និក្ខមនំ 30:22-33
និក្ខមនំ 30:22-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ចូរយកគ្រឿងក្រអូបដែលវិសេស គឺជ័រល្វីងទេសសុទ្ធប្រាំរយសេកែល សម្បុរល្វែងក្រអូបពាក់កណ្ដាល គឺពីររយហាសិបសេកែល ឫសកន្ធាយពីររយហាសិបសេកែល កំញានប្រាំរយសេកែល តាមរង្វាល់ដែលប្រើក្នុងទីបរិសុទ្ធ និងប្រេងអូលីវប្រាំបីកំប៉ុង។ ត្រូវផ្សំគ្រឿងទាំងនេះធ្វើជាប្រេងបរិសុទ្ធសម្រាប់ពិធីលាបតាំង ដែលបានលាយចូលគ្នា តាមវិធីអ្នកផ្សំគ្រឿងក្រអូប ទុកជាប្រេងបរិសុទ្ធសម្រាប់លាបតាំង។ ត្រូវយកប្រេងនេះចាក់លាបត្រសាលជំនុំ ហិបនៃសេចក្ដីសញ្ញា តុ និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់តុ ជើងចង្កៀង និងគ្រឿងប្រដាប់របស់ចង្កៀង អាសនាគ្រឿងក្រអូប អាសនាតង្វាយដុត និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់អាសនា ចានក្លាំ និងជើងទ្រ។ ត្រូវញែករបស់ទាំងនោះចេញជាបរិសុទ្ធ ដើម្បីឲ្យបានបរិសុទ្ធបំផុត ឯអ្វីៗដែលប៉ះនឹងរបស់ទាំងនោះ ក៏នឹងទៅជាបរិសុទ្ធដែរ។ ត្រូវចាក់ប្រេងលើអើរ៉ុន និងកូនរបស់គាត់ ព្រមទាំងញែកពួកគេចេញជាបរិសុទ្ធ ដើម្បីឲ្យពួកគេបានបំពេញមុខងារជាសង្ឃបម្រើយើង។ ត្រូវប្រាប់កូនចៅអ៊ីស្រាអែលថា "នេះជាប្រេងសម្រាប់ពិធីលាបតាំងរបស់យើង គ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។ មិនត្រូវយកប្រេងនេះចាក់លើខ្លួនមនុស្សធម្មតាឡើយ ក៏មិនត្រូវផ្សំគ្រឿងណាឲ្យដូចប្រេងនេះដែរ ដ្បិតប្រេងនេះបរិសុទ្ធ ហើយអ្នករាល់គ្នាត្រូវរាប់ប្រេងនេះជាបរិសុទ្ធ។ អ្នកណាដែលផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសក្រៅ នោះនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន"»។
និក្ខមនំ 30:22-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបដែលមានគុណភាពល្អបំផុត គឺជ័រល្វីងទេសទម្ងន់ដប់ពីរនាល ប្រេងទេព្វិរូប្រាំមួយនាល ប្រេងសម្បុរល្វែងប្រាំមួយនាល កំញានដប់ពីរនាល គិតតាមទម្ងន់ដែលប្រើនៅក្នុងទីសក្ការៈ ព្រមទាំងប្រេងអូលីវប្រាំមួយលីត្រទៀតផង។ ត្រូវផ្សំគ្រឿងទាំងនោះធ្វើជាប្រេងក្រអូប តាមវិធីចម្រាញ់ប្រេងរបស់អ្នកធ្វើទឹកអប់ ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ។ ត្រូវប្រើប្រេងនោះសម្រាប់លាបពន្លាជួបព្រះអម្ចាស់ និងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា តុ និងគ្រឿងបរិក្ខារដែលប្រើប្រាស់ជាមួយតុ ជើងចង្កៀង និងគ្រឿងបរិក្ខារដែលប្រើជាមួយចង្កៀងអាសនៈដុតគ្រឿងក្រអូប អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ ព្រមទាំងអាងទឹក និងកំណល់។ ពេលអ្នកលាបប្រេងញែកវត្ថុទាំងនោះជាសក្ការៈ វត្ថុទាំងនោះនឹងបានទៅជាវិសុទ្ធ*បំផុត ហើយអ្វីៗដែលមកប៉ះនឹងវត្ថុទាំងនោះក៏នឹងទៅជាវិសុទ្ធដែរ។ ចូរយកប្រេងនេះលាបលើអើរ៉ុន និងកូនប្រុសរបស់គាត់ ញែកពួកគេឲ្យបានវិសុទ្ធ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា នេះជាប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេងដ៏សក្ការៈគ្រប់ជំនាន់តរៀងទៅ។ មិនត្រូវប្រើប្រេងនេះសម្រាប់លាបតែងខ្លួនឡើយ ហើយក៏មិនត្រូវយកគ្រឿងផ្សំនេះទៅធ្វើប្រេងដូចប្រេងនេះដែរ ដ្បិតប្រេងនេះជាប្រេងសក្ការៈ ដែលអ្នករាល់គ្នាត្រូវតែទុកឲ្យនៅជាសក្ការៈរហូត។ អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
និក្ខមនំ 30:22-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេទៀតថា ចូរឲ្យយកគ្រឿងក្រអូបយ៉ាងវិសេស គឺជាជ័រល្វីងទេសសុទ្ធ៥០០ដំឡឹង សម្បុរល្វែងក្រអូបពាក់កណ្តាល គឺ២៥០ដំឡឹង ឫសកន្ធាយ២៥០ដំឡឹង នឹងកំញាន៥០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ហើយនឹងប្រេងអូលីវ៨កំប៉ុង ត្រូវលាយចំរុះគ្នាធ្វើជាប្រេងសំរាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធ ដែលបានចំរុះលាយគ្នាតាមវិធីធ្វើនៃអ្នកផ្សំគ្រឿងក្រអូប ទុកសំរាប់ជាប្រេងចាក់លាបយ៉ាងបរិសុទ្ធ ត្រូវយកប្រេងនេះ ចាក់លាបត្រសាលជំនុំ ហឹបនៃសេចក្ដីបន្ទាល់ តុ ហើយនឹងគ្រឿងប្រដាប់នៃតុទាំងប៉ុន្មាន ជើងចង្កៀង នឹងគ្រឿងប្រដាប់នៃចង្កៀងទាំងអំបាលម៉ាន អាសនាគ្រឿងក្រអូប អាសនាដង្វាយដុត នឹងគ្រឿងប្រដាប់នៃអាសនានោះទាំងប៉ុន្មាន ហើយចានក្លាំ នឹងជើងនៃចាននោះផង ត្រូវឲ្យញែករបស់ទាំងនោះចេញជាបរិសុទ្ធ ដើម្បីឲ្យបានបរិសុទ្ធជាទីបំផុត ឯរបស់អ្វីដែលប៉ះនឹងរបស់ទាំងនោះៗនឹងបានបរិសុទ្ធដែរ រួចត្រូវឲ្យចាក់ប្រេងលើអើរ៉ុន នឹងពួកកូនលោក ព្រមទាំងញែកគេចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ ត្រូវឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ប្រេងនេះត្រូវទុកជាប្រេងសំរាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធដល់អញ នៅអស់ទាំងដំណឯងរាល់គ្នាទៅ មិនត្រូវយកប្រេងនេះចាក់លើខ្លួនមនុស្សធម្មតាឡើយ ក៏មិនត្រូវផ្សំគ្រឿងតាមកំណត់នេះនឹងធ្វើឲ្យដូចដែរ ដ្បិតប្រេងនេះជាបរិសុទ្ធ ហើយត្រូវឲ្យឯងរាល់គ្នារាប់ជាបរិសុទ្ធដែរ អ្នកណាដែលនឹងផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសដទៃ នោះនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។