និក្ខមនំ 24:1-8
និក្ខមនំ 24:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នក និងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់ ឡើងមកជួបព្រះយេហូវ៉ា ហើយថ្វាយបង្គំពីចម្ងាយ។ ត្រូវឲ្យម៉ូសេតែម្នាក់ប៉ុណ្ណោះចូលមកជិតព្រះយេហូវ៉ា ចំណែកអ្នកឯទៀតមិនត្រូវចូលមកជិតទេ ហើយប្រជាជនក៏មិនត្រូវទាំងមកជាមួយម៉ូសេដែរ»។ លោកម៉ូសេក៏នាំគ្រប់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងគ្រប់ទាំងបញ្ញត្តិមកប្រាប់ប្រជាជន ហើយប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំនឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។ លោកម៉ូសេកត់ត្រាអស់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅសង់អាសនាមួយនៅជើងភ្នំ ហើយបញ្ឈរថ្មដប់ពីរ តាមចំនួនកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ លោកចាត់កំលោះៗពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ឲ្យទៅថ្វាយតង្វាយដុត ហើយសម្លាប់គោឈ្មោលធ្វើយញ្ញបូជា ជាតង្វាយមេត្រីថ្វាយព្រះយេហូវ៉ា។ លោកក៏យកឈាមពាក់កណ្ដាលដាក់ក្នុងផើង ហើយពាក់កណ្ដាលទៀតប្រោះទៅលើអាសនា។ បន្ទាប់មក លោកយកសៀវភៅនៃសេចក្ដីសញ្ញាមកអានឲ្យប្រជាជនស្តាប់ ហើយគេឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាមានព្រះបន្ទូល ហើយយើងខ្ញុំនឹងស្តាប់បង្គាប់»។ ដូច្នេះ លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជន ហើយពោលថា៖ «នេះជាឈាមនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងជាមួយអ្នករាល់គ្នា តាមព្រះបន្ទូលទាំងនេះរបស់ព្រះអង្គ»។
និក្ខមនំ 24:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំអើរ៉ុន ណាដាប អប៊ីហ៊ូវ និងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល ចំនួនចិតសិបនាក់ ឡើងមកជួបព្រះអម្ចាស់នៅលើភ្នំ។ ចូរនាំគ្នាក្រាបថ្វាយបង្គំពីចម្ងាយ។ មានតែម៉ូសេម្នាក់ប៉ុណ្ណោះ ដែលអាចមកជិតព្រះអម្ចាស់បាន។ អ្នកឯទៀតៗពុំអាចមកជិតបានទេ ហើយប្រជាជនក៏មិនត្រូវឡើងមកលើភ្នំជាមួយម៉ូសេដែរ»។ លោកម៉ូសេក៏នាំព្រះបន្ទូល និងវិន័យទាំងប៉ុន្មានរបស់ព្រះអម្ចាស់មកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេបានកត់ត្រាទុកនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់។ ស្អែកឡើង លោកក្រោកពីព្រលឹម លោកសង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរស្តូបដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ បន្ទាប់មក លោកចាត់ពួកយុវជនអ៊ីស្រាអែលឲ្យថ្វាយតង្វាយដុតទាំងមូល ហើយសម្លាប់គោបាធ្វើជាយញ្ញបូជាមេត្រីភាព*ថ្វាយព្រះអម្ចាស់។ លោកម៉ូសេយកឈាមពាក់កណ្ដាលចាក់ទៅក្នុងផើង ហើយពាក់កណ្ដាលទៀត ប្រោះទៅលើអាសនៈ។ បន្ទាប់មក លោកយកគម្ពីរនៃសម្ពន្ធមេត្រីមកអានឲ្យប្រជាជនស្ដាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយអ្នករាល់គ្នា ដោយមានព្រះបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
និក្ខមនំ 24:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏មានបន្ទូលនឹងម៉ូសេថា ចូរឯង នឹងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ ហើយនឹងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង៧០នាក់ ឡើងមកឯព្រះយេហូវ៉ា ហើយឲ្យថ្វាយបង្គំពីចំងាយ ត្រូវឲ្យម៉ូសេតែម្នាក់ឯងចូលមកជិតព្រះយេហូវ៉ា ចំណែកអ្នកឯទៀតមិនត្រូវឲ្យចូលមកជិតទេ ហើយពួកបណ្តាជនក៏មិនត្រូវទាំងឡើងមកជាមួយផង។ នោះម៉ូសេក៏ទៅប្រាប់ដល់បណ្តាជន តាមគ្រប់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយនឹងបញ្ញត្តទាំងនោះ រួចពួកជនទាំងអស់គ្នាក៏ទទួលព្រមថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមក។ ម៉ូសេក៏កត់អស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅស្អាងអាសនា១នៅជើងភ្នំ ហើយក៏បញ្ឈរថ្ម១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២ រួចលោកចាត់ពួកកំឡោះៗ ជាកូនចៅពួកអ៊ីស្រាអែលឲ្យទៅថ្វាយដង្វាយដុត ហើយនឹងសំឡាប់គោឈ្មោលថ្វាយជាដង្វាយមេត្រីដល់ព្រះយេហូវ៉ា លោកក៏យកឈាមពាក់កណ្តាលដាក់ក្នុងផើង ហើយពាក់កណ្តាលទៀតប្រោះទៅលើអាសនា រួចយកសៀវភៅសញ្ញាមកអានមើលឲ្យបណ្តាជនស្តាប់ គេក៏ឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមក ហើយនឹងស្តាប់បង្គាប់គ្រប់ជំពូកផង ដូច្នេះ ម៉ូសេលោកយកឈាមទៅប្រោះលើជនទាំងឡាយដោយពាក្យថា នេះជាឈាមនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងអ្នករាល់គ្នា តាមព្រះបន្ទូលទ្រង់ទាំងនេះ។