និក្ខមនំ 29:37-45

និក្ខមនំ 29:37-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ត្រូវ​ថ្វាយ​តង្វាយ​ជម្រះ​អាស‌នា ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាស‌នា​នឹង​បាន​បរិសុទ្ធ​បំផុត ហើយ​អ្វី​ៗ​ដែល​ប៉ះ​នឹង​អាស‌នា​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។ រីឯ​តង្វាយ​ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាស‌នា​រាល់​ថ្ងៃ នោះ​គឺ​កូន​ចៀម​ពីរ អាយុ​មួយ​ខួប។ កូន​ចៀម​មួយ​ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក ហើយ​មួយ​ទៀត​នៅ​ពេល​ល្ងាច ហើយ​ដែល​ថ្វាយ​កូន​ចៀម​មុន​ដំបូង នោះ​ត្រូវ​ថ្វាយ​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ភាគ​ក្នុង​ដប់​ក្នុង​មួយ​ថាំង លាយ​នឹង​ប្រេង​សម្រាំង​មួយ​កំប៉ុង និង​តង្វាយ​ច្រូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​កំប៉ុង​ផង។ លុះ​ដល់​ល្ងាច ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​ទៀត ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ដូច​នៅ​ពេល​ព្រឹក​ដែរ នេះ​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ នេះ​ជា​តង្វាយ​ដុត​ជា‌ប្រចាំ ដែល​កូន​ចៅ​របស់​អ្នក​គ្រប់​ជំនាន់​ត្រូវ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ដើម្បី​និយាយ​ជា‌មួយ​អ្នក។ យើង​នឹង​មក​ជួប​ជា‌មួយ​កូន​ចៅ​អ៊ី‌ស្រា‌អែល​នៅ​ទី​នោះ ហើយ​កន្លែង​នោះ​នឹង​បាន​បរិសុទ្ធ ដោយ‌សារ​សិរី‌ល្អ​របស់​យើង។ យើង​នឹង​ញែក​ត្រសាល​ជំនុំ និង​អាស‌នា​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​ញែក​អើរ៉ុន និង​កូន​ៗរបស់​គាត់​ចេញ​ជា​បរិសុទ្ធ​ដែរ ដើម្បី​ឲ្យ​ពួក‌គេ​បំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង។ យើង​នឹង​ស្ថិត​នៅ​កណ្ដាល​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក‌គេ។

ចែក​រំលែក
អាន និក្ខមនំ 29

និក្ខមនំ 29:37-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ និង​ញែក​អាសនៈ​ទុក​ជា​សក្ការៈ។ ធ្វើ​ដូច្នេះ អាសនៈ​នេះ​នឹង​ទៅ​ជា​វិសុទ្ធ​បំផុត ហើយ​អ្វីៗ​ដែល​ប៉ះ​នឹង​អាសនៈ​ក៏​ទៅ​ជា​វិសុទ្ធ​ដែរ។ រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ ដែល​មាន​អាយុ​មួយ​ខួប ថ្វាយ​នៅ​លើ​អាសនៈ​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ។ ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក ហើយ​កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។ ត្រូវ​យក​ម្សៅ​ដ៏​ម៉ដ្ដ​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ សម្រាប់​ធ្វើ​ពិធី​ច្រួច‌ស្រា​ចំនួន​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​ទី​មួយ។ រីឯ​កូន​ចៀម​មួយ​ទៀត​ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច រួម​ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា​ទំពាំង‌បាយជូរ ដូច​នៅ​ពេល​ព្រឹក​ដែរ។ ចូរ​ដុត​តង្វាយ​ទាំង​នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ នេះ​ជា​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ ដែល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ នៅ​ទី​នេះ យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ជា​មួយ​អ្នក។ យើង​នឹង​មក​ជួប​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ទី​នេះ ហើយ​កន្លែង​នេះ​នឹង​បាន​វិសុទ្ធ ដោយ‌សារ​សិរី‌រុងរឿង​របស់​យើង។ យើង​នឹង​ញែក​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាសនៈ​ឲ្យ​បាន​វិសុទ្ធ។ យើង​ក៏​ញែក​អើរ៉ុន ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ឲ្យ​បាន​វិសុទ្ធ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ*​បម្រើ​យើង។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។

ចែក​រំលែក
អាន និក្ខមនំ 29

និក្ខមនំ 29:37-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​រវាង​៧​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាសនា ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាសនា​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត ហើយ​របស់​អ្វី​ដែល​ប៉ះ​នឹង​អាសនា​ក៏​នឹង​បាន​ជា​បរិសុទ្ធ​ដែរ។ រីឯ​ដង្វាយ ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាសនា​រាល់​តែ​ថ្ងៃ​ជានិច្ច នោះ​គឺ​កូន​ចៀម​២​អាយុ​១​ខួប កូន​ចៀម​១​ត្រូវ​ថ្វាយ​ក្នុង​ពេល​ព្រឹក ហើយ​១​ទៀត ក្នុង​ពេល​ល្ងាច ហើយ​ដែល​ថ្វាយ​កូន​ចៀម​មុន​ដំបូង នោះ​ត្រូវ​ថ្វាយ​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ភាគ​ក្នុង​១០​ក្នុង​១​ថាំង លាយ​នឹង​ប្រេង​សំរាំង​១​កំប៉ុង នឹង​ដង្វាយ​ច្រួច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​១​កំប៉ុង​ផង លុះ​ដល់​ល្ងាច ត្រូវ​ឲ្យ​ឯង​ថ្វាយ​កូន​ចៀម​១​ទៀត ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​ដូច​ថ្វាយ​ពី​ព្រឹក​ដែរ នេះ​គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ដង្វាយ​ដុត​ជានិច្ច ដែល​កូន​ចៅ​ឯង​ត​ទៅ​មុខ ត្រូវ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​កន្លែង​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​និយាយ​ជា​មួយ​នឹង​ឯង អញ​នឹង​មក​ជួប​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ទី​នោះ ហើយ​កន្លែង​នោះ​នឹង​បាន​បរិសុទ្ធ ដោយ‌សារ​សិរី‌ល្អ​នៃ​អញ អញ​នឹង​ញែក​ត្រសាល​ជំនុំ ហើយ​នឹង​អាសនា​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​អើរ៉ុន នឹង​ពួក​កូន​លោក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ យ៉ាង​នោះ​អញ​នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​នឹង​ធ្វើ​ជា​ព្រះ​ឲ្យ​គេ

ចែក​រំលែក
អាន និក្ខមនំ 29