និក្ខមនំ 4:10-23

និក្ខមនំ 4:10-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​មនុស្ស​មិន​សូវ​មាន​វោហារ​ទេ គឺ​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​នៅ​ពេល​នេះ ដ្បិត​ទូល‌បង្គំ​មាន​មាត់​រឹង ហើយ​អណ្ដាត​ក៏​ដំឡាន់​ផង»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស? តើ​អ្នក​ណាធ្វើ​ឲ្យ​គេ​ទៅ​ជា​គ ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​ជា​យើង ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ យើង​នឹង​នៅ​ជា‌មួយ​មាត់​អ្នក ហើយ​បង្រៀន​ពី​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ»។ លោក​ម៉ូសេ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ចាត់​អ្នក​ណា​ម្នាក់​ផ្សេង​វិញ​ទៅ!»។ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​លោក​ម៉ូសេ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អើរ៉ុន​កូន​ចៅ​លេវី មិន​មែន​ជា​បង​ប្រុស​របស់​អ្នក​ទេ​ឬ? យើង​ដឹង​ថា គាត់ជា​មនុស្ស​ពូកែ​វោហារ មើល៍ គាត់​កំពុង​តែ​មក​រក​អ្នក​ទៀត​ផង កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​នឹង​មាន​ចិត្ត​រីក​រាយ​ឡើង។ អ្នក​ត្រូវ​ប្រាប់​គាត់ ហើយ​ឲ្យ​គាត់​និយាយ​ជំនួស​អ្នក យើង​នឹង​នៅ​ជា‌មួយ​មាត់​របស់​អ្នក និង​ជា‌មួយ​មាត់​របស់​គាត់ ក៏​នឹង​បង្រៀន​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ផង។ គាត់​នឹង​និយាយ​ទៅ​ប្រជា‌ជន​ជំនួស​អ្នក គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​សម្រាប់​គាត់។ ត្រូវ​យក​ដំបង​នេះ​កាន់​នៅ​ដៃ សម្រាប់​នឹង​ធ្វើ​ទី​សម្គាល់​ចុះ»។ លោក​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​រក​បង‌ប្អូន​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​ឲ្យ​ដឹង​ថា​ពួក‌គេ​នៅ​រស់​ឬ​យ៉ាង​ណា?» លោក​យេត្រូ​មាន​ប្រសាសន៍​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ នៅ​ស្រុក​ម៉ាឌាន ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អស់​អ្នក​ដែល​ប៉ុន​ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។ លោក​ម៉ូសេ​ក៏​នាំ​យក​ប្រពន្ធ កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ហើយ​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កាល​ណា​អ្នក​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​យើង​បាន​ដាក់​នៅ​ដៃ​អ្នក​នៅ​ចំពោះ​ផារ៉ោន​ឡើយ តែ​យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​ចេញ​មក​ទេ។ អ្នក​ត្រូវ​ប្រាប់​ផារ៉ោន​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង ហើយ​យើង​ប្រាប់​អ្នក​ថា ចូរ​បើក​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​ថ្វាយ​បង្គំ​យើង។ តែ​ប្រសិន‌បើ​អ្នក​មិន​ព្រម​ទេ នោះ​មើល៍ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក"»។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:10-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ ទូលបង្គំ​មិន​មែន​ជា​មនុស្ស​ពូកែ​វោហារ​ទេ ដ្បិត​ទូលបង្គំ​មិន​ប្រសប់​និយាយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​ត្រូវ​និយាយ»។ លោក​ម៉ូសេ​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ព្រះអង្គ​ចាត់​នរណា​ម្នាក់​ទៀត​ឲ្យ​ទៅ​ចុះ!»។ ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​លោក​ម៉ូសេ​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​បង​ប្រុស​ម្នាក់​ឈ្មោះ​អើរ៉ុន ជា​កូន​ចៅ​លេវី។ យើង​ដឹង​ថា គាត់​ជា​មនុស្ស​ពូកែ​វោហារ ហើយ​កំពុង​តែ​មក​រក​ជួប​អ្នក​ទៀត​ផង។ កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​មុខ​ជា​សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង។ អ្នក​នឹង​ប្រាប់​គាត់​ឲ្យ​និយាយ​ជំនួស​នូវ​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ។ រីឯ​យើង​វិញ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ ហើយ​ប្រាប់​អំពី​អ្វីៗ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។ គាត់​នឹង​និយាយ​ទៅ​កាន់​ប្រជា‌ជន​ជំនួស​អ្នក គាត់​ជា​អ្នក​នាំ​ពាក្យ​របស់​អ្នក ហើយ​អ្នក​ប្រៀប​ដូច​ជា​ព្រះ​សម្រាប់​គាត់។ ចូរ​កាន់​ដំបង​នេះ​ទៅ​ជា​មួយ ដោយ‌សារ​ដំបង​នេះ អ្នក​អាច​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ផ្សេងៗ»។ លោក​ម៉ូសេ​ក៏​ចេញ​ទៅ ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បងប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កូន​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ នៅ​ស្រុក​ម៉ាឌាន ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ចុះ ព្រោះ​ពួក​ដែល​ប៉ុន‌ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។ លោក​ម៉ូសេ​នាំ​ប្រពន្ធ កូន ជិះ​លា​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ លោក​បាន​កាន់​ដំបង​របស់​ព្រះ‌ជាម្ចាស់​ទៅ​ជា​មួយ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ផ្ដល់​អំណាច​ឲ្យ​អ្នក​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ទាំង​នោះ​ឲ្យ​ស្ដេច​ផារ៉ោន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ទេ។ ត្រូវ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រជា‌ជន​អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង ចូរ​អនុ‌ញ្ញាត​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:10-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​មិន‌សូវ​មាន​វោហារ​ទេ គឺ​តាំង​តែ​ពី​ដើម​រៀង​មក ហើយ​ឥឡូវ​នេះ​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ នោះ​ក៏​នៅ​តែ​គ្មាន​ដដែល ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ​ទេ ដូច្នេះ ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្ដី​ដែល​ឯង​ត្រូវ​និយាយ​ផង នោះ​ម៉ូសេ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ចាត់​អ្នក​ណា​មួយ​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ម៉ូសេ ទ្រង់​មាន​បន្ទូល​ថា តើ​អើរ៉ុន ជា​ពួក​លេវី មិន​មែន​ជា​បង​ឯង​ទេ​ឬ​អី អញ​ដឹង​ថា គាត់​ចេះ​វោហារ​ស្រួល​ណាស់ ហើយ​មើល គាត់​ក៏​ចេញ​មក​រក​ឯង​ដែរ កាល​ណា​ឃើញ​ឯង​ហើយ នោះ​គាត់​នឹង​មាន​ចិត្ត​អំណរ​អរ ឯង​ត្រូវ​ជំនុំ​នឹង​គាត់ ហើយ​បញ្ចេះ​ពាក្យ​សំដី​ឲ្យ​គាត់​បាន​និយាយ ឯ​អញៗ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ហើយ​នឹង​មាត់​គាត់​ដែរ ព្រម​ទាំង​បង្រៀន​ការ​ដែល​ឯង​ត្រូវ​ធ្វើ​ផង គាត់​នឹង​និយាយ​ទៅ​បណ្តាជន​ជំនួស​ឯង គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​ដូច​ជា​ព្រះ​ដល់​គាត់ ត្រូវ​ឲ្យ​ឯង​យក​ដំបង​នេះ​កាន់​នៅ​ដៃ សំរាប់​នឹង​ធ្វើ​ទី​សំគាល់​ចុះ។ នោះ​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ឯ​យេត្រូ ជា​ឪពុក​ក្មេក​ជំរាប​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​បង​ប្អូន​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​នឹង​មើល តើ​គេ​នៅ​រស់​ឬ​យ៉ាង​ណា យេត្រូ​តប​ថា ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ រីឯ​នៅ​ស្រុក​ម៉ាឌាន នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​ពួក​អ្នក​ដែល​ចង់​សំឡាប់​ឯង គេ​ស្លាប់​អស់​ហើយ ម៉ូសេ​ក៏​ប្រមូល​យក​ប្រពន្ធ​កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ក៏​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា កាល​ណា​ឯង​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ឲ្យ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​បាន​ដាក់​នៅ​ដៃ​ឯង​នៅ​ចំពោះ​មុខ​ផារ៉ោន​ឡើយ តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តាជន​ចេញ​ទៅ​ទេ ឯង​ត្រូវ​ទូល​ទៅ​ផារ៉ោន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អ៊ីស្រាអែល​ជា​កូន​អញ គឺ​ជា​កូន​ច្បង​របស់​អញ ហើយ​អញ​ប្រាប់​ឯង​ថា ចូរ​បើក​ឲ្យ​កូន​អញ​ចេញ​ទៅ ដើម្បី​នឹង​ថ្វាយ‌បង្គំ​អញ បើ​ឯង​មិន​ព្រម​ទេ នោះ​មើល អញ​នឹង​សំឡាប់​កូន​ច្បង​របស់​ឯង​ចោល។

ចែក​រំលែក
អាន និក្ខមនំ 4