និក្ខមនំ 35:21-29

និក្ខមនំ 35:21-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្ដាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ក៏​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​ការ​ធ្វើ​ត្រសាល​ជំនុំ សម្រាប់​ការ‌ងារ​ក្នុង​ត្រសាល ហើយ​សម្រាប់​សម្លៀក​បំពាក់​បរិសុទ្ធ។ ឯ​អស់​អ្នក​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យកកាវ កង​ជើង កង​ដៃ កន្លះ​ក និង​ចិញ្ចៀន ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​មុខ​ដែល​ធ្វើ​ពី​មាស គឺ​គ្រប់​គ្នា​យក​តង្វាយ​ជា​មាស មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា។ អស់​អ្នក​ដែល​មាន​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។ អស់​អ្នក​ដែល​មាន​ប្រាក់ ឬ​លង្ហិន ក៏​យក​តង្វាយ​នោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឯ​អស់​អ្នក​ដែល​មាន​ឈើ​នាង‌នួន​ដែល​អាច​ធ្វើ​វត្ថុ​ផ្សេងៗ​បាន ក៏​យក​ឈើ​នោះ​មក​ដែរ។ អស់​ទាំង​ស្រ្ដី​ណា​ដែល​ប៉ិន​ប្រសប់​ក្នុង​ការ​វេញ​ដោយ​ដៃ ក៏​យក​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដែល​គេ​បាន​វេញ​នោះ​មក​ដែរ។ អស់​ទាំង​ស្រ្ដី​ណា​ដែល​មាន​ចិត្ត​បណ្ដាល​ចង់​ប្រើជំនាញ​របស់​ខ្លួន នោះ​ក៏​នាំ​គ្នា​វេញ​រោម​ពពែ។ ឯ​ពួក​មេ​ដឹក​នាំ​ក៏​យក​ត្បូង​អូនីក្ស និង​ត្បូង​ឯ​ទៀត​ៗ​សម្រាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​សម្រាប់​ចង្កៀង សម្រាប់​ប្រេង​លាប​តាំង និង​សម្រាប់​គ្រឿង​ក្រអូប។ កូន​ចៅ​អ៊ី‌ស្រា‌អែល​ទាំងអស់ គឺ​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​ថ្វាយ​អ្វី​ៗ​សម្រាប់​កិច្ច​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ នោះ​ក៏​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

ចែក​រំលែក
អាន និក្ខមនំ 35

និក្ខមនំ 35:21-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា និង​ចិត្ត​ទូ‌លាយ បាន​នាំ​យក​តង្វាយ​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​សង់​ពន្លា​ជួប​ព្រះអង្គ និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ពន្លា ព្រម​ទាំង​សម្លៀក‌បំពាក់​សក្ការៈ។ អស់​អ្នក​ដែល​មាន​ចិត្ត​ទូលាយ ទាំង​ប្រុស ទាំង​ស្រី បាន​នាំ​យក​ទុំហូ ក្រវិល ចិញ្ចៀន និង​បន្តោង​ខ្សែ​ក ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​យ៉ាង​ធ្វើ​ពី​មាស​មក ហើយ​ពួក​គេ​ថ្វាយ​គ្រឿង​អំពី​មាស​ទាំង​នោះ​ទៅ​ព្រះ‌អម្ចាស់។ អស់​អ្នក​ដែល​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស‌ឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​នាំ​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។ អស់​អ្នក​ដែល​មាន​ប្រាក់ និង​លង្ហិន បាន​នាំ​យក​តង្វាយ​ដែល​គេ​ញែក​ទុក​នោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​មាន​ឈើ​នាង‌នួន បាន​នាំ​យក​ឈើ​នោះ​មក ដើម្បី​ធ្វើ​វត្ថុ​ផ្សេងៗ​ថ្វាយ​ព្រះ‌អម្ចាស់។ ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ប៉ិន‌ប្រសប់​ខាង​ត្បាញ ក៏​នាំ​យក​ក្រណាត់​ដែល​ខ្លួន​ត្បាញ​មក​ថ្វាយ​ដែរ គឺ​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស‌ឯក​សុទ្ធ។ ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា និង​ប៉ិន‌ប្រសប់ បាន​នាំ​គ្នា​ត្បាញ​ក្រណាត់​រោម​ពពែ​មក​ថ្វាយ​ផង​ដែរ។ ពួក​មេ​ដឹក​នាំ​ប្រជា‌ជន​បាន​យក​ត្បូង​មណី‌ជោតិរស និង​ត្បូង​ឯ​ទៀតៗ​សម្រាប់​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង ព្រម​ទាំង​គ្រឿង​ក្រអូប និង​ប្រេង ដើម្បី​ផលិត​ប្រេង​សម្រាប់​ដុត ប្រេង​សម្រាប់​ពិធី​លាប​ប្រេង និង​ប្រេង​ក្រអូប។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូលាយ បាន​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ស្ម័គ្រ‌ចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។

ចែក​រំលែក
អាន និក្ខមនំ 35

និក្ខមនំ 35:21-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សំរាប់​ការ​ធ្វើ​ត្រសាល​ជំនុំ សំរាប់​ការ‌ងារ​ក្នុង​ត្រសាល​នោះ ហើយ​សំរាប់​សំលៀក‌បំពាក់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ឯ​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យក​កាវ កង​ជើង កង​ដៃ កន្លះ​ក នឹង​ចិញ្ចៀន ជា​ប្រដាប់​មាស​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​មាស​ដល់​ព្រះ‌យេហូវ៉ា អស់​អ្នក​ណា​ដែល​មាន​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត នឹង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ហើយ​នឹង​ស្បែក​ផ្សោត គេ​ក៏​យក​របស់​ទាំង​នោះ​មក​ដែរ អស់​អ្នក​ណា​ដែល​ថ្វាយ​ប្រាក់ ឬ​លង្ហិន ក៏​យក​ដង្វាយ​នោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អស់​អ្នក​ណា​ដែល​មាន​ឈើ​នាង‌នួន​សំរាប់​នឹង​ធ្វើ​ការ​អ្វីៗ គេ​ក៏​យក​ឈើ​នោះ​មក​ដែរ អស់​ស្ត្រី​ណា​ដែល​ប៉ិន‌ប្រសប់​នឹង​វេញ​ដោយ​ដៃ ក៏​យក​អំបោះ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​នឹង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដែល​គេ​បាន​វេញ​នោះ​មក​ដែរ អស់​ស្ត្រី​ណា​ដែល​មាន​ចិត្ត​បណ្តាល​ដោយ​គេ​ចេះ​ធ្វើ នោះ​ក៏​នាំ​គ្នា​វេញ​រោម​ពពែ ហើយ​ពួក​មេ​លើ​បណ្តាជន​ក៏​យក​ថ្ម​អូនីក្ស នឹង​ថ្ម​ឯ​ទៀត​សំរាប់​ដាំ​អេផូឌ ហើយ​នឹង​ប្រដាប់​បាំង​ទ្រូង​ដែរ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​សំរាប់​ចង្កៀង សំរាប់​ប្រេង​ចាក់​លាប ហើយ​សំរាប់​គ្រឿង​ក្រអូប​ផង អស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្តាល​ឲ្យ​ថ្វាយ​របស់​អ្វី​សំរាប់​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

ចែក​រំលែក
អាន និក្ខមនំ 35