និក្ខមនំ 4:18-26

និក្ខមនំ 4:18-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​រក​បង‌ប្អូន​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​ឲ្យ​ដឹង​ថា​ពួក‌គេ​នៅ​រស់​ឬ​យ៉ាង​ណា?» លោក​យេត្រូ​មាន​ប្រសាសន៍​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ នៅ​ស្រុក​ម៉ាឌាន ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អស់​អ្នក​ដែល​ប៉ុន​ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។ លោក​ម៉ូសេ​ក៏​នាំ​យក​ប្រពន្ធ កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ហើយ​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កាល​ណា​អ្នក​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​យើង​បាន​ដាក់​នៅ​ដៃ​អ្នក​នៅ​ចំពោះ​ផារ៉ោន​ឡើយ តែ​យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​ចេញ​មក​ទេ។ អ្នក​ត្រូវ​ប្រាប់​ផារ៉ោន​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង ហើយ​យើង​ប្រាប់​អ្នក​ថា ចូរ​បើក​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​ថ្វាយ​បង្គំ​យើង។ តែ​ប្រសិន‌បើ​អ្នក​មិន​ព្រម​ទេ នោះ​មើល៍ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក"»។ ពេល​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ ព្រះ‌យេហូវ៉ា​យាង​ជួប​លោក​នៅ​ត្រង់​កន្លែង​ឈប់​សម្រាក ហើយ​រក​សម្លាប់​លោក។ ពេល​នោះ នាង​សេផូរ៉ា​យក​ថ្ម​យ៉ាង​មុត មក​កាត់​ស្បែក​ចុង​ស្វាស​កូនប្រុស​របស់​នាង ហើយទៅ​ប៉ះ​នឹង​ជើង​របស់​លោក​ម៉ូសេ រួច​ពោល​ថា៖ «អ្នក​ពិត​ជា​ប្តី​របស់​ខ្ញុំ​មែន ដោយ​សារ​បាន​ខ្ចាយ​ឈាម​ដល់​ខ្ញុំ!»។ ដូច្នេះ ព្រះ​អង្គ​ក៏​លែង​ធ្វើ​អ្វី​លោក​ទៅ ហើយ​នាង​ពោល​ថា៖ «អ្នក​ជា​ប្តី​ដោយ​សារ​ឈាម ដោយ​ព្រោះ​ការ​កាត់​ស្បែក»។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:18-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ក៏​ចេញ​ទៅ ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បងប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កូន​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ នៅ​ស្រុក​ម៉ាឌាន ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ចុះ ព្រោះ​ពួក​ដែល​ប៉ុន‌ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។ លោក​ម៉ូសេ​នាំ​ប្រពន្ធ កូន ជិះ​លា​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ លោក​បាន​កាន់​ដំបង​របស់​ព្រះ‌ជាម្ចាស់​ទៅ​ជា​មួយ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ផ្ដល់​អំណាច​ឲ្យ​អ្នក​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ទាំង​នោះ​ឲ្យ​ស្ដេច​ផារ៉ោន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ទេ។ ត្រូវ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រជា‌ជន​អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង ចូរ​អនុ‌ញ្ញាត​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។ ពេល​ធ្វើ​ដំណើរ លោក​ម៉ូសេ​ឈប់​សម្រាក​នៅ​កន្លែង​មួយ យប់​នោះ ព្រះ‌អម្ចាស់​ក៏​ចូល​មក​ជិត ដើម្បី​រក​សម្លាប់​លោក។ នាង​សេផូ‌រ៉ា​យក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ប្រុស​នាង យក​ទៅ​ប៉ះ​ភ្លៅ​របស់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ដោយ‌សារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!»។ ពេល​នោះ ព្រះ‌អម្ចាស់​ចាក​ចេញ​ពី​លោក​ម៉ូសេ។ នាង​សេផូ‌រ៉ា​ពោល​ថា «ដោយ‌សារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!» ដូច្នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​កាត់​ស្បែក។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:18-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ឯ​យេត្រូ ជា​ឪពុក​ក្មេក​ជំរាប​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​បង​ប្អូន​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​នឹង​មើល តើ​គេ​នៅ​រស់​ឬ​យ៉ាង​ណា យេត្រូ​តប​ថា ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ រីឯ​នៅ​ស្រុក​ម៉ាឌាន នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​ពួក​អ្នក​ដែល​ចង់​សំឡាប់​ឯង គេ​ស្លាប់​អស់​ហើយ ម៉ូសេ​ក៏​ប្រមូល​យក​ប្រពន្ធ​កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ក៏​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា កាល​ណា​ឯង​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ឲ្យ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​បាន​ដាក់​នៅ​ដៃ​ឯង​នៅ​ចំពោះ​មុខ​ផារ៉ោន​ឡើយ តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តាជន​ចេញ​ទៅ​ទេ ឯង​ត្រូវ​ទូល​ទៅ​ផារ៉ោន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អ៊ីស្រាអែល​ជា​កូន​អញ គឺ​ជា​កូន​ច្បង​របស់​អញ ហើយ​អញ​ប្រាប់​ឯង​ថា ចូរ​បើក​ឲ្យ​កូន​អញ​ចេញ​ទៅ ដើម្បី​នឹង​ថ្វាយ‌បង្គំ​អញ បើ​ឯង​មិន​ព្រម​ទេ នោះ​មើល អញ​នឹង​សំឡាប់​កូន​ច្បង​របស់​ឯង​ចោល។ លុះ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មក​ជួប​នឹង​លោក នៅ​ត្រង់​ផ្ទះ​សំណាក់​ចង់​សំឡាប់​លោក នោះ​សេផូរ៉ា នាង​យក​ថ្ម​យ៉ាង​មុត មក​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន បោះ​ចោល​ទៅ​ត្រង់​ជើង​ប្ដី ដោយ​ពាក្យ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ដល់​ខ្ញុំ​ហើយ រួច​ទ្រង់​លែង​ធ្វើ​លោក​ទៅ ហើយ​នាង​និយាយ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ហើយ ដោយ​ព្រោះ​ការ​កាត់​ស្បែក​នេះ។

ចែក​រំលែក
អាន និក្ខមនំ 4