និក្ខមនំ 39:1-43
និក្ខមនំ 39:1-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេបានយកសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើសម្លៀកបំពាក់សម្រាប់ការងារក្នុងទីបរិសុទ្ធ។ គេក៏បានធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអើរ៉ុន ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ គេបានធ្វើអេផូឌពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ គេក៏ផែមាសយ៉ាងស្តើង ហើយកាត់ជាខ្សែ យកទៅប៉ាក់នៅសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងនៅសំពត់ខ្លូតទេសយ៉ាងម៉ដ្តនោះ តាមរចនានៃជាងមានស្នាដៃ។ គេធ្វើខ្សែស្មាសម្រាប់ចងភ្ជាប់គ្នា ហើយអេផូឌទាំងសងខាងបានជាប់គ្នាតែមួយ។ ខ្សែក្រវាត់ក៏ធ្វើបែបដូចគ្នា ព្រមទាំងដាក់ភ្ជាប់នឹងអេផូឌដែរ គឺបានធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ គេច្នៃត្បូងអូនីក្ស រួចឆ្លាក់ឈ្មោះពួកកូនរបស់អ៊ីស្រាអែល ដូចគេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស។ គេដាក់ភ្ជាប់នៅលើខ្សែស្មារបស់អេផូឌ សម្រាប់ជាទីរំឭកដល់ពួកកូនរបស់អ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ គេបានធ្វើប្រដាប់បាំងទ្រូង តាមការរចនានៃជាងមានស្នាដៃ បែបដូចជាធ្វើអេផូឌដែរ គឺពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ គេធ្វើប្រដាប់បាំងទ្រូងនោះមានរាងបួនជ្រុងស្មើ ជាពីរស្រទាប់ មានបណ្តោយមួយចំអាម និងទទឹងមួយចំអាមនៅពេលបត់ជាពីរ។ គេដាំត្បូងបួនជួរ គឺជួរទីមួយ មានត្បូងសាមស៊ីមួយគ្រាប់ ត្បូងទោបុ័តមួយគ្រាប់ និងបារកេតមួយគ្រាប់ ជួរទីពីរ មានត្បូងមរកដមួយគ្រាប់ ត្បូងកណ្តៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់ ជួរទីបី មានត្បូងលេសិមមួយគ្រាប់ ត្បូងទទឹមមួយគ្រាប់ និងត្បូងត្របែកមួយគ្រាប់ ជួរទីបួន មានត្បូងបេរីលមួយគ្រាប់ ត្បូងអូនីក្សមួយគ្រាប់ និងកែវមណីជោតិមួយគ្រាប់។ ត្បូងទាំងនេះបានដាំចុះក្នុងគ្រោងមាស។ មានត្បូងដប់ពីរគ្រាប់ តាមចំនួនឈ្មោះពួកកូនរបស់អ៊ីស្រាអែល ត្បូងទាំងនោះមានលក្ខណៈដូចជាត្រា គឺត្បូងនីមួយៗមានឆ្លាក់ឈ្មោះមួយ សម្រាប់កុលសម្ព័ន្ធទាំងដប់ពីរ។ គេធ្វើខ្សែមាសសុទ្ធ វេញដូចជាខ្សែពួរ ភ្ជាប់នៅប្រដាប់បាំងទ្រូង។ គេធ្វើគ្រោងមាសពីរ និងក្រវិលមាសពីរ ហើយដាក់ភ្ជាប់នៅចុងសងខាងប្រដាប់បាំងទ្រូង គេបញ្ចូលខ្សែមាសពីរក្នុងក្រវិលមាសទាំងពីរ ដែលនៅចុងសងខាងប្រដាប់បាំងទ្រូងនោះ។ ឯចុងខ្សែមាសទាំងពីរ គេចងភ្ជាប់នឹងគ្រោងមាសនៅខ្សែស្មារបស់អេផូឌខាងមុខ។ បន្ទាប់មក គេធ្វើក្រវិលមាសពីរទៀត ដាក់ភ្ជាប់នៅជាយខាងក្នុង ត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលជាប់នឹងអេផូឌ។ គេធ្វើក្រវិលមាសពីរទៀត ដាក់ភ្ជាប់ពីក្រោមខាងមុខខ្សែស្មា ជិតកន្លែងដែលខ្សែស្មា បានភ្ជាប់នឹងអេផូឌ នៅខាងលើអេផូឌ។ គេយកខ្សែមកចងប្រដាប់បាំងទ្រូង ភ្ជាប់នឹងអេផូឌដោយសារក្រវិលទាំងនោះ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែក្រវាត់របស់អេផូឌ ហើយកុំឲ្យរបូតចេញពីអេផូឌ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ គេក៏ធ្វើអាវវែងរបស់អេផូឌ ត្បាញជាសំពត់សុទ្ធតែពណ៌ផ្ទៃមេឃ នៅកណ្ដាលអាវវែងនោះ មានកដូចជាកអាវសឹក ព្រមទាំងមានសំពត់ចំ នៅជុំវិញកផង ដើម្បីកុំឲ្យអាវវែងនោះរហែកចេញឡើយ។ នៅជុំវិញជាយអាវវែង គេធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ពីអំបោះវេញយ៉ាងខ្មាញ់។ គេក៏ធ្វើចង្ក្រង់មាសសុទ្ធដាក់លាយចម្រុះត្រង់កណ្ដាលផ្លែទទឹមនោះ នៅគ្រប់ជុំវិញជាយអាវ គឺចង្ក្រង់មួយផ្លែទទឹមមួយ ចង្ក្រង់មួយផ្លែទទឹមមួយ នៅគ្រប់ជុំវិញជាយអាវសម្រាប់ការងារ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ គេបានធ្វើអាវខ្លី ត្បាញពីអំបោះខ្លូតទេសយ៉ាងម៉ដ្ត សម្រាប់លោកអើរ៉ុន និងពួកកូនរបស់លោក គេក៏ធ្វើមួកពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងឈ្នួតពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយខ្សែក្រវាត់ពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប៉ាក់ជាពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ គេបានធ្វើស្លាកមាសសុទ្ធជាមកុដបរិសុទ្ធ ក៏ឆ្លាក់អក្សរនៅស្លាកនោះ ដូចគេឆ្លាក់ត្រាថា «បរិសុទ្ធថ្វាយព្រះយេហូវ៉ា»។ គេយកខ្សែខៀវចងស្លាកនោះជាប់នឹងមួកខាងលើ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ ដូច្នេះ ការសង់រោងឧបោសថ និងត្រសាលជំនុំក៏បានចប់សព្វគ្រប់។ កូនចៅអ៊ីស្រាអែលបានធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ គេនាំយករោងឧបោសថមកឯលោកម៉ូសេ គឺទាំងត្រសាល និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ត្រសាល មានតម្ពក់ ស៊ុម រនុក សសរ និងជើងទ្រ គម្របធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម គម្របធ្វើពីស្បែកផ្សោត វាំងននសម្រាប់ខាំង ហិបនៃសេចក្ដីសញ្ញា ព្រមទាំងឈើស្នែងសម្រាប់សែង និងទីសន្តោសប្រោស តុ ព្រមទាំងគ្រឿងប្រដាប់សម្រាប់តុ និងនំបុ័ងដែលដាក់តាំង ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង គឺចង្កៀងសម្រាប់ដាក់លើជើងនោះ និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់ចង្កៀង ព្រមទាំងប្រេងសម្រាប់ចង្កៀង អាសនាមាស ប្រេងសម្រាប់លាបតាំង គ្រឿងក្រអូប និងរនាំងបាំងមាត់ទ្វារត្រសាល អាសនាលង្ហិន ប្រទាសលង្ហិន ឈើស្នែង គ្រឿងប្រដាប់ទាំងប៉ុន្មានរបស់អាសនា ចានក្លាំ និងជើងទ្រចាន រនាំងទីលាន សសរ និងជើងទ្រ រនាំងសម្រាប់បាំងមាត់ទ្វារទីលាន ខ្សែចម្រឹង គ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងរោងឧបោសថ គឺសម្រាប់ត្រសាលជំនុំ សម្លៀកបំពាក់សម្រាប់ការងារនៅទីបរិសុទ្ធ សម្លៀកបំពាក់បរិសុទ្ធសម្រាប់សង្ឃអើរ៉ុន និងសម្លៀកបំពាក់សម្រាប់ពួកកូនរបស់លោក ដែលត្រូវបំពេញមុខងារជាសង្ឃ។ កូនចៅអ៊ីស្រាអែលធ្វើគ្រប់កិច្ចការទាំងអស់ តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។ លោកម៉ូសេពិនិត្យមើលគ្រប់ការទាំងអស់នោះ ហើយឃើញថា គេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកមែន គឺគេបានធ្វើការនោះរួចស្រេចទាំងអស់ រួចលោកម៉ូសេក៏ឲ្យពរពួកគេ។
និក្ខមនំ 39:1-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេបានយកក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ធ្វើសម្លៀកបំពាក់ពិធីបុណ្យ សម្រាប់ការងារក្នុងទីសក្ការៈ។ គេក៏បានធ្វើសម្លៀកបំពាក់សក្ការៈរបស់លោកអើរ៉ុន ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេបានធ្វើអាវអេផូដដោយប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ គេបានដំមាសជាបន្ទះយ៉ាងស្ដើង ហើយកាត់ជាសរសៃយ៉ាងឆ្មារ យកទៅប៉ាក់លំអជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម ក្រហមទុំ និងអំបោះធ្មៃ។ គេធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ*។ រីឯខ្សែក្រវាត់របស់អាវអេផូដ គេធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ គេដេរខ្សែក្រវាត់នេះជាប់នឹងអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេធ្វើក្រចាប់មាសបង្កប់ត្បូងមណីជោតិរស ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ តាមរបៀបដូចគេឆ្លាក់ត្រា។ គេដាំត្បូងទាំងនោះភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាង ដើម្បីឲ្យព្រះអម្ចាស់នឹកដល់កូនរបស់អ៊ីស្រាអែល ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេបានធ្វើប្រដាប់ពាក់លើទ្រូងមួយ តាមរបៀបដូចគេធ្វើអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។ ប្រដាប់ពាក់លើទ្រូងនេះមានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។ ប្រដាប់ពាក់លើទ្រូងមានលំអដោយត្បូងបួនជួរ គឺជួរទីមួយ ត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។ ជួរទីពីរ ត្បូងទទឹមមួយគ្រាប់ ត្បូងកណ្ដៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។ ជួរទីបី ត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់ ជួរទីបួន ត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងត្បូងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗដាំបង្កប់ទៅក្នុងក្រចាប់ធ្វើអំពីមាស។ ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗមានចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។ គេយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាដូចខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។ គេធ្វើក្រចាប់មាសពីរ និងកងមាសពីរ ហើយគេភ្ជាប់កងមាសទាំងពីរនេះទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។ គេថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។ គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។ គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដដេរជាប់គ្នា ហើយនៅពីលើខ្សែក្រវាត់របស់អាវអេផូដ។ គេយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូង ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេធ្វើអាវវែងមួយសម្រាប់ពាក់ពីក្រោមអាវអេផូដអំពីក្រណាត់ ដែលត្បាញដោយអំបោះពណ៌ស្វាយទាំងអស់។ នៅផ្នែកខាងលើរបស់អាវវែងនោះ គេកាត់ប្រឡោះមួយចំកណ្ដាលដូចអាវស្បែក។ គេដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យឆាប់រហែក គឺដេរតាមរបៀបដេរជាយអាវស្បែក។ នៅតាមជាយអាវខាងក្រោម គេប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដោយប្រើអំបោះធ្មៃ។ គេក៏ធ្វើកូនកណ្ដឹងជាច្រើនពីមាសសុទ្ធ ហើយដាក់កូនកណ្ដឹងនោះនៅចន្លោះរូបផ្លែទទឹមជុំវិញជាយអាវវែង។ គេដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សម្រាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេបានត្បាញអាវក្នុងពីអំបោះធ្មៃ សម្រាប់លោកអើរ៉ុន និងកូនប្រុសរបស់លោក។ គេក៏បានធ្វើឈ្នួតក្បាលពីអំបោះធ្មៃ និងសញ្ញាបញ្ជាក់ពីភាពថ្លៃថ្នូររបស់បូជាចារ្យ ព្រមទាំងធ្វើខោខ្លីពីអំបោះធ្មៃ ខ្សែក្រវាត់ប៉ាក់ធ្វើពីអំបោះធ្មៃ លាយជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេបានធ្វើគ្រឿងអលង្ការពីមាសសុទ្ធ មានរាងដូចផ្កា គឺក្បាំងសក្ការៈ ហើយគេឆ្លាក់អក្សរនៅលើនោះ ដូចគេឆ្លាក់ត្រាថា «បូជាថ្វាយព្រះអម្ចាស់»។ គេភ្ជាប់គ្រឿងអលង្ការនោះទៅផ្នែកខាងលើនៃឈ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ជនជាតិអ៊ីស្រាអែលក៏បានសង់ព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់ចប់សព្វគ្រប់។ ពួកគេធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេនាំយកព្រះពន្លាមកជូនលោកម៉ូសេ គឺក្រណាត់ពន្លា និងសម្ភារៈទាំងប៉ុន្មានសម្រាប់ដំឡើងពន្លា មានតម្ពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ ស្បែកពពែឈ្មោលលាបពណ៌ក្រហម និងស្បែកផ្សោត សម្រាប់គ្របពីលើក្រណាត់ពន្លា និងវាំងននជារនាំងរបស់ទីសក្ការៈ ហិបនៃសន្ធិសញ្ញា ព្រមទាំងឈើស្នែង និងគម្របរបស់ហិបនោះ។ តុសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារ និងនំប៉័ងសម្រាប់តម្កល់ថ្វាយព្រះជាម្ចាស់។ ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង គ្រឿងបរិក្ខារប្រើប្រាស់ជាមួយចង្កៀង និងប្រេងសម្រាប់ដុតបំភ្លឺ អាសនៈមាស ប្រេង សម្រាប់ពិធីលាបប្រេង គ្រឿងក្រអូប និងរនាំងទ្វារពន្លា។ អាសនៈលង្ហិន ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងបរិក្ខារប្រើប្រាស់ជាមួយអាសនៈ អាងសម្រាប់ពិធីជម្រះកាយ និងកំណល់របស់អាង រនាំងរបស់ទីលាន ព្រមទាំងបង្គោល ជើងទ្រវាំងននរបស់ទ្វារចូលទីលាន ខ្សែ ចម្រឹង និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់ សម្លៀកបំពាក់ពិធីបុណ្យដែលសម្រាប់ប្រើក្នុងទីសក្ការៈ សម្លៀកបំពាក់សក្ការៈរបស់មហាបូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសរបស់លោក ដែលត្រូវបំពេញមុខងារជាបូជាចារ្យ។ ជនជាតិអ៊ីស្រាអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់លោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។ ម៉ូសេបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូចព្រះអម្ចាស់បានបង្គាប់មកលោកមែន លោកក៏ឲ្យពរពួកគេ។
និក្ខមនំ 39:1-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេក៏ប្រើអស់ទាំងសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើជាសំលៀកបំពាក់សំរាប់ការងារក្នុងទីបរិសុទ្ធ នឹងសំលៀកបំពាក់សំរាប់អើរ៉ុន ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។ គេបានធ្វើអេផូឌពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ គេក៏ផែមាសយ៉ាងស្តើង ហើយកាត់ជាខ្សែ យកទៅប៉ាក់នៅសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនៅសំពត់ខ្លូតទេសយ៉ាងម៉ដ្ត នោះតាមរចនានៃជាងមានស្នាដៃ ក៏ធ្វើខ្សែស្មាសំរាប់នឹងចងភ្ជាប់គ្នា នោះអេផូឌទាំងសងខាងបានជាប់គ្នាតែ១ ខ្សែក្រវាត់ក៏ធ្វើបែបដូចគ្នា ព្រមទាំងដាក់ភ្ជាប់នឹងអេផូឌដែរ គឺបានធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គេច្នៃត្បូងអូនីក្ស រួចឆ្លាក់ឈ្មោះពួកកូនអ៊ីស្រាអែលដូចជាគេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស យកមកដាក់ភ្ជាប់នៅលើខ្សែស្មារបស់អេផូឌ សំរាប់ជាទីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ។ គេបានធ្វើប្រដាប់បាំងទ្រូង តាមការរចនានៃជាងមានស្នាដៃ បែបដូចជាធ្វើអេផូឌដែរ គឺពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ គេធ្វើជា៤ជ្រុងស្មើបត់ជាពីរ មានបណ្តោយ១ចំអាម ទទឹង១ចំអាមជា២ផ្នត់ គេដាំត្បូង៤ជួរ ក្នុងជួរទី១ មានត្បូងសាមស៊ី១ ត្បូងទោបុ័ត១ នឹងបារកេត១ ក្នុងជួរទី២ មានត្បូងមរកដ១ ត្បូងកណ្តៀង១ នឹងពេជ្រ១ ក្នុងជួរទី៣ មានត្បូងលេសិម១ ត្បូងទទឹម១ នឹងត្បូងត្របែក១ ក្នុងជួរទី៤ មានត្បូងបេរីល១ ត្បូងអូនីក្ស១ នឹងកែវមណីជោតិ១ ត្បូងទាំងនេះបានដាំចុះក្នុងគ្រោងមាស មានត្បូង១២តាមចំនួនឈ្មោះពួកកូនអ៊ីស្រាអែល គ្រប់តែត្បូងនោះបានឆ្លាក់ ដូចជាគេឆ្លាក់ត្រាក្នុងត្បូង១ មានឆ្លាក់ចុះឈ្មោះ១ ក្នុងពូជអំបូរទាំង១២ គេធ្វើខ្សែមាសសុទ្ធ វេញដូចជាខ្សែពួរ ភ្ជាប់នៅប្រដាប់បាំងទ្រូង ក៏ធ្វើគ្រោងមាស២ នឹងក្រវិលមាស២ ដាក់ភ្ជាប់នៅចុងសងខាងប្រដាប់បាំងទ្រូង ហើយបញ្ចូលខ្សែមាស២ ក្នុងក្រវិលមាសទាំង២ដែលនៅចុងសងខាងប្រដាប់បាំងទ្រូងនោះ ឯចុងខ្សែមាសទាំង២ គេក៏ចងភ្ជាប់នឹងគ្រោងមាសនៅខ្សែស្មារបស់អេផូឌខាងមុខ ក៏ធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុង ត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូងដែលជាប់នឹងអេផូឌ គេក៏ធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់ពីក្រោមខាងមុខខ្សែស្មាជិតកន្លែងដែលខ្សែស្មា បានភ្ជាប់នឹងអេផូឌ នៅខាងលើអេផូឌ គេក៏យកខ្សែខៀវមកចងប្រដាប់បាំងទ្រូង ភ្ជាប់នឹងអេផូឌដោយសារក្រវិលទាំងនោះ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែក្រវាត់របស់អេផូឌ កុំឲ្យរបូតចេញឡើយ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។ គេក៏ធ្វើអាវវែងរបស់អេផូឌ ត្បាញជាសំពត់សុទ្ធតែពណ៌ផ្ទៃមេឃ នៅកណ្តាលអាវវែងនោះមានក ដូចជាកនៃអាវសឹក ព្រមទាំងមានសំពត់ចំ នៅជុំវិញកផង ដើម្បីកុំឲ្យអាវវែងនោះរហែកចេញឡើយ នៅជុំវិញជាយអាវវែង គេធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ពីអំបោះវេញយ៉ាងខ្មាញ់ ក៏ធ្វើចង្ក្រង់មាសសុទ្ធដាក់លាយចំរុះត្រង់កណ្តាលផ្លែទទឹមនោះ នៅគ្រប់ជុំវិញជាយអាវដែរ គឺចង្ក្រង់១ផ្លែទទឹម១ ចង្ក្រង់១ផ្លែទទឹម១ នៅគ្រប់ជុំវិញជាយអាវសំរាប់ការងារ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។ គេបានធ្វើអាវខ្លី ត្បាញពីអំបោះខ្លូតទេសយ៉ាងម៉ដ្តសំរាប់អើរ៉ុននឹងពួកកូនលោក ក៏ធ្វើមួកពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត នឹងឈ្នួត ពីសំពត់ខ្លូតទេសយ៉ាងម៉ដ្តសំរាប់ជាសេចក្ដីលំអ ហើយនឹងខោស្នាប់ភ្លៅ ពីសំពត់ខ្លូតទេសដែរ គឺសំពត់ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយខ្សែក្រវាត់ពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប៉ាក់ជាពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ហើយពណ៌ក្រហម ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។ គេបានធ្វើស្លាកមាសសុទ្ធជាមកុដបរិសុទ្ធ ក៏ឆ្លាក់អក្សរនៅស្លាកនោះដូចជាគេឆ្លាក់ត្រាថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» រួចគេយកខ្សែខៀវចងស្លាកនោះជាប់នឹងមួកខាងលើ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។ ដូច្នេះ អស់ទាំងការស្អាងរោងឧបោសថ នឹងត្រសាលជំនុំ នោះក៏រួចជាស្រេច ពួកកូនចៅអ៊ីស្រាអែលគេបានធ្វើអស់ទាំងការ ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ បានហើយជាស្រេចទាំងអស់។ គេនាំយករោងឧបោសថមកឯម៉ូសេ គឺទាំងត្រសាល នឹងប្រដាប់ត្រសាលទាំងប៉ុន្មាន ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ នឹងជើងទាំងប៉ុន្មាន គំរបធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ហើយគំរបធ្វើពីស្បែកផ្សោត វាំងននសំរាប់ខាំង ហឹបទីបន្ទាល់ នឹងឈើស្នែងសំរាប់សែង នឹងទីសន្តោសប្រោសហើយ តុ នឹងគ្រឿងប្រដាប់សំរាប់តុ ហើយនឹងនំបុ័ងតាំងទុក ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀងទាំងប៉ុន្មាន គឺជាចង្កៀងសំរាប់ដាក់លើជើងនោះ នឹងអស់ទាំងគ្រឿងប្រដាប់ចង្កៀង ព្រមទាំងប្រេងផង អាសនាមាស ប្រេងចាក់លាប នឹងគ្រឿងក្រអូប រនាំងបាំងនៅមាត់ទ្វារត្រសាល អាសនាលង្ហិន ប្រទាសលង្ហិន ឈើស្នែងនឹងគ្រឿងប្រដាប់អាសនាទាំងអស់ ព្រមទាំងចានក្លាំ នឹងជើងនៃចាននោះ រនាំងទីលាន អស់ទាំងសសរនឹងជើងរបស់សសរ រនាំងសំរាប់បាំងមាត់ទ្វារទីលាន អស់ទាំងខ្សែចំរ៉ឹង ហើយគ្រឿងប្រដាប់សំរាប់រោងឧបោសថ ហើយសំរាប់ត្រសាលជំនុំទាំងអស់ផង នឹងសំលៀកបំពាក់សំរាប់ការងារនៅទីបរិសុទ្ធ អស់ទាំងសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុនដ៏ជាសង្ឃ ហើយនឹងសំលៀកបំពាក់ទាំងអស់សំរាប់ឲ្យពួកកូនលោកធ្វើការងារជាសង្ឃ។ ពួកកូនចៅអ៊ីស្រាអែល គេធ្វើអស់ទាំងការនេះសំរេច តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ម៉ូសេក៏ពិនិត្យមើលគ្រប់ការទាំងអស់នោះឃើញថា គេបានធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក គេបានធ្វើការនោះស្រេចទាំងអស់ រួចម៉ូសេក៏ឲ្យពរដល់គេ។