និក្ខមនំ 20:13-26

និក្ខមនំ 20:13-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​សម្លាប់​មនុស្ស។ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ កុំ​លួច​ប្លន់​គេ។ កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន។ កុំ​លោភ​ចង់​បាន​ផ្ទះ​របស់​អ្នក​ជិត​ខាង​ខ្លួន កុំ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​បម្រើ​ប្រុស​ស្រី​របស់​គេ គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​អ្នក​ជិត​ខាង​ខ្លួន​ឡើយ»។ ពេល​មនុស្ស​ទាំង​អស់​បាន​ឮ​ផ្គរ​លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ គេក៏​ញ័រ​រន្ធត់ ហើយ​ថយ​ទៅ​ឈរ​ពី​ចម្ងាយ គេ​និយាយ​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ចុះ យើង​ខ្ញុំ​នឹង​ស្តាប់​លោក សូម​កុំ​ឲ្យ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ព្រះ‌ទ្រង់​យាង​មក​ដើម្បី​ល្បង​ល​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ព្រះ‌អង្គ ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។ ពេល​នោះ ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់ ជា​កន្លែង​ដែល​ព្រះ​គង់​នៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ខ្លួន​ឯង​ហើយ​ថា យើង​បាន​និយាយ​ជា‌មួយ​អ្នក​រាល់​គ្នា​ពី​ស្ថាន‌សួគ៌​មក។ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។ ត្រូវ​សង់​អាស‌នា​មួយ​អំពី​ដី​សម្រាប់​យើង ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម និង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​លើ​អាស‌នា​នោះ យើង​នឹង​មក​ឲ្យ​ពរ​អ្នក នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​យើង។ ប៉ុន្តែ ប្រសិន‌បើ​អ្នក​សង់​អាស‌នា​ឲ្យ​យើង​អំពី​ថ្ម កុំ​យក​ថ្ម​ដាប់​ឡើយ ដ្បិត​កាល​ណា​អ្នក​យក​ពន្លាក​មក​ដាប់​ថ្ម នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ឲ្យ​ថ្ម​នោះ​ទៅ​ជា​របស់​ដែល​មិន​ស្អាត​ហើយ។ មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ថ្នាក់​ជណ្តើរ​ឡើង​ទៅ​អាស‌នា​ឡើយ ក្រែង​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក។

ចែក​រំលែក
អាន និក្ខមនំ 20

និក្ខមនំ 20:13-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុំ​សម្លាប់​មនុស្ស។ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ កុំ​លួច​ប្លន់​គេ។ កុំ​ធ្វើ​សាក្សី​ក្លែងក្លាយ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។ កុំ​លោភ‌លន់​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ កុំ​លោភ‌លន់​ចង់​បាន​ប្រពន្ធ​គេ ឬ​ក៏​លោភ‌លន់​ចង់​បាន​អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​គេ​ឡើយ»។ ប្រជា‌ជន​ទាំង​មូល​បាន​ឮ​ស្នូរ​ផ្គរ‌លាន់ និង​សំឡេង​ត្រែ ព្រម​ទាំង​ឃើញ​ផ្លេក​បន្ទោរ និង​ផ្សែង​ហុយ​ឡើង​ពី​ភ្នំ។ ពួក​គេ​ភ័យ​ញ័រ​រន្ធត់ ហើយ​ឈរ​ពី​ចម្ងាយ។ ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ផ្ទាល់​ចុះ យើង​ខ្ញុំ​នឹង​ស្ដាប់​លោក។ ប៉ុន្តែ សូម​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង​ខ្ញុំ​ឡើយ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះ‌ជាម្ចាស់​យាង​មក​ដូច្នេះ ដើម្បី​ល្បង‌ល​អ្នក​រាល់​គ្នា និង​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោតខ្លាច​ព្រះអង្គ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។ ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ដុំ​ពពក​ដ៏​ក្រាស់ ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​គង់​នៅ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​ពី​លើ​មេឃ​មក។ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​មាស ឬ​ប្រាក់ មក​ធ្វើ​ជា​រូប​ព្រះ​សម្រាប់​ថ្វាយ‌បង្គំ ដូច​ថ្វាយ‌បង្គំ​យើង​ឡើយ។ ចូរ​សង់​អាសនៈ​មួយ​អំពី​ដី​សម្រាប់​យើង។ ចូរ​យក​ចៀម និង​គោ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព* នៅ​លើ​អាសនៈ​នោះ។ យើង​នឹង​មក​ឲ្យ​ពរ​អ្នក​គ្រប់​ទី​កន្លែង ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​នាម​យើង។ ប្រសិន​បើ​អ្នក​សង់​អាសនៈ​អំពី​ថ្ម នោះ​មិន​ត្រូវ​ប្រើ​ថ្ម‌ដាប់​ឡើយ ដ្បិត​ពេល​អ្នក​ប្រើ​ពន្លាក​ដាប់ អ្នក​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​នោះ​ទៅ​ជា​របស់​មិន​វិសុទ្ធ។ មិន​ត្រូវ​សង់​អាសនៈ​ដែល​មាន​កាំ​ជណ្ដើរ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក នៅ​ពេល​ឡើង​កាំ​ជណ្ដើរ​នោះ»។

ចែក​រំលែក
អាន និក្ខមនំ 20

និក្ខមនំ 20:13-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ។ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។ កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។ កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្តី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។ កាល​បណ្តាជន​ទាំង​អស់​គ្នា បាន​ឮ​ផ្គរ‌លាន់ នឹង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ នឹង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ នោះ​ស្រាប់​តែ​គេ​ញ័រ​រន្ធត់ ហើយ​ក៏​ថយ​ទៅ​ឈរ​នៅ​ទី​ឆ្ងាយ​វិញ គេ​និយាយ​នឹង​ម៉ូសេ​ថា សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​រាល់​គ្នា តែ​ខ្លួន​លោក​បាន​ហើយ យើង​ខ្ញុំ​នឹង​ស្តាប់​លោក សូម​កុំ​ឲ្យ​ព្រះ​មាន​បន្ទូល​នឹង​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ម៉ូសេ​ក៏​តប​ថា កុំ​ខ្លាច​អី ដ្បិត​ព្រះ‌ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​បាប​ឡើយ ឯ​ជន​ទាំង‌ឡាយ​គេ​ក៏​ឈរ​នៅ​ទី​ឆ្ងាយ តែ​ម៉ូសេ​បាន​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់​ដែល​ព្រះ​គង់​នៅ​នោះ។ ព្រះ‌យេហូវ៉ា ទ្រង់​ក៏​បង្គាប់​ទៅ​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ខ្លួន​ឯង​រាល់​គ្នា​បាន​ឃើញ​ថា អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ពី​លើ​ស្ថាន‌សួគ៌​មក ដូច្នេះ មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ណា​ទៀត នៅ​ជា​មួយ​នឹង​អញ ទោះ​ទាំង​ព្រះ​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់ ក៏​មិន​ត្រូវ​ធ្វើ​សំរាប់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ឯង​យក​ដី​ស្អាង​អាសនា​ឲ្យ​អញ ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ជា​ចៀម ហើយ​នឹង​គោ​របស់​ឯង នៅ​លើ​អាសនា​នោះ ឯ​អញ​នឹង​មក​ឲ្យ​ពរ​ដល់​ឯង​នៅ​គ្រប់​ទី​កន្លែង​ណា ដែល​អញ​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​អញ បើ​ឯង​ស្អាង​អាសនា​ពី​ថ្ម ឲ្យ​អញ នោះ​កុំ​ឲ្យ​យក​ថ្ម​ដាប់​ឡើយ ដ្បិត​កាល​ណា​ឯង​យក​ពន្លាក​មក​ដាប់​ថ្ម នោះ​ឈ្មោះ​ថា​ឯង​បាន​ធ្វើ​ឲ្យ​ថ្ម​នោះ ទៅ​ជា​របស់​ដែល​មិន​ស្អាត​វិញ ក៏​កុំ​ឲ្យ​មាន​ថ្នាក់​ជណ្តើរ​ដើម្បី​ឡើង​ទៅ​ឯ​អាសនា​អញ​ឡើយ ក្រែង​គេ​ឃើញ​កេរខ្មាស​ឯង។

ចែក​រំលែក
អាន និក្ខមនំ 20