និក្ខមនំ 35:1-29

និក្ខមនំ 35:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​បាន​ប្រមូល​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ទាំង​អស់​មក​ប្រាប់​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម ក្នុង​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ​អាច​ធ្វើ​ការ​បាន តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក គឺ​ជា​ថ្ងៃ​សប្ប័ទ​ថ្វាយ​ព្រះ‌យេហូវ៉ា អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​នឹង​ត្រូវ​ស្លាប់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​បង្កាត់​ភ្លើង​នៅ​ក្នុង​ផ្ទះ​ណា​មួយ​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ទាំង​អស់​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ គឺ​ត្រូវ​យក​តង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​តង្វាយ​នេះ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​មាស ប្រាក់ លង្ហិន ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប​សម្រាប់​លាយ​ប្រេង​លាប​តាំង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត ត្បូង​អូនីក្ស ត្បូង​ផ្សេងៗ​ទៀត​សម្រាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង។ អ្នក​ដែល​មាន​គំនិត​វាង‌វៃ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​ធ្វើ​អស់​ទាំង​កិច្ច​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ គឺ​សង់​រោង​ឧបោ‌សថ ត្រសាល​រោង​ឧបោ‌សថ និង​ដំបូល​ត្រសាល ហើយ​តម្ពក់ ស៊ុម រនុក សសរ និង​ជើង​ទ្រ ហិប ព្រម​ទាំង​ឈើ​ស្នែង ទី​សន្តោស​ប្រោស វាំង‌នន​សម្រាប់​បាំង តុ ព្រម​ទាំង​ឈើ​ស្នែង គ្រឿង​ប្រដាប់​សម្រាប់​តុ និង​នំបុ័ង​ដែល​ដាក់​តាំង ជើង​ចង្កៀង អស់​ទាំង​ចង្កៀង គ្រឿង​ប្រដាប់​របស់​ចង្កៀង និង​ប្រេង​សម្រាប់​ដុត អាស‌នា​សម្រាប់​ដុត​គ្រឿង​ក្រអូប ព្រម​ទាំង​ឈើ​ស្នែង ប្រេង​សម្រាប់​លាប​តាំង និង​គ្រឿង​ក្រអូប ព្រម​ទាំង​រនាំង​បាំង​មាត់​ទ្វារ​រោង​ឧបោ‌សថ អាស‌នា​សម្រាប់​តង្វាយ​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង និង​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​អាស‌នា ចាន​ក្លាំ ព្រម​ទាំង​ជើង​ទ្រ រនាំង​បាំង​ទី‌លាន បង្គោល​រនាំង និង​ជើង​ទ្រ ហើយ​រនាំង​សម្រាប់​មាត់​ទ្វារ​ទី‌លាន ចម្រឹង​រោង​ឧបោ‌សថ និង​ចម្រឹង​ទី‌លាន ព្រម​ទាំង​ខ្សែ​ចង​រោង​ឧបោសថ សម្លៀក‌បំពាក់​ការ‌ងារ​សម្រាប់​បំពេញ​មុខ​ងារ​ក្នុង​ទី​បរិសុទ្ធ សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​សង្ឃ​អើរ៉ុន និង​សម្លៀក​បំពាក់​សម្រាប់​កូន​របស់​លោក ដែល​បំពេញ​មុខ​‌ងារ​ជា​សង្ឃ»។ បន្ទាប់​មក ក្រុម​ជំនុំ​ទាំង​អស់​នៃ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ក៏​ចេញ​ពី​មុខ​លោក​ម៉ូសេ​ទៅ។ ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្ដាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ក៏​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​ការ​ធ្វើ​ត្រសាល​ជំនុំ សម្រាប់​ការ‌ងារ​ក្នុង​ត្រសាល ហើយ​សម្រាប់​សម្លៀក​បំពាក់​បរិសុទ្ធ។ ឯ​អស់​អ្នក​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យកកាវ កង​ជើង កង​ដៃ កន្លះ​ក និង​ចិញ្ចៀន ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​មុខ​ដែល​ធ្វើ​ពី​មាស គឺ​គ្រប់​គ្នា​យក​តង្វាយ​ជា​មាស មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា។ អស់​អ្នក​ដែល​មាន​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។ អស់​អ្នក​ដែល​មាន​ប្រាក់ ឬ​លង្ហិន ក៏​យក​តង្វាយ​នោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឯ​អស់​អ្នក​ដែល​មាន​ឈើ​នាង‌នួន​ដែល​អាច​ធ្វើ​វត្ថុ​ផ្សេងៗ​បាន ក៏​យក​ឈើ​នោះ​មក​ដែរ។ អស់​ទាំង​ស្រ្ដី​ណា​ដែល​ប៉ិន​ប្រសប់​ក្នុង​ការ​វេញ​ដោយ​ដៃ ក៏​យក​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដែល​គេ​បាន​វេញ​នោះ​មក​ដែរ។ អស់​ទាំង​ស្រ្ដី​ណា​ដែល​មាន​ចិត្ត​បណ្ដាល​ចង់​ប្រើជំនាញ​របស់​ខ្លួន នោះ​ក៏​នាំ​គ្នា​វេញ​រោម​ពពែ។ ឯ​ពួក​មេ​ដឹក​នាំ​ក៏​យក​ត្បូង​អូនីក្ស និង​ត្បូង​ឯ​ទៀត​ៗ​សម្រាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​សម្រាប់​ចង្កៀង សម្រាប់​ប្រេង​លាប​តាំង និង​សម្រាប់​គ្រឿង​ក្រអូប។ កូន​ចៅ​អ៊ី‌ស្រា‌អែល​ទាំងអស់ គឺ​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​ថ្វាយ​អ្វី​ៗ​សម្រាប់​កិច្ច​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ នោះ​ក៏​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

ចែក​រំលែក
អាន និក្ខមនំ 35

និក្ខមនំ 35:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​បាន​ប្រមូល​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា ហើយ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម: ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ ជា​ថ្ងៃ​សក្ការៈ គឺ​ថ្ងៃ​សប្ប័ទ ដែល​ជា​ថ្ងៃ​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។ នៅ​ថ្ងៃ​សប្ប័ទ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក្ដី ក៏​មិន​ត្រូវ​បង្កាត់​ភ្លើង​ដែរ»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម: ត្រូវ​ញែក​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន មួយ​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់។ អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា ត្រូវ​នាំ​យក​តង្វាយ​ដែល​ខ្លួន​ញែក​ទុក​នេះ មក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មាន មាស ប្រាក់ លង្ហិន សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស‌ឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន ប្រេង​សម្រាប់​ដុត​ចង្កៀង គ្រឿង​ក្រអូប​សម្រាប់​លាយ​ប្រេង ដែល​ប្រើ​ក្នុង​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប​សម្រាប់​ដុត ត្បូង​មណី‌ជោតិរស និង​ត្បូង​ឯ​ទៀតៗ សម្រាប់​លំអ​អាវ​អេផូដ* និង​ប្រដាប់​ពាក់​លើ​ទ្រូង។ ត្រូវ​ឲ្យ​ពួក​ជាង​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មក​ធ្វើ​កិច្ចការ​ទាំង​អស់​ដែលព្រះ‌អម្ចាស់បង្គាប់​ឲ្យ​ធ្វើ គឺ​សង់​ព្រះ‌ពន្លា ដែល​មាន​រោង​ក្រណាត់ ដំបូល តម្ពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ ហិប​នៃ​សម្ពន្ធ‌មេត្រី ព្រម​ទាំង​ឈើ​ស្នែង គម្រប​វាំងនន សម្រាប់​ខណ្ឌ​ទីសក្ការៈ តុ​សម្រាប់​តម្កល់​នំប៉័ង ព្រម​ទាំង​ឈើ​ស្នែង គ្រឿង​បរិក្ខារ​ទាំង​អស់ និង​នំប៉័ង​ដែល​ត្រូវ​តម្កល់​ថ្វាយ​ព្រះ‌ជាម្ចាស់ ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ ព្រម​ទាំង​ចង្កៀង និង​ប្រេង​សម្រាប់​ដុត អាសនៈ​សម្រាប់​គ្រឿង​ក្រអូប ព្រម​ទាំង​ឈើ​ស្នែង ប្រេង​សម្រាប់​ពិធី​លាប ប្រេង គ្រឿង​ក្រអូប​សម្រាប់​ដុត និង​វាំងនន​សម្រាប់​ទ្វារ​ចូល​ព្រះ‌ពន្លា។ អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ ព្រម​ទាំង​អាង​ទឹក និង​កំណល់ រនាំង​ទី‌លាន ព្រម​ទាំង​បង្គោល ជើង​ទ្រ និង​វាំងនន​របស់​ទ្វារ​ទី‌លាន ចម្រឹង​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​របស់​ទី‌លាន ព្រម​ទាំង​ខ្សែ​ចង​ពន្លា សម្លៀក‌បំពាក់​ពិធី​បុណ្យ​សម្រាប់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ គឺ​សម្លៀក‌បំពាក់​សក្ការៈ​របស់​បូជា‌ចារ្យ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​គាត់ ដែល​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ»។ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​លោក​ម៉ូសេ​ទៅ។ អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា និង​ចិត្ត​ទូ‌លាយ បាន​នាំ​យក​តង្វាយ​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​សង់​ពន្លា​ជួប​ព្រះអង្គ និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ពន្លា ព្រម​ទាំង​សម្លៀក‌បំពាក់​សក្ការៈ។ អស់​អ្នក​ដែល​មាន​ចិត្ត​ទូលាយ ទាំង​ប្រុស ទាំង​ស្រី បាន​នាំ​យក​ទុំហូ ក្រវិល ចិញ្ចៀន និង​បន្តោង​ខ្សែ​ក ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​យ៉ាង​ធ្វើ​ពី​មាស​មក ហើយ​ពួក​គេ​ថ្វាយ​គ្រឿង​អំពី​មាស​ទាំង​នោះ​ទៅ​ព្រះ‌អម្ចាស់។ អស់​អ្នក​ដែល​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស‌ឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​នាំ​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។ អស់​អ្នក​ដែល​មាន​ប្រាក់ និង​លង្ហិន បាន​នាំ​យក​តង្វាយ​ដែល​គេ​ញែក​ទុក​នោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​មាន​ឈើ​នាង‌នួន បាន​នាំ​យក​ឈើ​នោះ​មក ដើម្បី​ធ្វើ​វត្ថុ​ផ្សេងៗ​ថ្វាយ​ព្រះ‌អម្ចាស់។ ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ប៉ិន‌ប្រសប់​ខាង​ត្បាញ ក៏​នាំ​យក​ក្រណាត់​ដែល​ខ្លួន​ត្បាញ​មក​ថ្វាយ​ដែរ គឺ​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស‌ឯក​សុទ្ធ។ ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា និង​ប៉ិន‌ប្រសប់ បាន​នាំ​គ្នា​ត្បាញ​ក្រណាត់​រោម​ពពែ​មក​ថ្វាយ​ផង​ដែរ។ ពួក​មេ​ដឹក​នាំ​ប្រជា‌ជន​បាន​យក​ត្បូង​មណី‌ជោតិរស និង​ត្បូង​ឯ​ទៀតៗ​សម្រាប់​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង ព្រម​ទាំង​គ្រឿង​ក្រអូប និង​ប្រេង ដើម្បី​ផលិត​ប្រេង​សម្រាប់​ដុត ប្រេង​សម្រាប់​ពិធី​លាប​ប្រេង និង​ប្រេង​ក្រអូប។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូលាយ បាន​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ស្ម័គ្រ‌ចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។

ចែក​រំលែក
អាន និក្ខមនំ 35

និក្ខមនំ 35:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​ក៏​ប្រមូល​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​មក​ប្រាប់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ក្នុង​រវាង​៦​ថ្ងៃ នោះ​ធ្វើ​ការ​បាន តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​បរិសុទ្ធ​សំរាប់​អ្នក​រាល់​គ្នា​វិញ ថ្ងៃ​នោះ​ជា​ថ្ងៃ​ផ្អាក​ការ គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ដល់​ព្រះ‌យេហូវ៉ា អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​សំឡាប់​ចោល អ្នក​រាល់​គ្នា​មិន​ត្រូវ​ទាំង​បង្កាត់​ភ្លើង​នៅ​ក្នុង​ផ្ទះ​ឯ​ណា​មួយ ក្នុង​ថ្ងៃ​ឈប់​សំរាក​នោះ​ផង។ ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ត្រូវ​ឲ្យ​យក​ដង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​អស់​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ គឺ​ជា​មាស ជា​ប្រាក់ ជា​លង្ហិន ជា​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត នឹង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន ប្រេង​សំរាប់​ចង្កៀង គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប នឹង​គ្រឿង​ក្រអូប​សំរាប់​ដុត ថ្ម​អូនីក្ស ហើយ​ថ្ម​ឯ​ទៀត​សំរាប់​ដាំ​អេផូឌ នឹង​ប្រដាប់​បាំង​ទ្រូង​ផង ឯ​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​មក​ធ្វើ​អស់​ទាំង​ប្រដាប់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ចុះ គឺ​ជា​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​រោង​នោះ នឹង​គំរប​គ្រប​លើ​ត្រសាល ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ នឹង​ជើង​របស់​រោង​នោះ ហឹប នឹង​ឈើ​ស្នែង ទី​សន្តោស​ប្រោស​វាំង‌នន​សំរាប់​បាំង​ហឹប តុ នឹង​ឈើ​ស្នែង ព្រម​ទាំង​ប្រដាប់​តុ​នោះ នឹង​នំបុ័ង​តាំង​ទុក ជើង​ចង្កៀង អស់​ទាំង​ចង្កៀង នឹង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​ប្រេង​សំរាប់​ដុត អាសនា​សំរាប់​ដុត​គ្រឿង​ក្រអូប នឹង​ឈើ​ស្នែង​ផង ប្រេង​ចាក់​លាប នឹង​គ្រឿង​ក្រអូប ព្រម​ទាំង​រនាំង​បាំង​មាត់​ទ្វារ​រោង​ឧបោសថ អាសនា​សំរាប់​ដង្វាយ​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង នឹង​អស់​ទាំង​ប្រដាប់​អាសនា​នោះ ចាន​ក្លាំ នឹង​ជើង​នៃ​ចាន​នោះ រនាំង​បាំង​ទីលាន អស់​ទាំង​សសរ នឹង​ជើង​ទាំង​ប៉ុន្មាន ហើយ​រនាំង​នៅ​មាត់​ទ្វារ​ទីលាន​ផង អស់​ទាំង​ចំរ៉ឹង​សំរាប់​រោង​ឧបោសថ នឹង​ទីលាន​ព្រម​ទាំង​ខ្សែ​ទាំង​ប៉ុន្មាន អស់​ទាំង​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ​សំរាប់​អើរ៉ុន​ជា​សង្ឃ នឹង​សំលៀក‌បំពាក់​សំរាប់​ពួក​កូន​លោក​ដែល​ធ្វើ​ការ‌ងារ​ជា​សង្ឃ នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​គេ​ក៏​ចេញ​ពី​មុខ​ម៉ូសេ​ទាំង​អស់​គ្នា​ទៅ។ ដូច្នេះ អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សំរាប់​ការ​ធ្វើ​ត្រសាល​ជំនុំ សំរាប់​ការ‌ងារ​ក្នុង​ត្រសាល​នោះ ហើយ​សំរាប់​សំលៀក‌បំពាក់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ឯ​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យក​កាវ កង​ជើង កង​ដៃ កន្លះ​ក នឹង​ចិញ្ចៀន ជា​ប្រដាប់​មាស​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​មាស​ដល់​ព្រះ‌យេហូវ៉ា អស់​អ្នក​ណា​ដែល​មាន​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត នឹង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ហើយ​នឹង​ស្បែក​ផ្សោត គេ​ក៏​យក​របស់​ទាំង​នោះ​មក​ដែរ អស់​អ្នក​ណា​ដែល​ថ្វាយ​ប្រាក់ ឬ​លង្ហិន ក៏​យក​ដង្វាយ​នោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អស់​អ្នក​ណា​ដែល​មាន​ឈើ​នាង‌នួន​សំរាប់​នឹង​ធ្វើ​ការ​អ្វីៗ គេ​ក៏​យក​ឈើ​នោះ​មក​ដែរ អស់​ស្ត្រី​ណា​ដែល​ប៉ិន‌ប្រសប់​នឹង​វេញ​ដោយ​ដៃ ក៏​យក​អំបោះ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​នឹង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដែល​គេ​បាន​វេញ​នោះ​មក​ដែរ អស់​ស្ត្រី​ណា​ដែល​មាន​ចិត្ត​បណ្តាល​ដោយ​គេ​ចេះ​ធ្វើ នោះ​ក៏​នាំ​គ្នា​វេញ​រោម​ពពែ ហើយ​ពួក​មេ​លើ​បណ្តាជន​ក៏​យក​ថ្ម​អូនីក្ស នឹង​ថ្ម​ឯ​ទៀត​សំរាប់​ដាំ​អេផូឌ ហើយ​នឹង​ប្រដាប់​បាំង​ទ្រូង​ដែរ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​សំរាប់​ចង្កៀង សំរាប់​ប្រេង​ចាក់​លាប ហើយ​សំរាប់​គ្រឿង​ក្រអូប​ផង អស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្តាល​ឲ្យ​ថ្វាយ​របស់​អ្វី​សំរាប់​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

ចែក​រំលែក
អាន និក្ខមនំ 35