និក្ខមនំ 37:1-29
និក្ខមនំ 37:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បេតសាលាលធ្វើហិបមួយពីឈើនាងនួន មានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។ លោកស្រោបហិបដោយមាសសុទ្ធ ទាំងខាងក្នុងទាំងខាងក្រៅ ហើយក៏ធ្វើគែមមាសនៅជុំវិញដែរ។ លោកសិតធ្វើកងមាសបួននៅជ្រុងហិបទាំងបួន គឺកងពីរនៅជ្រុងម្ខាង ហើយពីរទៀតនៅជ្រុងម្ខាង។ លោកធ្វើឈើស្នែងពីឈើនាងនួន ព្រមទាំងស្រោបមាសដែរ រួចលោកស៊កឈើស្នែងនោះចូលក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ លោកធ្វើទីសន្តោសប្រោស ពីមាសសុទ្ធ មានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ លោកយកមាសឆ្លាក់ធ្វើចេរូប៊ីមពីរ នៅចុងសងខាងទីសន្តោសប្រោស គឺចេរូប៊ីមមួយនៅចុងខាងនេះ ហើយចេរូប៊ីមមួយទៀតនៅចុងខាងនោះ។ លោកបានធ្វើចេរូប៊ីមទាំងពីរនោះនៅចុងសងខាង ជាប់លើទីសន្តោសប្រោស។ ចេរូប៊ីមទាំងពីរត្រដាងស្លាបគ្របពីលើទីសន្តោសប្រោស ហើយប្រទល់មុខគ្នា ឈ្ងោកមើលទីសន្តោសប្រោស។ លោកធ្វើតុមួយពីឈើនាងនួន មានបណ្តោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។ លោកស្រោបតុនោះដោយមាសសុទ្ធ ធ្វើគែមមាសព័ទ្ធជុំវិញ លោកធ្វើគែមដែលមានកម្ពស់មួយទះនៅជុំវិញតុ ហើយក៏ធ្វើក្បាច់មាសនៅជុំវិញគែមនោះដែរ។ លោកសិតធ្វើកងមាសបួនសម្រាប់តុ រួចដាក់កងទាំងនោះ ភ្ជាប់ទៅនឹងជើងតុទាំងបួន នៅគ្រប់ជ្រុង។ កងទាំងនោះនៅជិតគែមតុ ដើម្បីស៊កឈើស្នែងសម្រាប់សែង។ លោកក៏ធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយមាស ដើម្បីសែងតុ។ លោកធ្វើប្រដាប់ដែលត្រូវដាក់លើតុពីមាសសុទ្ធទាំងអស់ គឺមានថាស ផ្តិល ប៉ាន់ និងពែង ដែលសម្រាប់ប្រើក្នុងពិធីថ្វាយតង្វាយច្រូច។ លោកយកមាសសុទ្ធឆ្លាក់ធ្វើជើងចង្កៀង គឺធ្វើគល់ ដើម នប់ កន្សោមគ្រាប់ និងផ្កា ទាំងអស់ជាប់ជាមួយគ្នា។ មានមែកប្រាំមួយបែកចេញមក គឺមែកបីបែកចេញទៅម្ខាង ហើយមែកបីទៀតបែកចេញទៅម្ខាង នៅមែកមួយមាននប់បី រាងដូចគ្រាប់ចំបក់ ហើយនប់នីមួយៗ មានកន្សោមគ្រាប់ និងស្រទាប់ផ្កា ហើយនៅមែកមួយទៀតមាននប់បី រាងដូចគ្រាប់ចំបក់ មានកន្សោមគ្រាប់ និងស្រទាប់ផ្កាដែរ ដូច្នេះ មែកទាំងប្រាំមួយបែកចេញពីជើងចង្កៀងមកដូចគ្នាទាំងអស់។ នៅជើងចង្កៀងនោះ មាននប់បួន រាងដូចគ្រាប់ចំបក់ ហើយមានកន្សោមគ្រាប់ និងស្រទាប់ផ្កា។ នៅក្រោមមែកពីរ មានកន្សោមគ្រាប់មួយ នៅក្រោមមែកពីរទៀត មានកន្សោមគ្រាប់មួយ ហើយនៅក្រោមមែកពីរទៀត មានកន្សោមគ្រាប់មួយ មែកទាំងប្រាំមួយដែលចេញពីគល់ជើងចង្កៀងមក មានដូចគ្នាទាំងអស់។ កន្សោមគ្រាប់ និងមែកជើងចង្កៀងធ្វើជាប់គ្នា គឺទាំងដុំមូលធ្វើពីមាសសុទ្ធមួយដុំ។ លោកធ្វើចង្កៀងប្រាំពីរ ព្រមទាំងឃ្នាបប្រឆេះ និងថាសគោះកម្ទេចសម្រាប់ចង្កៀងនោះពីមាសសុទ្ធដែរ។ លោកយកមាសសុទ្ធមួយហាប មកធ្វើជើងចង្កៀង និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ជើងចង្កៀងនោះ។ លោកធ្វើអាសនាគ្រឿងក្រអូបពីឈើនាងនួន មានបណ្តោយមួយហត្ថ ទទឹងមួយហត្ថ រាងបួនជ្រុងស្មើ ហើយកម្ពស់ពីរហត្ថ ក៏មានស្នែងចេញពីអាសនានោះ។ លោកស្រោបដោយមាសសុទ្ធ ទាំងផ្នែកខាងលើ និងជុំវិញទាំងអស់ ព្រមទាំងស្នែងផង ហើយក៏ធ្វើគែមមាសនៅជុំវិញដែរ នៅក្រោមគែមនោះ លោកធ្វើកងមាសពីរទាំងសងខាង ដើម្បីស៊កឈើស្នែងសម្រាប់សែង។ លោកធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយមាស។ លោកក៏ធ្វើប្រេងលាបតាំង ជាប្រេងបរិសុទ្ធ និងគ្រឿងក្រអូបសុទ្ធ ដោយផ្សំតាមវិធីរបស់អ្នកផ្សំគ្រឿងក្រអូប។
និក្ខមនំ 37:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកបេតសាលាលធ្វើហិបមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។ លោកយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញក៏ធ្វើពីមាសដែរ។ លោកធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។ គាត់យកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។ គាត់ស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ គាត់ធ្វើគម្របហិបពីមាសសុទ្ធ ដែលមានបណ្ដោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ លោកយកមាសមកឆ្លាក់ធ្វើរូបចេរូប៊ីនពីរ ដាក់នៅចុងគម្របហិបទាំងសងខាង លោកដាក់ភ្ជាប់រូបចេរូប៊ីនទាំងពីរនោះទៅនឹងគម្របហិប គឺចេរូប៊ីននីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ រូបចេរូប៊ីនទាំងពីរប្រឈមមុខគ្នា ដោយឈ្ងោកមុខទៅរកគម្របហិប ព្រមទាំងត្រដាងស្លាបការពារគម្របហិបនេះទៀតផង។ លោកធ្វើតុមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។ លោកយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។ នៅតាមជ្រុងទាំងបួន លោកធ្វើក្របដែលមានកម្ពស់មួយទះ មានក្បាច់មាសព័ទ្ធជុំវិញផង។ លោកបានសិតធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ កងមាសទាំងបួនស្ថិតនៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ លោកយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។ លោកយកមាសសុទ្ធមកធ្វើគ្រឿងបរិក្ខារដាក់នៅលើតុនោះ គឺមានថាស ថូ ពែង និងចានគោម សម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេង។ លោកយកមាសសុទ្ធតែមួយដុំមកដំ ធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះមានឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្ដាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។ ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ រីឯតួដែលនៅកណ្ដាលមានក្បាច់បួនគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ មានស្រទាប់ផ្កាក្រពុំបី នៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។ ស្រទាប់ផ្កាក្រពុំ និងមែក មានឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។ លោកបានយកមាសសុទ្ធធ្វើចង្កៀងប្រាំពីរ ព្រមទាំងធ្វើកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកម្ទេចប្រឆេះ។ លោកប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។ លោកធ្វើអាសនៈសម្រាប់ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកម្ពស់ពីរហត្ថ។ ស្នែងរបស់អាសនៈស្ថិតនៅជាប់នឹងមុមទាំងបួន។ លោកស្រោបអាសនៈទាំងមូលដោយមាសសុទ្ធ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញក៏ធ្វើពីមាសដែរ។ លោកធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ លោកធ្វើឈើស្នែងពីរអំពីឈើនាងនួន ហើយស្រោបមាសផង។ លោកក៏បានធ្វើប្រេង ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ និងប្រេងក្រអូប ជាប្រេងបរិសុទ្ធ ដែលផ្សំឡើងតាមវិធីចម្រាញ់ប្រេងរបស់អ្នកធ្វើទឹកអប់។
និក្ខមនំ 37:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯបេតសាលាល គាត់ធ្វើហឹបពីឈើនាងនួន មានបណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ ហើយកំពស់១ហត្ថកន្លះ ក៏ស្រោបដោយមាសសុទ្ធទាំងខាងក្នុងខាងក្រៅ ហើយធ្វើគែមមាសនៅជុំវិញផង គាត់សិតកងមាស៤នៅជ្រុងហឹបទាំង៤ គឺមាន២ម្ខាងៗ ក៏ធ្វើឈើស្នែងពីឈើនាងនួន ព្រមទាំងស្រោបមាសផង រួចគាត់ប្រហកឈើស្នែងនោះ ចូលក្នុងកង នៅសងខាងហឹបសំរាប់នឹងសែងទៅ គាត់ធ្វើទីសន្តោសប្រោសពីមាសសុទ្ធ មានបណ្តោយ២ហត្ថកន្លះ ហើយទទឹង១ហត្ថកន្លះ ក៏យកមាសឆ្លាក់ធ្វើចេរូប៊ីន២នៅចុងសងខាងទីសន្តោសប្រោស គឺចេរូប៊ីន១នៅចុងខាងនេះ ហើយចេរូប៊ីន១ទៀតនៅចុងខាងនោះ គាត់បានធ្វើចេរូប៊ីនទាំង២នោះនៅចុងសងខាង ជាប់លើទីសន្តោសប្រោស ឯចេរូប៊ីនក៏ត្រដាងស្លាបគ្របពីលើទីសន្តោសប្រោស ហើយប្រទល់មុខគ្នា ឈ្ងោកមើលទីសន្តោសប្រោស។ គាត់ធ្វើតុពីឈើនាងនួន មានបណ្តោយ២ហត្ថ ទទឹង១ហត្ថ ហើយកំពស់១ហត្ថកន្លះ ក៏ស្រោបមាសសុទ្ធ ហើយធ្វើគែមមាសនៅជុំវិញ គាត់ក៏ធ្វើគែមកំពស់១ទះនៅជុំវិញតុនោះ ហើយនៅគែមនោះក៏ធ្វើគែមមាសនៅជុំវិញដែរ គាត់សិតកងមាស៤សំរាប់តុ រួចដាក់កងទាំងនោះ ភ្ជាប់នឹងជើងតុទាំង៤ នៅគ្រប់ជ្រុង កងទាំងនោះនៅជិតគែមតុ សំរាប់នឹងប្រហកឈើស្នែងសែងទៅ ក៏ធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយមាស សំរាប់នឹងសែងតុ ឯអស់ទាំងប្រដាប់ដែលត្រូវដាក់លើតុ គឺជាថាស ផ្តិល ប៉ាន់ ហើយនឹងពែងដែលសំរាប់នឹងថ្វាយដង្វាយច្រួច នោះគាត់ធ្វើពីមាសសុទ្ធទាំងអស់។ គាត់ក៏យកមាសសុទ្ធឆ្លាក់ធ្វើជើងចង្កៀង គឺធ្វើគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កា ទាំងអស់ជាប់ជាមួយគ្នា មានមែក៦ចេញពីគល់មក មែក៣ចេញខាងម្ខាង ហើយមែក៣ទៀតចេញខាងម្ខាង នៅមែក១មាននប់៣ រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង ហើយនៅមែក១ទៀតមាននប់៣ រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់នឹងផ្កាដែរ មែកទាំង៦ ដែលចេញពីគល់ជើងចង្កៀងនោះ បានធ្វើដូចគ្នាទាំងអស់ នៅគល់ជើងចង្កៀងមាននប់៤ រាងដូចជាគ្រាប់ចំបក់ ហើយមានទាំងកន្សោមគ្រាប់នឹងផ្កាផង នៅក្រោមមែក២ មានកន្សោមគ្រាប់១ នៅក្រោមមែក២ទៀត មានកន្សោមគ្រាប់១ ហើយនៅក្រោមមែក២ទៀតមានកន្សោមគ្រាប់១ទៀត មែកទាំង៦ដែលចេញពីគល់ជើងចង្កៀងមក មានដូចគ្នាទាំងអស់ កន្សោមគ្រាប់ ហើយនឹងមែកជើងចង្កៀងបានធ្វើជាប់គ្នាឆ្លាក់ពីមាសសុទ្ធ គាត់ក៏ធ្វើចង្កៀងទាំង៧ ព្រមទាំងឃ្នាបប្រឆេះ នឹងកន្ថោរដាក់កំទេចសំរាប់ចង្កៀងនោះពីមាសសុទ្ធដែរ គឺគាត់យកមាសសុទ្ធ១ហាបមកធ្វើជើងចង្កៀង ហើយនឹងប្រដាប់ទាំងប៉ុន្មានសំរាប់ចង្កៀង។ គាត់ក៏ធ្វើអាសនាគ្រឿងក្រអូប ពីឈើនាងនួនមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ក៏មានស្នែងចេញពីអាសនានោះ គាត់ស្រោបដោយមាសសុទ្ធខាងលើ នៅចំហៀងជុំវិញ ព្រមទាំងស្នែងផង ក៏ធ្វើកែមមាសនៅជុំវិញដែរ នៅក្រោមកែមនោះ គាត់ធ្វើកងមាស២នៅទាំងសងខាង សំរាប់ប្រហកឈើស្នែងសែងទៅ ក៏ធ្វើឈើស្នែង ពីឈើនាងនួន ស្រោបដោយមាសដែរ។ រួចគាត់ធ្វើប្រេងចាក់លាប ជាប្រេងបរិសុទ្ធ នឹងគ្រឿងក្រអូបយ៉ាងសុទ្ធ ផ្សំតាមវិធីធ្វើរបស់អ្នកផ្សំគ្រឿងក្រអូប។