និក្ខមនំ 24:1-18

និក្ខមនំ 24:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​អ្នក និង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល​ទាំង​ចិត​សិប​នាក់ ឡើង​មក​ជួប​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​បង្គំ​ពី​ចម្ងាយ។ ត្រូវ​ឲ្យ​ម៉ូសេ​តែ​ម្នាក់​ប៉ុណ្ណោះ​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា ចំណែក​អ្នក​ឯ​ទៀត​មិន​ត្រូវ​ចូល​មក​ជិត​ទេ ហើយ​ប្រជា‌ជន​ក៏​មិន​ត្រូវ​ទាំង​មក​ជា‌មួយ​ម៉ូសេ​ដែរ»។ លោក​ម៉ូសេ​ក៏​នាំ​គ្រប់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា និង​គ្រប់​ទាំង​បញ្ញត្តិ​មក​ប្រាប់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​ឆ្លើយ​ព្រម​គ្នា​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​កត់​ត្រា​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​សង់​អាស‌នា​មួយ​នៅ​ជើង​ភ្នំ ហើយ​បញ្ឈរ​ថ្ម​ដប់​ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ។ លោក​ចាត់​កំលោះៗ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ទៅ​ថ្វាយ​តង្វាយ​ដុត ហើយ​សម្លាប់​គោ​ឈ្មោល​ធ្វើ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ថ្វាយ​ព្រះ‌យេហូវ៉ា។ លោក​ក៏​យក​ឈាម​ពាក់​កណ្ដាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្ដាល​ទៀត​ប្រោះ​ទៅ​លើ​អាសនា។ បន្ទាប់​មក លោក​យក​សៀវ‌ភៅ​នៃ​សេចក្ដី​សញ្ញា​មក​អាន​ឲ្យ​ប្រជា‌ជន​ស្តាប់ ហើយ​គេ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ហើយ​យើង​ខ្ញុំ​នឹង​ស្តាប់​បង្គាប់»។ ដូច្នេះ លោក​ម៉ូសេ​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជា‌ជន ហើយ​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​ទាំង​នេះ​របស់​ព្រះ‌អង្គ»។ លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​លោក​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល​ទាំង​ចិត​សិប​នាក់ ហើយ​គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ នៅ​ក្រោម​ព្រះ‌បាទ​ព្រះ‌អង្គ មាន​ដូច​ជា​កម្រាល​ធ្វើ​ពី​ត្បូង​កណ្តៀង ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។ ព្រះ មិន​បាន​ប្រហារ​ពួក​មេដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ ហើយ​គេ​នាំ​គ្នា​បរិ‌ភោគ​អាហារ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​ឯ​យើង​នៅ​លើ​ភ្នំ ហើយ​រង់​ចាំនៅ​ទី​នោះសិន យើង​នឹង​ប្រគល់​ក្រឹត្យ‌វិន័យ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ចារឹក​ទុក​លើ​បន្ទះ​ថ្ម​ឲ្យ​អ្នក សម្រាប់​យក​ទៅ​បង្រៀន​ប្រជា‌ជន»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ជា‌មួយ​យ៉ូស្វេ ជា​ជំនួយ​ការ​របស់​លោក ហើយ​លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ។ លោក​បង្គាប់​ពួក​ចាស់​ទុំ​ថា៖ «ចូរ​រង់‌ចាំ​ពួក​យើង​នៅ​ទី​នេះ រហូត​ដល់ពួក​យើង​ត្រឡប់​មក​វិញ មើល៍! មាន​អើរ៉ុន និង​ហ៊ើរ​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​មាន​វិវាទ​អ្វី​នឹង​គ្នា នោះ​ត្រូវ​ទៅ​សួរ​អ្នក​ទាំង​ពីរ​ចុះ»។ បន្ទាប់​មក លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ពពក​គ្រប​លើ​ភ្នំ។ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​លើ​ភ្នំ ហើយ​ពពក​គ្រប​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ម៉ូសេ​ចេញ​ពី​កណ្ដាល​ពពក។ ឯ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា មើល​ទៅ​ដូច​ជា​ភ្លើង​ឆេះ​នៅ​លើ​កំពូល​ភ្នំ នៅ​ចំពោះ​ភ្នែក​ប្រជា‌ជន​អ៊ីស្រា‌អែល។ លោក​ម៉ូសេ​ក៏​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​ទៅ​លើ​ភ្នំ។ លោក​ម៉ូសេ​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ​សិប​ថ្ងៃ សែ​សិប​យប់។

ចែក​រំលែក
អាន និក្ខមនំ 24

និក្ខមនំ 24:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​អើរ៉ុន ណាដាប អប៊ី‌ហ៊ូវ និង​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​ចិត‌សិប​នាក់ ឡើង​មក​ជួប​ព្រះ‌អម្ចាស់​នៅ​លើ​ភ្នំ។ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ពី​ចម្ងាយ។ មាន​តែ​ម៉ូសេ​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​មក​ជិត​ព្រះ‌អម្ចាស់​បាន។ អ្នក​ឯ​ទៀតៗ​ពុំ​អាច​មក​ជិត​បាន​ទេ ហើយ​ប្រជា‌ជន​ក៏​មិន​ត្រូវ​ឡើង​មក​លើ​ភ្នំ​ជា​មួយ​ម៉ូសេ​ដែរ»។ លោក​ម៉ូសេ​ក៏​នាំ​ព្រះ‌បន្ទូល និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​ប្រជា‌ជន។ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់។ ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម លោក​សង់​អាសនៈ​មួយ​នៅ​ជើង​ភ្នំ និង​បញ្ឈរ​ស្តូប​ដប់‌ពីរ ជា​តំណាង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់‌ពីរ។ បន្ទាប់​មក លោក​ចាត់​ពួក​យុវជន​អ៊ីស្រា‌អែល​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព*​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ​យក​ឈាម​ពាក់​កណ្ដាល​ចាក់​ទៅ​ក្នុង​ផើង ហើយ​ពាក់​កណ្ដាល​ទៀត ប្រោះ​ទៅ​លើ​អាសនៈ។ បន្ទាប់​មក លោក​យក​គម្ពីរ​នៃ​សម្ពន្ធ‌មេត្រី​មក​អាន​ឲ្យ​ប្រជា‌ជន​ស្ដាប់ ហើយ​ពួក​គេ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​កិច្ច​ព្រម​ព្រៀង»។ លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​លោក​អើរ៉ុន លោក​ណាដាប និង​លោក​អប៊ី‌ហ៊ូវ ព្រម​ទាំង​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​ចិត‌សិប​នាក់។ ពួក​លោក​បាន​ឃើញ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​ក្រោម​ព្រះ‌បាទា​ព្រះអង្គ មាន​ដូច​ជា​ត្បូង​កណ្ដៀង​សុទ្ធ ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រហារ​វរ‌ជន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ។ អស់​លោក​ទាំង​នោះ​បាន​ឃើញ​ព្រះ‌ជាម្ចាស់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​រក​យើង​នៅ​លើ​ភ្នំ ហើយ​រង់‌ចាំ​នៅ​ទី​នេះ​សិន យើង​នឹង​ប្រគល់​បន្ទះ​ថ្ម​ឲ្យ​អ្នក នៅ​លើ​បន្ទះ​ថ្ម យើង​បាន​ចារឹក​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ប្រជា‌ជន»។ លោក​ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់​ជា​មួយ​លោក​យ៉ូស្វេ ជា​សហការី​របស់​លោក។ លោក​ផ្ដាំ​ព្រឹទ្ធា‌ចារ្យ​ថា៖ «សូម​អស់​លោក​រង់‌ចាំ​នៅ​ទី​នេះ រហូត​ដល់​ពួក​យើង​ត្រឡប់​មក​វិញ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ នៅ​ទី​នេះ​ជា​មួយ​អស់​លោក ប្រសិន​បើ​អ្នក​ណា​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ ត្រូវ​ឲ្យ​អ្នក​នោះ​ទៅ​ជួប​លោក​ទាំង​ពីរ​ចុះ»។ លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ភ្នំ។ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​ពពក​គ្រប​បាំង​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពពក។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ដូច​ជា​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​នៅ​លើ​កំពូល​ភ្នំ។ លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​លើ​ភ្នំ។ លោក​ស្ថិត​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់។

ចែក​រំលែក
អាន និក្ខមនំ 24

និក្ខមនំ 24:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង នឹង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ ហើយ​នឹង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល​ទាំង​៧០​នាក់ ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ថ្វាយ‌បង្គំ​ពី​ចំងាយ ត្រូវ​ឲ្យ​ម៉ូសេ​តែ​ម្នាក់​ឯង​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា ចំណែក​អ្នក​ឯ​ទៀត​មិន​ត្រូវ​ឲ្យ​ចូល​មក​ជិត​ទេ ហើយ​ពួក​បណ្តាជន​ក៏​មិន​ត្រូវ​ទាំង​ឡើង​មក​ជា​មួយ​ផង។ នោះ​ម៉ូសេ​ក៏​ទៅ​ប្រាប់​ដល់​បណ្តាជន តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​បញ្ញត្ត​ទាំង​នោះ រួច​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ព្រម​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក។ ម៉ូសេ​ក៏​កត់​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​ស្អាង​អាសនា​១​នៅ​ជើង​ភ្នំ ហើយ​ក៏​បញ្ឈរ​ថ្ម​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​១២ រួច​លោក​ចាត់​ពួក​កំឡោះៗ ជា​កូន​ចៅ​ពួក​អ៊ីស្រាអែល​ឲ្យ​ទៅ​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​សំឡាប់​គោ​ឈ្មោល​ថ្វាយ​ជា​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា លោក​ក៏​យក​ឈាម​ពាក់​កណ្តាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្តាល​ទៀត​ប្រោះ​ទៅ​លើ​អាសនា រួច​យក​សៀវភៅ​សញ្ញា​មក​អាន​មើល​ឲ្យ​បណ្តាជន​ស្តាប់ គេ​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​អស់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​មក ហើយ​នឹង​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ផង ដូច្នេះ ម៉ូសេ​លោក​យក​ឈាម​ទៅ​ប្រោះ​លើ​ជន​ទាំង‌ឡាយ​ដោយ​ពាក្យ​ថា នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​ទ្រង់​ទាំង​នេះ។ បន្ទាប់​នោះ​ម៉ូសេ​ក៏​ឡើង​ទៅ នាំ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ ហើយ​នឹង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល​ទាំង​៧០​នាក់​ផង គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់ មាន​ដូច​ជា​កំរាល​ធ្វើ​ពី​ត្បូង‌កណ្តៀង​ស្រឡះ​ត្រចះ​ដូច​ផ្ទៃ​មេឃ តែ​ទ្រង់​មិន​បាន​ដាក់​ព្រះ‌ហស្ត​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដ៏​មាន​ត្រកូល​ខ្ពស់​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ‌អង្គ រួច​ក៏​នាំ​គ្នា​បរិភោគ​ភោជន៍។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​ឲ្យ​បាន​នៅ​ឯ​ណេះ​ចុះ អញ​នឹង​ឲ្យ​ក្រិត្យ‌វិន័យ ហើយ​នឹង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ថ្ម​ដល់​ឯង សំរាប់​នឹង​បង្រៀន​ដល់​បណ្តាជន នោះ​ម៉ូសេ នឹង​យ៉ូស្វេ ជា​អ្នក​ជំនួយ​ការ​លោក​ក៏​ក្រោក​ឡើង ហើយ​ម៉ូសេ​លោក​ឡើង​ទៅ​លើ​ភ្នំ​ព្រះ លោក​បង្គាប់​ដល់​ពួក​ចាស់‌ទុំ​ថា ចូរ​អ្នក​រាល់​គ្នា​រង់‌ចាំ​យើង​នៅ​ទី​នេះ​ចុះ ទំរាំ​យើង​ត្រឡប់​មក​វិញ មើល មាន​អើរ៉ុន នឹង​ហ៊ើរ នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​កើត​មាន​វិវាទ​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ចូល​មក​សួរ​លោក​ចុះ។ ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ពពក​គ្រប​លើ​ភ្នំ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​លើ​ភ្នំ ហើយ​ពពក​ក៏​គ្រប​លើ​ភ្នំ​ពេញ​ចំនួន​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ ទើប​ទ្រង់​មាន​បន្ទូល​ពី​កណ្តាល​ពពក​ហៅ​ម៉ូសេ ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នោះ​មើល​ទៅ​ដូច​ជា​ភ្លើង​ឆេះ​នៅ​លើ​កំពូល​ភ្នំ ចំពោះ​ដល់​ភ្នែក​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ម៉ូសេ​លោក​ចូល​ទៅ​ក្នុង​ពពក​ឡើង​ទៅ​លើ​ភ្នំ ហើយ​ក៏​នៅ​ឯ​ណោះ​អស់​៤០​ថ្ងៃ​៤០​យប់។

ចែក​រំលែក
អាន និក្ខមនំ 24