និក្ខមនំ 19:20-25

និក្ខមនំ 19:20-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​កំពូល​ភ្នំ​ស៊ី‌ណាយ ព្រះ​អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ ហើយ​លោក​ម៉ូសេ​ក៏​ឡើង​ទៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​ហាម​ប្រជា‌ជន កុំ​ឲ្យ​គេ​ទម្លាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល​នោះ​ឡើយ ក្រែង​លោ​មាន​ពួក‌គេ​ជា​ច្រើន​ត្រូវ​ស្លាប់។ ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ញែក​ខ្លួន​ជា​បរិសុទ្ធ ក្រែង​ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​គេ»។ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ប្រជា‌ជន​មិន​អាច​ឡើង​មក​លើ​ភ្នំ​ស៊ី‌ណាយ​បាន​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ហាម​គេ​ហើយ ដោយ​មាន​ព្រះ‌បន្ទូល​ថា "ចូរកំណត់ព្រំ​ប្រទល់​នៅ​ជុំ‌វិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ចេញ​ជា​បរិសុទ្ធ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​លោក​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​អើរ៉ុន​ឡើង​មក​ជា‌មួយ​ផង តែ​កុំ​ឲ្យ​ពួក​សង្ឃ និង​ប្រជា​ជន​ទម្លាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​ព្រះ‌អង្គ​នឹង​ប្រហារ​គេ»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ចុះ​ទៅ​រក​ប្រជា‌ជនវិញ ហើយ​មាន​ប្រសាសន៍​ប្រាប់​គេ។

ចែក​រំលែក
អាន និក្ខមនំ 19

និក្ខមនំ 19:20-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ គឺ​នៅ​លើ​កំពូល​ភ្នំ។ ព្រះអង្គ​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ ហើយ​លោក​ម៉ូសេ​ក៏​ឡើង​ទៅ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ហាម​ប្រជា‌ជន​កុំ​ឲ្យ​ស្ទុះ​ចូល​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់ ព្រោះ​ចង់​ឃើញ​យើង​នោះ​ឡើយ ក្រែង​លោ​មាន​ពួក​គេ​ជា​ច្រើន​ត្រូវ​ស្លាប់។ ទោះ​បី​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ចូល​មក​រក​យើង​ក្ដី ត្រូវ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ* ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​យើង​ដែល​ជា​ព្រះ‌អម្ចាស់»។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ប្រជា‌ជន​ពុំ​អាច​ឡើង​មក​លើ​ភ្នំ​ស៊ីណៃ​ទេ ដ្បិត​ព្រះអង្គ​ផ្ទាល់​បាន​បញ្ជា​ឲ្យ​យើង​ខ្ញុំ កំណត់​ព្រំ‌ដែន​ជុំ‌វិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ទុក​ជា​កន្លែង​ដ៏វិសុទ្ធ​ទៀត​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​អើរ៉ុន​ឡើង​មក​ជា​មួយ​ផង ប៉ុន្តែ មិន​ត្រូវ​ឲ្យ​ពួក​បូជា‌ចារ្យ និង​ប្រជា‌ជន​ស្ទុះ​ឡើង​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់​ឡើយ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​យើង»។ លោក​ម៉ូសេ​ក៏​ចុះ​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។

ចែក​រំលែក
អាន និក្ខមនំ 19

និក្ខមនំ 19:20-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​យាង​ចុះ​មក​លើ​កំពូល​ភ្នំ​ស៊ី‌ណាយ ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ រួច​ម៉ូសេ​ក៏​ឡើង​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ចូរ​ឯង​ចុះ​ទៅ​ហាម​ដល់​បណ្តាជន​រាល់​គ្នា​ដោយ​ដាច់​ខាត ក្រែង​គេ​រំលង​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល នោះ​នឹង​មាន​គ្នា​ជា​ច្រើន​ត្រូវ​ស្លាប់ ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដែរ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ ម៉ូសេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេហូវ៉ា​ថា បណ្តាជន​ទាំង‌ឡាយ​នឹង​ឡើង​មក​ដល់​ភ្នំ​ស៊ី‌ណាយ​ពុំ​បាន ដ្បិត​ទ្រង់​បាន​ហាម​ផ្តាច់​ហើយ ដោយ​បន្ទូល​ថា ចូរ​ដាក់​គោល​ចារឹក​នៅ​ជុំវិញ​ភ្នំ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ទៅៗ ចូរ​ឯង​ចុះ​ទៅ រួច​ឡើង​មក​វិញ នាំ​ទាំង​អើរ៉ុន​មក​ជា​មួយ​ផង តែ​កុំ​បើក​ឲ្យ​ពួក​សង្ឃ នឹង​ពួក​ជន ទំលាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ ដូច្នេះ ម៉ូសេ​ក៏​ចុះ​ទៅ​ប្រាប់​ដល់​ពួក​ជន​ទាំង‌ឡាយ។

ចែក​រំលែក
អាន និក្ខមនំ 19