និក្ខមនំ 23:23-30
និក្ខមនំ 23:23-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតទេវតារបស់យើងនឹងទៅមុនអ្នក ហើយនាំអ្នកទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយយើងនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិព្រះរបស់គេឡើយ ក៏កុំប្រព្រឹត្តតាមអំពើរបស់គេនោះដែរ គឺត្រូវបំផ្លាញឲ្យអស់ ព្រមទាំងបំបែករូបព្រះរបស់គេឲ្យខ្ទេចខ្ទីផង។ អ្នករាល់គ្នាត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះយើង នឹងប្រទានពរដល់អាហារ និងទឹករបស់អ្នក ហើយយើងនឹងដកជំងឺរោគាចេញពីចំណោមអ្នករាល់គ្នា។ នៅក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ យើងនឹងឲ្យអ្នកមានអាយុយឺនយូរ។ យើងនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់យើងទៅមុនអ្នក ហើយនឹងបំផ្លាញជាតិសាសន៍ទាំងអស់ដែលអ្នកទៅដល់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នករត់បាក់ទ័ពនៅមុខអ្នក។ យើងនឹងចាត់ឪម៉ាល់ឲ្យទៅមុនអ្នក ដែលវានឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន និងសាសន៍ហេត ចេញពីមុខរបស់អ្នក។ យើងនឹងមិនបណ្តេញគេចេញពីមុខអ្នក ក្នុងរយៈពេលមួយឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃច្រើនឡើងធ្វើបាបដល់អ្នក។ យើងនឹងបណ្តេញគេពីមុខអ្នកទៅបន្តិចម្តងៗ រហូតទាល់តែអ្នកមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកនោះជាមត៌កបាន។
និក្ខមនំ 23:23-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតារបស់យើងនឹងដើរពីមុខអ្នក ហើយនាំអ្នកចូលទៅក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងនឹងបំផ្លាញអ្នកទាំងនោះឲ្យវិនាសសូន្យ។ នៅពេលនោះ អ្នកមិនត្រូវក្រាបថ្វាយបង្គំព្រះរបស់ពួកគេឡើយ ហើយក៏មិនត្រូវគោរពបម្រើព្រះទាំងនោះដែរ។ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេទេ ផ្ទុយទៅវិញ ត្រូវបំផ្លាញព្រះទាំងនោះ ព្រមទាំងកម្ទេចស្តូបរបស់គេផង។ អ្នករាល់គ្នាត្រូវគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះព្រះអង្គនឹងប្រទានពរឲ្យអ្នករាល់គ្នាមានអាហារ និងទឹក។ យើងនឹងការពារអ្នកមិនឲ្យមានជំងឺឈឺថ្កាត់ឡើយ។ ក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ ហើយយើងនឹងឲ្យអ្នកមានអាយុយឺនយូរទៀតផង។ មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ព រត់ប្រាសអាយុ។ យើងនឹងចាត់សត្វឪម៉ាល់ ឲ្យទៅមុនអ្នក ដើម្បីដេញកម្ចាត់ជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេត ចេញឆ្ងាយពីអ្នក។ យើងនឹងមិនបណ្ដេញពួកគេឲ្យអស់ ក្នុងរយៈពេលតែមួយឆ្នាំទេ ក្រែងលោទឹកដីក្លាយទៅជាទីស្មសាន ហើយមានសត្វព្រៃរស់នៅកាន់តែច្រើនឡើងៗ នាំតែបង្កការលំបាកដល់អ្នក។ យើងនឹងបណ្ដេញពួកគេចេញពីមុខអ្នកបន្តិចម្ដងៗ រហូតទាល់តែអ្នកកើនចំនួនច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះជាកម្មសិទ្ធិបាន។
និក្ខមនំ 23:23-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតទេវតាអញនឹងទៅមុនឯង ហើយនឹងនាំឯងទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី នឹងសាសន៍យេប៊ូស ហើយអញនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ។ កុំឲ្យក្រាបថ្វាយបង្គំឬគោរពប្រតិបត្តិដល់ព្រះរបស់គេឲ្យសោះ ក៏កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ គឺត្រូវឲ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឲ្យខ្ទេចខ្ទីផង ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នោះទ្រង់នឹងប្រទានពរដល់អាហារ នឹងទឹករបស់ឯង ហើយអញនឹងដកជំងឺរោគាពីពួកឯងរាល់គ្នាចេញ នៅក្នុងស្រុកឯង នឹងគ្មានអ្វីរលូតកូន ឬនៅអារឡើយ អញក៏នឹងបំពេញអាយុរបស់ឯងឲ្យពោរពេញ អញនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់អញទៅមុនឯង ហើយនឹងបំផ្លាញគ្រប់ទាំងសាសន៍ដែលឯងទៅដល់ អញនឹងធ្វើឲ្យអស់ទាំងខ្មាំងសត្រូវឯងត្រូវបែរខ្នងនៅមុខឯង អញនឹងចាត់ឪម៉ាល់ទៅមុនឯង ដែលនឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន ហើយនឹងសាសន៍ហេត ពីមុខឯងចេញ អញមិនបណ្តេញគេចេញពីមុខឯងក្នុង១ឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃជាច្រើនឡើងធ្វើបាបដល់ឯងវិញ គឺនឹងបណ្តេញគេពីមុខឯងទៅបន្តិចម្តងៗ ទាល់តែឯងមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកជាមរដកបាន