និក្ខមនំ 19:3-6
និក្ខមនំ 19:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកម៉ូសេក៏ឡើងទៅជួបព្រះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកពីលើភ្នំមកថា៖ «អ្នកត្រូវនិយាយទៅកាន់ពួកវង្សយ៉ាកុប ហើយប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលយើងធ្វើដល់សាសន៍អេស៊ីព្ទ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រី នាំមកឯយើងហើយ។ ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង"។ នេះជាពាក្យដែលអ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែល »។
និក្ខមនំ 19:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេបានឡើងទៅគាល់ព្រះជាម្ចាស់។ ព្រះអម្ចាស់ហៅលោកម៉ូសេពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ជាកូនចៅរបស់លោកយ៉ាកុបដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ ដែលយើងធ្វើចំពោះជនជាតិអេស៊ីប ហើយយើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវា មករកយើង។ ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។ យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្របូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ។ នេះជាសេចក្ដីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែល»។
និក្ខមនំ 19:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំណែកឯម៉ូសេ លោកក៏ឡើងទៅឯព្រះ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលហៅលោកពីលើភ្នំថា ចូរឯងនិយាយនឹងពួកវង្សយ៉ាកុប ហើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាបានឃើញអស់ទាំងការដែលអញធ្វើដល់សាសន៍អេស៊ីព្ទហើយ នឹងការដែលអញបានទ្រឯងរាល់គ្នាលើស្លាបឥន្ទ្រីនាំមកឯអញនេះផង ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល។