និក្ខមនំ 19:7-9
និក្ខមនំ 19:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេក៏ត្រឡប់មកវិញ ហើយហៅពួកចាស់ទុំរបស់ប្រជាជនមក ប្រាប់គេអស់ទាំងពាក្យដែលព្រះយេហូវ៉ាបានបង្គាប់លោក។ ប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។ លោកម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលថ្វាយព្រះយេហូវ៉ាវិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍! យើងមកឯអ្នកនៅក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនបានឮក្នុងពេលដែលយើងនិយាយជាមួយអ្នក ហើយឲ្យគេបានទុកចិត្តនឹងអ្នកជារៀងរហូត»។ កាលលោកម៉ូសេបានទូលរៀបរាប់តាមពាក្យរបស់ប្រជាជនថ្វាយព្រះយេហូវ៉ារួចហើយ
និក្ខមនំ 19:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេត្រឡប់មកវិញ កោះហៅពួកព្រឹទ្ធាចារ្យរបស់ប្រជាជន ហើយរៀបរាប់ប្រាប់នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់លោក។ ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេនាំយកចម្លើយរបស់ពួកគេ ទៅទូលថ្វាយព្រះអម្ចាស់វិញ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពក*យ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ លោកម៉ូសេក៏រៀបរាប់ចម្លើយរបស់ប្រជាជន ទូលថ្វាយព្រះអម្ចាស់។
និក្ខមនំ 19:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះម៉ូសេក៏មកវិញ ហៅប្រជុំពួកចាស់ទុំក្នុងបណ្តាជន ប្រាប់គេតាមអស់ទាំងពាក្យដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក ឯពួកជនទាំងឡាយ គេឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមក នោះម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលដល់ព្រះយេហូវ៉ាវិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅម៉ូសេថា មើល អញមកឯឯងក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យបណ្តាជនបានឮ ក្នុងកាលដែលអញនិយាយនឹងឯង ហើយឲ្យគេបានទុកចិត្តនឹងឯងជាដរាប នោះម៉ូសេក៏ទូលដល់ព្រះយេហូវ៉ាតាមអស់ទាំងពាក្យនៃពួកជន។