និក្ខមនំ 2:1-10
និក្ខមនំ 2:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានបុរសម្នាក់ក្នុងពូជពង្សលេវី បានទៅយកស្ត្រីម្នាក់ក្នុងពូជពង្សលេវីដូចគ្នាធ្វើជាប្រពន្ធ។ នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ កាលនាងឃើញកូននោះថ្លោសល្អ នាងក៏លាក់ទុកបានបីខែ។ លុះមិនអាចលាក់តទៅទៀតបាន នាងក៏យកជាលមួយដែលធ្វើពីដើមបបុស រួចយកជ័រ និងម្រ័ក្សណ៍មកលាប ហើយដាក់កូនចុះក្នុងជាលនោះ យកទៅបណ្ដែតនៅកណ្ដាលគុម្ពត្រែងតាមមាត់ទន្លេ។ បងស្រីរបស់កូននោះក៏ឈរមើលពីចម្ងាយ ចង់ដឹងថានឹងកើតមានហេតុយ៉ាងណាដល់កូននោះ។ ពេលនោះ បុត្រីរបស់ផារ៉ោនយាងចុះមកស្រង់ទឹកក្នុងទន្លេ ឯពួកភីលៀងរបស់ព្រះនាងបាននាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅកណ្ដាលគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកជាលនោះមក។ កាលព្រះនាងបើកឡើង ឃើញកូនតូច ហើយមើល៍ ទារកនោះកំពុងយំ។ ព្រះនាងក៏មានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះច្បាស់ជាកូនរបស់សាសន៍ហេព្រើរហើយ»។ ពេលនោះ បងស្រីរបស់ទារកទូលបុត្រីផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្ត្រីសាសន៍ហេព្រើរ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?» បុត្រីផារ៉ោនមានសវនីយ៍ថា៖ «ទៅចុះ!»។ ដូច្នេះ នាងក៏ទៅហៅម្តាយរបស់កូននោះមក។ បុត្រីផារ៉ោនមានសវនីយ៍ទៅគាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្តាយក៏យកកូនទៅបំបៅ។ លុះកូននេះធំឡើង ម្ដាយក៏នាំទៅថ្វាយបុត្រីផារ៉ោនវិញ ហើយកូននោះក៏ទៅជាកូនរបស់ព្រះនាង។ ព្រះនាងដាក់ឈ្មោះកូននោះថា «ម៉ូសេ» ដោយព្រះនាងមានសវនីយ៍ថា៖ «ព្រោះខ្ញុំបានស្រង់កូននេះពី ទឹកមក»។
និក្ខមនំ 2:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានបុរសម្នាក់ ក្នុងកុលសម្ព័ន្ធលេវី រៀបការជាមួយស្ត្រីម្នាក់ ក្នុងកុលសម្ព័ន្ធលេវីដូចគ្នា។ ក្រោយមក នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ដោយឃើញកូននេះថ្លោសស្អាត នាងក៏លាក់ទុកបានបីខែ។ ក្រោយមក ដោយមិនអាចលាក់កូនតទៅទៀតបាន នាងក៏យកជាលមួយធ្វើពីដើមបបុស យកជ័រ និងម្រ័ក្សណ៍មកលាប ហើយផ្ដេកកូនទៅក្នុងជាលនោះ រួចយកទៅដាក់តាមគុម្ពត្រែងនៅមាត់ទន្លេនីល។ បងស្រីរបស់ទារកតាមមើលពីចម្ងាយ ដើម្បីឲ្យដឹងថាទារកនោះនឹងទៅជាយ៉ាងណា។ បុត្រីរបស់ព្រះចៅផារ៉ោនយាងចុះទៅស្រង់ទឹកទន្លេ។ ភីលៀងរបស់ព្រះនាងនាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅក្នុងគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកមក។ ព្រះនាងបើកគម្របឡើង ឃើញទារកមួយកំពុងយំ។ ព្រះនាងមានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះជាកូនរបស់ពួកហេប្រឺ!»។ បងស្រីរបស់ទារកចូលមក ហើយទូលបុត្រីព្រះចៅផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ក្នុងចំណោមស្ត្រីជាតិហេប្រឺ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?»។ បុត្រីព្រះចៅផារ៉ោនឆ្លើយថា៖ «ទៅចុះ!»។ នាងក៏រត់ទៅហៅម្ដាយទារកនោះមក។ បុត្រីព្រះចៅផារ៉ោនមានសវនីយ៍ទៅកាន់គាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្ដាយក៏យកកូនទៅបំបៅនៅផ្ទះ។ លុះដល់កុមារនេះមានវ័យធំបន្តិច ម្ដាយក៏នាំកូនទៅថ្វាយបុត្រីព្រះចៅផារ៉ោនវិញ។ ព្រះនាងបានចាត់ទុកកុមារនេះដូចបុត្របង្កើត។ ព្រះនាងដាក់ឈ្មោះថា «ម៉ូសេ» ដោយមានសវនីយ៍ថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។
និក្ខមនំ 2:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានមនុស្សម្នាក់ក្នុងពូជលេវី បានទៅយកកូនស្រីរបស់ពួកលេវីម្នាក់ធ្វើជាប្រពន្ធ នាងចាប់មានផ្ទៃពោះក៏សំរាលបានកូនប្រុស១ នាងឃើញកូននោះថ្លោសល្អក៏លាក់ទុកនៅបាន៣ខែ លុះដល់លាក់មិនកំបាំងទៀត នោះក៏យកកូនទូក ដែលធ្វើពីដើមបបុស មកពរជ័រលាបម្រ័ក្សណ៍ រួចដាក់កូនចុះក្នុងទូកនាំយកទៅបណែ្តតនៅកណ្តាលគុម្ពត្រែងនាមាត់ទន្លេ ឯបងស្រីរបស់កូននោះក៏ឈរមើលពីចំងាយ ចង់ដឹងហេតុដែលនឹងកើតមានយ៉ាងដូចម្តេច។ ខណៈនោះបុត្រីផារ៉ោននាងយាងចុះមក ដើម្បីនឹងស្រង់ព្រះគង្គាក្នុងទន្លេ ពួកភីលៀងរបស់នាងបាននាំគ្នាដើរលេងទៅតាមមាត់ច្រាំង ឯនាងក៏ឃើញកូនទូកនៅនាកណ្តាលគុម្ពត្រែង ទើបចាត់ភីលៀងម្នាក់ឲ្យទៅនាំយកមក នាងបើកទៅឃើញកូនតូច ហើយមើល វាស្រែកយំឡើង នាងក៏មានព្រះទ័យផ្តួចអាណិតដល់វា ដោយមានសវនីយ៍ថា នេះឯងពិតជាកូនរបស់សាសន៍ហេព្រើរហើយ ឯបងស្រីរបស់កូនតូចក៏ទូលសួរបុត្រីផារ៉ោនថា តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្រីសាសន៍ហេព្រើរ មកបំបៅកូននេះឬទេ បុត្រីផារ៉ោនមានសវនីយ៍ថា អើ ទៅចុះ នាងក៏ទៅហៅម្តាយរបស់កូននោះមក បុត្រីផារ៉ោនបង្គាប់ថា ចូរយកកូននេះទៅបំបៅឲ្យខ្ញុំចុះ ខ្ញុំនឹងឲ្យប្រាក់ខែដល់អ្នក ម្តាយក៏យកកូនទៅបំបៅ លុះកូនមានវ័យធំឡើងកាលណា ក៏នាំវាទៅថ្វាយដល់បុត្រីផារ៉ោនវិញ ហើយវាបានទៅជាកូនរបស់នាងទៅនាងក៏ឲ្យឈ្មោះថា ម៉ូសេ ដោយថា អញបានស្រង់វាពីទឹកមក។