និក្ខមនំ 4:1-31 - Compare All Versions

និក្ខមនំ 4:1-31 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «មើល៍ គេ​នឹង​មិន​ជឿ​ទូល‌បង្គំ ឬ​ស្តាប់​តាម​ទូល‌បង្គំ​ទេ ដ្បិត​គេ​នឹង​ពោល​ថា "ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​ទេ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​មាន​អ្វី​នៅ​ដៃ​របស់​អ្នក?» លោក​ឆ្លើយ​ថា៖ «មាន​ដំបង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!» លោក​ក៏​បោះ​ដំបង​ទៅ​ដី ហើយ​ដំបង​ត្រឡប់​ទៅ​ជា​សត្វ​ពស់ លោក​ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លូក​ដៃ​ទៅ​ចាប់​កន្ទុយ​វា​ទៅ!» លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​របស់​លោក​វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា៖ «នេះ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​មែន»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​ទៅ​លើ​ទ្រូង​អ្នក​ទៅ» លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ពេល​ដក​ដៃ​មក​វិញ មើល៍ ដៃ​របស់​លោក​កើត​ឃ្លង់ ឡើង​ស​ដូចហិមៈ។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​អ្នក​ម្តង​ទៀត»។ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួចកាល​លោក​ដក​ដៃ​មក​វិញ នោះ​មើល៍ ដៃរបស់​លោក​ត្រឡប់​មក​ដូច​ធម្មតា​វិញ។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សម្គាល់​ទីមួយ​ទេ គេ​មុខ​ជា​ជឿ​ទី​សម្គាល់​ក្រោយ​នេះ។ ប្រសិន‌បើ​គេ​មិន​ជឿ​ទី​សម្គាល់​ទាំង​ពីរ​នេះ ហើយ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អ្នក​ទេ ត្រូវ​យក​ទឹក​ទន្លេ​នីល​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​មនុស្ស​មិន​សូវ​មាន​វោហារ​ទេ គឺ​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​នៅ​ពេល​នេះ ដ្បិត​ទូល‌បង្គំ​មាន​មាត់​រឹង ហើយ​អណ្ដាត​ក៏​ដំឡាន់​ផង»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស? តើ​អ្នក​ណាធ្វើ​ឲ្យ​គេ​ទៅ​ជា​គ ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​ជា​យើង ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ យើង​នឹង​នៅ​ជា‌មួយ​មាត់​អ្នក ហើយ​បង្រៀន​ពី​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ»។ លោក​ម៉ូសេ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ចាត់​អ្នក​ណា​ម្នាក់​ផ្សេង​វិញ​ទៅ!»។ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​លោក​ម៉ូសេ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អើរ៉ុន​កូន​ចៅ​លេវី មិន​មែន​ជា​បង​ប្រុស​របស់​អ្នក​ទេ​ឬ? យើង​ដឹង​ថា គាត់ជា​មនុស្ស​ពូកែ​វោហារ មើល៍ គាត់​កំពុង​តែ​មក​រក​អ្នក​ទៀត​ផង កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​នឹង​មាន​ចិត្ត​រីក​រាយ​ឡើង។ អ្នក​ត្រូវ​ប្រាប់​គាត់ ហើយ​ឲ្យ​គាត់​និយាយ​ជំនួស​អ្នក យើង​នឹង​នៅ​ជា‌មួយ​មាត់​របស់​អ្នក និង​ជា‌មួយ​មាត់​របស់​គាត់ ក៏​នឹង​បង្រៀន​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ផង។ គាត់​នឹង​និយាយ​ទៅ​ប្រជា‌ជន​ជំនួស​អ្នក គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​សម្រាប់​គាត់។ ត្រូវ​យក​ដំបង​នេះ​កាន់​នៅ​ដៃ សម្រាប់​នឹង​ធ្វើ​ទី​សម្គាល់​ចុះ»។ លោក​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​រក​បង‌ប្អូន​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​ឲ្យ​ដឹង​ថា​ពួក‌គេ​នៅ​រស់​ឬ​យ៉ាង​ណា?» លោក​យេត្រូ​មាន​ប្រសាសន៍​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ នៅ​ស្រុក​ម៉ាឌាន ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អស់​អ្នក​ដែល​ប៉ុន​ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។ លោក​ម៉ូសេ​ក៏​នាំ​យក​ប្រពន្ធ កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ហើយ​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កាល​ណា​អ្នក​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​យើង​បាន​ដាក់​នៅ​ដៃ​អ្នក​នៅ​ចំពោះ​ផារ៉ោន​ឡើយ តែ​យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​ចេញ​មក​ទេ។ អ្នក​ត្រូវ​ប្រាប់​ផារ៉ោន​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង ហើយ​យើង​ប្រាប់​អ្នក​ថា ចូរ​បើក​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​ថ្វាយ​បង្គំ​យើង។ តែ​ប្រសិន‌បើ​អ្នក​មិន​ព្រម​ទេ នោះ​មើល៍ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក"»។ ពេល​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ ព្រះ‌យេហូវ៉ា​យាង​ជួប​លោក​នៅ​ត្រង់​កន្លែង​ឈប់​សម្រាក ហើយ​រក​សម្លាប់​លោក។ ពេល​នោះ នាង​សេផូរ៉ា​យក​ថ្ម​យ៉ាង​មុត មក​កាត់​ស្បែក​ចុង​ស្វាស​កូនប្រុស​របស់​នាង ហើយទៅ​ប៉ះ​នឹង​ជើង​របស់​លោក​ម៉ូសេ រួច​ពោល​ថា៖ «អ្នក​ពិត​ជា​ប្តី​របស់​ខ្ញុំ​មែន ដោយ​សារ​បាន​ខ្ចាយ​ឈាម​ដល់​ខ្ញុំ!»។ ដូច្នេះ ព្រះ​អង្គ​ក៏​លែង​ធ្វើ​អ្វី​លោក​ទៅ ហើយ​នាង​ពោល​ថា៖ «អ្នក​ជា​ប្តី​ដោយ​សារ​ឈាម ដោយ​ព្រោះ​ការ​កាត់​ស្បែក»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជួប​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន»។ លោក​ក៏​ទៅ បាន​ជួប​គ្នា​នៅ​ភ្នំ​របស់​ព្រះ ហើយ​ថើប​គ្នា។ លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ពី​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​ផ្តាំ និង​គ្រប់​ទាំង​ទី​សម្គាល់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ឲ្យ​លោក​ធ្វើ។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​នាំ​គ្នា​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល។ លោក​អើរ៉ុន​និយាយ​រៀបរាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សម្គាល់​ឲ្យ​បណ្ដា‌ជន​ឃើញ​ទៀត​ផង។ បណ្ដា‌ជន​ក៏​ជឿ ហើយ​កាល​ណា​គេឮ​ថា ព្រះ‌យេហូវ៉ា​បាន​យាង​មក​ប្រោស​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ គេ​ក៏​នាំ​គ្នា​ឱន​ក្បាល ថ្វាយ​បង្គំ​ព្រះ‌អង្គ។

និក្ខមនំ 4:1-31 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ជឿ ហើយ​មិន​ស្ដាប់​សម្ដី​ទូលបង្គំ​ទេ។ ពួក​គេ​នឹង​ពោល​មក​ទូលបង្គំ​ថា “ព្រះ‌អម្ចាស់​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ព្រះអង្គ​ឡើយ”»។ ព្រះ‌អម្ចាស់​សួរ​លោក​ថា៖ «តើ​អ្នក​កាន់​អ្វី?» លោក​ឆ្លើយ​ថា៖ «ទូលបង្គំ​កាន់​ដំបង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!»។ លោក​ម៉ូសេ​បោះ​ដំបង​ទៅ​ដី ដំបង​នោះ​ក៏​ក្លាយ​ជា​ពស់។ លោក​ម៉ូសេ​រត់​ចេញ​ពី​ពស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «លូក​ដៃ​ចាប់​កន្ទុយ​វា​ទៅ!»។ លោក​លូក​ដៃ​ចាប់​វា ពស់​នោះ​ក៏​ប្រែ​ទៅ​ជា​ដំបង​នៅ​ក្នុង​ដៃ​របស់​លោក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ធ្វើ​ដូច្នេះ កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ជឿ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​អ្នក​ឃើញ​មែន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ទៅ»។ លោក​ម៉ូសេ​ក៏​ដាក់​ដៃ​លើ​ទ្រូង រួច​ពេល​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​កើត​ឃ្លង់ ឡើង​ស​ដូច​កប្បាស។ ព្រះ‌អម្ចាស់​បញ្ជា​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ម្ដង​ទៀត»។ លោក​ម៉ូសេ​ដាក់​ដៃ​លើ​ទ្រូង ហើយ​ពេល​លោក​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​ជា​ដូច​ធម្មតា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សម្គាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សម្គាល់​ក្រោយ​នេះ។ ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ជឿ​លើ​ទី​សម្គាល់​ទាំង​ពីរ​នេះ ហើយ​មិន​ស្ដាប់​សម្ដី​របស់​អ្នក​ទេ ចូរ​យក​ទឹក​ទន្លេ​នីល​ទៅ​ចាក់​លើ​ដី​ស្ងួត ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នោះ នឹង​ក្លាយ​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ ទូលបង្គំ​មិន​មែន​ជា​មនុស្ស​ពូកែ​វោហារ​ទេ ដ្បិត​ទូលបង្គំ​មិន​ប្រសប់​និយាយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​ត្រូវ​និយាយ»។ លោក​ម៉ូសេ​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ព្រះអង្គ​ចាត់​នរណា​ម្នាក់​ទៀត​ឲ្យ​ទៅ​ចុះ!»។ ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​លោក​ម៉ូសេ​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​បង​ប្រុស​ម្នាក់​ឈ្មោះ​អើរ៉ុន ជា​កូន​ចៅ​លេវី។ យើង​ដឹង​ថា គាត់​ជា​មនុស្ស​ពូកែ​វោហារ ហើយ​កំពុង​តែ​មក​រក​ជួប​អ្នក​ទៀត​ផង។ កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​មុខ​ជា​សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង។ អ្នក​នឹង​ប្រាប់​គាត់​ឲ្យ​និយាយ​ជំនួស​នូវ​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ។ រីឯ​យើង​វិញ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ ហើយ​ប្រាប់​អំពី​អ្វីៗ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។ គាត់​នឹង​និយាយ​ទៅ​កាន់​ប្រជា‌ជន​ជំនួស​អ្នក គាត់​ជា​អ្នក​នាំ​ពាក្យ​របស់​អ្នក ហើយ​អ្នក​ប្រៀប​ដូច​ជា​ព្រះ​សម្រាប់​គាត់។ ចូរ​កាន់​ដំបង​នេះ​ទៅ​ជា​មួយ ដោយ‌សារ​ដំបង​នេះ អ្នក​អាច​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ផ្សេងៗ»។ លោក​ម៉ូសេ​ក៏​ចេញ​ទៅ ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បងប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កូន​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ នៅ​ស្រុក​ម៉ាឌាន ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ចុះ ព្រោះ​ពួក​ដែល​ប៉ុន‌ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។ លោក​ម៉ូសេ​នាំ​ប្រពន្ធ កូន ជិះ​លា​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ លោក​បាន​កាន់​ដំបង​របស់​ព្រះ‌ជាម្ចាស់​ទៅ​ជា​មួយ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ផ្ដល់​អំណាច​ឲ្យ​អ្នក​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ទាំង​នោះ​ឲ្យ​ស្ដេច​ផារ៉ោន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ទេ។ ត្រូវ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រជា‌ជន​អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង ចូរ​អនុ‌ញ្ញាត​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។ ពេល​ធ្វើ​ដំណើរ លោក​ម៉ូសេ​ឈប់​សម្រាក​នៅ​កន្លែង​មួយ យប់​នោះ ព្រះ‌អម្ចាស់​ក៏​ចូល​មក​ជិត ដើម្បី​រក​សម្លាប់​លោក។ នាង​សេផូ‌រ៉ា​យក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ប្រុស​នាង យក​ទៅ​ប៉ះ​ភ្លៅ​របស់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ដោយ‌សារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!»។ ពេល​នោះ ព្រះ‌អម្ចាស់​ចាក​ចេញ​ពី​លោក​ម៉ូសេ។ នាង​សេផូ‌រ៉ា​ពោល​ថា «ដោយ‌សារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!» ដូច្នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​កាត់​ស្បែក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​ចេញ​ទៅ​ជួប​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន»។ លោក​អើរ៉ុន​ក៏​ចេញ​ទៅ​ជួប​លោក​ម៉ូសេ នៅ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឱប​លោក។ លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​លោក​អើរ៉ុន​អំពី​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​ចាត់​លោក​ឲ្យ​មក​ប្រកាស។ លោក​ក៏​រៀប​រាប់​អំពី​ទី​សម្គាល់​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​ឲ្យ​លោក​ធ្វើ​ទៀត​ផង។ បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ទៅ​ប្រមូល​ចាស់​ទុំ​ទាំង​អស់​របស់​អ៊ីស្រា‌អែល។ លោក​អើរ៉ុន​រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សម្គាល់​ឲ្យ​ប្រជា‌ជន​ឃើញ​ផង។ ប្រជា‌ជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា ព្រះ‌អម្ចាស់​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​ឱន​កាយ ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។

ចែក​រំលែក
និក្ខមនំ 4 គខប

និក្ខមនំ 4:1-31 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

តែ​ម៉ូសេ​ប្រកែក​ថា មើល គេ​នឹង​មិន​ជឿ​ទូលបង្គំ ឬ​ស្តាប់​តាម​ទូលបង្គំ​ទេ គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​លេច​មក​ឯ​អ្នក​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា តើ​មាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង រួច​ទ្រង់​ប្រាប់​ថា ចូរ​បោះ​ទៅ​ដី​ទៅ លោក​ក៏​បោះ​ទៅ ហើយ​ដំបង​នោះ​ត្រឡប់​ទៅ​ជា​សត្វ​ពស់ ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់​នោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ចូរ​លូក​ដៃ​ទៅ​ចាប់​ត្រង់​កន្ទុយ​វា លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​លោក​វិញ នេះ​គឺ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ពួក​ឰយុកោ ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប ទ្រង់​បាន​លេច​មក​ឯ​ឯង។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ទៀត​ថា ចូរ​ឯង​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ឥឡូវ​ចុះ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ដក​មក​វិញ​ឃើញ​មាន​កើត​ឃ្លង់​ស​ដូច​ហិមៈ រួច​ទ្រង់​ប្រាប់​ថា ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ម្តង​ទៀត លោក​ក៏​ដាក់​ចូល​ទៅ រួច​ដក​ចេញ​មក ហើយ​មើល ដៃ​បាន​ត្រឡប់​ទៅ​ដូច​ជា​ធម្មតា​ដើម​វិញ ទ្រង់​មាន​បន្ទូល​ថា បើ​គេ​មិន​ជឿ​ឯង ហើយ​មិន​ស្តាប់​តាម​ទី​សំគាល់​មុន នោះ​គេ​នឹង​ជឿ​ដោយ‌សារ​ទី​សំគាល់​ក្រោយ​នេះ​ដែរ តែ​បើ​គេ​មិន​ជឿ​ទី​សំគាល់​ទាំង​២​នេះ​ទេ ហើយ​មិន​ព្រម​ស្តាប់​តាម​ឯង​ផង នោះ​ត្រូវ​ឲ្យ​យក​ទឹក​ទន្លេ​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​ឯង​យក​ពី​ទន្លេ​មក នោះ​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​វិញ។ ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​មិន‌សូវ​មាន​វោហារ​ទេ គឺ​តាំង​តែ​ពី​ដើម​រៀង​មក ហើយ​ឥឡូវ​នេះ​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ នោះ​ក៏​នៅ​តែ​គ្មាន​ដដែល ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ​ទេ ដូច្នេះ ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្ដី​ដែល​ឯង​ត្រូវ​និយាយ​ផង នោះ​ម៉ូសេ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ចាត់​អ្នក​ណា​មួយ​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ម៉ូសេ ទ្រង់​មាន​បន្ទូល​ថា តើ​អើរ៉ុន ជា​ពួក​លេវី មិន​មែន​ជា​បង​ឯង​ទេ​ឬ​អី អញ​ដឹង​ថា គាត់​ចេះ​វោហារ​ស្រួល​ណាស់ ហើយ​មើល គាត់​ក៏​ចេញ​មក​រក​ឯង​ដែរ កាល​ណា​ឃើញ​ឯង​ហើយ នោះ​គាត់​នឹង​មាន​ចិត្ត​អំណរ​អរ ឯង​ត្រូវ​ជំនុំ​នឹង​គាត់ ហើយ​បញ្ចេះ​ពាក្យ​សំដី​ឲ្យ​គាត់​បាន​និយាយ ឯ​អញៗ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ហើយ​នឹង​មាត់​គាត់​ដែរ ព្រម​ទាំង​បង្រៀន​ការ​ដែល​ឯង​ត្រូវ​ធ្វើ​ផង គាត់​នឹង​និយាយ​ទៅ​បណ្តាជន​ជំនួស​ឯង គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​ដូច​ជា​ព្រះ​ដល់​គាត់ ត្រូវ​ឲ្យ​ឯង​យក​ដំបង​នេះ​កាន់​នៅ​ដៃ សំរាប់​នឹង​ធ្វើ​ទី​សំគាល់​ចុះ។ នោះ​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ឯ​យេត្រូ ជា​ឪពុក​ក្មេក​ជំរាប​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​បង​ប្អូន​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​នឹង​មើល តើ​គេ​នៅ​រស់​ឬ​យ៉ាង​ណា យេត្រូ​តប​ថា ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ រីឯ​នៅ​ស្រុក​ម៉ាឌាន នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​ពួក​អ្នក​ដែល​ចង់​សំឡាប់​ឯង គេ​ស្លាប់​អស់​ហើយ ម៉ូសេ​ក៏​ប្រមូល​យក​ប្រពន្ធ​កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ក៏​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា កាល​ណា​ឯង​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ឲ្យ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​បាន​ដាក់​នៅ​ដៃ​ឯង​នៅ​ចំពោះ​មុខ​ផារ៉ោន​ឡើយ តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តាជន​ចេញ​ទៅ​ទេ ឯង​ត្រូវ​ទូល​ទៅ​ផារ៉ោន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អ៊ីស្រាអែល​ជា​កូន​អញ គឺ​ជា​កូន​ច្បង​របស់​អញ ហើយ​អញ​ប្រាប់​ឯង​ថា ចូរ​បើក​ឲ្យ​កូន​អញ​ចេញ​ទៅ ដើម្បី​នឹង​ថ្វាយ‌បង្គំ​អញ បើ​ឯង​មិន​ព្រម​ទេ នោះ​មើល អញ​នឹង​សំឡាប់​កូន​ច្បង​របស់​ឯង​ចោល។ លុះ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មក​ជួប​នឹង​លោក នៅ​ត្រង់​ផ្ទះ​សំណាក់​ចង់​សំឡាប់​លោក នោះ​សេផូរ៉ា នាង​យក​ថ្ម​យ៉ាង​មុត មក​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន បោះ​ចោល​ទៅ​ត្រង់​ជើង​ប្ដី ដោយ​ពាក្យ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ដល់​ខ្ញុំ​ហើយ រួច​ទ្រង់​លែង​ធ្វើ​លោក​ទៅ ហើយ​នាង​និយាយ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ហើយ ដោយ​ព្រោះ​ការ​កាត់​ស្បែក​នេះ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា ចូរ​ទៅ​ជួប​នឹង​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន លោក​ក៏​ទៅ បាន​ជួប​នៅ​ត្រង់​ភ្នំ​ព្រះ ហើយ​ថើប​គ្នា នោះ​ម៉ូសេ​ប្រាប់​ទៅ​អើរ៉ុន​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ផ្តាំ នឹង​គ្រប់​ទាំង​ទី​សំគាល់​ដែល​ទ្រង់​បាន​បង្គាប់​មក ម៉ូសេ នឹង​អើរ៉ុន​ក៏​នាំ​គ្នា​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល រួច​ហើយ អើរ៉ុន​រ៉ាយ‌រឿង​ប្រាប់​ពី​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​នឹង​ម៉ូសេ ព្រម​ទាំង​ធ្វើ​អស់​ទាំង​ទី​សំគាល់​នោះ​នៅ​មុខ​គេ​ដែរ បណ្តាជន​ទាំង‌ឡាយ​ក៏​ជឿ ហើយ​កាល​ណា​គេ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ថា ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ នោះ​ក៏​នាំ​គ្នា​ឱន​ក្បាល​ថ្វាយ‌បង្គំ​ទ្រង់។

ចែក​រំលែក
និក្ខមនំ 4 ពគប