និក្ខមនំ 23:1-33
និក្ខមនំ 23:1-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំផ្សព្វផ្សាយរឿងក្លែងក្លាយ កុំចូលដៃជាមួយមនុស្សអាក្រក់ ដើម្បីធ្វើជាបន្ទាល់ទុច្ចរិតឡើយ។ កុំទៅតាមមនុស្សភាគច្រើនដើម្បីប្រព្រឹត្តអាក្រក់ឡើយ ក៏កុំធ្វើបន្ទាល់ឲ្យរឿងក្តីខាងមនុស្សភាគច្រើន ដើម្បីបង្វែរយុត្តិធម៌ឲ្យសោះ កុំយល់មុខអ្នកណានៅក្នុងរឿងក្ដីឡើយ ទោះបីអ្នកនោះជាអ្នកក្រក៏ដោយ។ បើប្រទះឃើញគោ ឬលារបស់សត្រូវដែលវង្វេង នោះត្រូវនាំវាទៅឲ្យម្ចាស់វាវិញ។ បើឃើញលារបស់ជនដែលស្អប់អ្នកទន់ជង្គង់ដួលដោយសារផ្ទុកធ្ងន់ នោះប្រហែលជាអ្នកចង់ធ្វើព្រងើយមិនចង់ជួយ តែមិនត្រូវធ្វើដូច្នោះឡើយ គឺត្រូវជួយគេកុំខាន។ កុំបង្វែរយុត្តិធម៌ក្នុងរឿងក្តីរបស់អ្នកក្រឡើយ។ ត្រូវចៀសចេញឲ្យឆ្ងាយពីរឿងក្លែងក្លាយ ឯមនុស្សដែលគ្មានទោស និងមនុស្សសុចរិត នោះកុំសម្លាប់គេឡើយ ដ្បិតមនុស្សអាក្រក់ នោះយើងមិនដែលរាប់ជាសុចរិតទេ។ កុំស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។ កុំសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតអ្នករាល់គ្នាស្គាល់ចិត្តរបស់អ្នកប្រទេសក្រៅហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាអ្នកប្រទេសក្រៅ នៅស្រុកអេស៊ីព្ទដែរ។ ក្នុងរវាងប្រាំមួយឆ្នាំ អ្នកត្រូវសាបព្រោះលើដីរបស់អ្នក ហើយប្រមូលផលពីស្រែចម្ការចុះ តែដល់ឆ្នាំទីប្រាំពីរ ត្រូវទុកដីឲ្យនៅទំនេរ ហើយបន្សល់ផលដំណាំនៅទីនោះចុះ ដើម្បីឲ្យមនុស្សទ័លក្រក្នុងចំណោមប្រជាជនរបស់អ្នកបានបរិភោគផង ហើយអ្វីដែលនៅសេសសល់ នោះសត្វនៅវាលបានស៊ី។ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នក ក៏ត្រូវធ្វើដូច្នោះដែរ។ ក្នុងប្រាំមួយថ្ងៃត្រូវធ្វើការរបស់អ្នក ហើយដល់ថ្ងៃទីប្រាំពីរត្រូវឈប់សម្រាក ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យកូនបាវបម្រើស្រីរបស់អ្នក និងអ្នកប្រទេសក្រៅបានសម្រាកដកដង្ហើមផង។ ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។ ក្នុងមួយឆ្នាំ ត្រូវធ្វើបុណ្យសម្រាប់យើងបីដង ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។ មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។ ត្រូវធ្វើបុណ្យចម្រូត គឺនៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីការនឿយហត់របស់អ្នក ពីការដែលអ្នកសាបព្រោះនៅស្រែចម្ការ។ ចុងឆ្នាំ ត្រូវធ្វើបុណ្យប្រមូលផល គឺនៅពេលអ្នកប្រមូលផលពីការនឿយហត់របស់អ្នកពីស្រែចម្ការរួចរាល់អស់។ ក្នុងមួយឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះចំនួនបីដង។ មិនត្រូវយកឈាមយញ្ញបូជារបស់យើងថ្វាយជាមួយនំបុ័ងមានដំបែឡើយ ក៏មិនត្រូវទុកខ្លាញ់នៃតង្វាយនោះ តាំងពីល្ងាចដល់ព្រឹកដែរ។ ឯចំណែកមុនបង្អស់នៃផលដំបូងដែលកើតពីដីរបស់អ្នក ត្រូវយកមកក្នុងដំណាក់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។ មើល៍ យើងចាត់ទេវតាមួយរូបឲ្យនាំមុខអ្នក ដើម្បីការពារអ្នកតាមផ្លូវ និងនាំអ្នកទៅដល់ទីកន្លែងដែលយើងបានរៀបចំទុកឲ្យ។ ចូរប្រយ័ត្ននឹងស្តាប់បង្គាប់តាមលោក កុំប្រឆាំងនឹងលោកឡើយ ដ្បិតលោកនឹងមិនអត់ទោសអំពើរំលងរបស់អ្នករាល់គ្នាទេ ព្រោះលោកមាននាមរបស់យើង។ ប្រសិនបើអ្នកយកចិត្តទុកដាក់ស្តាប់បង្គាប់ ហើយប្រព្រឹត្តតាមសេចក្ដីដែលយើងប្រាប់ទាំងប៉ុន្មាន នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងពួកសត្រូវរបស់អ្នក ហើយជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នក។ ដ្បិតទេវតារបស់យើងនឹងទៅមុនអ្នក ហើយនាំអ្នកទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយយើងនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិព្រះរបស់គេឡើយ ក៏កុំប្រព្រឹត្តតាមអំពើរបស់គេនោះដែរ គឺត្រូវបំផ្លាញឲ្យអស់ ព្រមទាំងបំបែករូបព្រះរបស់គេឲ្យខ្ទេចខ្ទីផង។ អ្នករាល់គ្នាត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះយើង នឹងប្រទានពរដល់អាហារ និងទឹករបស់អ្នក ហើយយើងនឹងដកជំងឺរោគាចេញពីចំណោមអ្នករាល់គ្នា។ នៅក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ យើងនឹងឲ្យអ្នកមានអាយុយឺនយូរ។ យើងនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់យើងទៅមុនអ្នក ហើយនឹងបំផ្លាញជាតិសាសន៍ទាំងអស់ដែលអ្នកទៅដល់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នករត់បាក់ទ័ពនៅមុខអ្នក។ យើងនឹងចាត់ឪម៉ាល់ឲ្យទៅមុនអ្នក ដែលវានឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន និងសាសន៍ហេត ចេញពីមុខរបស់អ្នក។ យើងនឹងមិនបណ្តេញគេចេញពីមុខអ្នក ក្នុងរយៈពេលមួយឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃច្រើនឡើងធ្វើបាបដល់អ្នក។ យើងនឹងបណ្តេញគេពីមុខអ្នកទៅបន្តិចម្តងៗ រហូតទាល់តែអ្នកមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកនោះជាមត៌កបាន។ យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។ មិនត្រូវតាំងសញ្ញាជាមួយគេ ឬជាមួយព្រះរបស់គេឡើយ។ មិនត្រូវឲ្យគេរស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងគេនាំឲ្យអ្នកប្រព្រឹត្តអំពើបាបទាស់នឹងយើង ដ្បិតបើអ្នកគោរពប្រតិបត្តិព្រះរបស់គេ នោះអ្នកនឹងធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន»។
និក្ខមនំ 23:1-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំផ្សព្វផ្សាយរឿងមិនពិត ហើយក៏កុំធ្វើជាសាក្សីក្លែងក្លាយ ដើម្បីជួយមនុស្សអាក្រក់ដែរ។ កុំបណ្ដោយខ្លួនទៅតាមមនុស្សភាគច្រើន ដើម្បីសម្រេចការអាក្រក់ឡើយ កុំទុកឲ្យមនុស្សភាគច្រើនទាក់ទាញអ្នកធ្វើជាសាក្សីក្លែងក្លាយ បង្វែរយុត្តិធម៌ឲ្យសោះ។ នៅពេលកាត់ក្ដី មិនត្រូវយោគយល់ដល់អ្នកណាទាំងអស់ ទោះបីអ្នកនោះជាអ្នកក្រីក្រក៏ដោយ។ ប្រសិនបើអ្នកប្រទះឃើញគោ ឬលារបស់សត្រូវវង្វេង នោះត្រូវតែនាំវាទៅឲ្យម្ចាស់វាវិញ។ បើអ្នកឃើញលារបស់ជនដែលស្អប់អ្នកទន់ជង្គង់ដួល ព្រោះតែផ្ទុកធ្ងន់ពេក នោះមិនត្រូវធ្វើព្រងើយទេ គឺត្រូវតែជួយគេរៀបចំអីវ៉ាន់នៅលើសត្វនោះផង។ នៅពេលកាត់ក្ដី មិនត្រូវរំលោភលើសិទ្ធិរបស់ជនក្រីក្រឡើយ។ កុំយកចិត្តទុកដាក់ស្ដាប់ពាក្យចោទប្រកាន់មិនពិត ហើយក៏មិនត្រូវកាត់ទោសប្រហារជីវិតជនស្លូតត្រង់ និងជនសុចរិតដែរ ដ្បិតយើងមិនចាត់ទុកមនុស្សអាក្រក់ ថាជាមនុស្សសុចរិតឡើយ។ កុំទទួលសំណូក ដ្បិតសំណូករមែងធ្វើឲ្យមនុស្សភ្លឺទៅជាខ្វាក់ ព្រមទាំងធ្វើឲ្យមនុស្សសុចរិតចាញ់ក្ដី។ កុំសង្កត់សង្កិនជនបរទេសឡើយ អ្នករាល់គ្នាធ្លាប់ស្គាល់ការរស់នៅជាជនបរទេសហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេស ក្នុងស្រុកអេស៊ីបដែរ។ ក្នុងរយៈពេលប្រាំមួយឆ្នាំ អ្នកអាចសាបព្រោះ និងប្រមូលផលពីស្រែចម្ការរបស់អ្នកបាន។ ប៉ុន្តែ នៅឆ្នាំទីប្រាំពីរត្រូវទុកដីនៅទំនេរ ដើម្បីឲ្យជនក្រីក្រ ក្នុងចំណោមប្រជាជនរបស់អ្នក អាចរកអាហារពីដីទាំងនោះ ហើយសត្វព្រៃនឹងមកស៊ីអ្វីៗដែលនៅសេសសល់។ ត្រូវធ្វើបែបនេះចំពោះចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នកដែរ។ ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នកអាចធ្វើការងាររបស់អ្នកបាន ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវគោរពថ្ងៃសប្ប័ទ* ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យខ្ញុំបម្រើ និងជនបរទេសបានសម្រាកដែរ។ ចូរប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលយើងបានបង្គាប់អ្នករាល់គ្នា ហើយមិនត្រូវបន់ស្រន់ដល់ព្រះដទៃឡើយ សូម្បីតែឈ្មោះរបស់ព្រះទាំងនោះក៏មិនត្រូវឮពីមាត់របស់អ្នករាល់គ្នាផង។ ក្នុងមួយឆ្នាំ ត្រូវធ្វើពិធីបុណ្យបីដង ដើម្បីគោរពយើង។ ត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ គឺអ្នកត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែនោះ អ្នកបានចេញពីស្រុកអេស៊ីប។ ក្នុងឱកាសបុណ្យនោះ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។ បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីស្រែចម្ការ ដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផល នៅពេលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។ រៀងរាល់ឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមប្រជាជន ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ ជាព្រះរបស់អ្នក ចំនួនបីដង។ មិនត្រូវយកនំប៉័ងមានមេមកថ្វាយជាមួយឈាមនៃយញ្ញបូជាឡើយ ហើយក៏មិនត្រូវរក្សាទុកខ្លាញ់នៃយញ្ញបូជា រហូតដល់ព្រឹកស្អែកដែរ។ ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។ យើងនឹងចាត់ទេវតា*មួយរូបឲ្យដើរនៅមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ។ ទេវតានឹងនាំអ្នកចូលទៅក្នុងស្រុក ដែលយើងបានរៀបចំទុកសម្រាប់អ្នក។ អ្នកត្រូវតែយកចិត្តទុកដាក់ស្ដាប់បង្គាប់ទេវតា ហើយមិនត្រូវធ្វើអ្វីប្រឆាំងនឹងលោកឡើយ។ បើអ្នកបះបោរ ទេវតាមិនអត់ទោសឲ្យទេ ដ្បិតលោកជាតំណាងរបស់យើង។ ប្រសិនបើអ្នកស្ដាប់បង្គាប់ទេវតា ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងសត្រូវរបស់អ្នក ហើយយើងក៏ធ្វើជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នកដែរ។ ទេវតារបស់យើងនឹងដើរពីមុខអ្នក ហើយនាំអ្នកចូលទៅក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងនឹងបំផ្លាញអ្នកទាំងនោះឲ្យវិនាសសូន្យ។ នៅពេលនោះ អ្នកមិនត្រូវក្រាបថ្វាយបង្គំព្រះរបស់ពួកគេឡើយ ហើយក៏មិនត្រូវគោរពបម្រើព្រះទាំងនោះដែរ។ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេទេ ផ្ទុយទៅវិញ ត្រូវបំផ្លាញព្រះទាំងនោះ ព្រមទាំងកម្ទេចស្តូបរបស់គេផង។ អ្នករាល់គ្នាត្រូវគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះព្រះអង្គនឹងប្រទានពរឲ្យអ្នករាល់គ្នាមានអាហារ និងទឹក។ យើងនឹងការពារអ្នកមិនឲ្យមានជំងឺឈឺថ្កាត់ឡើយ។ ក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ ហើយយើងនឹងឲ្យអ្នកមានអាយុយឺនយូរទៀតផង។ មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ព រត់ប្រាសអាយុ។ យើងនឹងចាត់សត្វឪម៉ាល់ ឲ្យទៅមុនអ្នក ដើម្បីដេញកម្ចាត់ជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេត ចេញឆ្ងាយពីអ្នក។ យើងនឹងមិនបណ្ដេញពួកគេឲ្យអស់ ក្នុងរយៈពេលតែមួយឆ្នាំទេ ក្រែងលោទឹកដីក្លាយទៅជាទីស្មសាន ហើយមានសត្វព្រៃរស់នៅកាន់តែច្រើនឡើងៗ នាំតែបង្កការលំបាកដល់អ្នក។ យើងនឹងបណ្ដេញពួកគេចេញពីមុខអ្នកបន្តិចម្ដងៗ រហូតទាល់តែអ្នកកើនចំនួនច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះជាកម្មសិទ្ធិបាន។ យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ដែលលាតសន្ធឹងពីសមុទ្រកក់ រហូតដល់សមុទ្រមេឌីទែរ៉ាណេ ពីវាលរហោស្ថានស៊ីណៃ រហូតដល់ទន្លេអឺប្រាត។ យើងនឹងប្រគល់ប្រជាជននៅតំបន់នោះ មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នកត្រូវបណ្ដេញពួកគេចេញពីមុខអ្នក។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬជាមួយព្រះទាំងឡាយរបស់ពួកគេឡើយ។ មិនត្រូវទុកឲ្យជាតិសាសន៍ទាំងនោះ រស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងលោគេនាំអ្នកឲ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង។ បើអ្នកគោរពបម្រើព្រះរបស់ពួកគេ នោះអ្នកនឹងត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន។
និក្ខមនំ 23:1-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យបង្កើតរឿងក្លែងក្លាយឲ្យសោះ ក៏កុំឲ្យចូលដៃនឹងមនុស្សអាក្រក់ ដើម្បីនឹងធ្វើជាទីបន្ទាល់ទុច្ចរិតឡើយ។ កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្ដីអាក្រក់ ហើយកុំឲ្យធ្វើជាទីបន្ទាល់ដល់ពួកក្តីខាងអ្នកណាដែលមានគ្នាច្រើន ដើម្បីនឹងបង្វែរសេចក្ដីយុត្តិធម៌ចេញនោះឡើយ ក៏កុំឲ្យយល់មុខខាងឯអ្នកក្រក្នុងការក្តីគេដែរ។ បើប្រទះឃើញគោ ឬលា របស់ខ្មាំងសត្រូវ ដែលវង្វេង នោះត្រូវឲ្យនាំទៅប្រគល់ដល់ម្ចាស់វិញជាកុំខាន បើឃើញលារបស់អ្នកណាដែលស្អប់ឯង វាលុតជង្គង់ចុះដោយសារបន្ទុកធ្ងន់ នោះប្រហែលជាឯងនឹងចង់ធ្វើព្រងើយឥតជួយគេទេ តែមិនត្រូវធ្វើដូច្នោះឡើយ គឺត្រូវជួយដល់គេវិញជាកុំខាន។ កុំឲ្យបង្វែរសេចក្ដីយុត្តិធម៌ ក្នុងរឿងក្តីរបស់អ្នកក្រឲ្យសោះ ត្រូវឲ្យចៀសចេញឲ្យឆ្ងាយពីរឿងក្លែងក្លាយ ឯមនុស្សដែលគ្មានទោស នឹងមនុស្សសុចរិត នោះកុំឲ្យសំឡាប់គេឡើយ ដ្បិតឯមនុស្សអាក្រក់ នោះអញមិនដែលរាប់ជាសុចរិតទេ ក៏កុំឲ្យស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។ កុំឲ្យសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតឯងរាល់គ្នាស្គាល់សណ្ឋានចិត្តរបស់អ្នកប្រទេសក្រៅហើយ ដោយធ្លាប់នៅស្រុកអេស៊ីព្ទ ជាអ្នកប្រទេសក្រៅដែរ។ ក្នុងរវាង៦ឆ្នាំ ត្រូវសាបព្រោះនៅដីឯង ហើយត្រូវច្រូតយកផលផង តែដល់ឆ្នាំទី៧ នោះត្រូវឈប់លែង ហើយទុកដីឲ្យនៅទំនេរវិញ ដើម្បីឲ្យពួកមនុស្សទ័លក្របានចិញ្ចឹមជីវិតផង ហើយសំណល់សល់ពីគេ នោះសត្វនៅវាលទាំងប៉ុន្មាននឹងបានស៊ី ឯដំណាំទំពាំងបាយជូរ នឹងដំណាំអូលីវរបស់ឯង ក៏ត្រូវធ្វើដូច្នោះដែរ។ ក្នុង៦ថ្ងៃត្រូវធ្វើការរបស់ឯង ហើយដល់ថ្ងៃទី៧ត្រូវឈប់សំរាកវិញ ដើម្បីឲ្យគោ នឹងលារបស់ឯង បានសំរាកផង ហើយដើម្បីឲ្យកូនរបស់បាវស្រីឯង នឹងអ្នកប្រទេសក្រៅបានឈប់ដកដង្ហើមសិន ត្រូវឲ្យប្រយ័ត នឹងកាន់តាមអស់ទាំងសេចក្ដីដែលអញបានប្រាប់ដល់ឯងរាល់គ្នា ហើយកុំឲ្យចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏កុំឲ្យឮចេញពីមាត់ឯងរាល់គ្នាឲ្យសោះ។ ក្នុង១ឆ្នាំ ត្រូវធ្វើបុណ្យថ្វាយអញ៣ដង ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែចេត្រ នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុង៧ថ្ងៃ ដូចជាអញបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលឯងរាល់គ្នាបានចេញពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវមកនៅមុខអញដោយដៃទទេឡើយ ត្រូវឲ្យធ្វើបុណ្យចំរូត គឺជាផលដំបូងអំពីការឯងធ្វើ ដោយសាបព្រោះនៅដីរបស់ឯង ហើយនឹងបុណ្យប្រមូលផលដល់ចុងឆ្នាំ ក្នុងកាលដែលឯងបានប្រមូលផលកើតអំពីការរបស់ឯងធ្វើនៅចំការមក គឺក្នុង១ឆ្នាំ ត្រូវឲ្យពួកប្រុសៗ មកនៅចំពោះព្រះយេហូវ៉ា ជាព្រះអម្ចាស់ គ្រប់៣ដង។ កុំឲ្យយកឈាមរបស់យញ្ញបូជានៃអញ ថ្វាយជាមួយនឹងនំបុ័ងមានដំបែឡើយ ហើយមិនត្រូវទុកខ្លាញ់នៃដង្វាយនោះ តាំងពីល្ងាចដល់ព្រឹកទេ។ ឯចំណែកមុនបង្អស់ នៃផលដំបូង ដែលកើតពីដីរបស់ឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។ កុំឲ្យស្ងោរកូនពពែនឹងទឹកដោះរបស់មេវាឡើយ។ មើល អញចាត់ទេវតា១ឲ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបំរុងឯងតាមផ្លូវ ហើយនឹងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឲ្យ ចូរប្រយ័តនឹងស្តាប់បង្គាប់តាមទ្រង់ កុំឲ្យបណ្តាលឲ្យទ្រង់ខ្ញាល់ឡើយ ដ្បិតទ្រង់មិនអត់ទោសការរំលងរបស់ឯងរាល់គ្នាទេ ពីព្រោះឈ្មោះអញនៅក្នុងទ្រង់ បើឯងប្រុងស្តាប់បង្គាប់ទ្រង់ ហើយប្រព្រឹត្តតាមសេចក្ដីដែលអញប្រាប់ទាំងប៉ុន្មាន នោះអញនឹងធ្វើជាសត្រូវដល់ពួកសត្រូវរបស់ឯង ហើយជាអ្នកតតាំងនឹងអស់អ្នកដែលតតាំងនឹងឯង ដ្បិតទេវតាអញនឹងទៅមុនឯង ហើយនឹងនាំឯងទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី នឹងសាសន៍យេប៊ូស ហើយអញនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ។ កុំឲ្យក្រាបថ្វាយបង្គំឬគោរពប្រតិបត្តិដល់ព្រះរបស់គេឲ្យសោះ ក៏កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ គឺត្រូវឲ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឲ្យខ្ទេចខ្ទីផង ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នោះទ្រង់នឹងប្រទានពរដល់អាហារ នឹងទឹករបស់ឯង ហើយអញនឹងដកជំងឺរោគាពីពួកឯងរាល់គ្នាចេញ នៅក្នុងស្រុកឯង នឹងគ្មានអ្វីរលូតកូន ឬនៅអារឡើយ អញក៏នឹងបំពេញអាយុរបស់ឯងឲ្យពោរពេញ អញនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់អញទៅមុនឯង ហើយនឹងបំផ្លាញគ្រប់ទាំងសាសន៍ដែលឯងទៅដល់ អញនឹងធ្វើឲ្យអស់ទាំងខ្មាំងសត្រូវឯងត្រូវបែរខ្នងនៅមុខឯង អញនឹងចាត់ឪម៉ាល់ទៅមុនឯង ដែលនឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន ហើយនឹងសាសន៍ហេត ពីមុខឯងចេញ អញមិនបណ្តេញគេចេញពីមុខឯងក្នុង១ឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃជាច្រើនឡើងធ្វើបាបដល់ឯងវិញ គឺនឹងបណ្តេញគេពីមុខឯងទៅបន្តិចម្តងៗ ទាល់តែឯងមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកជាមរដកបាន នោះអញនឹងដាក់ព្រំស្រុកឲ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅដល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ កុំឲ្យតាំងសេចក្ដីសញ្ញានឹងគេ ឬនឹងព្រះរបស់គេឡើយ ក៏មិនត្រូវឲ្យគេនៅក្នុងស្រុករបស់ឯងដែរ ក្រែងគេនាំឲ្យឯងធ្វើបាបចំពោះអញ ដ្បិតបើឯងគោរពប្រតិបត្តិដល់ព្រះគេ នោះនឹងត្រឡប់ជាអន្ទាក់ដល់ឯងហើយ។