និក្ខមនំ 4:24-26
និក្ខមនំ 4:24-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលធ្វើដំណើរមកតាមផ្លូវ ព្រះយេហូវ៉ាយាងជួបលោកនៅត្រង់កន្លែងឈប់សម្រាក ហើយរកសម្លាប់លោក។ ពេលនោះ នាងសេផូរ៉ាយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសកូនប្រុសរបស់នាង ហើយទៅប៉ះនឹងជើងរបស់លោកម៉ូសេ រួចពោលថា៖ «អ្នកពិតជាប្តីរបស់ខ្ញុំមែន ដោយសារបានខ្ចាយឈាមដល់ខ្ញុំ!»។ ដូច្នេះ ព្រះអង្គក៏លែងធ្វើអ្វីលោកទៅ ហើយនាងពោលថា៖ «អ្នកជាប្តីដោយសារឈាម ដោយព្រោះការកាត់ស្បែក»។
និក្ខមនំ 4:24-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលធ្វើដំណើរ លោកម៉ូសេឈប់សម្រាកនៅកន្លែងមួយ យប់នោះ ព្រះអម្ចាស់ក៏ចូលមកជិត ដើម្បីរកសម្លាប់លោក។ នាងសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម កាត់ស្បែកចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់លោកម៉ូសេ ទាំងពោលថា៖ «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!»។ ពេលនោះ ព្រះអម្ចាស់ចាកចេញពីលោកម៉ូសេ។ នាងសេផូរ៉ាពោលថា «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការកាត់ស្បែក។
និក្ខមនំ 4:24-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះធ្វើដំណើរមកតាមផ្លូវ នោះព្រះយេហូវ៉ាទ្រង់មកជួបនឹងលោក នៅត្រង់ផ្ទះសំណាក់ចង់សំឡាប់លោក នោះសេផូរ៉ា នាងយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសរបស់កូន បោះចោលទៅត្រង់ជើងប្ដី ដោយពាក្យថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមដល់ខ្ញុំហើយ រួចទ្រង់លែងធ្វើលោកទៅ ហើយនាងនិយាយថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមហើយ ដោយព្រោះការកាត់ស្បែកនេះ។