និក្ខមនំ 20:1-7
និក្ខមនំ 20:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលនូវពាក្យទាំងនេះថា៖ «យើងជាយេហូវ៉ា ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ។ មិនត្រូវមានព្រះណាផ្សេងនៅចំពោះ យើងឡើយ។ មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។ មិនត្រូវចេញព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ានឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមរបស់ព្រះអង្គ ជាអសារឥតការនោះឡើយ។
និក្ខមនំ 20:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអ៊ីស្រាអែលដូចតទៅ៖ «យើងព្រះអម្ចាស់ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។ មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ ផ្ទុយទៅវិញ យើងនឹងសម្តែងសេចក្ដីសប្បុរសរហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។ មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។
និក្ខមនំ 20:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះទ្រង់មានបន្ទូលនូវពាក្យទាំងនេះថា អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក។ កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។ កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រចណ្ឌ ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់៣ហើយ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ តែអញផ្តល់សេចក្ដីសប្បុរស ដល់ទាំងពាន់ដំណ នៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តរបស់អញទាំងប៉ុន្មានវិញ។ កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ។