និក្ខមនំ 33:7-13
និក្ខមនំ 33:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេមានទម្លាប់យកត្រសាលទៅដំឡើងនៅខាងក្រៅជំរំ គឺឆ្ងាយពីជំរំ ហើយលោកហៅត្រសាលនោះថា «ត្រសាលជំនុំ»។ ឯអស់អ្នកណាដែលរកព្រះយេហូវ៉ា ត្រូវចេញទៅឯត្រសាលជំនុំ ដែលនៅខាងក្រៅជំរំ។ កាលណាលោកម៉ូសេចេញទៅត្រសាលជំនុំ ប្រជាជនទាំងអស់ក៏ក្រោកឈរឡើងនៅមាត់ទ្វារជំរំរបស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេ រហូតទាល់តែលោកចូលផុតទៅក្នុងត្រសាលជំនុំ។ កាលលោកម៉ូសេចូលទៅក្នុងត្រសាលផុតហើយ នោះបង្គោលពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ហើយព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកម៉ូសេ។ កាលប្រជាជនទាំងអស់ឃើញបង្គោលពពកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ពួកគេទាំងអស់គ្នាក៏ក្រោកឡើងថ្វាយបង្គំ នៅមាត់ទ្វារជំរំរបស់គេរៀងៗខ្លួន។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ដូចមនុស្សនិយាយជាមួយមិត្តសម្លាញ់។ បន្ទាប់មក លោកវិលត្រឡប់មកឯជំរំវិញ តែយ៉ូស្វេជាកូនរបស់លោកនុន ជាជំនួយការរបស់លោក ដែលនៅកំលោះនៅឡើយ មិនបានចេញពីត្រសាលជំនុំទេ។ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍! ព្រះអង្គបង្គាប់មកទូលបង្គំឲ្យនាំប្រជាជននេះទៅ តែព្រះអង្គមិនបានឲ្យទូលបង្គំដឹងថា ព្រះអង្គចាត់អ្នកណាឲ្យទៅជាមួយឡើយ។ ព្រះអង្គមានព្រះបន្ទូលថា "យើងស្គាល់អ្នកយ៉ាងច្បាស់ ហើយអ្នកក៏ប្រកបដោយគុណរបស់យើងដែរ"។ ឥឡូវនេះ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែននោះ សូមបង្ហាញផ្លូវរបស់ព្រះអង្គដល់ទូលបង្គំឥឡូវនេះផង ដើម្បីឲ្យទូលបង្គំបានស្គាល់ព្រះអង្គ ហើយឲ្យបានប្រកបដោយព្រះគុណរបស់ព្រះអង្គ។ សូមនឹកចាំពីសាសន៍នេះ ជាប្រជារាស្ត្ររបស់ព្រះអង្គផង»។
និក្ខមនំ 33:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលប្រជាជនអ៊ីស្រាអែលបោះជំរំ លោកម៉ូសេតែងតែដំឡើងពន្លានៅខាងក្រៅ ឆ្ងាយពីជំរំបន្តិច គេហៅពន្លានេះថា “ពន្លាជួបព្រះអម្ចាស់” ហើយអស់អ្នកដែលចង់ទូលសួរព្រះអម្ចាស់ ត្រូវតែចេញពីជំរំ ឆ្ពោះទៅពន្លាជួបព្រះអម្ចាស់ ដែលនៅខាងក្រៅជំរំ។ ពេលណាលោកម៉ូសេចេញទៅកាន់ពន្លា ប្រជាជនទាំងអស់ឈរនៅមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេរហូតទាល់តែលោកចូលទៅក្នុងពន្លា។ កាលលោកម៉ូសេចូលផុតទៅក្នុងពន្លា នោះដុំពពក*ក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ។ ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារពន្លា នោះពួកគេនាំគ្នាក្រាបថ្វាយបង្គំពីមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីពន្លាទេ។ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្គាប់ឲ្យទូលបង្គំនាំប្រជាជននេះឆ្ពោះទៅទឹកដីសន្យា ប៉ុន្តែ ព្រះអង្គពុំបានប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គនឹងចាត់នរណាឲ្យទៅជាមួយទូលបង្គំឡើយ។ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គស្គាល់ទូលបង្គំច្បាស់ ហើយព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំទៀតផង។ ឥឡូវនេះ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែននោះ សូមបង្ហាញមាគ៌ារបស់ព្រះអង្គមកទូលបង្គំ ដើម្បីឲ្យទូលបង្គំស្គាល់ព្រះអង្គ ហើយគាប់ព្រះហឫទ័យព្រះអង្គទៀតផង។ សូមនឹកចាំថាប្រជាជាតិនេះជាប្រជារាស្ត្ររបស់ព្រះអង្គ»។
និក្ខមនំ 33:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេលោកក៏យកត្រសាលទៅដំឡើងនៅទីឆ្ងាយក្រៅពីទីដំឡើងត្រសាលរបស់គេ ហើយឲ្យមានឈ្មោះថា «ត្រសាលជំនុំ» ឯអស់អ្នកណាដែលរកព្រះយេហូវ៉ា គេក៏ចេញទៅឯត្រសាលជំនុំ ដែលនៅខាងក្រៅទីដំឡើងត្រសាលនោះ កាលណាម៉ូសេចេញទៅឯត្រសាលជំនុំ បណ្តាជនទាំងអស់ក៏ក្រោកឡើងឈរនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន ទាំងមើលតាមលោកទាល់តែបានចូលផុតក្នុងត្រសាលជំនុំ គ្រាដែលម៉ូសេចូលផុតទៅហើយ នោះបង្គោលពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលសន្ទនានឹងម៉ូសេ ឯបណ្តាជនគេឃើញបង្គោលពពកសណ្ឋិតនៅត្រង់មាត់ទ្វារត្រសាលជំនុំ ក៏ក្រោកឡើងថ្វាយបង្គំនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន រួចលោកត្រឡប់មកដល់ទីដំឡើងត្រសាលគេវិញ តែយ៉ូស្វេកូននុន ជាជំនួយការរបស់លោក ដែលនៅកំឡោះនៅឡើយ មិនបានចេញពីត្រសាលជំនុំមកទេ។ ម៉ូសេលោកទូលដល់ព្រះយេហូវ៉ាថា មើល ទ្រង់បង្គាប់មកទូលបង្គំឲ្យនាំបណ្តាជននេះឡើងទៅ តែទ្រង់មិនបានឲ្យទូលបង្គំដឹង ជាទ្រង់នឹងចាត់អ្នកណាឲ្យទៅជាមួយសោះ ទ្រង់បានមានបន្ទូលថា អញស្គាល់ឯងយ៉ាងជិតស្និទ្ធ ហើយឯងក៏ប្រកបដោយគុណរបស់អញផង ដូច្នេះ បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិតមែន នោះសូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ទ្រង់ ហើយឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ពិត រួចសូមទ្រង់នឹកចាំពីសាសន៍នេះថាជារាស្ត្ររបស់ទ្រង់ផង