:33-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកដំឡើងរនាំងនៃទីលាននៅជុំវិញរោងឧបោសថ ហើយនឹងអាសនា រួចដាក់រនាំងបាំងនៅមាត់ទ្វារទីលាន ដូច្នេះម៉ូសេបានធ្វើការទាំងនោះរួចជាស្រេច។ នោះពពកក៏គ្របត្រសាលជំនុំ ហើយសិរីល្អនៃព្រះយេហូវ៉ាបានស្ថិតនៅពេញក្នុងរោងឧបោសថ ឯម៉ូសេ លោកចូលទៅក្នុងត្រសាលជំនុំមិនបាន ពីព្រោះពពកនៅពីលើ ហើយដោយព្រោះសិរីល្អនៃព្រះយេហូវ៉ាដែលនៅពេញក្នុងរោងឧបោសថនោះផង បើកាលណាពពកបានឡើង ផុតពីលើរោងឧបោសថ នោះពួកកូនចៅអ៊ីស្រាអែលក៏តែងធ្វើដំណើរដើរទៅជាដរាប ក្នុងគ្រប់ទាំងវេលាដែលគេកំពុងតែធ្វើដំណើរនោះ តែបើកាលណាពពកមិនបានឡើងទេ នោះគេក៏មិនធ្វើដំណើរទៅដែរ ទាល់តែពពកឡើងផុតចេញ ដ្បិតក្នុងអស់ទាំងការដំណើរនៃពួកកូនចៅអ៊ីស្រាអែល នោះនៅវេលាថ្ងៃ តែងមានពពកនៃព្រះយេហូវ៉ា ស្ថិតនៅលើរោងឧបោសថ ហើយនៅវេលាយប់ មានភ្លើងវិញ ឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ។:៚