និក្ខមនំ 31:2-11
និក្ខមនំ 31:2-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មើល៍! យើងបានហៅបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា ហើយយើងបានធ្វើឲ្យគាត់ពេញដោយព្រះវិញ្ញាណរបស់ព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យប្រសប់នឹងបង្កើតគម្រោង ឲ្យចេះខាងគ្រឿងមាស ប្រាក់ និងលង្ហិន ចេះច្នៃត្បូងសម្រាប់ដាំ ចេះឆ្លាក់ឈើ និងការងារគ្រប់មុខ។ យើងក៏បានហៅអូហូលីអាប់ កូនរបស់អ័ហ៊ីសាម៉ាក់ ពីកុលសម្ព័ន្ធដាន់ ឲ្យមកធ្វើការជាមួយគាត់ដែរ ឯអស់អ្នកណាដែលចំណានការងារនោះ យើងក៏បានបន្ថែមឲ្យមានតម្រិះប្រាជ្ញា ដើម្បីធ្វើអស់ទាំងរបស់ដែលយើងបានបង្គាប់អ្នក គឺត្រសាលជំនុំ ហិបនៃសេចក្ដីសញ្ញា ទីសន្តោសប្រោសដែលនៅលើហិបនោះ និងអស់ទាំងគ្រឿងប្រដាប់សម្រាប់ត្រសាល គឺតុ គ្រឿងប្រដាប់របស់តុ ជើងចង្កៀងជាមាសសុទ្ធ គ្រឿងប្រដាប់របស់ចង្កៀង និងអាសនាគ្រឿងក្រអូប អាសនាតង្វាយដុត និងគ្រឿងប្រដាប់របស់អាសនា ចានក្លាំ និងជើងទ្រ អស់ទាំងសម្លៀកបំពាក់ការងារ គឺសម្លៀកបំពាក់បរិសុទ្ធសម្រាប់សង្ឃអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសៗរបស់គាត់ សម្រាប់បំពេញមុខងារជាសង្ឃ ប្រេងសម្រាប់លាបតាំង និងគ្រឿងក្រអូបសម្រាប់ទីបរិសុទ្ធ។ អ្នកទាំងនោះត្រូវធ្វើតាមអស់ទាំងសេចក្ដីដែលយើងបានបង្គាប់អ្នក»។
និក្ខមនំ 31:2-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«យើងបានជ្រើសរើសបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា។ យើងបានធ្វើឲ្យគាត់ពោរពេញដោយព្រះវិញ្ញាណរបស់យើង ដើម្បីឲ្យគាត់មានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ គឺគាត់ចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន ចេះឆ្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារគ្រប់មុខ។ យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ គឺធ្វើពន្លាជួបព្រះអម្ចាស់ ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គម្របហិប និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់នៅក្នុងពន្លា តុ និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយតុ ជើងចង្កៀងធ្វើអំពីមាសសុទ្ធ និងគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀង អាសនៈដុតគ្រឿងក្រអូប អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ អាងទឹក និងកំណល់។ សម្លៀកបំពាក់សម្រាប់ពិធីបុណ្យ គឺសម្លៀកបំពាក់សក្ការៈរបស់បូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសគាត់ សម្រាប់បំពេញមុខងារជាបូជាចារ្យ។ ប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុតនៅទីសក្ការៈ។ ពួកសិប្បករនឹងធ្វើការទាំងអស់ ដូចយើងបានបង្គាប់»។
និក្ខមនំ 31:2-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល អញបានហៅបេតសាលាល ជាកូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដា ហើយអញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យបានប្រសប់នឹងបង្កើតអស់ទាំងការ គឺឲ្យចេះការខាងគ្រឿងមាស ប្រាក់ ហើយនឹងលង្ហិន ចេះច្នៃត្បូងសំរាប់ដាំ ចេះឆ្លាក់ឈើ នឹងការគ្រប់មុខទាំងអស់ផង ហើយអញបានហៅអូហូលីអាប់ កូនអ័ហ៊ីសាម៉ាក់ ជាពូជអំបូរដាន់ ឲ្យមកធ្វើការជាមួយនឹងគាត់ដែរ ឯអស់អ្នកណាដែលចំណានការនោះអញក៏បានបន្ថែមឲ្យមានដំរិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់ដែលអញបានបង្គាប់ដល់ឯង គឺត្រសាលជំនុំ១ ហឹបនៃសេចក្ដីបន្ទាល់១ ទីសន្តោសប្រោសដែលនៅលើហឹបនោះ១ ហើយនឹងអស់ទាំងប្រដាប់សំរាប់ត្រសាល គឺតុ នឹងគ្រឿងប្រដាប់នៃតុ ជើងចង្កៀងមាសសុទ្ធ នឹងប្រដាប់របស់ចង្កៀង អាសនាគ្រឿងក្រអូប អាសនាដង្វាយដុត នឹងគ្រឿងប្រដាប់នៃអាសនានោះ ចានក្លាំ នឹងជើងនៃចាននោះ អស់ទាំងសំលៀកបំពាក់សំរាប់ការងារ គឺសំលៀកបំពាក់បរិសុទ្ធសំរាប់អើរ៉ុន ជាអ្នកថ្វាយបូជា នឹងអស់ទាំងសំលៀកបំពាក់ របស់ពួកកូនចៅលោក ដែលសំរាប់ការងារជាសង្ឃ ប្រេងចាក់លាប នឹងគ្រឿងក្រអូប សំរាប់ទីបរិសុទ្ធផង អ្នកទាំងនោះនឹងធ្វើតាមអស់ទាំងសេចក្ដី ដែលអញបានបង្គាប់ដល់ឯង។