និក្ខមនំ 15:1-5
និក្ខមនំ 15:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកម៉ូសេ និងកូនចៅអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានផ្តួល ទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ។ ព្រះយេហូវ៉ា ជាកម្លាំងរបស់ខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀង ព្រះអង្គបានសង្គ្រោះខ្ញុំ ហើយជាព្រះរបស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គ ជាព្រះនៃឪពុករបស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងព្រះអង្គ។ ព្រះយេហូវ៉ាជាអ្នកចម្បាំង ព្រះអង្គមានព្រះនាមថាព្រះយេហូវ៉ា។ ព្រះអង្គបានបោះអស់ទាំងរទេះ និងកងទ័ពរបស់ផារ៉ោនទៅក្នុងសមុទ្រ ពួកមេទ័ពជម្រើសរបស់ស្ដេច ក៏បានលង់ក្នុងសមុទ្រក្រហម ។ ទឹកសមុទ្របានគ្របគេបាត់ គេបានធ្លាក់ចុះទៅដល់បាតសមុទ្រ ដូចជាដុំថ្ម។
និក្ខមនំ 15:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេ និងជនជាតិអ៊ីស្រាអែល នាំគ្នាច្រៀងថ្វាយព្រះអម្ចាស់ដូចតទៅ៖ ទូលបង្គំច្រៀងថ្វាយព្រះអម្ចាស់ ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់ ព្រះអង្គបានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ! ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះទូលបង្គំ ព្រះអង្គជាព្រះរបស់ទូលបង្គំ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ។ ព្រះអង្គជាព្រះនៃឪពុករបស់ទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះអង្គ។ ព្រះអម្ចាស់ជាវីរបុរសដ៏អង់អាច ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។ ព្រះអង្គបានធ្វើឲ្យរទេះចម្បាំង និងកងទ័ពរបស់ស្ដេចផារ៉ោន វិនាសនៅក្នុងសមុទ្រ។ នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីប បានលង់ក្នុងសមុទ្រកក់។ ទឹកសមុទ្រក៏គ្របពីលើពួកគេ ពួកគេធ្លាក់ទៅក្នុងបាតសមុទ្រ ដូចដុំថ្ម។
និក្ខមនំ 15:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចពីនោះមក ម៉ូសេ នឹងពួកកូនចៅអ៊ីស្រាអែល ក៏នាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម ទ្រង់បានផ្តួលទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ ព្រះយេហូវ៉ាទ្រង់ជាកំឡាំងនៃខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀងផង ទ្រង់បានជួយសង្គ្រោះខ្ញុំ ហើយជាព្រះនៃខ្ញុំ ឯខ្ញុំនឹងលើកសរសើរដល់ទ្រង់ គឺជាព្រះនៃឪពុកខ្ញុំៗនឹងដំកើងទ្រង់ ព្រះយេហូវ៉ាទ្រង់ជាអ្នកចំបាំង ព្រះនាមទ្រង់ជាព្រះយេហូវ៉ា ទ្រង់បានបោះអស់ទាំងរទេះ នឹងពលទ័ពរបស់ផារ៉ោនចោលទៅក្នុងសមុទ្រ ឯពួកមេទ័ពជ្រើសរើសទាំងប៉ុន្មាន ក៏បានលង់ទៅក្នុងសមុទ្រក្រហម អស់ទាំងទីជំរៅបានគ្របគេបាត់ គេបានចុះទៅដល់បាតសមុទ្រដូចជាថ្ម