និក្ខមនំ 23:1-9

និក្ខមនំ 23:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​ផ្សព្វ​ផ្សាយ​រឿង​ក្លែង‌ក្លាយ កុំ​ចូល​ដៃ​ជា‌មួយ​មនុស្ស​អាក្រក់ ដើម្បី​ធ្វើ​ជា​បន្ទាល់​ទុច្ចរិត​ឡើយ។ កុំ​ទៅ​តាម​មនុស្ស​ភាគ​ច្រើន​ដើម្បី​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ធ្វើ​បន្ទាល់​ឲ្យ​រឿង​ក្តី​ខាង​មនុស្ស​ភាគ​ច្រើន ដើម្បី​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​សោះ កុំ​យល់​មុខ​អ្នក​ណា​នៅ​ក្នុង​រឿង​ក្ដីឡើយ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រ​ក៏​ដោយ។ បើ​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​ដែល​វង្វេង នោះ​ត្រូវ​នាំ​វា​ទៅឲ្យ​ម្ចាស់​វា​វិញ។ បើ​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល​ដោយ‌សារ​ផ្ទុក​ធ្ងន់ នោះ​ប្រហែល​ជា​អ្នក​ចង់​ធ្វើ​ព្រងើយ​មិន​ចង់​ជួយ តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ គឺ​ត្រូវ​ជួយ​គេ​កុំ​ខាន។ កុំ​បង្វែរ​យុត្តិ‌ធម៌​ក្នុង​រឿង​ក្តី​របស់​អ្នក​ក្រ​ឡើយ។ ត្រូវ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​សម្លាប់​គេ​ឡើយ ដ្បិត​មនុស្ស​អាក្រក់ នោះ​យើង​មិន​ដែល​រាប់​ជា​សុចរិត​ទេ។ កុំ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​តែង​ដឹក‌នាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង។ កុំ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​អ្នក​ប្រទេស​ក្រៅ នៅ​ស្រុក​អេស៊ីព្ទ​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 23

និក្ខមនំ 23:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុំ​ផ្សព្វ​ផ្សាយ​រឿង​មិន​ពិត ហើយ​ក៏​កុំ​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ដើម្បី​ជួយ​មនុស្ស​អាក្រក់​ដែរ។ កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​មនុស្ស​ភាគ​ច្រើន ដើម្បី​សម្រេច​ការ​អាក្រក់​ឡើយ កុំ​ទុក​ឲ្យ​មនុស្ស​ភាគ​ច្រើន​ទាក់‌ទាញ​អ្នក​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ បង្វែរ​យុត្តិធម៌​ឲ្យ​សោះ។ នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​យោគ‌យល់​ដល់​អ្នក​ណា​ទាំង​អស់ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រីក្រ​ក៏​ដោយ។ ប្រសិន​បើ​អ្នក​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​វង្វេង នោះ​ត្រូវ​តែ​នាំ​វា​ទៅ​ឲ្យ​ម្ចាស់​វា​វិញ។ បើ​អ្នក​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល ព្រោះ​តែ​ផ្ទុក​ធ្ងន់​ពេក នោះ​មិន​ត្រូវ​ធ្វើ​ព្រងើយ​ទេ គឺ​ត្រូវ​តែ​ជួយ​គេ​រៀបចំ​អីវ៉ាន់​នៅ​លើ​សត្វ​នោះ​ផង។ នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​ក្រីក្រ​ឡើយ។ កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ចោទ​ប្រកាន់​មិន​ពិត ហើយ​ក៏​មិន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ និង​ជន​សុចរិត​ដែរ ដ្បិត​យើង​មិន​ចាត់​ទុក​មនុស្ស​អាក្រក់ ថា​ជា​មនុស្ស​សុចរិត​ឡើយ។ កុំ​ទទួល​សំណូក ដ្បិត​សំណូក​រមែង​ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ​ទៅ​ជា​ខ្វាក់ ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​ចាញ់​ក្ដី។ កុំ​សង្កត់‌សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 23

និក្ខមនំ 23:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​បង្កើត​រឿង​ក្លែង‌ក្លាយ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ចូល​ដៃ​នឹង​មនុស្ស​អាក្រក់ ដើម្បី​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ទុច្ចរិត​ឡើយ។ កុំ​ឲ្យ​តាម​ពួក​មាន​គ្នា​ច្រើន ដើម្បី​ប្រព្រឹត្ត​សេចក្ដី​អាក្រក់ ហើយ​កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ដល់​ពួក​ក្តី​ខាង​អ្នក​ណា​ដែល​មាន​គ្នា​ច្រើន ដើម្បី​នឹង​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ចេញ​នោះ​ឡើយ ក៏​កុំ​ឲ្យ​យល់​មុខ​ខាង​ឯ​អ្នក​ក្រ​ក្នុង​ការ​ក្តី​គេ​ដែរ។ បើ​ប្រទះ​ឃើញ​គោ ឬ​លា របស់​ខ្មាំង​សត្រូវ ដែល​វង្វេង នោះ​ត្រូវ​ឲ្យ​នាំ​ទៅ​ប្រគល់​ដល់​ម្ចាស់​វិញ​ជា​កុំ​ខាន បើ​ឃើញ​លា​របស់​អ្នក​ណា​ដែល​ស្អប់​ឯង វា​លុត​ជង្គង់​ចុះ​ដោយ‌សារ​បន្ទុក​ធ្ងន់ នោះ​ប្រហែល​ជា​ឯង​នឹង​ចង់​ធ្វើ​ព្រងើយ​ឥត​ជួយ​គេ​ទេ តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ គឺ​ត្រូវ​ជួយ​ដល់​គេ​វិញ​ជា​កុំ​ខាន។ កុំ​ឲ្យ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ក្នុង​រឿង​ក្តី​របស់​អ្នក​ក្រ​ឲ្យ​សោះ ត្រូវ​ឲ្យ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស នឹង​មនុស្ស​សុចរិត នោះ​កុំ​ឲ្យ​សំឡាប់​គេ​ឡើយ ដ្បិត​ឯ​មនុស្ស​អាក្រក់ នោះ​អញ​មិន​ដែល​រាប់​ជា​សុចរិត​ទេ ក៏​កុំ​ឲ្យ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​តែង​ដឹក‌នាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង។ កុំ​ឲ្យ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ស្គាល់​សណ្ឋាន​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដោយ​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 23