និក្ខមនំ 4:1-5
និក្ខមនំ 4:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ លោកម៉ូសេប្រកែកថា៖ «មើល៍ គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ ដ្បិតគេនឹងពោលថា "ព្រះយេហូវ៉ាមិនបានលេចមកឲ្យអ្នកឃើញទេ"»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «តើមានអ្វីនៅដៃរបស់អ្នក?» លោកឆ្លើយថា៖ «មានដំបង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!» លោកក៏បោះដំបងទៅដី ហើយដំបងត្រឡប់ទៅជាសត្វពស់ លោកម៉ូសេក៏រត់ចេញពីសត្វពស់។ ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលូកដៃទៅចាប់កន្ទុយវាទៅ!» លោកក៏លូកដៃទៅចាប់ រួចពស់នោះត្រឡប់ទៅជាដំបងនៅដៃរបស់លោកវិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «នេះដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃបុព្វបុរសរបស់គេ គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប បានលេចមកឲ្យអ្នកឃើញមែន»។
និក្ខមនំ 4:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេឆ្លើយថា៖ «ប្រហែលជាជនជាតិអ៊ីស្រាអែលមិនជឿ ហើយមិនស្ដាប់សម្ដីទូលបង្គំទេ។ ពួកគេនឹងពោលមកទូលបង្គំថា “ព្រះអម្ចាស់មិនបានបង្ហាញឲ្យអ្នកឃើញព្រះអង្គឡើយ”»។ ព្រះអម្ចាស់សួរលោកថា៖ «តើអ្នកកាន់អ្វី?» លោកឆ្លើយថា៖ «ទូលបង្គំកាន់ដំបង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!»។ លោកម៉ូសេបោះដំបងទៅដី ដំបងនោះក៏ក្លាយជាពស់។ លោកម៉ូសេរត់ចេញពីពស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «លូកដៃចាប់កន្ទុយវាទៅ!»។ លោកលូកដៃចាប់វា ពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់លោក។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រាអែលនឹងជឿថា ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប បានបង្ហាញព្រះអង្គឲ្យអ្នកឃើញមែន»។
និក្ខមនំ 4:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែម៉ូសេប្រកែកថា មើល គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ គេនឹងថា ព្រះយេហូវ៉ាទ្រង់មិនបានលេចមកឯអ្នកទេ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា តើមានអ្វីនៅដៃឯងនោះ លោកទូលឆ្លើយថា មានដំបង រួចទ្រង់ប្រាប់ថា ចូរបោះទៅដីទៅ លោកក៏បោះទៅ ហើយដំបងនោះត្រឡប់ទៅជាសត្វពស់ ម៉ូសេក៏រត់ចេញពីសត្វពស់នោះ តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា ចូរលូកដៃទៅចាប់ត្រង់កន្ទុយវា លោកក៏លូកដៃទៅចាប់ រួចពស់នោះត្រឡប់ទៅជាដំបងនៅដៃលោកវិញ នេះគឺដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃពួកឰយុកោ ជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប ទ្រង់បានលេចមកឯឯង។