និក្ខមនំ 3:2-5
និក្ខមនំ 3:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅទីនោះ ទេវតារបស់ព្រះយេហូវ៉ាលេចមកឲ្យលោកឃើញក្នុងអណ្ដាតភ្លើង ចេញពីកណ្ដាលគុម្ពបន្លា លោកមើលទៅ ឃើញភ្លើងឆេះគុម្ពបន្លា តែគុម្ពបន្លាមិនបានសុសទេ។ លោកម៉ូសេគិតថា៖ «ខ្ញុំនឹងឆៀងទៅមើលហេតុការណ៍ដ៏អស្ចារ្យនេះ ហេតុអ្វីបានជាគុម្ពបន្លានេះឆេះមិនសុសដូច្នេះ?» កាលព្រះយេហូវ៉ាឃើញលោកឆៀងមកមើលដូច្នេះ ព្រះក៏មានព្រះបន្ទូលហៅលោកពីក្នុងគុម្ពបន្លាថា៖ «ម៉ូសេ ម៉ូសេអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីបរិសុទ្ធ»។
និក្ខមនំ 3:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅទីនោះ ទេវតា*របស់ព្រះអម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើង ដែលឆេះចេញពីកណ្ដាលគុម្ពោត ឲ្យលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។ លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។ ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។ លោកម៉ូសេទូលឆ្លើយថា៖ «ក្រាបទូល!»។ ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។
និក្ខមនំ 3:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅទីនោះ មានទេវតានៃព្រះយេហូវ៉ាលេចមកឯលោកក្នុងអណ្តាតភ្លើងនៅកណ្តាលគុម្ពបន្លា លោកក៏មើលទៅឃើញភ្លើងឆេះគុម្ពបន្លា តែឥតបានសុសទេ ម៉ូសេនឹកក្នុងចិត្តថា អញនឹងងាកចេញទៅមើលការចំឡែកនេះ តើហេតុអ្វីបានជាគុម្ពបន្លានេះឆេះមិនសុសដូច្នេះ កាលព្រះយេហូវ៉ាទ្រង់ឃើញលោកងាកបែរមកមើលដូច្នេះ នោះទ្រង់ក៏មានបន្ទូលហៅពីក្នុងគុម្ពបន្លាថា ម៉ូសេៗអើយ រួចលោកទូលឆ្លើយថា ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់ ទ្រង់ក៏បង្គាប់ថា កុំឲ្យមកជិតនេះឡើយ ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលឈរនោះជាដីបរិសុទ្ធ