និក្ខមនំ 27:1-19

និក្ខមនំ 27:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ត្រូវ​ធ្វើ​អាស‌នា​ពី​ឈើ​នាង‌នួន បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​កម្ពស់​បី​ហត្ថ។ ត្រូវ​ធ្វើ​ស្នែង​ជាប់​នឹង​អាស‌នា​គ្រប់​ទាំង​បួន​ជ្រុង ហើយ​ត្រូវ​ស្រោប​ដោយ​លង្ហិន។ ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម និង​ជើង‌ក្រាន​សម្រាប់​អាស‌នា ឯ​គ្រឿង​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សម្រាប់​អាស‌នា​ដែរ ហើយ​ត្រូវ​ធ្វើ​កង​លង្ហិន​បួន ដាក់​នៅតាម​ជ្រុង​ប្រទាស​ទាំង​បួន។ ត្រូវ​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្ដាល​កម្ពស់​នៃ​អាស‌នា។ ត្រូវ​យក​ឈើ​នាង‌នួន ធ្វើ​ជា​ឈើ​ស្នែង​សម្រាប់​សែង​អាស‌នា ហើយ​ស្រោប​ដោយ​លង្ហិន​ដែរ។ ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង ដើម្បី​ឲ្យ​ឈើ​ស្នែង​បាន​ជាប់​ទាំង​សង​ខាង​អាស‌នា​សម្រាប់​សែង។ អាស‌នា​នេះ​ត្រូវ​ធ្វើ​ពី​ក្ដារ ឲ្យ​មាន​ប្រហោង​កណ្ដាល គឺ​ត្រូវ​ធ្វើ​ដូច្នោះ ដូច​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។ ត្រូវ​ធ្វើ​ទី‌លាន​នៃ​រោង​ឧបោ‌សថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​មួយ​រយ​ហត្ថ សម្រាប់​បាំង​ទី‌លាន​ម្ខាង​នោះ រនាំង​នោះ​មាន​សសរ​ម្ភៃ និង​ជើងសសរ​ម្ភៃ ត្រូវ​ធ្វើ​ពីលង្ហិន ឯ​តម្ពក់​សសរ និង​គន្លឹះ ត្រូវ​ធ្វើ​ពី​ប្រាក់។ នៅ​ខាង​ជើង ត្រូវ​មាន​រនាំង​ប្រវែង​មួយ​រយ​ហត្ថ ហើយ​សសរ​ម្ភៃ និង​ជើង​សសរ​លង្ហិន​ម្ភៃ​ដែរ ឯ​តម្ពក់​សសរ និង​គន្លឹះ ក៏​ត្រូវ​ធ្វើ​ពី​ប្រាក់​ដូច​គ្នា។ ទទឹង​ទី‌លាន​នៅ​ខាង​លិច ត្រូវ​មាន​រនាំង​ប្រវែង​ហាសិប​ហត្ថ ហើយ​សសរ​ដប់ និង​ជើង​ទ្រ​ដប់។ ទទឹង​ទី‌លាន​នៅ​ខាង​មុខ ប៉ែក​ខាង​កើត ត្រូវ​មាន​ប្រវែង​ហាសិប​ហត្ថ​ដូច​គ្នា។ រនាំង​ម្ខាង​ត្រូវ​មាន​ប្រវែង​ដប់ប្រាំ​ហត្ថ សសរ​បី និង​ជើង​ទ្រ​បី។ រីឯ​រនាំង​ម្ខាង​ទៀត ត្រូវ​មាន​ប្រវែង​ដប់ប្រាំ​ហត្ថ សសរ​បី និង​ជើងទ្រ​បី​ដូច​គ្នា។ នៅ​មាត់​ទ្វារ​ទី‌លាន ត្រូវ​មាន​រនាំង​ប្រវែង​ម្ភៃ​ហត្ថ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ប៉ាក់​ផង ព្រម​ទាំង​សសរ​បួន និង​ជើង​ទ្រ​បួន​ដែរ។ សសរ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ទី‌លាន ត្រូវ​មាន​គន្លឹះ និង​តម្ពក់​ធ្វើ​ពី​ប្រាក់ និង​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។ ទី‌លាន​នោះ ត្រូវ​មាន​បណ្តោយ​មួយ​រយ​ហត្ថ និង​ទទឹង​ហាសិប​ហត្ថ​ស្មើ​គ្នា ហើយ​កម្ពស់​រនាំង​ប្រាំ​ហត្ថ រីឯ​រនាំង​នោះ ត្រូវ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ជើង​សសរ​ទាំង​ប៉ុន្មាន​ត្រូវ​ធ្វើ​ពី​លង្ហិន។ គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រោង​ឧបោ‌សថ ហើយ​ចម្រឹង​រោង និង​ចម្រឹង​ទី‌លាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

ចែក​រំលែក
អាន និក្ខមនំ 27

និក្ខមនំ 27:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ត្រូវ​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាង‌នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កម្ពស់​បី​ហត្ថ។ ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។ ត្រូវ​ធ្វើ​គ្រឿង​សម្រាប់​ប្រើ‌ប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។ ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​មួយ ដែល​មាន​កង​លង្ហិន​នៅ​តាម​មុម​ទាំង​បួន។ ត្រូវ​ដាក់​ប្រទាស​នេះ​នៅ​ចំ​ពាក់​កណ្ដាល​កម្ពស់​របស់​អាសនៈ។ ត្រូវ​យក​ឈើ​នាង‌នួន​ស្រោប​លង្ហិន ធ្វើ​ជា​ឈើ​ស្នែង​អាសនៈ។ ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង​ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ​សម្រាប់​សែង។ អាសនៈ​នេះ​ត្រូវ​ធ្វើ​ពី​បន្ទះ​ក្ដារ​ដែល​ព័ទ្ធ​ជុំ‌វិញ ទុក​ប្រហោង​នៅ​កណ្ដាល តាម​គំរូ​ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។ ត្រូវ​ធ្វើ​ទី‌លាន​សម្រាប់​ព្រះ‌ពន្លា ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ​បាំង​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​តម្ពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។ នៅ​ប៉ែក​ខាង​ជើង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​តម្ពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។ ទទឹង​របស់​ទី‌លាន​ដែល​នៅ​ប៉ែក​ខាង​លិច រនាំង​ត្រូវ​មាន​ប្រវែង​ហា‌សិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់។ ទទឹង​របស់​ទី‌លាន ដែល​នៅ​ប៉ែក​ខាង​កើត ត្រូវ​មាន​ប្រវែង​ហា‌សិប​ហត្ថ​ដូច​គ្នា។ នៅ​ច្រក​ចូល រនាំង​ម្ខាង​ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។ រនាំង​ម្ខាង​ទៀត ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។ នៅ​ច្រក​ចូល​ទី‌លាន ត្រូវ​បាំង​វាំងនន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។ បង្គោល​វាំងនន​ទាំង​នោះ ភ្ជាប់​គ្នា​ដោយ​មេ‌រូត និង​តម្ពក់ ធ្វើ​ពី​ប្រាក់ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។ រនាំង​របស់​ទី‌លាន​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ កម្ពស់​ប្រាំ​ហត្ថ ធ្វើ​ពី​ក្រណាត់​អំបោះ​ធ្មៃ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។ គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា ចម្រឹង​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​របស់​ទី‌លាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

ចែក​រំលែក
អាន និក្ខមនំ 27

និក្ខមនំ 27:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​ឲ្យ​ធ្វើ​អាសនា​ពី​ឈើ​នាង‌នួន បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​៣​ហត្ថ ត្រូវ​ធ្វើ​ស្នែង​ជាប់​នឹង​អាសនា​គ្រប់​ទាំង​៤​ជ្រុង ហើយ​ត្រូវ​ស្រោប​ដោយ​លង្ហិន ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​នឹង​ជើង‌ក្រាន​សំរាប់​អាសនា ឯ​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់ ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សំរាប់​អាសនា​ដែរ ហើយ​ត្រូវ​ធ្វើ​កង​លង្ហិន​៤​ដាក់​នៅ​គ្រប់​ជ្រុង​ប្រទាស ត្រូវ​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្តាល​កំពស់​នៃ​អាសនា ត្រូវ​យក​ឈើ​នាង‌នួន ធ្វើ​ជា​ឈើ​ស្នែង​សំរាប់​សែង​អាសនា ហើយ​ស្រោប​ដោយ​លង្ហិន​ដែរ ត្រូវ​ប្រហក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង ឲ្យ​ឈើ​ស្នែង​បាន​ជាប់​ទាំង​សង​ខាង​អាសនា​សំរាប់​សែង​ទៅ អាសនា​នោះ​ត្រូវ​ធ្វើ​ពី​ក្តារ​ឲ្យ​ខូង ដូច​ជា​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ។ ត្រូវ​ឲ្យ​ធ្វើ​ទីលាន​នៃ​រោង​ឧបោសថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​១​រយ​ហត្ថ សំរាប់​បាំង​ទីលាន​ខាង​ម្ខាង​នោះ ហើយ​ត្រូវ​មាន​សសរ​២០ នឹង​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ នឹង​គន្លឹះ នោះ​ត្រូវ​ធ្វើ​ពី​ប្រាក់ នៅ​ខាង​ជើង ត្រូវ​មាន​រនាំង​ប្រវែង​១​រយ​ហត្ថ ហើយ​សសរ​២០ នឹង​ជើង​សសរ​លង្ហិន​២០​ដែរ ឯ​ទំពក់​សសរ នឹង​គន្លឹះ ក៏​ត្រូវ​ធ្វើ​ពី​ប្រាក់​ដូច​គ្នា នៅ​ខាង​លិច ទទឹង​ទីលាន នោះ​ត្រូវ​មាន​រនាំង​ប្រវែង​៥០​ហត្ថ ហើយ​សសរ​១០ នឹង​ជើង​១០ ឯ​នៅ​ខាង​កើត​ទីលាន មាន​ទទឹង​៥០​ហត្ថ​ដែរ តែ​ខាង​ម្ខាង​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ នឹង​សសរ​៣ ហើយ​នឹង​ជើង​៣ ឯ​ម្ខាង​ទៀត នោះ​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ នឹង​សសរ​៣ ហើយ​នឹង​ជើង​៣​ដូច​គ្នា ឯ​នៅ​មាត់​ទ្វារ​ទីលាន ត្រូវ​មាន​រនាំង​ប្រវែង​២០​ហត្ថ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ប៉ាក់​ផង ព្រម​ទាំង​សសរ​៤ នឹង​ជើង​៤​ដែរ អស់​ទាំង​សសរ​នៅ​ជុំវិញ​ទីលាន នោះ​ត្រូវ​មាន​គន្លឹះ នឹង​ទំពក់​ធ្វើ​ពី​ប្រាក់ ហើយ​នឹង​ជើង​ធ្វើ​ពី​លង្ហិន ទីលាន​នោះ ត្រូវ​ឲ្យ​មាន​បណ្តោយ​១​រយ​ហត្ថ នឹង​ទទឹង​៥០​ហត្ថ​ស្មើ​គ្នា​រហូត ហើយ​កំពស់​រនាំង​៥​ហត្ថ ឯ​រនាំង​នោះ ត្រូវ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ជើង​សសរ​ទាំង​ប៉ុន្មាន​ត្រូវ​ធ្វើ​ពី​លង្ហិន អស់​ទាំង​ប្រដាប់​សំរាប់​នឹង​ប្រើ​ការ​ក្នុង​រោង​ឧបោសថ នឹង​ចំរ៉ឹង​នៃ​រោង​នោះ ហើយ​ចំរ៉ឹង​ទីលាន នោះ​ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

ចែក​រំលែក
អាន និក្ខមនំ 27