និក្ខមនំ 19:5-16
និក្ខមនំ 19:5-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង"។ នេះជាពាក្យដែលអ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែល »។ លោកម៉ូសេក៏ត្រឡប់មកវិញ ហើយហៅពួកចាស់ទុំរបស់ប្រជាជនមក ប្រាប់គេអស់ទាំងពាក្យដែលព្រះយេហូវ៉ាបានបង្គាប់លោក។ ប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។ លោកម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលថ្វាយព្រះយេហូវ៉ាវិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍! យើងមកឯអ្នកនៅក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនបានឮក្នុងពេលដែលយើងនិយាយជាមួយអ្នក ហើយឲ្យគេបានទុកចិត្តនឹងអ្នកជារៀងរហូត»។ កាលលោកម៉ូសេបានទូលរៀបរាប់តាមពាក្យរបស់ប្រជាជនថ្វាយព្រះយេហូវ៉ារួចហើយ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបប្រជាជនវិញ ដើម្បីញែកគេចេញជាបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក ត្រូវឲ្យគេបោកសម្លៀកបំពាក់ ហើយរៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី ដ្បិតនៅថ្ងៃទីបីនោះ ព្រះយេហូវ៉ានឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យប្រជាជនទាំងអស់ឃើញ។ ត្រូវកំណត់ព្រំប្រទល់ជុំវិញប្រជាជនទាំងអស់ ដោយប្រាប់ថា "ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំឲ្យសោះ ដ្បិតអ្នកណាដែលប៉ះពាល់ភ្នំ អ្នកនោះនឹងត្រូវស្លាប់។ មិនត្រូវឲ្យមានដៃណាប៉ះពាល់អ្នកនោះឡើយ តែត្រូវចោលអ្នកនោះនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះជាសត្វ ឬមនុស្សក្តីក៏មិនត្រូវនៅរស់ដែរ"។ កាលណាមានសំឡេងផ្លុំស្នែងឮសូរវែង នោះគេអាចឡើងមកលើភ្នំបាន»។ លោកម៉ូសេក៏ចុះពីលើភ្នំ មករកប្រជាជនវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកសម្លៀកបំពាក់របស់ខ្លួន។ លោកបង្គាប់ប្រជាជនថា៖ «ចូររៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី កុំទៅជិតស្ត្រីឡើយ»។ នៅព្រឹកថ្ងៃទីបី មានឮសូរផ្គរលាន់ មានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងកងរំពងយ៉ាងខ្លាំង រួចប្រជាជនទាំងអស់ដែលនៅក្នុងជំរំក៏ញ័ររន្ធត់។
និក្ខមនំ 19:5-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។ យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្របូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ។ នេះជាសេចក្ដីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែល»។ លោកម៉ូសេត្រឡប់មកវិញ កោះហៅពួកព្រឹទ្ធាចារ្យរបស់ប្រជាជន ហើយរៀបរាប់ប្រាប់នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់លោក។ ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេនាំយកចម្លើយរបស់ពួកគេ ទៅទូលថ្វាយព្រះអម្ចាស់វិញ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពក*យ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ លោកម៉ូសេក៏រៀបរាប់ចម្លើយរបស់ប្រជាជន ទូលថ្វាយព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យញែកខ្លួនឲ្យបានវិសុទ្ធ នៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេលាងជម្រះសម្លៀកបំពាក់ផងដែរ។ ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃ ឲ្យប្រជាជនទាំងអស់ឃើញ។ ត្រូវកំណត់ព្រំដែនជុំវិញភ្នំ ហើយប្រាប់ប្រជាជនថា ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំជាដាច់ខាត។ បើអ្នកណាប៉ះភ្នំ អ្នកនោះនឹងត្រូវស្លាប់ ទោះជាមនុស្ស ឬសត្វក្ដី ក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។ លោកម៉ូសេចុះពីលើភ្នំមករកប្រជាជនវិញ លោកញែកពួកគេឲ្យបានវិសុទ្ធ ហើយឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។ លោកមានប្រសាសន៍ទៅប្រជាជនថា៖ «ចូររៀបចំខ្លួនសម្រាប់ថ្ងៃទីបី ហើយកុំរួមដំណេកជាមួយប្រពន្ធឡើយ»។ នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។
និក្ខមនំ 19:5-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល។ នោះម៉ូសេក៏មកវិញ ហៅប្រជុំពួកចាស់ទុំក្នុងបណ្តាជន ប្រាប់គេតាមអស់ទាំងពាក្យដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក ឯពួកជនទាំងឡាយ គេឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមក នោះម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលដល់ព្រះយេហូវ៉ាវិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅម៉ូសេថា មើល អញមកឯឯងក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យបណ្តាជនបានឮ ក្នុងកាលដែលអញនិយាយនឹងឯង ហើយឲ្យគេបានទុកចិត្តនឹងឯងជាដរាប នោះម៉ូសេក៏ទូលដល់ព្រះយេហូវ៉ាតាមអស់ទាំងពាក្យនៃពួកជន។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរទៅឯពួកជន ដើម្បីនឹងញែកគេឲ្យបរិសុទ្ធនៅថ្ងៃនេះ ហើយថ្ងៃស្អែកផង ត្រូវឲ្យគេបោកខោអាវដែរ ហើយរៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី៣ ដ្បិតនៅថ្ងៃទី៣នោះ ព្រះយេហូវ៉ាទ្រង់នឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យគេឃើញ ត្រូវឲ្យឯងដាក់កំណត់គោលចារិកនៅជុំវិញ ឲ្យបណ្តាជនគ្រប់គ្នា ដោយប្រាប់ថា ចូរប្រយ័ត កុំឲ្យឡើងទៅលើភ្នំឡើយ កុំឲ្យទាំងជាន់ដល់ជើងភ្នំផង ដ្បិតអ្នកណាដែលជាន់ដល់ភ្នំ នោះនឹងត្រូវស្លាប់ជាមិនខាន នឹងគ្មានដៃអ្នកណាពាល់ដល់អ្នកនោះទេ គឺអ្នកនោះនឹងត្រូវចោលនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះសត្វឬមនុស្សក្តីក៏មិនរស់ដែរ កាលណាផ្លុំស្នែងឮសូរវែង នោះត្រូវឲ្យគេចូលមកជិតភ្នំ ម៉ូសេក៏ចុះពីលើភ្នំមកឯពួកជនរាល់គ្នាវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកខោអាវគ្រប់គ្នា រួចលោកបង្គាប់គេថា ចូរអ្នករាល់គ្នារៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី៣ចុះ កុំឲ្យទៅជិតស្ត្រីឯណាឲ្យសោះ។ លុះដល់ព្រឹកឡើងថ្ងៃទី៣ នោះក៏មានឮសូរផ្គរមានផ្លេកបន្ទោរ នឹងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែង រួចបណ្តាជនទាំងឡាយដែលនៅក្នុងទីដំឡើងត្រសាល ក៏ញ័ររន្ធត់ទាំងអស់គ្នា