និក្ខមនំ 19:3-8

និក្ខមនំ 19:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​ម៉ូសេ​ក៏​ឡើង​ទៅ​ជួប​ព្រះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​និយាយ​ទៅ​កាន់​ពួក​វង្ស​យ៉ាកុប ហើយ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "អ្នក​រាល់​គ្នា​បាន​ឃើញ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ និង​ការ​ដែល​យើង​បាន​ទ្រ​អ្នក​រាល់​គ្នា​លើ​ស្លាប​ឥន្ទ្រី នាំ​មក​ឯ​យើង​ហើយ។ ដូច្នេះ បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​របស់​យើង ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែន‌ដី​ទាំង​មូល​ជា​របស់​យើង អ្នក​រាល់​គ្នា​នឹង​បាន​ជា​នគរ​នៃ​ពួក​សង្ឃ និង​ជា​សាសន៍​បរិសុទ្ធ​ដល់​យើង"។ នេះ​ជា​ពាក្យ​ដែល​អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល »។ លោក​ម៉ូសេ​ក៏​ត្រឡប់​មក​វិញ ហើយ​ហៅ​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​មក ប្រាប់​គេ​អស់​ទាំង​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។ ប្រជា​ជន​ទាំង​អស់​ក៏​ឆ្លើយ​ព្រម​គ្នា​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​ក៏​នាំ​យក​ពាក្យ​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ។

ចែក​រំលែក
អាន និក្ខមនំ 19

និក្ខមនំ 19:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​បាន​ឡើង​ទៅ​គាល់​ព្រះ‌ជាម្ចាស់។ ព្រះ‌អម្ចាស់​ហៅ​លោក​ម៉ូសេ​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​កូន​ចៅ​របស់​លោក​យ៉ាកុប​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍ ដែល​យើង​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​យើង​បាន​នាំ​អ្នក​រាល់​គ្នា ដូច​ជា​សត្វ​ឥន្ទ្រី​ដាក់​កូន​នៅ​លើ​ខ្នង​វា មក​រក​យើង។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែនដី​ទាំង​មូល​ជា​កម្មសិទ្ធិ​របស់​យើង។ យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អាណា‌ចក្រ​បូជា‌ចារ្យ ហើយ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដ៏វិសុទ្ធ។ នេះ​ជា​សេចក្ដី​ដែល​អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល»។ លោក​ម៉ូសេ​ត្រឡប់​មក​វិញ កោះ​ហៅ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ប្រជា‌ជន ហើយ​រៀប​រាប់​ប្រាប់​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​លោក។ ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​នាំ​យក​ចម្លើយ​របស់​ពួក​គេ ទៅ​ទូល​ថ្វាយ​ព្រះ‌អម្ចាស់​វិញ។

ចែក​រំលែក
អាន និក្ខមនំ 19

និក្ខមនំ 19:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចំណែក​ឯ​ម៉ូសេ លោក​ក៏​ឡើង​ទៅ​ឯ​ព្រះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ហៅ​លោក​ពី​លើ​ភ្នំ​ថា ចូរ​ឯង​និយាយ​នឹង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឯង​រាល់​គ្នា​បាន​ឃើញ​អស់​ទាំង​ការ​ដែល​អញ​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ​ហើយ នឹង​ការ​ដែល​អញ​បាន​ទ្រ​ឯង​រាល់​គ្នា​លើ​ស្លាប​ឥន្ទ្រី​នាំ​មក​ឯ​អញ​នេះ​ផង ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ គឺ​ពាក្យ​ទាំង​នេះ​ហើយ ដែល​ឯង​ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល។ នោះ​ម៉ូសេ​ក៏​មក​វិញ ហៅ​ប្រជុំ​ពួក​ចាស់‌ទុំ​ក្នុង​បណ្តាជន ប្រាប់​គេ​តាម​អស់​ទាំង​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក ឯ​ពួក​ជន​ទាំង‌ឡាយ គេ​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក នោះ​ម៉ូសេ​ក៏​នាំ​យក​ពាក្យ​របស់​គេ​ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា​វិញ

ចែក​រំលែក
អាន និក្ខមនំ 19