និក្ខមនំ 24:3-8

និក្ខមនំ 24:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ក៏​នាំ​គ្រប់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា និង​គ្រប់​ទាំង​បញ្ញត្តិ​មក​ប្រាប់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​ឆ្លើយ​ព្រម​គ្នា​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​កត់​ត្រា​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​សង់​អាស‌នា​មួយ​នៅ​ជើង​ភ្នំ ហើយ​បញ្ឈរ​ថ្ម​ដប់​ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ។ លោក​ចាត់​កំលោះៗ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ទៅ​ថ្វាយ​តង្វាយ​ដុត ហើយ​សម្លាប់​គោ​ឈ្មោល​ធ្វើ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ថ្វាយ​ព្រះ‌យេហូវ៉ា។ លោក​ក៏​យក​ឈាម​ពាក់​កណ្ដាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្ដាល​ទៀត​ប្រោះ​ទៅ​លើ​អាសនា។ បន្ទាប់​មក លោក​យក​សៀវ‌ភៅ​នៃ​សេចក្ដី​សញ្ញា​មក​អាន​ឲ្យ​ប្រជា‌ជន​ស្តាប់ ហើយ​គេ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ហើយ​យើង​ខ្ញុំ​នឹង​ស្តាប់​បង្គាប់»។ ដូច្នេះ លោក​ម៉ូសេ​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជា‌ជន ហើយ​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​ទាំង​នេះ​របស់​ព្រះ‌អង្គ»។

ចែក​រំលែក
អាន និក្ខមនំ 24

និក្ខមនំ 24:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ក៏​នាំ​ព្រះ‌បន្ទូល និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​ប្រជា‌ជន។ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់។ ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម លោក​សង់​អាសនៈ​មួយ​នៅ​ជើង​ភ្នំ និង​បញ្ឈរ​ស្តូប​ដប់‌ពីរ ជា​តំណាង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់‌ពីរ។ បន្ទាប់​មក លោក​ចាត់​ពួក​យុវជន​អ៊ីស្រា‌អែល​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព*​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ​យក​ឈាម​ពាក់​កណ្ដាល​ចាក់​ទៅ​ក្នុង​ផើង ហើយ​ពាក់​កណ្ដាល​ទៀត ប្រោះ​ទៅ​លើ​អាសនៈ។ បន្ទាប់​មក លោក​យក​គម្ពីរ​នៃ​សម្ពន្ធ‌មេត្រី​មក​អាន​ឲ្យ​ប្រជា‌ជន​ស្ដាប់ ហើយ​ពួក​គេ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​កិច្ច​ព្រម​ព្រៀង»។

ចែក​រំលែក
អាន និក្ខមនំ 24

និក្ខមនំ 24:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ម៉ូសេ​ក៏​ទៅ​ប្រាប់​ដល់​បណ្តាជន តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​បញ្ញត្ត​ទាំង​នោះ រួច​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ព្រម​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក។ ម៉ូសេ​ក៏​កត់​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​ស្អាង​អាសនា​១​នៅ​ជើង​ភ្នំ ហើយ​ក៏​បញ្ឈរ​ថ្ម​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​១២ រួច​លោក​ចាត់​ពួក​កំឡោះៗ ជា​កូន​ចៅ​ពួក​អ៊ីស្រាអែល​ឲ្យ​ទៅ​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​សំឡាប់​គោ​ឈ្មោល​ថ្វាយ​ជា​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា លោក​ក៏​យក​ឈាម​ពាក់​កណ្តាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្តាល​ទៀត​ប្រោះ​ទៅ​លើ​អាសនា រួច​យក​សៀវភៅ​សញ្ញា​មក​អាន​មើល​ឲ្យ​បណ្តាជន​ស្តាប់ គេ​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​អស់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​មក ហើយ​នឹង​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ផង ដូច្នេះ ម៉ូសេ​លោក​យក​ឈាម​ទៅ​ប្រោះ​លើ​ជន​ទាំង‌ឡាយ​ដោយ​ពាក្យ​ថា នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​ទ្រង់​ទាំង​នេះ។

ចែក​រំលែក
អាន និក្ខមនំ 24