និក្ខមនំ 3:7-15
និក្ខមនំ 3:7-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខវេទនារបស់ប្រជារាស្ត្រយើង ដែលនៅស្រុកអេស៊ីព្ទហើយ យើងក៏បានឮសម្រែករបស់គេ ព្រោះតែពួកអ្នកដែលសង្កត់សង្កិនដែរ។ យើងដឹងពីទុក្ខវេទនារបស់គេហើយ ដូច្នេះ យើងបានចុះមក ដើម្បីរំដោះគេឲ្យរួចចេញពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ ហើយនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកមួយដ៏ល្អ ធំទូលាយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។ មើល៍ ឥឡូវនេះ សម្រែករបស់កូនចៅអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏បានឃើញទុក្ខលំបាកដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនគេដែរ។ ដូច្នេះ ឥឡូវនេះ យើងនឹងចាត់អ្នកឲ្យទៅជួបផារ៉ោន ដើម្បីឲ្យអ្នកបាននាំប្រជារាស្ត្ររបស់យើង គឺកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ»។ លោកម៉ូសេទូលព្រះថា៖ «តើទូលបង្គំជាអ្វីដែលត្រូវទៅជួបផារ៉ោន ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងនៅជាមួយអ្នក កាលណាអ្នកបាននាំគេចេញពីស្រុកអេស៊ីព្ទ អ្នករាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ ហើយនេះជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។ ប៉ុន្ដែ លោកម៉ូសេទូលទៅព្រះថា៖ «ប្រសិនបើទូលបង្គំទៅជួបពួកកូនចៅអ៊ីស្រាអែល ហើយប្រាប់ថា "ព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា" ហើយគេសួរទូលបង្គំថា "តើព្រះអង្គមានព្រះនាមអ្វី?" តើទូលបង្គំត្រូវប្រាប់គេដូចម្តេច?» ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងជាព្រះដ៏ជាព្រះ» ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះដ៏ជាព្រះទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"»។ ព្រះទ្រង់ក៏មានព្រះបន្ទូលទៅកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប ព្រះអង្គបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"។ នេះជាឈ្មោះរបស់យើងនៅអស់កល្បជានិច្ច ហើយសម្រាប់ជាសេចក្ដីរំឭកពីយើង ដល់មនុស្សគ្រប់ជំនាន់តរៀងទៅ។
និក្ខមនំ 3:7-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។ ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ ឥឡូវនេះ សម្រែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។ ឥឡូវនេះ យើងចាត់អ្នកឲ្យទៅជួបស្ដេចផារ៉ោន។ ចូរទៅនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើងចេញពីស្រុកអេស៊ីប»។ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «តើទូលបង្គំមានឋានៈអ្វីបានជាទូលបង្គំត្រូវទៅជួបព្រះចៅផារ៉ោន និងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រាអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា: ព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្ដេច?»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះអម្ចាស់ដែលមានជីវិតគង់នៅ” ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា»។ ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ: “ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើងអស់កល្បជាអង្វែងតរៀងទៅ។
និក្ខមនំ 3:7-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស ដូច្នេះមើល ឥឡូវនេះ ពាក្យរបស់ពួកកូនចៅអ៊ីស្រាអែលដែលគេអំពាវនាវដល់អញ នោះបានឮហើយ ១ទៀតអញបានឃើញការលំបាក ដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនដល់គេដែរ ដូច្នេះ ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅផារ៉ោន ដើម្បីឲ្យឯងបាននាំរាស្ត្រអញ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក។ នោះម៉ូសេទូលទៅព្រះថា តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ ទ្រង់មានបន្ទូលតបថា អញនឹងនៅជាមួយនឹងឯងជាប្រាកដ កាលណាឯងបាននាំគេចេញពីស្រុកអេស៊ីព្ទមក នោះឯងរាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ នេះហើយនឹងបានជាទីសំគាល់ឲ្យឯងដឹងថា អញនេះបានចាត់ឯងទៅ ម៉ូសេក៏ទូលទៅព្រះថា មើល កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច ព្រះទ្រង់មានបន្ទូលទៅម៉ូសេថា «អញជាព្រះដ៏ជាព្រះ» រួចទ្រង់មានបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា ព្រះទ្រង់ក៏មានបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ