និក្ខមនំ 20:8-14
និក្ខមនំ 20:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរនឹកចាំពីថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះចេញជាថ្ងៃបរិសុទ្ធ។ ក្នុងរវាងប្រាំមួយថ្ងៃ ត្រូវធ្វើអស់ទាំងកិច្ចការរបស់អ្នកចុះ តែដល់ថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ ទោះខ្លួនអ្នក កូនប្រុស ឬកូនស្រីរបស់អ្នកក្តី ទោះបាវបម្រើប្រុស បាវបម្រើស្រី ទោះសត្វរបស់អ្នក ឬអ្នកដទៃដែលនៅក្នុងផ្ទះរបស់អ្នកក្ដី។ ដ្បិតក្នុងរវាងប្រាំមួយថ្ងៃ ព្រះយេហូវ៉ាបានបង្កើតផ្ទៃមេឃ ផែនដី និងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ ហើយដល់ថ្ងៃទីប្រាំពីរ ព្រះអង្គឈប់សម្រាក ហេតុនេះហើយបានជាព្រះយេហូវ៉ាប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះចេញជាបរិសុទ្ធ។ ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។ កុំសម្លាប់មនុស្ស។ កុំប្រព្រឹត្តអំពើផិតក្បត់។
និក្ខមនំ 20:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូររំឭកថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះជាថ្ងៃដ៏វិសុទ្ធ*។ អ្នកមានពេលប្រាំមួយថ្ងៃ សម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ តែថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គសម្រាក ហេតុនេះហើយបានជាព្រះអម្ចាស់ប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះ ជាថ្ងៃដ៏វិសុទ្ធ។ ចូរគោរពមាតាបិតារបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលព្រះអម្ចាស់ជាព្រះនៃអ្នក ប្រទានដល់អ្នក។ កុំសម្លាប់មនុស្ស។ កុំប្រព្រឹត្តអំពើផិតក្បត់។
និក្ខមនំ 20:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ។ ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។ កុំឲ្យសំឡាប់មនុស្សឲ្យសោះ។ កុំឲ្យផិតគ្នាឲ្យសោះ។