និក្ខមនំ 2:1-8

និក្ខមនំ 2:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​បុរស​ម្នាក់​ក្នុង​ពូជ​ពង្ស​លេវី បាន​ទៅ​យក​ស្ត្រី​ម្នាក់​ក្នុង​ពូជពង្ស​លេវី​ដូច​គ្នា​ធ្វើ​ជា​ប្រពន្ធ។ នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ កាល​នាង​ឃើញ​កូន​នោះ​ថ្លោស​ល្អ នាង​ក៏​លាក់​ទុក​បាន​បី​ខែ។ លុះ​មិន​អាច​លាក់​ត​ទៅ​ទៀត​បាន នាង​ក៏​យក​ជាល​មួយដែល​ធ្វើ​ពី​ដើម​បបុស រួច​យក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប ហើយ​ដាក់​កូន​ចុះ​ក្នុង​ជាល​នោះ យក​ទៅ​បណ្ដែត​នៅ​កណ្ដាល​គុម្ព​ត្រែង​តាម​មាត់​ទន្លេ។ បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចម្ងាយ ចង់​ដឹង​ថា​នឹង​កើត​មាន​ហេតុ​យ៉ាង​ណា​ដល់​កូន​នោះ។ ពេល​នោះ បុត្រី​របស់​ផារ៉ោន​យាង​ចុះ​មក​ស្រង់​ទឹក​ក្នុង​ទន្លេ ឯ​ពួក​ភីលៀង​របស់​ព្រះ​នាង​បាន​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង។ ព្រះ​នាង​ទត​ឃើញជាល​នៅ​កណ្ដាល​គុម្ព​ត្រែង ក៏ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​ជាល​នោះ​មក។ កាល​ព្រះ​នាង​បើក​ឡើង ឃើញ​កូន​តូច ហើយ​មើល៍ ទារក​នោះ​កំពុង​យំ។ ព្រះនាង​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត ហើយ​មាន​សវនីយ៍​ថា៖ «ទារក​នេះ​ច្បាស់​ជា​កូន​របស់​សាសន៍​ហេព្រើរ​ហើយ»។ ពេល​នោះ បង​ស្រី​របស់​ទារក​ទូល​បុត្រី​ផារ៉ោន​ថា៖ «តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ‌ដោះ ពី​ពួក​ស្ត្រី​សាសន៍​ហេព្រើរ មក​បំបៅ​កូន​នេះ​ថ្វាយ​ព្រះ​នាង​ឬ​ទេ?» បុត្រី​ផារ៉ោន​មាន​សវនីយ៍​ថា៖ «ទៅ​ចុះ!»។ ដូច្នេះ នាង​ក៏​ទៅ​ហៅ​ម្តាយ​របស់​កូន​នោះ​មក។

ចែក​រំលែក
អាន និក្ខមនំ 2

និក្ខមនំ 2:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​បុរស​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​លេវី រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​លេវី​ដូច​គ្នា។ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ ដោយ​ឃើញ​កូន​នេះ​ថ្លោស​ស្អាត នាង​ក៏​លាក់​ទុក​បាន​បី​ខែ។ ក្រោយ​មក ដោយ​មិន​អាច​លាក់​កូន​ត​ទៅ​ទៀត​បាន នាង​ក៏​យក​ជាល​មួយ​ធ្វើ​ពី​ដើម​បបុស យក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប ហើយ​ផ្ដេក​កូន​ទៅ​ក្នុង​ជាល​នោះ រួច​យក​ទៅ​ដាក់​តាម​គុម្ព​ត្រែង​នៅ​មាត់​ទន្លេ​នីល។ បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា​ទារក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។ បុត្រី​របស់​ព្រះចៅ​ផារ៉ោន​យាង​ចុះ​ទៅ​ស្រង់​ទឹក​ទន្លេ។ ភីលៀង​របស់​ព្រះ‌នាង​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង។ ព្រះ‌នាង​ទត​ឃើញ​ជាល​នៅ​ក្នុង​គុម្ព​ត្រែង ក៏​ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​មក។ ព្រះ‌នាង​បើក​គម្រប​ឡើង ឃើញ​ទារក​មួយ​កំពុង​យំ។ ព្រះ‌នាង​មាន​ព្រះ‌ហឫទ័យ​អាណិត ហើយ​មាន​សវនីយ៍​ថា៖ «ទារក​នេះ​ជា​កូន​របស់​ពួក​ហេប្រឺ!»។ បង​ស្រី​របស់​ទារក​ចូល​មក ហើយ​ទូល​បុត្រី​ព្រះចៅ​ផារ៉ោន​ថា៖ «តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ​ដោះ ក្នុង​ចំណោម​ស្ត្រី​ជាតិ​ហេប្រឺ មក​បំបៅ​កូន​នេះ​ថ្វាយ​ព្រះ‌នាង​ឬ​ទេ?»។ បុត្រី​ព្រះចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «ទៅ​ចុះ!»។ នាង​ក៏​រត់​ទៅ​ហៅ​ម្ដាយ​ទារក​នោះ​មក។

ចែក​រំលែក
អាន និក្ខមនំ 2

និក្ខមនំ 2:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​មនុស្ស​ម្នាក់​ក្នុង​ពូជ​លេវី បាន​ទៅ​យក​កូន​ស្រី​របស់​ពួក​លេវី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ នាង​ចាប់​មាន​ផ្ទៃ​ពោះ​ក៏​សំរាល​បាន​កូន​ប្រុស​១ នាង​ឃើញ​កូន​នោះ​ថ្លោស​ល្អ​ក៏​លាក់​ទុក​នៅ​បាន​៣​ខែ លុះ​ដល់​លាក់​មិន​កំបាំង​ទៀត នោះ​ក៏​យក​កូន​ទូក ដែល​ធ្វើ​ពី​ដើម​បបុស មក​ពរ​ជ័រ​លាប​ម្រ័ក្សណ៍ រួច​ដាក់​កូន​ចុះ​ក្នុង​ទូក​នាំ​យក​ទៅ​បណែ្តត​នៅ​កណ្តាល​គុម្ព​ត្រែង​នា​មាត់​ទន្លេ ឯ​បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចំងាយ ចង់​ដឹង​ហេតុ​ដែល​នឹង​កើត​មាន​យ៉ាង​ដូច​ម្តេច។ ខណៈ​នោះ​បុត្រី​ផារ៉ោន​នាង​យាង​ចុះ​មក ដើម្បី​នឹង​ស្រង់​ព្រះ​គង្គា​ក្នុង​ទន្លេ ពួក​ភីលៀង​របស់​នាង​បាន​នាំ​គ្នា​ដើរ​លេង​ទៅ​តាម​មាត់​ច្រាំង ឯ​នាង​ក៏​ឃើញ​កូន​ទូក​នៅ​នា​កណ្តាល​គុម្ព​ត្រែង ទើប​ចាត់​ភីលៀង​ម្នាក់​ឲ្យ​ទៅ​នាំ​យក​មក នាង​បើក​ទៅ​ឃើញ​កូន​តូច ហើយ​មើល វា​ស្រែក​យំ​ឡើង នាង​ក៏​មាន​ព្រះ‌ទ័យ​ផ្តួច​អាណិត​ដល់​វា ដោយ​មាន​សវនីយ៍​ថា នេះ​ឯង​ពិត​ជា​កូន​របស់​សាសន៍​ហេព្រើរ​ហើយ ឯ​បង​ស្រី​របស់​កូន​តូច​ក៏​ទូល​សួរ​បុត្រី​ផារ៉ោន​ថា តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ‌ដោះ ពី​ពួក​ស្រី​សាសន៍​ហេព្រើរ មក​បំបៅ​កូន​នេះ​ឬ​ទេ បុត្រី​ផារ៉ោន​មាន​សវនីយ៍​ថា អើ ទៅ​ចុះ នាង​ក៏​ទៅ​ហៅ​ម្តាយ​របស់​កូន​នោះ​មក

ចែក​រំលែក
អាន និក្ខមនំ 2