និក្ខមនំ 25:1-8
និក្ខមនំ 25:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែល ឲ្យគេយកតង្វាយមកថ្វាយយើង ត្រូវទទួលតង្វាយដែលថ្វាយដល់យើងនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត។ នេះជាតង្វាយដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន ហើយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន ប្រេងសម្រាប់ដុតបំភ្លឺ គ្រឿងក្រអូបសម្រាប់ប្រេងលាបតាំង និងគ្រឿងក្រអូបសម្រាប់ដុត ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាងសម្រាប់ដាំនៅអេផូឌ និងសម្រាប់ប្រដាប់បាំងដើមទ្រូង។ រួចឲ្យគេសង់ទីបរិសុទ្ធមួយឲ្យយើង ដើម្បីឲ្យយើងបានស្នាក់នៅកណ្ដាលពួកគេ។
និក្ខមនំ 25:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យយកតង្វាយ ដែលគេបានញែកទុក មកថ្វាយយើង។ ត្រូវទទួលយកតង្វាយពីអ្នកដែលថ្វាយ ដោយស្ម័គ្រចិត្ត។ តង្វាយដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ ក្រណាត់ទេសឯក ក្រណាត់ធ្វើពីរោមពពែ ស្បែកពពែជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និងឈើនាងនួន ប្រេងសម្រាប់ដុតបំភ្លឺ ប្រេងក្រអូបសម្រាប់ពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុត ត្បូងមណីជោតិរស និងត្បូងដ៏មានតម្លៃផ្សេងៗ សម្រាប់ដាំនៅលើអាវអេផូដ* និងសម្រាប់លំអដើមទ្រូងបូជាចារ្យ។ ពួកគេត្រូវសង់ទីសក្ការៈមួយសម្រាប់យើង ដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេ។
និក្ខមនំ 25:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកដង្វាយមកថ្វាយអញ ត្រូវទទួលដង្វាយដែលថ្វាយដល់អញនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត នេះជាដង្វាយដែលឯងត្រូវទទួលពីគេ គឺជាមាស ប្រាក់ លង្ហិន ហើយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត នឹងឈើនាងនួន ប្រេងសំរាប់ដុត គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងដុត ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាង សំរាប់ដាំនៅអេផូឌ នឹងនៅប្រដាប់បាំងទ្រូង រួចឲ្យគេស្អាងទីបរិសុទ្ធ ដើម្បីឲ្យអញបាននៅកណ្តាលគេ