និក្ខមនំ 18:1-27

និក្ខមនំ 18:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យេត្រូ​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ឮ​គេ​និយាយ​ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​លោក​ម៉ូសេ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ដំណើរ​ដែល​ព្រះ​អង្គ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ នោះ​លោក​ក៏​នាំ​នាង​សេផូរ៉ា ជា​ប្រពន្ធ​របស់​លោក​ម៉ូសេ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រម​ទាំង​កូន​របស់​នាង​ទាំង​ពីរ​ដែរ គឺ​មួយ​ឈ្មោះ​គើសម (ដ្បិត​លោក​ម៉ូសេ​គិត​ថា «ខ្ញុំ​ជា​អ្នក​ស្នាក់ នៅ​ប្រទេស​ដទៃ») ហើយ​មួយ​ទៀត​ឈ្មោះ​អេលា‌ស៊ើរ (ដ្បិត​លោក​គិត​ថា «ព្រះ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ក៏​បានរំ​ដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ដាវ​របស់​ផារ៉ោន»)។ លោក​យេត្រូ ឪពុក​ក្មេក​របស់​លោក​ម៉ូសេ និង​កូន​ទាំង​ពីរ ព្រម​ទាំង​ប្រពន្ធ​របស់​លោក​ម៉ូសេ ក៏​នាំ​គ្នា​មក​រក​លោក​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះ។ លោក​យេត្រូ​ឲ្យ​គេ​ទៅប្រាប់​លោក​ម៉ូសេ​ថា៖ «ខ្ញុំ យេត្រូ ជា​ឪពុក​ក្មេក​របស់​កូន ធ្វើ​ដំណើរ​មក​ជួប​កូន នាំ​ទាំង​ប្រពន្ធ និង​កូន​ទាំង​ពីរ​របស់​កូន​មក​ជា‌មួយ​ដែរ»។ លោក​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក្រាប​សំពះ ហើយ​ថើប​លោក រួច​លោក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ជំរំ។ លោក​ម៉ូសេ​ចាប់​ផ្តើម​រៀប‌រាប់​ប្រាប់​ឪពុក​ក្មេក ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ផារ៉ោន និង​សាសន៍​អេស៊ីព្ទ ដោយ​យល់​ដល់​អ៊ីស្រា‌អែល ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ និង​ពី​ដំណើរ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​ពួក‌គេ​ឲ្យ​រួច។ លោក​យេត្រូ​ក៏​មាន​ចិត្ត​ត្រេក​អរ​ចំពោះ​ការ​ល្អទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​អ៊ីស្រា‌អែល ដោយ​ព្រះ‌អង្គ​បាន​ជួយ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ។ លោក​យេត្រូ​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សាសន៍​អេស៊ីព្ទ និង​ពី​កណ្ដាប់​ដៃ​របស់​ផារ៉ោន។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ធំ​លើស​អស់​ទាំង​ព្រះ ព្រោះ​ព្រះ‌អង្គ​បាន​រំដោះ​ប្រជា‌ជន​នេះ ឲ្យ​រួច​ពី​អំណាច​សាសន៍​អេស៊ីព្ទ នៅ​ពេល​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​ប្រជាជន​នេះ​ដោយ​ព្រហើន»។ លោក​យេត្រូជា​ឪពុក​ក្មេករបស់​លោក​ម៉ូសេ​យក​តង្វាយ​ដុត និង​យញ្ញ‌បូជា​ថ្វាយ​ដល់​ព្រះ ហើយ​លោក​អើរ៉ុន និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​បរិ‌ភោគ​ភោជនា‌ហារ​ជា‌មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។ លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន ឯ​ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។ កាល​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​សម្រាប់​ប្រជា‌ជន គាត់​ក៏​សួរ​ថា៖ «តើ​កូន​ធ្វើ​អ្វី​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​តែ​ម្នាក់​ឯង ហើយ​ប្រជា‌ជន​ឈរ​នៅ​ចំពោះ​មុខ តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ?» លោក​ម៉ូសេ​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា៖ «ព្រោះ​គេ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ។ កាល​ណា​គេ​មាន​រឿង​អ្វី គេ​តែង​តែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​ក៏ដោះ​ស្រាយ​រឿង​ឲ្យ​ពួក‌គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​បញ្ញត្តិ និង​ច្បាប់​របស់​ព្រះ»។ ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ថា៖ «អ្វី​ដែល​កូន​កំពុង​ធ្វើ​នេះ មិន​ល្អ​ទេ។ ដ្បិត​កូន​នឹង​ថយ​កម្លាំង​ទៅ ព្រម​ទាំង​ប្រជា‌ជន​ដែល​នៅ​ជា‌មួយ​កូន​ទៀត​ដែរ ព្រោះ​ការ​នេះ​ធ្ងន់​ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ។ ឥឡូវ​នេះ ចូរ​ស្តាប់​ពុក​សិន ពុក​នឹង​ទូន្មាន​កូន ក៏​សូម​ឲ្យ​ព្រះ​គង់​ជា‌មួយ​កូន​ផង! កូន​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជា‌ជន​នៅ​ចំពោះ​ព្រះ ហើយ​យក​រឿង​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ ត្រូវ​បង្រៀន​គេ​អំពី​បញ្ញត្តិ និង​ច្បាប់ទាំង​ឡាយ ហើយ​បង្ហាញ​គេ​ឲ្យ​ស្គាល់​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ និង​កិច្ច​ការ​ដែល​គេ​ត្រូវ​ធ្វើ។ កូន​ត្រូវ​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត​ខ្លាច​ព្រះ​ក្នុង​ចំណោម​ប្រជា​ជន ជា​មនុស្ស​ទៀង​ត្រង់ ស្អប់​ការ​ស៊ី​សំណូក ហើយ​ត្រូវ​តែង​តាំង​មនុស្ស​យ៉ាង​នោះឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជាជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។ ត្រូវ​ឲ្យ​អ្នក​ទាំង​នោះ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា ឯ​អស់​ទាំង​រឿង​ណា​ធំ​ៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​កូន តែ​បើ​រឿង​តូច​តាច ត្រូវ​ឲ្យ​គេ​កាត់​ក្ដី​ដោយ​ខ្លួន​គេ​ទៅ។ ធ្វើ​ដូច្នោះ​កូន​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​ជួយ​រំលែក​បន្ទុក​របស់​កូន។ ប្រសិន‌បើ​កូន​ព្រម​ធ្វើ​ដូច្នេះ ហើយ​ព្រះ‌ទ្រង់​ក៏​បង្គាប់​កូន​ផង នោះ​កូន​អាច​នឹង​ស្ថិត‌ស្ថេរ​បាន ហើយ​ប្រជា‌ជន​ទាំង​នេះ​នឹង​ត្រឡប់​ទៅ​កន្លែង​របស់​គេ​វិញ​ដោយ​សុខ‌សាន្ត»។ លោក​ម៉ូសេ​ក៏​ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​មាន​ប្រសាសន៍។ លោក​ម៉ូសេ​រើស​យក​មនុស្ស​ដែល​ប៉ិន‌ប្រសប់ ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ រួច​តែង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​លើ​បណ្ដា​‌ជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។ អ្នក​ទាំង​នោះ​‌កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា ឯ​រឿង‌រ៉ាវ​ណា​ពិបាកៗ គេ​យក​មក​ដល់​លោក​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​តូចតាច គេ​កាត់​ក្ដី​ដោយ​ខ្លួន​គេ។ បន្ទាប់​មក លោក​ម៉ូសេ និង​ឪពុក​ក្មេកក៏​លា​គ្នា ហើយ​លោក​យេត្រូ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។

ចែក​រំលែក
អាន និក្ខមនំ 18

និក្ខមនំ 18:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យេត្រូ​ជា​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ឮ​គេ​និយាយ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ចំពោះ​លោក​ម៉ូសេ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ លោក​យេត្រូ ជា​ឪពុក​ក្មេក ក៏​នាំ​លោក​ស្រី​សេផូ‌រ៉ា ជា​ភរិយា​របស់​លោក​ម៉ូសេ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់​មក​ជា​មួយ​ដែរ។ កូន​ប្រុស​ច្បង​ឈ្មោះ គើ‌សម ដ្បិត​លោក​ម៉ូសេ​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។ ចំណែក​កូន​ប្អូន មាន​ឈ្មោះ​ថា​អេលា‌ស៊ើរ ដ្បិត​លោក​ម៉ូសេ​គិត​ថា ព្រះ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ព្រះអង្គ​បាន​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​មុខ​ដាវ​របស់​ស្ដេច​ផារ៉ោន។ លោក​យេត្រូ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ បាន​ធ្វើ​ដំណើរ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ និង​ភរិយា​របស់​លោក​ម៉ូសេ ដើម្បី​មក​ជួប​លោក​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។ លោក​យេត្រូ​ឲ្យ​គេ​មក​ប្រាប់​លោក​ម៉ូសេ​ថា៖ «ខ្ញុំ​ជា​ឪពុក​ក្មេក បាន​នាំ​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ មក​ជួប​លោក»។ លោក​ម៉ូសេ​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ទាំង​ក្រាប​សំពះ​លោក ហើយ​ថើប​លោក​ទៀត​ផង។ ពួក​គេ​សួរ​សុខ​ទុក្ខ​គ្នា រួច​ចូល​ទៅ​ក្នុង​ជំរំ។ លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ឪពុក​ក្មេក​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ចំពោះ​ព្រះចៅ​ផារ៉ោន និង​ជន‌ជាតិ​អេស៊ីប ដើម្បី​ជួយ​អ៊ីស្រា‌អែល។ លោក​ក៏​រៀប​រាប់​អំពី​ការ​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។ លោក​យេត្រូ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ដើម្បី​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ លោក​ពោល​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ស្ដេច​ផារ៉ោន។ ឥឡូវ​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ​ឧត្ដម​លើស​ព្រះ​ទាំង​អស់ គឺ​ព្រះអង្គ​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ពេល​ដែល​ជន‌ជាតិ​អេស៊ីប​ជិះ‌ជាន់​សង្កត់‌សង្កិន»។ លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ យក​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​ឯ​ទៀតៗ​ថ្វាយ​ព្រះ‌ជាម្ចាស់។ លោក​អើរ៉ុន និង​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​នាំ​គ្នា​បរិភោគ​អាហារ​ជា​មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដែរ។ លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន។ ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។ ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​ចំពោះ​ប្រជា‌ជន គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​កាត់​ក្ដី​តែ​ម្នាក់​ឯង ទុក​ឲ្យ​ប្រជា‌ជន​ឈរ​ចាំ​នៅ​មុខ​កូន តាំង​ពី​ព្រឹក​ដល់​ល្ងាច​បែប​នេះ?»។ លោក​ម៉ូសេ​តប​ទៅ​គាត់​វិញ​ថា៖ «ប្រជា‌ជន​ទាំង​នេះ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់។ នៅ​ពេល​មាន​វិវាទ​នឹង​គ្នា ពួក​គេ​មក​រក​ខ្ញុំ។ ខ្ញុំ​ដោះ​ស្រាយ​រឿង​ពួក​គេ ហើយ​ណែ‌នាំ​ពួក​គេ​ឲ្យ​ស្គាល់​ច្បាប់ និង​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌ជាម្ចាស់»។ ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ទៀត​ថា៖ «របៀប​ដែល​កូន​ធ្វើ​នេះ មិន​ល្អ​ទេ! ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កូន និង​ប្រជា‌ជន​ដែល​នៅ​ជា​មួយ​នឿយ‌ហត់​ទាំង​អស់​គ្នា។ ការ‌ងារ​នេះ​ធ្ងន់‌ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​ទេ។ ឥឡូវ​នេះ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ពុក ហើយ​សូម​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​កូន! ចូរ​កូន​ធ្វើ​ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ចូរ​យក​រឿងរ៉ាវ​របស់​ពួក​គេ​ទៅ​ទូល​ថ្វាយ​ព្រះអង្គ។ ចូរ​បង្រៀន​ពួក​គេ អំពី​ច្បាប់ និង​វិន័យ​ទាំង‌ឡាយ ហើយ​បង្ហាញ​មាគ៌ា​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ត្រូវ​ជ្រើស‌រើស​មនុស្ស​ដែល​មាន​សមត្ថ‌ភាព ពី​ក្នុង​ចំណោម​ប្រជា‌ជន ជា​អ្នក​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ ជា​អ្នក​គួរ​ឲ្យ​ទុក​ចិត្ត មិន​ចេះ​ស៊ី​សំណូក។ ចូរ​តែង‌តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។ អ្នក​ទាំង​នោះ​ត្រូវ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ​ឲ្យ​ពួក​គេ​បញ្ជូន​មក​កូន​ចុះ រីឯ​កិច្ចការ​តូច‌តាច ទុក​ឲ្យ​ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង​ទៅ។ ធ្វើ​ដូច្នេះ កូន​អាច​សម្រាល​ការ‌ងារ ដោយ​ឲ្យ​ពួក​គេ​ជួយ​រំលែក​បន្ទុក​របស់​កូន។ ប្រសិន​បើ​កូន​ធ្វើ​បែប​នេះ ហើយ​បើ​កូន​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ នោះ​កូន​នឹង​មាន​កម្លាំង​រឹង‌ប៉ឹង រីឯ​ប្រជា‌ជន​ទាំង​មូល​ក៏​វិល​ត្រឡប់​ទៅ​វិញ ដោយ​សុខ‌សាន្ត​ដែរ»។ លោក​ម៉ូសេ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឪពុក​ក្មេក​ទូន្មាន។ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល លោក​បាន​ជ្រើស‌រើស​មនុស្ស​មាន​សមត្ថ‌ភាព ហើយ​តែង‌តាំង​ពួក​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ប្រជា‌ជន គឺ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។ អ្នក​ទាំង​នោះ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ ពួក​គេ​បញ្ជូន​មក​លោក​ម៉ូសេ រីឯ​កិច្ចការ​តូច‌តាច ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង។ បន្ទាប់​មក លោក​ម៉ូសេ និង​ឪពុក​ក្មេក​លា​គ្នា ហើយ​លោក​យេត្រូ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។

ចែក​រំលែក
អាន និក្ខមនំ 18

និក្ខមនំ 18:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​យេត្រូ ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​ម៉ូសេ កាល​បាន​ឮ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ម៉ូសេ នឹង​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់ ដោយ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​លោក​ក៏​នាំ​នាង​សេផូរ៉ា​ជា​ប្រពន្ធ​ម៉ូសេ ដែល​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅ​ជា​មួយ ព្រម​ទាំង​កូន​របស់​នាង​ទាំង​២​ដែរ គឺ​១​ឈ្មោះ​គើសំម ដ្បិត​ម៉ូសេ​នឹក​ថា អញ​នៅ​ប្រទេស​ក្រៅ ហើយ​១​ទៀត​ឈ្មោះ​អេលា‌ស៊ើរ ដ្បិត​លោក​ថា ព្រះ​នៃ​ឪពុក​អញ​ទ្រង់​បាន​ជួយ​អញ ក៏​បាន​ដោះ​អញ​ឲ្យ​រួច​ពី​ដាវ​របស់​ផារ៉ោន​ផង យេត្រូ ឪពុក​ក្មេក​ម៉ូសេ នឹង​កូន​ទាំង​២ ព្រម​ទាំង​ប្រពន្ធ​ម៉ូសេ ក៏​នាំ​គ្នា​មក​ឯ​លោក​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​ដំឡើង​ត្រសាល​នៅ​ជើង​ភ្នំ​នៃ​ព្រះ យេត្រូ​ក៏​ផ្តាំ​ទៅ​ម៉ូសេ​ថា អញ យេត្រូ​ជា​ឪពុក​ក្មេក​ឯង​បាន​មក​ដល់​ហើយ បាន​នាំ​ទាំង​ប្រពន្ធ នឹង​កូន​ឯង​ទាំង​២​មក​ជា​មួយ​ផង ដូច្នេះ​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក៏​ក្រាប​សំពះ​ហើយ​ថើប​លោក រួច​លោក​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​សេចក្ដី​សុខ​ទុក្ខ ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល ឯ​ម៉ូសេ​លោក​ចាប់​តាំង​រ៉ាយ‌រឿង​ប្រាប់​ឪពុក​ក្មេក ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន នឹង​សាសន៍​អេស៊ីព្ទ ដោយ​ទ្រង់​យល់​ដល់​ពួក​អ៊ីស្រាអែល នឹង​ពី​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ ហើយ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ឲ្យ​រួច​ទាំង​អស់ យេត្រូ​ក៏​មាន​សេចក្ដី​អំណរ ដោយ​អស់​ទាំង​សេចក្ដី​ល្អ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​អ៊ីស្រាអែល ដោយ​ទ្រង់​បាន​ជួយ​ឲ្យ​គេ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ នឹង​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ព្រម​ទាំង​បណ្តាជន ឲ្យ​រួច​ពី​ក្រោម​អំណាច​សាសន៍​អេស៊ីព្ទ​ផង ឥឡូវ​នេះ អញ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​លើស​អស់​ទាំង​ព្រះ ដ្បិត​ទ្រង់​បាន​ឈ្នះ​ក្នុង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​ព្រហើន​ចំពោះ​ឯង​រាល់​គ្នា រួច​យេត្រូ​ជា​ឪពុក​ក្មេក​ម៉ូសេ លោក​យក​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទៅ​ថ្វាយ​ដល់​ព្រះ ហើយ​អើរ៉ុន នឹង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ក៏​មក​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ឪពុក​ក្មេក​របស់​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។ ដល់​ថ្ងៃ​ស្អែក​ឡើង ម៉ូសេ​អង្គុយ​ជំនុំ‌ជំរះ​រឿង​ឲ្យ​បណ្តាជន​ទាំង‌ឡាយ ឯ​បណ្តាជន​ទាំង​អស់​ក៏​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច កាល​ឪពុក​ក្មេក​ម៉ូសេ បាន​ឃើញ​អស់​ទាំង​ការ​ដែល​លោក​ធ្វើ​សំរាប់​ពួក​បណ្តាជន​ដូច្នោះ នោះ​ក៏​សួរ​ថា តើ​ឯង​ធ្វើ​អ្វី​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អង្គុយ​តែ​ម្នាក់​ឯង ហើយ​បណ្តាជន​គេ​ឈរ​នៅ​ចំពោះ​មុខ​ឯង​តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ ម៉ូសេ​ក៏​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា ពី​ព្រោះ​គេ​មក​ឯ​ខ្ញុំ ដើម្បី​ទូល​សួរ​ដល់​ព្រះ កាល​ណា​គេ​មាន​រឿង​អ្វី នោះ​គេ​តែង​មក​ឯង​ខ្ញុំ ហើយ​ខ្ញុំ​វិនិច្ឆ័យ​ឲ្យ​គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​សេចក្ដី​បញ្ញត្ត នឹង​ច្បាប់​របស់​ព្រះ​ផង ឪពុក​ក្មេក​ម៉ូសេ​ក៏​និយាយ​ថា ដែល​ឯង​ធ្វើ​ដូច្នោះ នោះ​មិន​ស្រួល​ទេ ដ្បិត​យ៉ាង​នោះ​ឯង​នឹង​ថយ​កំឡាំង​ទៅ ព្រម​ទាំង​កំឡាំង​នៃ​បណ្តាជន​ដែល​នៅ​ជា​មួយ​នឹង​ឯង​ផង ពី​ព្រោះ​ការ​នេះ​ហួស​កំឡាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ ឥឡូវ​នេះ ចូរ​ស្តាប់​សិន អញ​នឹង​ទូន្មាន​ឯង​បន្តិច ក៏​សូម​ឲ្យ​ព្រះ​គង់​ជា​មួយ​នឹង​ឯង​ផង គឺ​ឲ្យ​ឯង​បាន​ឈរ​ជា​ជំនួស​បណ្តាជន​ទាំង‌ឡាយ​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​នាំ​រឿង​គេ​ទាំង​ប៉ុន្មាន​ទៅ​ទូល​ដល់​ទ្រង់ ហើយ​ឯង​នឹង​បង្រៀន​អស់​ទាំង​សេចក្ដី​បញ្ញត្ត នឹង​ច្បាប់​ដល់​គេ ទាំង​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ នឹង​ការ​ដែល​គេ​ត្រូវ​ធ្វើ​ដែរ ត្រូវ​ឲ្យ​ឯង​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ព្រះ​ក្នុង​ពួក​ជន ជា​មនុស្ស​ទៀង​ត្រង់​ដែល​ស្អប់​ការ​សំណូក ហើយ​ត្រូវ​តាំង​មនុស្ស​ទាំង​នោះ​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ជន​ទាំង‌ឡាយ ឲ្យ​គេ​ធ្វើ​ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ផង ឲ្យ​អ្នក​ទាំង​នោះ​ជំនុំ‌ជំរះ​ពួក​ជន​ជា​ដរាប ឯ​អស់​ទាំង​រឿង​ណា​ធំៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​ឯង តែ​បើ​ជា​រឿង​តូចៗ​ទេ ត្រូវ​ឲ្យ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​បាន​ជា​ជំនួយ​ដល់​ឯង បើ​ឯង​ព្រម​ធ្វើ​ដូច្នោះ ហើយ​ព្រះ‌ទ្រង់​ក៏​បង្គាប់​ផង នោះ​ឯង​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន ហើយ​បណ្តាជន​នេះ​នឹង​បាន​ទៅ​ដល់​កន្លែង​គេ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា​ដែរ។ ម៉ូសេ​លោក​ក៏​ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​ដែល​លោក​ថា​ទាំង​ប៉ុន្មាន គឺ​លោក​រើស​យក​មនុស្ស ដែល​ប៉ិន‌ប្រសប់​ក្នុង​ពួក​អ៊ីស្រាអែល​ទាំង​អស់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តាជន​ទាំង‌ឡាយ ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ដូច្នោះ អ្នក​ទាំង​នោះ​ក៏​ជំនុំ‌ជំរះ​ពួក​ជន​ជា​ដរាប​ទៅ គេ​នាំ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​ពិបាកៗ​មក​ដល់​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​តូចៗ នោះ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​វិញ រួច​ម៉ូសេ​បញ្ជូន​ឲ្យ​ឪពុក​ក្មេក​ទៅ នោះ​លោក​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ។

ចែក​រំលែក
អាន និក្ខមនំ 18