និក្ខមនំ 3:1-7
និក្ខមនំ 3:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន លោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថាន រហូតដល់ភ្នំហូរែប ជាភ្នំរបស់ព្រះ។ នៅទីនោះ ទេវតារបស់ព្រះយេហូវ៉ាលេចមកឲ្យលោកឃើញក្នុងអណ្ដាតភ្លើង ចេញពីកណ្ដាលគុម្ពបន្លា លោកមើលទៅ ឃើញភ្លើងឆេះគុម្ពបន្លា តែគុម្ពបន្លាមិនបានសុសទេ។ លោកម៉ូសេគិតថា៖ «ខ្ញុំនឹងឆៀងទៅមើលហេតុការណ៍ដ៏អស្ចារ្យនេះ ហេតុអ្វីបានជាគុម្ពបន្លានេះឆេះមិនសុសដូច្នេះ?» កាលព្រះយេហូវ៉ាឃើញលោកឆៀងមកមើលដូច្នេះ ព្រះក៏មានព្រះបន្ទូលហៅលោកពីក្នុងគុម្ពបន្លាថា៖ «ម៉ូសេ ម៉ូសេអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីបរិសុទ្ធ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប»។ លោកម៉ូសេក៏ខ្ទប់មុខ ព្រោះលោកមិនហ៊ានមើលចំទៅព្រះទេ។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខវេទនារបស់ប្រជារាស្ត្រយើង ដែលនៅស្រុកអេស៊ីព្ទហើយ យើងក៏បានឮសម្រែករបស់គេ ព្រោះតែពួកអ្នកដែលសង្កត់សង្កិនដែរ។ យើងដឹងពីទុក្ខវេទនារបស់គេហើយ
និក្ខមនំ 3:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និងជាបូជាចារ្យនៅស្រុកម៉ាឌាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។ នៅទីនោះ ទេវតា*របស់ព្រះអម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើង ដែលឆេះចេញពីកណ្ដាលគុម្ពោត ឲ្យលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។ លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។ ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។ លោកម៉ូសេទូលឆ្លើយថា៖ «ក្រាបទូល!»។ ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។ យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប»។ លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
និក្ខមនំ 3:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់យេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន នោះលោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថានរហូតដល់ភ្នំព្រះ គឺជាភ្នំហូរែប នៅទីនោះ មានទេវតានៃព្រះយេហូវ៉ាលេចមកឯលោកក្នុងអណ្តាតភ្លើងនៅកណ្តាលគុម្ពបន្លា លោកក៏មើលទៅឃើញភ្លើងឆេះគុម្ពបន្លា តែឥតបានសុសទេ ម៉ូសេនឹកក្នុងចិត្តថា អញនឹងងាកចេញទៅមើលការចំឡែកនេះ តើហេតុអ្វីបានជាគុម្ពបន្លានេះឆេះមិនសុសដូច្នេះ កាលព្រះយេហូវ៉ាទ្រង់ឃើញលោកងាកបែរមកមើលដូច្នេះ នោះទ្រង់ក៏មានបន្ទូលហៅពីក្នុងគុម្ពបន្លាថា ម៉ូសេៗអើយ រួចលោកទូលឆ្លើយថា ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់ ទ្រង់ក៏បង្គាប់ថា កុំឲ្យមកជិតនេះឡើយ ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលឈរនោះជាដីបរិសុទ្ធ ទ្រង់មានបន្ទូលទៀតថា អញជាព្រះនៃឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប នោះម៉ូសេក៏ខ្ទប់មុខ ដ្បិតមិនហ៊ានមើលចំទៅព្រះទេ។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ