និក្ខមនំ 33:11-15
និក្ខមនំ 33:11-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ដូចមនុស្សនិយាយជាមួយមិត្តសម្លាញ់។ បន្ទាប់មក លោកវិលត្រឡប់មកឯជំរំវិញ តែយ៉ូស្វេជាកូនរបស់លោកនុន ជាជំនួយការរបស់លោក ដែលនៅកំលោះនៅឡើយ មិនបានចេញពីត្រសាលជំនុំទេ។ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍! ព្រះអង្គបង្គាប់មកទូលបង្គំឲ្យនាំប្រជាជននេះទៅ តែព្រះអង្គមិនបានឲ្យទូលបង្គំដឹងថា ព្រះអង្គចាត់អ្នកណាឲ្យទៅជាមួយឡើយ។ ព្រះអង្គមានព្រះបន្ទូលថា "យើងស្គាល់អ្នកយ៉ាងច្បាស់ ហើយអ្នកក៏ប្រកបដោយគុណរបស់យើងដែរ"។ ឥឡូវនេះ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែននោះ សូមបង្ហាញផ្លូវរបស់ព្រះអង្គដល់ទូលបង្គំឥឡូវនេះផង ដើម្បីឲ្យទូលបង្គំបានស្គាល់ព្រះអង្គ ហើយឲ្យបានប្រកបដោយព្រះគុណរបស់ព្រះអង្គ។ សូមនឹកចាំពីសាសន៍នេះ ជាប្រជារាស្ត្ររបស់ព្រះអង្គផង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «វត្តមានរបស់យើងនឹងទៅជាមួយអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។ លោកម៉ូសេទូលព្រះអង្គថា៖ «ប្រសិនបើព្រះវត្តមានរបស់ព្រះអង្គមិនយាងទៅជាមួយទេ សូមកុំនាំយើងខ្ញុំឡើងចេញពីទីនេះឡើយ។
និក្ខមនំ 33:11-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីពន្លាទេ។ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្គាប់ឲ្យទូលបង្គំនាំប្រជាជននេះឆ្ពោះទៅទឹកដីសន្យា ប៉ុន្តែ ព្រះអង្គពុំបានប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គនឹងចាត់នរណាឲ្យទៅជាមួយទូលបង្គំឡើយ។ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គស្គាល់ទូលបង្គំច្បាស់ ហើយព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំទៀតផង។ ឥឡូវនេះ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែននោះ សូមបង្ហាញមាគ៌ារបស់ព្រះអង្គមកទូលបង្គំ ដើម្បីឲ្យទូលបង្គំស្គាល់ព្រះអង្គ ហើយគាប់ព្រះហឫទ័យព្រះអង្គទៀតផង។ សូមនឹកចាំថាប្រជាជាតិនេះជាប្រជារាស្ត្ររបស់ព្រះអង្គ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទៅជាមួយអ្នក ហើយផ្ដល់សេចក្ដីសុខសាន្តដល់អ្នក»។ លោកម៉ូសេទូលថា៖ «ប្រសិនបើព្រះអង្គមិនយាងទៅជាមួយយើងខ្ញុំទេ សូមកុំឲ្យយើងខ្ញុំចាកចេញពីនេះឡើយ។
និក្ខមនំ 33:11-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន រួចលោកត្រឡប់មកដល់ទីដំឡើងត្រសាលគេវិញ តែយ៉ូស្វេកូននុន ជាជំនួយការរបស់លោក ដែលនៅកំឡោះនៅឡើយ មិនបានចេញពីត្រសាលជំនុំមកទេ។ ម៉ូសេលោកទូលដល់ព្រះយេហូវ៉ាថា មើល ទ្រង់បង្គាប់មកទូលបង្គំឲ្យនាំបណ្តាជននេះឡើងទៅ តែទ្រង់មិនបានឲ្យទូលបង្គំដឹង ជាទ្រង់នឹងចាត់អ្នកណាឲ្យទៅជាមួយសោះ ទ្រង់បានមានបន្ទូលថា អញស្គាល់ឯងយ៉ាងជិតស្និទ្ធ ហើយឯងក៏ប្រកបដោយគុណរបស់អញផង ដូច្នេះ បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិតមែន នោះសូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ទ្រង់ ហើយឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ពិត រួចសូមទ្រង់នឹកចាំពីសាសន៍នេះថាជារាស្ត្ររបស់ទ្រង់ផង នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា វិញ្ញាណអញនឹងទៅជាមួយនឹងឯង ហើយអញនឹងឲ្យឯងបានសំរាក ម៉ូសេក៏ទូលថា បើសិនណាជាព្រះវិញ្ញាណនៃទ្រង់មិនយាងទៅជាមួយទេ នោះសូមកុំនាំយើងខ្ញុំរាល់គ្នាឡើងចេញពីទីនេះទៅឡើយ