និក្ខមនំ 3:16-17
និក្ខមនំ 3:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរទៅប្រមូលពួកចាស់ទុំអ៊ីស្រាអែល ហើយប្រាប់គេថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប បានលេចមកឲ្យខ្ញុំឃើញ ហើយមានព្រះបន្ទូលថា យើងបានតាមមើលអ្នករាល់គ្នាជាប់ ក៏បានឃើញហេតុការណ៍ដែលគេប្រព្រឹត្តដល់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទដែរ។ យើងសម្រេចថា យើងនឹងនាំអ្នករាល់គ្នាចេញពីទុក្ខលំបាកនៅស្រុកអេស៊ីព្ទ ទៅកាន់ស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសវិញ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ"។
និក្ខមនំ 3:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែល ប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប បានបង្ហាញឲ្យខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។ យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។
និក្ខមនំ 3:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទៅចុះ ចូរទៅប្រមូលពួកចាស់ទុំជាតិអ៊ីស្រាអែល ប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ទ្រង់បានលេចមកមានបន្ទូលនឹងខ្ញុំថា អញបានមកប្រោសឯងរាល់គ្នាជាប្រាកដហើយ ក៏បានឃើញការដែលគេធ្វើដល់ឯងរាល់គ្នានៅស្រុកអេស៊ីព្ទដែរ ហើយអញបានសំរេចថា អញនឹងនាំឯងរាល់គ្នាឡើងចេញពីសេចក្ដីទុក្ខលំបាកនៅស្រុកអេស៊ីព្ទ ទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូសវិញ ជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ