និក្ខមនំ 15:4-12
និក្ខមនំ 15:4-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានបោះអស់ទាំងរទេះ និងកងទ័ពរបស់ផារ៉ោនទៅក្នុងសមុទ្រ ពួកមេទ័ពជម្រើសរបស់ស្ដេច ក៏បានលង់ក្នុងសមុទ្រក្រហម ។ ទឹកសមុទ្របានគ្របគេបាត់ គេបានធ្លាក់ចុះទៅដល់បាតសមុទ្រ ដូចជាដុំថ្ម។ ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គមានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គបានបំបាក់សត្រូវខ្ទេចខ្ទី។ ព្រះអង្គបានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងព្រះអង្គ ដោយឫទ្ធានុភាពដ៏ធំរបស់ព្រះអង្គ ព្រះអង្គបានបញ្ចេញសេចក្ដីក្រោធរបស់ព្រះអង្គ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចភ្លើងឆេះជញ្ជ្រាំង។ ដោយសារកម្លាំងខ្យល់ពីព្រះនាសាព្រះអង្គ ទឹកក៏ឈរឡើងជាគំនរ ទឹកធំបានពូនឡើងដូចកំផែង អស់ទាំងទីជម្រៅក៏បានកកខះនៅបាតសមុទ្រ។ ខ្មាំងសត្រូវពោលថា "អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ"។ តែព្រះអង្គបានផ្លុំដោយខ្យល់ដង្ហើមរបស់ព្រះអង្គ នោះសមុទ្របានគ្របគេបាត់ គេលិចចុះទៅក្នុងទឹកធំ ដូចជាដុំសំណ។ ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ? ព្រះអង្គបានលើកព្រះហស្តស្តាំឡើង នោះផែនដីក៏ស្រូបគេបាត់ទៅ។
និក្ខមនំ 15:4-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានធ្វើឲ្យរទេះចម្បាំង និងកងទ័ពរបស់ស្ដេចផារ៉ោន វិនាសនៅក្នុងសមុទ្រ។ នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីប បានលង់ក្នុងសមុទ្រកក់។ ទឹកសមុទ្រក៏គ្របពីលើពួកគេ ពួកគេធ្លាក់ទៅក្នុងបាតសមុទ្រ ដូចដុំថ្ម។ ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមី ដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវ ដោយព្រះបារមីរបស់ព្រះអង្គ។ ព្រះអង្គប្រកបដោយព្រះចេស្ដា រុងរឿងក្រៃលែង ព្រះអង្គផ្ដួលរំលំអស់អ្នកប្រឆាំងនឹងព្រះអង្គ។ ពេលព្រះពិរោធរបស់ព្រះអង្គឆាបឆេះឡើង នោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។ ពេលខ្យល់របស់ព្រះអង្គបក់បោកមក ផ្ទៃទឹកក៏មកមូលផ្ដុំគ្នា រលកសមុទ្រងើបឡើង ដូចទំនប់ទឹកដែលនៅទីជម្រៅ ក៏មកកកកុញនៅបាតសមុទ្រដែរ។ ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ ខ្ញុំនឹងតាមគេទាន់ ខ្ញុំនឹងទទួលចំណែកជយភណ្ឌ យ៉ាងបរិបូណ៌ហូរហៀរ ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។ ព្រះអង្គបានផ្លុំខ្យល់ ធ្វើឲ្យទឹកសមុទ្រ គ្របទៅលើពួកគេ! ពួកគេលិចទៅក្នុងមហាសាគរ ដូចជាដុំសំណ។ ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹង ព្រះអង្គបាន? តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។ ព្រះអង្គជាព្រះគួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ព្រះអង្គសម្តែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។ ពេលព្រះអង្គលើកព្រះហស្ដស្ដាំឡើង ដីក៏ស្រូបខ្មាំងសត្រូវបាត់អស់ទៅ។
និក្ខមនំ 15:4-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានបោះអស់ទាំងរទេះ នឹងពលទ័ពរបស់ផារ៉ោនចោលទៅក្នុងសមុទ្រ ឯពួកមេទ័ពជ្រើសរើសទាំងប៉ុន្មាន ក៏បានលង់ទៅក្នុងសមុទ្រក្រហម អស់ទាំងទីជំរៅបានគ្របគេបាត់ គេបានចុះទៅដល់បាតសមុទ្រដូចជាថ្ម ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់មានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់បានបោកពួកខ្មាំងសត្រូវខ្ទេចខ្ទីហើយ គឺទ្រង់បានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ ដោយឫទ្ធានុភាពដ៏ជាធំរបស់ទ្រង់ ទ្រង់បានបញ្ចេញសេចក្ដីក្រោធនៃទ្រង់ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចជាភ្លើងឆេះជញ្ជ្រាំង ហើយដោយសារកំឡាំងខ្យល់ពីព្រះនាសាទ្រង់ នោះទឹកត្រូវគរជាគំនរឡើង ទឹកធំបានពូនឡើងដូចជាកំផែង អស់ទាំងទីជំរៅក៏បានកកខះនៅនាសមុទ្រ ឯពួកខ្មាំងសត្រូវ គេនិយាយថា អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ តែទ្រង់បានផ្លុំដោយខ្យល់ដង្ហើមទ្រង់ នោះសមុទ្រក៏គ្របលើគេវិញ ហើយគេត្រូវលិចចុះទៅក្នុងទឹកធំដូចជាសំណ ឱព្រះយេហូវ៉ាអើយ តើមានព្រះឯណាឲ្យដូចទ្រង់ តើមានអ្នកឯណាដែលមានសេចក្ដីបរិសុទ្ធដ៏វិសេសដូចទ្រង់ ដែលគួរសរសើរដំកើង ហើយក៏ធ្វើការអស្ចារ្យផង ទ្រង់បានលើកព្រះហស្តស្តាំឡើង នោះដីក៏ស្រូបគេបាត់ទៅ