និក្ខមនំ 33:13-18
និក្ខមនំ 33:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែននោះ សូមបង្ហាញផ្លូវរបស់ព្រះអង្គដល់ទូលបង្គំឥឡូវនេះផង ដើម្បីឲ្យទូលបង្គំបានស្គាល់ព្រះអង្គ ហើយឲ្យបានប្រកបដោយព្រះគុណរបស់ព្រះអង្គ។ សូមនឹកចាំពីសាសន៍នេះ ជាប្រជារាស្ត្ររបស់ព្រះអង្គផង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «វត្តមានរបស់យើងនឹងទៅជាមួយអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។ លោកម៉ូសេទូលព្រះអង្គថា៖ «ប្រសិនបើព្រះវត្តមានរបស់ព្រះអង្គមិនយាងទៅជាមួយទេ សូមកុំនាំយើងខ្ញុំឡើងចេញពីទីនេះឡើយ។ ដ្បិតធ្វើដូចម្តេចឲ្យដឹងថាទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គបានប្រកបដោយព្រះគុណរបស់ព្រះអង្គបាន បើព្រះអង្គមិនយាងទៅជាមួយយើងខ្ញុំនោះ? យ៉ាងនេះឯង ដែលយើងខ្ញុំ គឺទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គនឹងបានខុសប្លែកពីជាតិសាសន៍ឯទៀតនៅលើផែនដី»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើតាមសេចក្ដីដែលអ្នកបានសូមនេះ ដ្បិតអ្នកប្រកបដោយគុណរបស់យើង ហើយយើងស្គាល់អ្នកយ៉ាងច្បាស់»។ លោកម៉ូសេទូលថា៖ «សូមព្រះអង្គមេត្តាបង្ហាញឲ្យទូលបង្គំឃើញសិរីល្អរបស់ព្រះអង្គផង»។
និក្ខមនំ 33:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែននោះ សូមបង្ហាញមាគ៌ារបស់ព្រះអង្គមកទូលបង្គំ ដើម្បីឲ្យទូលបង្គំស្គាល់ព្រះអង្គ ហើយគាប់ព្រះហឫទ័យព្រះអង្គទៀតផង។ សូមនឹកចាំថាប្រជាជាតិនេះជាប្រជារាស្ត្ររបស់ព្រះអង្គ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទៅជាមួយអ្នក ហើយផ្ដល់សេចក្ដីសុខសាន្តដល់អ្នក»។ លោកម៉ូសេទូលថា៖ «ប្រសិនបើព្រះអង្គមិនយាងទៅជាមួយយើងខ្ញុំទេ សូមកុំឲ្យយើងខ្ញុំចាកចេញពីនេះឡើយ។ តើធ្វើយ៉ាងណាដើម្បីឲ្យគេដឹងថា ព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំ ព្រមទាំងប្រជារាស្ត្ររបស់ព្រះអង្គ? គឺមានតែព្រះអង្គយាងទៅជាមួយយើងខ្ញុំប៉ុណ្ណោះ ទើបគេឃើញថា ទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គ ខុសប្លែកពីជាតិសាសន៍ទាំងឡាយនៅលើផែនដី»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើតាមសំណូមពររបស់អ្នក ដ្បិតយើងពេញចិត្តនឹងអ្នក ហើយស្គាល់អ្នកយ៉ាងច្បាស់»។ លោកម៉ូសេទូលថា៖ «សូមព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គឲ្យទូលបង្គំឃើញផង»។
និក្ខមនំ 33:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិតមែន នោះសូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ទ្រង់ ហើយឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ពិត រួចសូមទ្រង់នឹកចាំពីសាសន៍នេះថាជារាស្ត្ររបស់ទ្រង់ផង នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា វិញ្ញាណអញនឹងទៅជាមួយនឹងឯង ហើយអញនឹងឲ្យឯងបានសំរាក ម៉ូសេក៏ទូលថា បើសិនណាជាព្រះវិញ្ញាណនៃទ្រង់មិនយាងទៅជាមួយទេ នោះសូមកុំនាំយើងខ្ញុំរាល់គ្នាឡើងចេញពីទីនេះទៅឡើយ ដ្បិតតើធ្វើដូចម្តេចឲ្យដឹងថា ទូលបង្គំ ហើយនឹងរាស្ត្រទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ទៅបាន តើមិនមែនដោយទ្រង់យាងទៅជាមួយនឹងយើងខ្ញុំទេឬអី យ៉ាងនោះឯង យើងខ្ញុំ គឺខ្លួនទូលបង្គំ នឹងរាស្ត្ររបស់ផងទ្រង់ នឹងបានញែកចេញពីអស់ទាំងសាសន៍ឯទៀតដែលនៅផែនដីនេះ។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា អញនឹងធ្វើតាមសេចក្ដី ដែលឯងបានសូមនេះដែរ ដ្បិតឯងប្រកបដោយគុណនៃអញ ហើយអញក៏ស្គាល់ឯងយ៉ាងជិតស្និទ្ធផង លោកទូលឆ្លើយថា សូមទ្រង់មេត្តាបើកឲ្យទូលបង្គំឃើញសិរីល្អទ្រង់ផង