និក្ខមនំ 22:1-31
និក្ខមនំ 22:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នកណាលួចគោ ឬចៀម ហើយសម្លាប់ ឬយកទៅលក់ នោះត្រូវសងគោប្រាំឲ្យធួននឹងគោមួយ និងចៀមបួនឲ្យធួននឹងចៀមមួយ។ ប្រសិនបើចោរកំពុងតែលួច ហើយគេទាន់ រួចវាយសម្លាប់ នោះអ្នកសម្លាប់ចោរគ្មានទោសនឹងឈាមវាឡើយ។ ប៉ុន្ដែ បើថ្ងៃរះហើយ អ្នកសម្លាប់ចោរនឹងត្រូវមានទោស ដ្បិតចោរត្រូវតែសង។ ប្រសិនបើវាគ្មានអ្វីសោះ នោះត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលវាបានលួច។ ប្រសិនបើរបស់ដែលលួចនោះ ទោះជាគោ លា ឬជាចៀមក្តី ឃើញនៅរស់ក្នុងដៃវានៅឡើយ នោះត្រូវសងមួយជាពីរ។ ប្រសិនបើអ្នកណាបណ្ដោយឲ្យសត្វស៊ីបំផ្លាញស្រែ ឬចម្ការទំពាំងបាយជូររបស់គេ ដោយលែងសត្វខ្លួន ឲ្យលុកលុយស៊ីក្នុងដីគេ អ្នកនោះត្រូវយកផលដំណាំយ៉ាងល្អបំផុតពីស្រែចម្ការរបស់ខ្លួនទៅសងគេវិញ។ ប្រសិនបើអ្នកណាដុតគុម្ពបន្លា ហើយភ្លើងរាលទៅឆេះកណ្តាប់ស្រូវ ឬស្រូវមិនទាន់ច្រូត ឬវាលស្មៅក្តី នោះអ្នកដែលដុត ត្រូវតែសងទៅម្ចាស់ស្រែ។ បើអ្នកណាផ្ញើប្រាក់ ឬរបស់អ្វីទុកនឹងអ្នកជិតខាង ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ ប្រសិនបើគេចាប់ចោរបាន នោះចោរត្រូវសងមួយជាពីរ។ ប្រសិនបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅចំពោះព្រះ ដើម្បីបញ្ជាក់ថា អ្នកនោះមិនបានចូលដៃយកទ្រព្យរបស់គេឡើយ។ ក្នុងគ្រប់រឿងដណ្ដើមកម្មសិទ្ធិគ្នា ទោះជាគោ លា ចៀម ខោអាវ ឬរបស់ណាបាត់ក៏ដោយ ដែលម្នាក់ប្រកាន់ថា "នេះជារបស់ខ្ញុំ" នោះរឿងអ្នកទាំងសងខាងត្រូវចូលទៅចំពោះព្រះ ។ អ្នកណាដែលព្រះប្រកាសថាមានទោស អ្នកនោះត្រូវសងគេមួយជាពីរ។ បើអ្នកណាម្នាក់ផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ នោះអ្នកទាំងពីរត្រូវស្បថនឹងគ្នានៅចំពោះព្រះយេហូវ៉ា ដើម្បីបញ្ជាក់ថា អ្នកទទួលបញ្ញើមិនបានចូលដៃយករបស់ទ្រព្យរបស់គេទេ ហើយម្ចាស់សត្វត្រូវតែទទួលយកសម្បថនោះ រួចមិនតម្រូវឲ្យមានសំណងឡើយ។ ប៉ុន្តែ បើមានគេលួចសត្វនោះពីអ្នកទទួលបញ្ញើ នោះតម្រូវឲ្យសងទៅម្ចាស់សត្វ។ ប្រសិនបើត្រូវសត្វព្រៃហែកស៊ី នោះត្រូវយកចំណែកដែលនៅសល់មកធ្វើជាភស្តុតាង ហើយមិនតម្រូវឲ្យសងដល់សត្វដែលត្រូវហែកហួរនោះទេ។ ប្រសិនបើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬងាប់ ពេលម្ចាស់មិននៅជាមួយ នោះត្រូវសងពេញថ្លៃ។ ប្រសិនបើម្ចាស់វានៅជាមួយ នោះមិនត្រូវសងទេ បើជាសត្វដែលគេជួលវិញ នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។ ប្រសិនបើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំ ដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនាង អ្នកនោះត្រូវបង់បណ្ណាការឲ្យនាង ហើយយកនាងធ្វើជាប្រពន្ធ។ ប្រសិនបើឪពុកនាងប្រកែកដាច់ខាតមិនព្រមលើកនាងឲ្យទេ អ្នកនោះត្រូវតែសងតាមតម្លៃបណ្ណាការសម្រាប់ស្ត្រីក្រមុំ។ មិនត្រូវទុកឲ្យស្ត្រីដែលជាគ្រូអាបធ្មប់នៅរស់ឡើយ។ អ្នកណាដែលរួមសង្វាសជាមួយសត្វ អ្នកនោះនឹងត្រូវស្លាប់។ អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណាក្រៅពីព្រះយេហូវ៉ា នោះត្រូវតែបំផ្លាញចោលឲ្យអស់។ មិនត្រូវធ្វើបាបអ្នកប្រទេសក្រៅ ឬសង្កត់សង្កិនគេឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់នៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។ មិនត្រូវធ្វើទុក្ខស្ត្រីមេម៉ាយ ឬកូនកំព្រាណាឡើយ។ ប្រសិនបើអ្នកធ្វើទុក្ខគេ ហើយគេអំពាវនាវរកយើង នោះយើងប្រាកដជាស្ដាប់សម្រែករបស់គេមិនខាន ហើយសេចក្ដីក្រោធរបស់យើងនឹងក្តៅឡើង យើងនឹងសម្លាប់អ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្រ្ដីមេម៉ាយ ហើយកូនរបស់អ្នកនឹងទៅជាកំព្រា។ ប្រសិនបើឲ្យប្រជារាស្ត្ររបស់យើងណាមួយ ជាអ្នកទ័លក្រដែលនៅជាមួយអ្នកបានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។ ប្រសិនបើទទួលបញ្ចាំអាវធំរបស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច ដ្បិតវាអាចជាអាវធំតែមួយរបស់អ្នកនោះសម្រាប់នឹងដណ្ដប់ខ្លួន តើគេនឹងបានអ្វីដណ្តប់នៅពេលដេក? បើគេអំពាវនាវដល់យើង នោះយើងនឹងស្ដាប់ ដ្បិតយើងមានចិត្តអាណិតមេត្តា។ មិនត្រូវជេរប្រមាថព្រះឡើយ ក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។ មិនត្រូវបង្អង់នឹងថ្វាយភោគផលដំបូងពីស្រែចម្ការ និងពីប្រេងអូលីវរបស់អ្នកមកយើងឡើយ ឯកូនប្រុសច្បងរបស់អ្នកក៏ត្រូវប្រគល់មកយើងដែរ។ រីឯកូនដំបូងរបស់គោ និងចៀម នោះក៏ត្រូវឲ្យមកយើងដែរ គឺត្រូវទុកឲ្យនៅជាមួយមេរបស់វារយៈពេលប្រាំពីរថ្ងៃ លុះដល់ថ្ងៃទីប្រាំបី នោះត្រូវឲ្យមកយើង។ អ្នករាល់គ្នានឹងបានជាមនុស្សបរិសុទ្ធដល់យើង ដូច្នេះ មិនត្រូវបរិភោគសាច់ដែលត្រូវសត្វព្រៃហែកស៊ីនៅឯទីវាលឡើយ គឺត្រូវបោះចោលទៅឲ្យឆ្កែស៊ីវិញ។
និក្ខមនំ 22:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើអ្នកណាលួចគោ ឬចៀម យកទៅសម្លាប់ ឬយកទៅលក់ អ្នកនោះត្រូវសងគោមួយជាប្រាំ និងចៀមមួយជាបួនទៅឲ្យម្ចាស់សត្វវិញ។ ប្រសិនបើគេសម្លាប់ចោរដែលគេទាន់កំពុងតែលួច នៅពេលយប់ អ្នកសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។ ប៉ុន្តែ បើហេតុការណ៍នេះកើតឡើងនៅពេលថ្ងៃ អ្នកសម្លាប់ចោរនឹងត្រូវមានទោស។ ត្រូវពិន័យចោរ តែបើចោរនោះគ្មានអ្វីបង់ទេ ត្រូវលក់គេជាទាសករ។ ប្រសិនបើគេរកឃើញគោ លា ឬចៀមនៅរស់ក្នុងដៃចោរ ចោរត្រូវតែសងសត្វនោះវិញមួយជាពីរ។ ប្រសិនបើអ្នកណាបណ្ដោយឲ្យហ្វូងសត្វរបស់ខ្លួន ទៅស៊ីបំផ្លាញស្រែ ឬចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកនោះត្រូវយកភោគផលដ៏ល្អបំផុតពីស្រែ និងពីចម្ការទំពាំងបាយជូររបស់ខ្លួនទៅសងគេវិញ។ ប្រសិនបើអ្នកណាដុតគុម្ពបន្លា ធ្វើឲ្យភ្លើងរាលទៅឆេះកណ្ដាប់ស្រូវ ឬឆេះស្រូវទុំ ឬមិនទាន់ទុំក្ដី អ្នកនោះត្រូវតែបង់ជំងឺចិត្តទៅឲ្យម្ចាស់ស្រែ។ បើអ្នកណាផ្ញើប្រាក់ ឬវត្ថុអ្វីផ្សេងទៀតឲ្យអ្នកដទៃថែរក្សា ហើយមានចោរលួចរបស់ទាំងនោះពីផ្ទះអ្នកថែរក្សា ប្រសិនបើគេចាប់ចោរបាន ចោរនោះត្រូវសងរបស់គេមួយជាពីរ។ ប្រសិនបើចាប់ចោរមិនបានទេ នោះត្រូវនាំម្ចាស់ផ្ទះទៅស្បថនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ថា គាត់មិនបានបន្លំយកទ្រព្យសម្បត្តិរបស់គេឡើយ។ បើនរណាម្នាក់បាត់គោ លា កូនចៀម អាវធំ ឬវត្ថុអ្វីផ្សេងទៀត ហើយមានម្នាក់ទៀតប្រកាន់ថាជារបស់ខ្លួន ក្នុងករណីដណ្ដើមកម្មសិទ្ធិគ្នា អ្នកទាំងពីរត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ អ្នកដែលព្រះអង្គប្រកាសថាមានកំហុស ត្រូវសងទៅម្ចាស់របស់មួយជាពីរ។ បើអ្នកណាម្នាក់យកលា គោ កូនចៀម ឬសត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលឲ្យ រួចសត្វនោះងាប់ ឬរបួស ឬត្រូវគេលួចយកទៅ ដោយគ្មាននរណាឃើញ ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយអ្នកទទួលបញ្ញើត្រូវស្បថថា គាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។ ផ្ទុយទៅវិញ បើមានចោរលួចសត្វនោះនៅផ្ទះរបស់អ្នកទទួលបញ្ញើ គាត់ត្រូវតែសងជំងឺចិត្តទៅម្ចាស់សត្វ។ ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្ដុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។ ប្រសិនបើអ្នកណាខ្ចីសត្វពាហនៈពីអ្នកជិតខាងខ្លួន ហើយសត្វនោះត្រូវរបួស ឬងាប់ ពេលម្ចាស់មិននៅ អ្នកនោះត្រូវតែសងជំងឺចិត្ត។ ប៉ុន្តែ បើម្ចាស់នៅជាមួយដែរ នោះអ្នកខ្ចីមិនត្រូវសងអ្វីទេ។ ប្រសិនបើគាត់ជួលសត្វនោះមក គាត់ត្រូវតែបង់ថ្លៃឈ្នួល។ បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្ដឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្ណាការ រួចយកនាងធ្វើជាភរិយា។ ប្រសិនបើឪពុកនាងប្រកែកដាច់ខាតមិនព្រមលើកនាងឲ្យទេ អ្នកនោះត្រូវបង់ប្រាក់តាមតម្លៃបណ្ណាការសម្រាប់ស្ត្រីក្រមុំ។ មិនត្រូវទុកឲ្យស្ត្រីអាបធ្មប់នៅរស់ឡើយ។ អ្នករួមរ័កជាមួយសត្វ ត្រូវតែទទួលទោសដល់ជីវិត។ អ្នកដែលថ្វាយយញ្ញបូជាដល់ព្រះដទៃ ក្រៅពីព្រះអម្ចាស់ ត្រូវតែសម្លាប់ចោល។ មិនត្រូវជិះជាន់ ឬសង្កត់សង្កិនជនបរទេសដែលរស់នៅជាមួយអ្នកឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។ មិនត្រូវធ្វើបាបស្ត្រីមេម៉ាយ ឬក្មេងកំព្រាឡើយ។ ប្រសិនបើអ្នកធ្វើបាបពួកគេ ហើយពួកគេស្រែកហៅយើង យើងប្រាកដជាស្ដាប់សម្រែករបស់ពួកគេ។ យើងនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង យើងនឹងប្រហារអ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្ត្រីមេម៉ាយ ហើយកូនរបស់អ្នករាល់គ្នានឹងទៅជាក្មេងកំព្រា។ ប្រសិនបើអ្នកឲ្យជនទុគ៌តណាម្នាក់ ក្នុងចំណោមប្រជាជនរបស់យើងខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេដូចជាអ្នកចងការប្រាក់ឡើយ គឺកុំទារការប្រាក់ពីគេជាដាច់ខាត។ ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញមុនពេលថ្ងៃលិច ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតដណ្ដប់ទេ បើគ្នាគ្មានអាវធំ តើបានអ្វីដណ្ដប់នៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្ដាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា។ មិនត្រូវជេរប្រមាថព្រះជាម្ចាស់ ហើយក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។ ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នកមកឲ្យយើង កុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។ រីឯកូនដំបូងរបស់គោ និងចៀម ក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។ យើងចាត់ទុកអ្នករាល់គ្នាជាមនុស្សដ៏វិសុទ្ធ ដូច្នេះ មិនត្រូវបរិភោគសាច់សត្វដែលសត្វព្រៃហែកស៊ីនោះឡើយ តែត្រូវបោះសាច់នោះទៅឲ្យឆ្កែស៊ីវិញ។
និក្ខមនំ 22:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកណាលួចគោ ឬចៀមគេ ហើយកាប់សំឡាប់ឬលក់ទៅ នោះត្រូវសងគោ៥ឲ្យធួននឹងគោ១ ហើយចៀម៤ឲ្យធួននឹងចៀម១ បើចោរកំពុងតែលួច ហើយគេបានទាន់វាយសំឡាប់ទៅ នោះគេគ្មានទោសនឹងឈាមវាទេ តែបើថ្ងៃរះហើយ នោះត្រូវមានទោសវិញ ដ្បិតនឹងត្រូវចាប់ឲ្យសង បើចោរគ្មានអ្វីសោះ ត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលបានលួចយកនោះ បើរបស់ដែលលួចនោះ ទោះគោ លា ឬចៀមក្តី ឃើញរស់នៅដៃវានៅឡើយ នោះត្រូវឲ្យសង១ជា២។ បើអ្នកណាធ្វើបំផ្លាញចំការ ឬដំណាំទំពាំងបាយជូររបស់គេ ដោយលែងសត្វខ្លួនឲ្យលុកលុយស៊ីក្នុងដីគេ នោះត្រូវយកផលដំណាំយ៉ាងល្អបំផុតពីស្រែចំការរបស់ខ្លួនទៅសងគេវិញ។ បើកាលណាមានភ្លើងឆេះគុម្ពបន្លា ហើយខ្ទាតទៅឆេះដល់ស្នឹមស្រូវ ឬស្រូវមិនទាន់ច្រូត ឬវាលស្មៅក្តី នោះអ្នកណាដែលដុតភ្លើង ត្រូវតែសងគេជាមិនខាន។ បើអ្នកណាផ្ញើប្រាក់ ឬជារបស់អ្វីទុកនឹងអ្នកជិតខាង ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ បើសិនជាគេចាប់ចោរបាន នោះចោរត្រូវសង១ជា២ តែបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅឯចៅក្រម ដើម្បីនឹងពិចារណាមើល តើអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងឬទេ។ ក្នុងគ្រប់រឿងរំលងច្បាប់អ្វី ទោះពីគោ ពីលា ពីចៀម ពីខោអាវ ឬពីរបស់ណាបាត់ក៏ដោយ ដែលគេនឹងប្រកាន់ថា នេះជារបស់ខ្ញុំ នោះរឿងអ្នកទាំងសងខាងត្រូវនាំទៅឯចៅក្រម បើអ្នកណាដែលចៅក្រមបានកាត់ថាមានទោស អ្នកនោះត្រូវសងគេ១ជា២។ បើអ្នកណាផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ នោះអ្នកទាំង២ត្រូវស្បថនឹងគ្នាដោយនូវព្រះយេហូវ៉ា ដើម្បីឲ្យបានដឹងជាអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងខ្លួនឬទេ ហើយម្ចាស់សត្វនឹងត្រូវរងសម្បថនោះ រួចអ្នកនោះមិនត្រូវសងសំណងទេ ប៉ុន្តែបើមានគេលួចសត្វនោះទៅវិញ នោះនឹងត្រូវសងសំណងទៅម្ចាស់ជាពិត ឬបើត្រូវសត្វណាហែកវា នោះត្រូវយកមកធ្វើជាភស្តុតាង ហើយមិនត្រូវសងសំណងពីសត្វណាដែលត្រូវហែកហួរនោះទេ។ បើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬស្លាប់ក្នុងកាលដែលម្ចាស់មិនបាននៅជាមួយ នោះត្រូវតែសងសំណងជាមិនខាន បើម្ចាស់វានៅជាមួយដែរ នោះមិនត្រូវសងសំណងទេ បើជាសត្វដែលគេជួល នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។ បើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំ ដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនឹងនាង នោះត្រូវយកនាងធ្វើជាប្រពន្ធទៅ ព្រមទាំងចេញបណ្តាការឲ្យផង តែបើឪពុកនាងមិនព្រមឲ្យទៅអ្នកនោះសោះ នោះត្រូវតែសងថ្លៃតាមបណ្តាការរបស់ស្ត្រីក្រមុំវិញ។ កុំទុកឲ្យស្ត្រីដែលជាគ្រូអាបធ្មប់នៅរស់ឡើយ។ អ្នកណាដែលរួមសង្វាសជាមួយនឹងសត្វ នោះត្រូវសំឡាប់ចោលជាមិនខាន។ អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណាក្រៅពីព្រះយេហូវ៉ាតែ១ នោះនឹងត្រូវបំផ្លាញចេញអស់រលីង។ កុំឲ្យធ្វើបាបដល់អ្នកប្រទេសក្រៅ ក៏កុំឲ្យសង្កត់សង្កិនគេឡើយ ដ្បិតឯងរាល់គ្នាក៏បាននៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។ កុំឲ្យធ្វើទុក្ខដល់ស្ត្រីមេម៉ាយ ឬកូនកំព្រាណាឡើយ បើធ្វើទុក្ខដល់គេ ហើយគេអំពាវនាវរកអញ នោះអញនឹងឮសំរែករបស់គេជាមិនខាន ហើយសេចក្ដីក្រោធរបស់អញនឹងក្តៅឡើង អញនឹងសំឡាប់ឯងរាល់គ្នាដោយដាវ នោះប្រពន្ធរបស់ឯងរាល់គ្នានឹងត្រឡប់ទៅជាមេម៉ាយ ហើយកូនឯងនឹងទៅជាកំព្រាដែរ។ បើឲ្យរាស្ត្រអញណាមួយ ជាអ្នកទ័លក្រ ដែលនៅជាមួយនឹងឯងបានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។ បើទទួលបញ្ចាំសំលៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច ដ្បិតជាសំពត់ដណ្តប់តែ១របស់អ្នកនោះ ជាសំលៀកបំពាក់ខ្លួនគេ តើគេនឹងបានអ្វីដណ្តប់ក្នុងកាលដែលទៅដេក បើគេអំពាវនាវដល់អញ នោះអញនឹងឮ ដ្បិតអញមានសេចក្ដីអាណិតដល់គេ។ កុំឲ្យប្រមាថមើលងាយដល់ព្រះ ក៏កុំឲ្យជេរប្រទេចដល់ចៅហ្វាយរបស់សាសន៍ឯងឡើយ។ កុំឲ្យបង្អង់នឹងថ្វាយផលផ្លែ នឹងទឹកទំពាំងបាយជូរដំបូងរបស់ឯង១ចំណែកមកអញឡើយ ឯកូនប្រុសៗរបស់ឯងដែលកើតជាដំបូង នោះក៏ត្រូវថ្វាយដល់អញដែរ ហើយទាំងកូនគោកូនចៀមដែលកើតដំបូង នោះត្រូវនៅនឹងមេវាអស់៧ថ្ងៃ លុះដល់ថ្ងៃទី៨ នោះត្រូវថ្វាយដល់អញ។ ឯងរាល់គ្នាត្រូវបានជាមនុស្សបរិសុទ្ធដល់អញ កុំឲ្យស៊ីសាច់ដែលត្រូវសត្វព្រៃហែកនៅឯវាលឡើយ ត្រូវបោះចោលទៅឲ្យឆ្កែវិញ។