និក្ខមនំ 31:2-6
និក្ខមនំ 31:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មើល៍! យើងបានហៅបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា ហើយយើងបានធ្វើឲ្យគាត់ពេញដោយព្រះវិញ្ញាណរបស់ព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យប្រសប់នឹងបង្កើតគម្រោង ឲ្យចេះខាងគ្រឿងមាស ប្រាក់ និងលង្ហិន ចេះច្នៃត្បូងសម្រាប់ដាំ ចេះឆ្លាក់ឈើ និងការងារគ្រប់មុខ។ យើងក៏បានហៅអូហូលីអាប់ កូនរបស់អ័ហ៊ីសាម៉ាក់ ពីកុលសម្ព័ន្ធដាន់ ឲ្យមកធ្វើការជាមួយគាត់ដែរ ឯអស់អ្នកណាដែលចំណានការងារនោះ យើងក៏បានបន្ថែមឲ្យមានតម្រិះប្រាជ្ញា ដើម្បីធ្វើអស់ទាំងរបស់ដែលយើងបានបង្គាប់អ្នក
និក្ខមនំ 31:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«យើងបានជ្រើសរើសបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា។ យើងបានធ្វើឲ្យគាត់ពោរពេញដោយព្រះវិញ្ញាណរបស់យើង ដើម្បីឲ្យគាត់មានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ គឺគាត់ចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន ចេះឆ្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារគ្រប់មុខ។ យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ
និក្ខមនំ 31:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល អញបានហៅបេតសាលាល ជាកូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដា ហើយអញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យបានប្រសប់នឹងបង្កើតអស់ទាំងការ គឺឲ្យចេះការខាងគ្រឿងមាស ប្រាក់ ហើយនឹងលង្ហិន ចេះច្នៃត្បូងសំរាប់ដាំ ចេះឆ្លាក់ឈើ នឹងការគ្រប់មុខទាំងអស់ផង ហើយអញបានហៅអូហូលីអាប់ កូនអ័ហ៊ីសាម៉ាក់ ជាពូជអំបូរដាន់ ឲ្យមកធ្វើការជាមួយនឹងគាត់ដែរ ឯអស់អ្នកណាដែលចំណានការនោះអញក៏បានបន្ថែមឲ្យមានដំរិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់ដែលអញបានបង្គាប់ដល់ឯង