និក្ខមនំ 24:12-18

និក្ខមនំ 24:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​ឯ​យើង​នៅ​លើ​ភ្នំ ហើយ​រង់​ចាំនៅ​ទី​នោះសិន យើង​នឹង​ប្រគល់​ក្រឹត្យ‌វិន័យ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ចារឹក​ទុក​លើ​បន្ទះ​ថ្ម​ឲ្យ​អ្នក សម្រាប់​យក​ទៅ​បង្រៀន​ប្រជា‌ជន»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ជា‌មួយ​យ៉ូស្វេ ជា​ជំនួយ​ការ​របស់​លោក ហើយ​លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ។ លោក​បង្គាប់​ពួក​ចាស់​ទុំ​ថា៖ «ចូរ​រង់‌ចាំ​ពួក​យើង​នៅ​ទី​នេះ រហូត​ដល់ពួក​យើង​ត្រឡប់​មក​វិញ មើល៍! មាន​អើរ៉ុន និង​ហ៊ើរ​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​មាន​វិវាទ​អ្វី​នឹង​គ្នា នោះ​ត្រូវ​ទៅ​សួរ​អ្នក​ទាំង​ពីរ​ចុះ»។ បន្ទាប់​មក លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ពពក​គ្រប​លើ​ភ្នំ។ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​លើ​ភ្នំ ហើយ​ពពក​គ្រប​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ម៉ូសេ​ចេញ​ពី​កណ្ដាល​ពពក។ ឯ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា មើល​ទៅ​ដូច​ជា​ភ្លើង​ឆេះ​នៅ​លើ​កំពូល​ភ្នំ នៅ​ចំពោះ​ភ្នែក​ប្រជា‌ជន​អ៊ីស្រា‌អែល។ លោក​ម៉ូសេ​ក៏​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​ទៅ​លើ​ភ្នំ។ លោក​ម៉ូសេ​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ​សិប​ថ្ងៃ សែ​សិប​យប់។

ចែក​រំលែក
អាន និក្ខមនំ 24

និក្ខមនំ 24:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​រក​យើង​នៅ​លើ​ភ្នំ ហើយ​រង់‌ចាំ​នៅ​ទី​នេះ​សិន យើង​នឹង​ប្រគល់​បន្ទះ​ថ្ម​ឲ្យ​អ្នក នៅ​លើ​បន្ទះ​ថ្ម យើង​បាន​ចារឹក​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ប្រជា‌ជន»។ លោក​ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់​ជា​មួយ​លោក​យ៉ូស្វេ ជា​សហការី​របស់​លោក។ លោក​ផ្ដាំ​ព្រឹទ្ធា‌ចារ្យ​ថា៖ «សូម​អស់​លោក​រង់‌ចាំ​នៅ​ទី​នេះ រហូត​ដល់​ពួក​យើង​ត្រឡប់​មក​វិញ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ នៅ​ទី​នេះ​ជា​មួយ​អស់​លោក ប្រសិន​បើ​អ្នក​ណា​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ ត្រូវ​ឲ្យ​អ្នក​នោះ​ទៅ​ជួប​លោក​ទាំង​ពីរ​ចុះ»។ លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ភ្នំ។ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​ពពក​គ្រប​បាំង​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពពក។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ដូច​ជា​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​នៅ​លើ​កំពូល​ភ្នំ។ លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​លើ​ភ្នំ។ លោក​ស្ថិត​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់។

ចែក​រំលែក
អាន និក្ខមនំ 24

និក្ខមនំ 24:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​ឲ្យ​បាន​នៅ​ឯ​ណេះ​ចុះ អញ​នឹង​ឲ្យ​ក្រិត្យ‌វិន័យ ហើយ​នឹង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ថ្ម​ដល់​ឯង សំរាប់​នឹង​បង្រៀន​ដល់​បណ្តាជន នោះ​ម៉ូសេ នឹង​យ៉ូស្វេ ជា​អ្នក​ជំនួយ​ការ​លោក​ក៏​ក្រោក​ឡើង ហើយ​ម៉ូសេ​លោក​ឡើង​ទៅ​លើ​ភ្នំ​ព្រះ លោក​បង្គាប់​ដល់​ពួក​ចាស់‌ទុំ​ថា ចូរ​អ្នក​រាល់​គ្នា​រង់‌ចាំ​យើង​នៅ​ទី​នេះ​ចុះ ទំរាំ​យើង​ត្រឡប់​មក​វិញ មើល មាន​អើរ៉ុន នឹង​ហ៊ើរ នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​កើត​មាន​វិវាទ​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ចូល​មក​សួរ​លោក​ចុះ។ ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ពពក​គ្រប​លើ​ភ្នំ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​លើ​ភ្នំ ហើយ​ពពក​ក៏​គ្រប​លើ​ភ្នំ​ពេញ​ចំនួន​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ ទើប​ទ្រង់​មាន​បន្ទូល​ពី​កណ្តាល​ពពក​ហៅ​ម៉ូសេ ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នោះ​មើល​ទៅ​ដូច​ជា​ភ្លើង​ឆេះ​នៅ​លើ​កំពូល​ភ្នំ ចំពោះ​ដល់​ភ្នែក​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ម៉ូសេ​លោក​ចូល​ទៅ​ក្នុង​ពពក​ឡើង​ទៅ​លើ​ភ្នំ ហើយ​ក៏​នៅ​ឯ​ណោះ​អស់​៤០​ថ្ងៃ​៤០​យប់។

ចែក​រំលែក
អាន និក្ខមនំ 24