និក្ខមនំ 36:1-38

និក្ខមនំ 36:1-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បេតសា‌លាល និង​អូហូ‌លីអាប់ ព្រម​ទាំង​អស់​អ្នកចំណាន ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ និង​ចេះ​ធ្វើ​ការ​គ្រប់​មុខ ត្រូវ​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ លោក​ម៉ូសេ​ក៏​ហៅ​បេតសា‌លាល អូហូ‌លីអាប់ និង​អស់​អ្នក​ចំណាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ គឺ​ជា​អ្នក​ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​មក​ធ្វើ​ការ​នោះ។ លោក​ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​តង្វាយ ដែល​កូន​ចៅ​អ៊ី‌ស្រា‌អែល​បាន​យក​មក​ថ្វាយ ដល់​អ្នក​ទាំង​នោះ សម្រាប់​ការ​សង់​ទី​បរិសុទ្ធ ហើយ​រៀង​រាល់​ព្រឹក គេ​នៅ​តែ​យក​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​មក​ជូន​លោក​ម៉ូសេ ដូច្នេះ ពួក​សិប្បករ​ដែល​កំពុង​ស្អាង​ទី​បរិសុទ្ធ ក៏​ទុក​ចោល​ការ​ងារ​ដែល​ខ្លួន​កំពុង​ធ្វើ ហើយ​មក​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​តង្វាយ​មក​ថ្វាយ ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ធ្វើ​ការ​ងារ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ​ហើយ»។ នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​អ្វី​ទៀត​សម្រាប់​ជា​តង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ»។ ដូច្នេះ គេ​ក៏​ឃាត់​មិន​ឲ្យ​ប្រជា‌ជន​យក​មក​ទៀត ដ្បិត​មាន​របស់​របរ​គ្រប់‌គ្រាន់​សម្រាប់​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​នៅ​សល់​ទៀត​ផង។ អស់​អ្នក​ចំណាន​ដែល​ធ្វើ​ការ​ទាំង​នោះ គេ​ក៏​ធ្វើ​រោង​ឧបោ‌សថ​ពី​វាំង‌នន​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ និង​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ទាំង​ប៉ាក់​រូប​ចេរូ‌ប៊ីម តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ។ ផ្ទាំង​វាំង‌នន​នីមួយៗ មាន​បណ្តោយ​ម្ភៃ​ប្រាំបី​ហត្ថ និង​ទទឹង​បួន​ហត្ថ គ្រប់​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់។ លោក​ភ្ជាប់​វាំង​នន​ប្រាំ​ផ្ទាំង​ជាប់​ជា‌មួយ​គ្នា ហើយ​ប្រាំ​ទៀត​ក៏​ដេរ​ភ្ជាប់​គ្នា​ដែរ។ លោក​ធ្វើ​ខ្សែ​ក្រវិល​ខៀវ​តាម​ជាយ​វាំង‌នន នៅ​ចុង​ផ្ទាំង​វាំង‌នន​ទី​មួយ ក៏​ធ្វើ​ដូច​គ្នា​តាម​ជាយ​វាំង‌នន នៅ​ផ្ទាំង​ទី​ពីរ លោក​ធ្វើ​ខ្សែ​ក្រវិល​ហាសិប តាម​ជាយ​វាំង‌នន​ទី​មួយ ហើយ​ក៏​ធ្វើ​ខ្សែ​ក្រវិល​ហាសិប នៅ​ចុង​ផ្ទាំង​ទី​ពីរ​ដែរ ខ្សែ​ក្រវិល​ទាំង​នោះ​ស្មើ​គ្នា​ទាំង​អស់។ លោក​ធ្វើ​តម្ពក់​មាស​ហាសិប ហើយ​ភ្ជាប់​ផ្ទាំង​វាំង‌នន​ទាំង​ពីរ​ជា‌មួយ​គ្នា ដោយ‌សារ​តម្ពក់​នោះ ដូច្នេះ រោង​ឧបោ‌សថ​ក៏​បាន​ភ្ជាប់​គ្នា​ទាំង​មូល។ លោក​ធ្វើ​វាំង‌នន​ដប់មួយ​ផ្ទាំង​ពី​រោម​ពពែ សម្រាប់​គ្រប​លើ​រោង​ឧបោ‌សថ។ វាំង‌នន​នី​មួយ​ៗ មាន​បណ្តោយ​សាម​សិប​ហត្ថ និង​ទទឹង​បួន​ហត្ថ ហើយ​ទាំង​ដប់​មួយ​ផ្ទាំង​នោះ​មាន​ទំហំ​ប៉ុនៗ​គ្នា​ទាំង​អស់។ លោក​យក​វាំង‌នន​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា ហើយ​ប្រាំមួយ​ផ្ទាំង​ទៀត​ក៏​ដេរ​ភ្ជាប់​គ្នា​ដែរ។ លោក​ធ្វើ​ខ្សែ​ក្រវិល​ហាសិប តាម​ជាយ​វាំង‌នន​នៅ​ចុង​ផ្ទាំង​ទី​មួយ ហើយ​ខ្សែ​ក្រវិល​ហាសិប​ទៀត តាម​ជាយ​វាំង‌នន​នៅ​ចុង​ផ្ទាំង​ទី​ពីរ។ លោក​ធ្វើ​តម្ពក់​លង្ហិន​ហាសិប សម្រាប់​ភ្ជាប់​ត្រសាល​ឲ្យ​បាន​ជាប់​គ្នា​តែ​មួយ​ផ្ទាំង។ លោក​ក៏​ធ្វើ​គម្រប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​លើ​ត្រសាល ហើយ​មួយ​ទៀត​ពី​ស្បែក​ផ្សោត សម្រាប់​គ្រប​ពី​លើ​ថែម​ទៀត។ លោក​ធ្វើ​ស៊ុម​សម្រាប់​រោង​ឧបោ‌សថ ជា​ស៊ុម​ឈើ​នាង‌នួន​ដាក់​បញ្ឈរ ស៊ុម​នីមួយៗ​មាន​បណ្តោយ​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ ស៊ុម​នីមួយៗ​មាន​ពន្លួញ​ពីរ រៀង​តាម​ជួរ​ជញ្ជាំង លោក​ធ្វើ​ស៊ុម​សម្រាប់​រោង​ឧបោ‌សថ សុទ្ធ​តែ​ដូច​គ្នា​ទាំង​អស់។ លោក​ធ្វើ​ស៊ុម​ម្ភៃ​សម្រាប់​ប៉ែក​ខាង​ត្បូង​រោង​ឧបោ‌សថ ក៏​ធ្វើ​ជើង​ទ្រ​ពី​ប្រាក់​ចំនួន​សែសិប ដាក់​នៅ​ក្រោម​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ក្រោម​ស៊ុម​មួយ​មាន​ជើង​ទ្រ​ពីរ សម្រាប់​ស៊ក​ពន្លួញ​ទាំង​ពីរ​ដែល​នៅ​ចុង​ស៊ុម​នោះ។ លោក​ធ្វើ​ស៊ុម​ម្ភៃ​សម្រាប់​រោង​ឧបោ‌សថ​ម្ខាង​ទៀត គឺ​ប៉ែក​ខាង​ជើង លោក​ធ្វើ​ស៊ុមម្ភៃ និង​ជើង​ទ្រ​ស៊ុមសែ​សិប គឺ​ដាក់​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​ទីមួយ ហើយ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ​ទៀត។ លោក​ធ្វើ​ស៊ុម​ប្រាំមួយ សម្រាប់​ចុង​រោង​ឧបោ‌សថ​ប៉ែក​ខាង​លិច ហើយ​ធ្វើ​ស៊ុម​ពីរ សម្រាប់​ជ្រុង​ខាង​ក្រោយ​រោង​ឧបោ‌សថ។ ផ្នែក​ខាង​ក្រោម ស៊ុម​ទាំង​ពីរ​នេះ​នៅ​ដាច់​ពី​គ្នា តែ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយ‌សារ​កង​មួយ លោក​ធ្វើ​ស៊ុម​សម្រាប់​ជ្រុង​ទាំង​ពីរ មាន​ទ្រង់​ទ្រាយ​ដូច​គ្នា។ ដូច្នេះ មាន​ស៊ុម​ប្រាំបី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ដប់​ប្រាំ​មួយ គឺ​ស៊ុម​នីមួយៗ​មាន​ជើង​ទ្រ​ពីរ។ លោក​ធ្វើ​រនុក​ប្រាំ​ពី​ឈើ​នាង‌នួន សម្រាប់​ស៊ុម​ដែល​នៅ​ជ្រុង​ម្ខាង​នៃ​រោង​ឧបោ‌សថ ហើយ​រនុក​ប្រាំ​ទៀត សម្រាប់​ស៊ុម​នៃ​រោង​ឧបោ‌សថ​ម្ខាង​ទៀត និង​រនុក​ប្រាំ​ទៀត សម្រាប់​ស៊ុម​នៅ​ចុង​រោង​ឧបោ‌សថ​ប៉ែក​ខាង​លិច។ លោកក៏​ធ្វើ​រនុក​កណ្ដាល​ដើម្បី​ភ្ជាប់​ស៊ុម​ទាំង​អស់ ពី​ចុង​ម្ខាង​ទៅ​ដល់​ចុង​ម្ខាង។ បន្ទាប់​មក លោក​ស្រោប​ស៊ុម​ទាំង​នោះ​ដោយ​មាស ក៏​ធ្វើ​កង​ពី​មាស​ដែរ សម្រាប់​ស៊ក​រនុក ហើយ​រនុក​ទាំង​ប៉ុន្មាន​ក៏​ស្រោប​មាស​ដូច​គ្នា។ លោក​ត្បាញ​ធ្វើ​វាំង‌នន​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម​ដែរ។ លោក​ធ្វើ​សសរ​បួន​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សម្រាប់​ថ្ពក់​វាំង‌នន ហើយ​មាន​តម្ពក់​មាស​នៅ​សសរ​ទាំង​នោះ រួច​លោក​ក៏​សិត​ជើង​ប្រាក់​បួន​សម្រាប់​ទ្រ​សសរ​ទាំង​នោះ។ លោក​ក៏​ត្បាញ​ធ្វើ​រនាំង ពី​អំបោះ​មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​ផង សម្រាប់​មាត់​ទ្វារ​ត្រសាល លោក​ធ្វើ​សសរ​ប្រាំ និង​តម្ពក់​សម្រាប់​រនាំង​នោះ ឯ​ក្បាច់​ក្បាល​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ស្រោប​ដោយ​មាស​ទាំង​អស់ ចំណែក​ជើង​ទាំង​ប្រាំ នោះ​ធ្វើ​ពី​លង្ហិន។

ចែក​រំលែក
អាន និក្ខមនំ 36

និក្ខមនំ 36:1-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បេតសា‌លាល លោក​អូហី‌លីអាប់ ព្រម​ទាំង​សិប្ប‌ករ​ឯ​ទៀតៗ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ធ្វើ​អ្វីៗ​ទាំង​អស់ សម្រាប់​ទីសក្ការៈ​នាំ​គ្នា​ធ្វើ​ការ‌ងារ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់។ លោក​ម៉ូសេ​បាន​អញ្ជើញ​លោក​បេតសា‌លាល លោក​អូហូ‌លីអាប់ និង​អ្នក​ជំនាញ​ទាំង​អស់​ដែល​ព្រះ‌អម្ចាស់​ប្រទាន​តម្រិះ​ប្រាជ្ញា និង​ការ​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​ឲ្យ​ចាប់​ផ្ដើម​ធ្វើ​ការ។ លោក​ម៉ូសេ​បាន​យក​តង្វាយ​ទាំង​អស់ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទីសក្ការៈ។ រៀង​រាល់​ព្រឹក ប្រជា‌ជន​នៅ​តែ​បន្ត​នាំ​យក​តង្វាយ​មក​ជូន​លោក​ម៉ូសេ។ ដូច្នេះ ពួក​សិប្ប‌ករ​ទាំង​អស់ ដែល​បំពេញ​ការ‌ងារ​សង់​ទីសក្ការៈ ទុក​ចោល​ការ‌ងារ​របស់​ខ្លួន ហើយ​នាំ​គ្នា​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ការ‌ងារ ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។ លោក​ម៉ូសេ​បាន​បញ្ជា​ឲ្យ​ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី កុំ​ឲ្យ​នាំ​យក​តង្វាយ​សម្រាប់​សង់​ទីសក្ការៈ​មក​ទៀត​ឡើយ។ គេ​ក៏​ឃាត់​ប្រជា‌ជន​មិន​ឲ្យ​យក​តង្វាយ​មក​ទៀត ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សម្រាប់​ការ‌ងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។ សិប្ប‌ករ​ទាំង​អស់​ដែល​មាន​នាទី​សាង​សង់ បាន​នាំ​គ្នា​សង់​ព្រះ‌ពន្លា​ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ​ពណ៌​ក្រហម និង​ក្រហម​ទុំ ដែល​មាន​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន។ ផ្ទាំង​ក្រណាត់​ទាំង​អស់​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។ គេ​បាន​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត ក៏​ដេរ​ជាប់​គ្នា​ដែរ។ គេ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ ដែល​មាន​រាង​ដូច​កង ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។ គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហា‌សិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នីមួយៗ ហើយ​ខ្សែ​កង​ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ នៅ​ទន្ទឹម​គ្នា។ គេ​ធ្វើ​តម្ពក់​មាស​ចំនួន​ហា‌សិប សម្រាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ព្រះ‌ពន្លា។ គេ​បាន​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​ពី​រោម​ពពែ សម្រាប់​គ្រប​ពី​លើ​ព្រះ‌ពន្លា។ ក្រណាត់​ដប់​មួយ​ផ្ទាំង​នេះ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សាម‌សិប​ហត្ថ ទទឹង​បួន​ហត្ថ។ គេ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត​មក​ដេរ​ភ្ជាប់​គ្នា​ដែរ។ គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហា‌សិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។ គេ​ធ្វើ​តម្ពក់​លង្ហិន​ចំនួន​ហា‌សិប សម្រាប់​ភ្ជាប់​ក្រណាត់​ជា​មួយ​គ្នា​ឲ្យ​ទៅ​ជា​មួយ​ផ្ទាំង។ គេ​យក​ស្បែក​ពពែ​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ​ថែម​ទៀត។ គេ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ស៊ុម សម្រាប់​បញ្ឈរ​ទ្រ​ក្រណាត់​ព្រះ‌ពន្លា​នោះ ស៊ុម​នីមួយៗ​មាន​កម្ពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ នៅ​លើ​ស៊ុម​នីមួយៗ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។ គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ សម្រាប់​ប៉ែក​ខាង​ត្បូង​ព្រះ‌ពន្លា។ គេ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។ នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប គឺ​ជើង​ទ្រ​ពីរ​សម្រាប់​ស៊ុម​មួយ។ នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​ប៉ែក​ខាង​លិច គេ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។ គេ​ធ្វើ​ស៊ុម​ពីរ​ទៀត សម្រាប់​ជ្រុង​ខាង​ក្រោយ​ព្រះ‌ពន្លា។ ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ​នេះ មាន​ទ្រង់‌ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយ‌សារ​កង​មួយ។ ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ​សម្រាប់​ស៊ុម​នីមួយៗ។ គេ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សម្រាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ព្រះ‌ពន្លា ឈើ​ទទឹង​ប្រាំ​សម្រាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះ‌ពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត សម្រាប់​ប៉ែក​ខាង​លិច​នៃ​ព្រះ‌ពន្លា។ គេ​ក៏​បាន​ធ្វើ​ឈើ​ទទឹង​ដែល​នៅ​កណ្ដាល ដើម្បី​ដាក់​ចំ​ពាក់​កណ្ដាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ព្រះ‌ពន្លា។ គេ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស​សម្រាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ស្រោប​មាស​ដែរ។ គេ​ធ្វើ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ ដោយ​រូប​ចេរូប៊ីន។ គេ​បាន​ធ្វើ​បង្គោល​បួន​ពី​ឈើ​នាង‌នួន ស្រោប​មាស សម្រាប់​ថ្ពក់​វាំងនន រីឯ​តម្ពក់​ក៏​ធ្វើ​ពី​មាស​ដែរ។ គេ​បាន​ធ្វើ​ជើង​ទ្រ​បួន ធ្វើ​អំពី​ប្រាក់ សម្រាប់​បញ្ឈរ​បង្គោល​ទាំង​នោះ។ រីឯ​ទ្វារ​ចូល​ព្រះ‌ពន្លា គេ​បាន​ត្បាញ​វាំងនន​មួយ​ទៀត​ពី​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​មាន​ប៉ាក់​ក្បាច់​លំអ​ដែរ។ គេ​បាន​យក​ឈើ​នាង‌នួន​មក​ធ្វើ​សសរ​ប្រាំ​ដើម ព្រម​ទាំង​ធ្វើ​តម្ពក់​សម្រាប់​ថ្ពក់​វាំងនន​នោះ​ផង។ ក្បាល​សសរ និង​មេ‌រូត​ស្រោប​ដោយ​មាស។ គេ​ក៏​ធ្វើ​ជើង​ទ្រ​សសរ​ប្រាំ​អំពី​លង្ហិន​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 36

និក្ខមនំ 36:1-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បេតសា‌លាល នឹង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ហើយ​នឹង​យោបល់​ឲ្យ​ចេះ​ធ្វើ​ការ​គ្រប់​មុខ គេ​នឹង​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក ម៉ូសេ​ក៏​ហៅ​បេតសា‌លាល​នឹង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ឲ្យ​មក គឺ​ជា​អស់​អ្នក​ណា ដែល​មាន​ចិត្ត​បណ្តាល​ឡើង ឲ្យ​មក​ធ្វើ​ការ​នោះ ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​យក​មក​ថ្វាយ សំរាប់​ការ​ស្អាង​ទី​បរិសុទ្ធ​ដល់​អ្នក​ទាំង​នោះ ហើយ​រាល់​តែ​ព្រឹក​គេ​ចេះ​តែ​យក​ដង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត មក​ជូន​ម៉ូសេ​ជានិច្ច នោះ​អស់​អ្នក​ចំណាន​ការ​ដែល​កំពុង​តែ​ធ្វើ​ទី​បរិសុទ្ធ គេ​ឈប់​ធ្វើ​ការ​គ្រប់​គ្នា ទៅ​ជំរាប​ម៉ូសេ​ថា បណ្តាជន​គេ​ចេះ​តែ​យក​ដង្វាយ​មក​សំរាប់​ការ​ធ្វើ​នេះ បាន​ច្រើន​ហួស​ប្រមាណ​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ហើយ នោះ​ម៉ូសេ​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​គ្រប់​ក្នុង​ទី​ដំឡើង​ត្រសាល​ថា កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​ការ​អ្វី​ទៀត​សំរាប់​ជា​ដង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ ដូច្នេះ គេ​ក៏​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​យក​មក​ទៀត ដ្បិត​មាន​របស់​គ្រប់‌គ្រាន់​នឹង​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​សល់​ផង។ រួច​អស់​អ្នក​ចំណាន​ដែល​ធ្វើ​ការ​ទាំង​នោះ គេ​ក៏​ធ្វើ​រោង​ឧបោសថ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ នឹង​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ទាំង​ប៉ាក់​រូប​ចេរូប៊ីន​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ ឯ​សំពត់​១​ផ្ទាំង​នោះ មាន​បណ្តោយ​២៨​ហត្ថ ហើយ​ទទឹង​៤​ហត្ថ រាល់​តែ​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់ គាត់​ក៏​ដេរ​៥​ផ្ទាំង​ភ្ជាប់​ជា​មួយ​គ្នា ហើយ​៥​ទៀត​ក៏​ដេរ​ភ្ជាប់​គ្នា​ដែរ រួច​គាត់​ធ្វើ​ខ្សែ​ក្រវិល​ខៀវ​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​សំពត់​ទី​១ ក៏​ធ្វើ​ដូច​គ្នា​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២ គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០ តាម​ជាយ​សំពត់​ទី​១ ហើយ​ក៏​ធ្វើ​ខ្សែ​ក្រវិល​៥០ នៅ​ចុង​ផ្ទាំង​ទី​២​ដែរ ខ្សែ​ក្រវិល​ទាំង​នោះ​ស្មើ​គ្នា​ទាំង​អស់ គាត់​ធ្វើ​ទំពក់​មាស​៥០ ហើយ​ភ្ជាប់​ផ្ទាំង​សំពត់​ទាំង​២​ជា​មួយ​គ្នា ដោយ‌សារ​ទំពក់​នោះ ដូច្នេះ រោង​ឧបោសថ​បាន​ភ្ជាប់​គ្នា​តែ​១។ រួច​គាត់​ធ្វើ​សំពត់​១១​ផ្ទាំង​ពី​រោម​ពពែ សំរាប់​គ្រប​លើ​រោង​ឧបោសថ សំពត់​១​ផ្ទាំង​នោះ មាន​បណ្តោយ​៣០​ហត្ថ ហើយ​ទទឹង​៤​ហត្ថ រាល់​តែ​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់ គាត់​យក​សំពត់​៥​ផ្ទាំង ដេរ​រួម​គ្នា​ជា​១​ផ្នែក ហើយ​៦​ទៀត​ក៏​ដេរ​រួម​គ្នា​ជា​១​ផ្នែក​ដែរ គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០ តាម​ជាយ​សំពត់​នៅ​ចុង​ផ្ទាំង​ទី​១ ហើយ​ខ្សែ​ក្រវិល​៥០​ទៀត តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២ រួច​ធ្វើ​ទំពក់​លង្ហិន​៥០ សំរាប់​ភ្ជាប់​ត្រសាល​ឲ្យ​បាន​ជាប់​គ្នា​តែ​១។ គាត់​ក៏​ធ្វើ​គំរប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សំរាប់​គ្រប​លើ​ត្រសាល ហើយ​១​ទៀត​ពី​ស្បែក​ផ្សោត​សំរាប់​នឹង​គ្រប​ពី​លើ​នោះ​ថែម​ទៀត។ គាត់​ធ្វើ​ក្តារ​សំរាប់​រោង​ឧបោសថ ជា​ក្តារ​ឈើ​នាង‌នួន​ដាក់​បញ្ឈរ ក្តារ​១​សន្លឹក មាន​បណ្តោយ​១០​ហត្ថ ហើយ​ទទឹង​១​ហត្ថ​កន្លះ នៅ​គ្រប់​តែ​ក្តារ មាន​ពន្លួញ​២ រៀង​តាម​ជួរ​ជញ្ជាំង គាត់​ធ្វើ​អស់​ទាំង​ក្តារ​សំរាប់​រោង​ឧបោសថ​នោះ ឲ្យ​ដូចៗ​គ្នា គឺ​ក្តារ​២០​សន្លឹក​សំរាប់​ខាង​ត្បូង​រោង​ឧបោសថ ក៏​ដាក់​ជើង​ធ្វើ​ពី​ប្រាក់​ទាំង​៤០ នៅ​ក្រោម​ក្តារ​ទាំង​២០​នោះ ក្រោម​ក្តារ​១​មាន​ជើង​២ សំរាប់​ស៊ក​ពន្លួញ​ទាំង​២​ដែល​នៅ​ចុង​ក្តារ​នោះ គាត់​ធ្វើ​ក្តារ​២០​ទៀត សំរាប់​រោង​ឧបោសថ​ម្ខាង គឺ​ជា​ខាង​ជើង ហើយ​ជើង​ក្តារ​៤០​ដែរ រាល់​តែ​ក្តារ មាន​ជើង​ពីរៗ គាត់​ធ្វើ​ក្តារ​៦ សំរាប់​ចុង​រោង​ឧបោសថ​ខាង​លិច ក៏​ធ្វើ​ក្តារ​២ សំរាប់​ជ្រុង​រោង​ឧបោសថ​ខាង​ចុង ក្តារ​២​សន្លឹក​នោះ​បាន​ជាប់​គ្នា​ខាង​ក្រោម នឹង​ខាង​លើ​ដោយ‌សារ​កង​១ គាត់​បាន​ធ្វើ​ក្តារ​សំរាប់​ជ្រុង​ទាំង​២​នៅ​សង​ខាង​នោះ​ឲ្យ​ដូច​គ្នា ដូច្នេះ មាន​ក្តារ​៨ នឹង​ជើង​ប្រាក់​១៦ រាល់​តែ​ក្តារ​មាន​ជើង​ពីរៗ ក៏​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សំរាប់​អស់​ទាំង​ក្តារ​នៅ​រោង​ឧបោសថ​ម្ខាង ហើយ​រនុក​៥​ទៀត សំរាប់​អស់​ទាំង​ក្តារ​ដែល​នៅ​រោង​ឧបោសថ​ម្ខាង​ទៀត នឹង​រនុក​៥​ទៀត​សំរាប់​ក្តារ​នៅ​ចុង​រោង​ឧបោសថ​ខាង​លិច ឯ​រនុក​កណ្តាល គាត់​ធ្វើ​ឲ្យ​ភ្ជាប់​ក្តារ​ពី​ចុង​ម្ខាង​រហូត​ទៅ​ដល់​ចុង​ម្ខាង រួច​មក​គាត់​ស្រោប​ក្តារ​ទាំង​នោះ ដោយ​មាស ក៏​ធ្វើ​កង ពី​មាស​ដែរ សំរាប់​ប្រហក​រនុក ហើយ​រនុក​ទាំង​ប៉ុន្មាន ក៏​ស្រោប​ដោយ​មាស​ដូច​គ្នា។ គាត់​ត្បាញ​ធ្វើ​វាំង‌នន​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ គាត់​ធ្វើ​សសរ​៤​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សំរាប់​វាំង‌នន​នោះ ហើយ​មាន​ទំពក់​មាស​នៅ​សសរ​ទាំង​នោះ រួច​គាត់​សិត​ជើង​ប្រាក់​៤​សំរាប់​ទ្រ​សសរ​ទាំង​នោះ។ គាត់​ក៏​ត្បាញ​ធ្វើ​រនាំង ពី​អំបោះ​មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​ផង សំរាប់​មាត់​ទ្វារ​ត្រសាល ហើយ​គាត់​ធ្វើ​សសរ​៥ នឹង​ទំពក់​សំរាប់​រនាំង​នោះ ឯ​ក្បាច់​ក្បាល​សសរ នឹង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ស្រោប​ដោយ​មាស​ទាំង​អស់ ចំណែក​ជើង​ទាំង​៥ នោះ​ធ្វើ​ពី​លង្ហិន​វិញ។

ចែក​រំលែក
អាន និក្ខមនំ 36