និក្ខមនំ 15:1-27

និក្ខមនំ 15:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​ម៉ូសេ និង​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​យ៉ាង​ត្រចះ​ត្រចង់ ព្រះ‌អង្គ​បាន​ផ្តួល ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ។ ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះរបស់​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ជា​ព្រះ​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ជា​អ្នក​ចម្បាំង ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា​ព្រះ‌យេហូវ៉ា។ ព្រះ‌អង្គ​បាន​បោះ​អស់​ទាំង​រទេះ និង​កង​‌ទ័ព​របស់​ផារ៉ោន​ទៅ​ក្នុង​សមុទ្រ ពួក​មេ‌ទ័ព​ជម្រើស​របស់​ស្ដេច ក៏​បាន​លង់​ក្នុង​សមុទ្រ​ក្រហម ។ ទឹក​សមុទ្រ​បាន​គ្រប​គេ​បាត់ គេ​បាន​ធ្លាក់​ចុះ​ទៅ​ដល់​បាត​សមុទ្រ ដូច​ជា​ដុំ​ថ្ម។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​បំបាក់​សត្រូវ​ខ្ទេច‌ខ្ទី។ ព្រះ‌អង្គ​បាន​រំលំ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ ដោយ​ឫទ្ធា‌នុភាព​ដ៏​ធំ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បញ្ចេញ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សេចក្ដី​ក្រោធ​នោះ​បាន​បញ្ឆេះ​គេ​ដូច​ភ្លើង​ឆេះ​ជញ្ជ្រាំង។ ដោយ‌សារ​កម្លាំង​ខ្យល់​ពី​ព្រះ‌នាសា​ព្រះ‌អង្គ ទឹក​ក៏​ឈរ​ឡើង​ជា​គំនរ ទឹក​ធំ​បាន​ពូន​ឡើង​ដូច​កំផែង អស់​ទាំង​ទី​ជម្រៅ​ក៏​បាន​កក​ខះ​នៅ​បាត​សមុទ្រ។ ខ្មាំង​សត្រូវ​ពោល​ថា "អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ"។ តែ​ព្រះ‌អង្គ​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​របស់​ព្រះ‌អង្គ នោះ​សមុទ្រ​បាន​គ្រប​គេ​បាត់ គេ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ ដូចជា​ដុំ​សំណ។ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ តើ​មាន​អ្នក​ណា ដែល​មាន​ភាព​បរិសុទ្ធ​ដ៏​វិសេស​ដូច​ព្រះ‌អង្គ ដែល​គួរ​សរសើរ​តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ? ព្រះ‌អង្គ​បាន​លើក​ព្រះ‌ហស្ត​ស្តាំ​ឡើង នោះ​ផែន​ដី​ក៏​ស្រូប​គេ​បាត់​ទៅ។ ដោយ‌សារ​ព្រះ​ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ ដែល​ព្រះ‌អង្គ​បាន​ប្រោស​លោះ គឺ​បាន​នាំ​គេ​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​ដោយ​ព្រះ​បារមី។ គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ញាប់‌ញ័រ ឯ​សាសន៍​ភីលី‌ស្ទីន​ក៏​មាន​សេចក្ដី​ភ័យ​ខ្លាច។ ពួក​មេ​នៃ​សាសន៍​អេដុម​មាន​សេចក្ដី​ភាន់​ភាំង ពួក​ខ្លាំង​ពូកែ​នៅ​ស្រុក​ម៉ូអាប់​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​មនុស្ស​ទាំង​អស់ ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត។ សេចក្ដី​ស្ញែង‌ខ្លាច និង​សេចក្ដី​ថប់​បារម្ភ​គ្រប​សង្កត់​លើ​គេ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​ភាព​អស្ចារ្យ​នៃ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ឆ្លង​ផុត ឱ​ព្រះ‌យេហូវ៉ាអើយ គឺ​ទាល់​តែ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ឆ្លង​ផុត។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ ជា​មត៌ក​របស់​ព្រះ‌អង្គ ជា​កន្លែង​ដែល​ព្រះ‌អង្គ​រៀបចំ​ទុក ជា​ទី​លំនៅ​របស់​ព្រះ‌អង្គ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សាង។ ព្រះ‌យេហូវ៉ា​នឹង​សោយ​រាជ្យ​ជា​រៀង​រហូត អស់​កល្ប​ជា‌និច្ច»។ ដ្បិត​អស់​ទាំង​សេះ​របស់​ផារ៉ោន បាន​ចូល​ទៅ​ក្នុង​សមុទ្រ នាំ​យក​ទាំង​រទេះ និង​ពល​សេះ​របស់​ស្ដេច​ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​មក​គ្រប​លើ​គេ តែ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​កណ្ដាល​សមុទ្រ តាម​ដី​គោក​វិញ។ ពេល​នោះ ហោរា​ម៉ារាម បង​ស្រី​របស់​លោក​អើរ៉ុន យក​ក្រាប់​មក​កាន់​នៅ​ដៃ ហើយ​ស្ត្រី​ទាំង​អស់​ក៏​ចេញ​ទៅ​តាម ទាំង​បន្ទរ​ក្រាប់ ហើយ​លោត​កញ្ឆេង។ លោក​ស្រី​ម៉ារាម​ក៏​ច្រៀង​ឆ្លើយ​នឹង​គេ​ថា៖ «ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​យ៉ាង​ត្រចះ​ត្រចង់ ព្រះ‌អង្គ​បាន​បោះ​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ»។ បន្ទាប់​មក លោក​ម៉ូសេ​ក៏​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​សមុទ្រ​ក្រហម ហើយ​គេ​ធ្វើ​ដំណើរ​ចូល​ទៅ​ទី​រហោ‌ស្ថាន​ស៊ើរ។ គេ​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​បី​ថ្ងៃ ហើយ​មិន​ឃើញ​មាន​ទឹក​សោះ។ កាល​គេ​ទៅ​ដល់​ម៉ារ៉ា​ហើយ ក៏​ផឹក​ទឹក​ម៉ារ៉ា​មិន​បាន ដ្បិត​ទឹក​នោះ​ល្វីង ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "ម៉ារ៉ា" ។ បណ្ដា‌ជន​ក៏​ត្អូញ‌ត្អែរ​ដាក់​លោក​ម៉ូសេ​ថា៖ «តើ​យើង​បាន​អ្វី​ផឹក?» លោក​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ក៏​បង្ហាញ​ឲ្យ​លោក​ឃើញ​ឈើ​មួយ​កំណាត់ លោក​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ត្រឡប់​ទៅ​ជា​សាប​វិញ។ នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ច្បាប់ និង​បញ្ញត្តិ​សម្រាប់​គេ ហើយ​ព្រះ‌អង្គ​ក៏​ល្បង​ល​គេ​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ព្រះ​សូរ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ​នេត្រ​ព្រះ‌អង្គ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បទ​បញ្ជា​ព្រះ‌អង្គ ក៏​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​យើង​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​សាសន៍​អេស៊ីព្ទ​ឡើយ ដ្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​ជា»។ បន្ទាប់​មក គេ​ក៏​ទៅ​ដល់​អេលីម ជា​ទី​ដែល​មាន​ក្បាល​ទឹក​ដប់ពីរ មាន​ដើម​លម៉ើ​ចិតសិប​ដើម ហើយ​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ ក្បែរ​មាត់​ទឹក។

ចែក​រំលែក
អាន និក្ខមនំ 15

និក្ខមនំ 15:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ ទូលបង្គំ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ព្រះអង្គ​មាន​ជ័យ‌ជម្នះ​ដ៏​ត្រចះ‌ត្រចង់ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ! ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។ ព្រះ‌អម្ចាស់​ជា​វីរ‌បុរស​ដ៏​អង់‌អាច ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​រទេះ​ចម្បាំង និង​កង‌ទ័ព​របស់​ស្ដេច​ផារ៉ោន វិនាស​នៅ​ក្នុង​សមុទ្រ។ នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន‌ជាតិ​អេស៊ីប បាន​លង់​ក្នុង​សមុទ្រ​កក់។ ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេ ពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។ ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​មាន​ព្រះ‌បារមី ដ៏​ថ្កុំ‌ថ្កើង​អស្ចារ្យ! ព្រះអង្គ​កម្ទេច​ខ្មាំង​សត្រូវ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា រុងរឿង‌ក្រៃ‌លែង ព្រះអង្គ​ផ្ដួល​រំលំ​អស់​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ។ ពេល​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ឆាប‌ឆេះ​ឡើង នោះ​ពួក​គេ​ត្រូវ​ឆេះ ដូច​ភ្លើង​ឆេះ​គំនរ​ចំបើង។ ពេល​ខ្យល់​របស់​ព្រះអង្គ​បក់​បោក​មក ផ្ទៃ​ទឹក​ក៏​មក​មូល​ផ្ដុំ​គ្នា រលក​សមុទ្រ​ងើប​ឡើង ដូច​ទំនប់​ទឹក​ដែល​នៅ​ទី​ជម្រៅ ក៏​មក​កក‌កុញ​នៅ​បាត​សមុទ្រ​ដែរ។ ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជយ‌ភណ្ឌ យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។ ព្រះអង្គ​បាន​ផ្លុំ​ខ្យល់ ធ្វើ​ឲ្យ​ទឹក​សមុទ្រ គ្រប​ទៅ​លើ​ពួក​គេ! ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។ ព្រះ‌អម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹង ព្រះអង្គ​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏វិសុទ្ធ​ដូច​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង គួរ​សរសើរ​តម្កើង ព្រះអង្គ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ដ៏​អស្ចារ្យ។ ពេល​ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ស្ដាំ​ឡើង ដី​ក៏​ស្រូប​ខ្មាំង​សត្រូវ​បាត់​អស់​ទៅ។ ព្រះអង្គ​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ! ហើយ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​ប្រើ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ នាំ​ពួក​គេ​ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់ ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ពេល​ឮ​ដំណឹង​នេះ ជាតិ​សាសន៍​នានា​ភ័យ​ញ័រ អ្នក​ស្រុក​ភីលីស្ទីន​នាំ​គ្នា​ភ័យ​តក់‌ស្លុត មេ‌ទ័ព​របស់​ស្រុក​អេដុម​នាំ​គ្នា​ញ័រ​រន្ធត់ ទាហាន​ដ៏​អង់‌អាច​នៅ​ស្រុក​ម៉ូអាប់​ភិត‌ភ័យ អ្នក​ស្រុក​កាណាន​ទាំង​អស់​ស្លុត​ស្មារតី។ ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​អើយ ពេល​ឃើញ​ព្រះអង្គ​សម្តែង​ព្រះ‌បារមី​ដ៏​ខ្លាំង‌ក្លា ពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញ រហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ឆ្លង​ផុត គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​ឆ្លង​ផុត​ទៅ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ​ដាក់​លើ ភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​រៀបចំ​សម្រាប់​គង់​នៅ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​សង់​ទីសក្ការៈ​របស់​ព្រះអង្គ​ឡើង ដោយ​ព្រះ‌ហស្ដ​ព្រះអង្គ​ផ្ទាល់។ ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជានិច្ច រហូត​ត​រៀង​ទៅ។ ពេល​ដែល​សេះ​របស់​ស្ដេច​ផារ៉ោន រទេះ​ចម្បាំង និង​កង‌ទ័ព​សេះ ចូល​ទៅ​ក្នុង​សមុទ្រ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ហូរ​មក​វិញ គ្រប​ពី​លើ​ពួក​គេ តែ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើរ​តាម​បាត​សមុទ្រ។ ពេល​នោះ ព្យាកា‌រិនី​ម៉ារាម ដែល​ជា​បង​ស្រី​របស់​លោក​អើរ៉ុន​ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។ លោក​ស្រី​ម៉ារាម​បន្លឺ​សំឡេង​ច្រៀង​ថា៖ «ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ព្រះអង្គ​មាន​ជ័យ‌ជម្នះ​ដ៏​ត្រចះ‌ត្រចង់ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ!»។ លោក​ម៉ូសេ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​សមុទ្រ​កក់ ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ើរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។ លុះ​មក​ដល់​ប្រភព​ទឹក​ម៉ារ៉ា ពួក​គេ​ពុំ​អាច​បរិភោគ​ទឹក​នោះ​បាន​ទេ ពី‌ព្រោះ​ទឹក​នៅ​ម៉ារ៉ា​មាន​រស‌ជាតិ​ល្វីង។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ម៉ារ៉ា”។ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ​ថា៖ «តើ​ពួក​យើង​បាន​អ្វី​ផឹក?»។ លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​បង្ហាញ​ឈើ​មួយ​ប្រភេទ​ដល់​លោក។ លោក​ម៉ូសេ​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​គេ​ក៏​អាច​បរិភោគ​ទឹក​បាន។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​ប្រទាន​ច្បាប់ និង​វិន័យ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​ក៏​បាន​ល្បង‌ល​មើល​ពួក​គេ​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​យើង ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​យល់​ថា​ត្រឹម​ត្រូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រង‌ត្រាប់​ស្ដាប់​បទ‌បញ្ជា និង​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​ជំងឺ​អ្វី​មួយ ដូច​យើង​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​ជា»។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​មក​ដល់​អេលីម។ នៅ​ទី​នោះ មាន​ប្រភព​ទឹក​ចំនួន​ដប់‌ពីរ ព្រម​ទាំង​មាន​លម៉ើ​ចំនួន​ចិត‌សិប​ដើម​ទៀត​ផង។ ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ក្បែរ​មាត់​ទឹក។

ចែក​រំលែក
អាន និក្ខមនំ 15

និក្ខមនំ 15:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ពី​នោះ​មក ម៉ូសេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​ខ្ញុំ ឯ​ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ទ្រង់ គឺ​ជា​ព្រះ​នៃ​ឪពុក​ខ្ញុំៗ​នឹង​ដំកើង​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​ចំបាំង ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បោះ​អស់​ទាំង​រទេះ នឹង​ពល‌ទ័ព​របស់​ផារ៉ោន​ចោល​ទៅ​ក្នុង​សមុទ្រ ឯ​ពួក​មេ‌ទ័ព​ជ្រើស‌រើស​ទាំង​ប៉ុន្មាន ក៏​បាន​លង់​ទៅ​ក្នុង​សមុទ្រ​ក្រហម អស់​ទាំង​ទី​ជំរៅ​បាន​គ្រប​គេ​បាត់ គេ​បាន​ចុះ​ទៅ​ដល់​បាត​សមុទ្រ​ដូច​ជា​ថ្ម ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​បោក​ពួក​ខ្មាំង​សត្រូវ​ខ្ទេច‌ខ្ទី​ហើយ គឺ​ទ្រង់​បាន​រំលំ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់ ដោយ​ឫទ្ធា‌នុភាព​ដ៏​ជា​ធំ​របស់​ទ្រង់ ទ្រង់​បាន​បញ្ចេញ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ សេចក្ដី​ក្រោធ​នោះ​បាន​បញ្ឆេះ​គេ​ដូច​ជា​ភ្លើង​ឆេះ​ជញ្ជ្រាំង ហើយ​ដោយ‌សារ​កំឡាំង​ខ្យល់​ពី​ព្រះ‌នាសា​ទ្រង់ នោះ​ទឹក​ត្រូវ​គរ​ជា​គំនរ​ឡើង ទឹក​ធំ​បាន​ពូន​ឡើង​ដូច​ជា​កំផែង អស់​ទាំង​ទី​ជំរៅ​ក៏​បាន​កក​ខះ​នៅ​នា​សមុទ្រ ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ តែ​ទ្រង់​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​ទ្រង់ នោះ​សមុទ្រ​ក៏​គ្រប​លើ​គេ​វិញ ហើយ​គេ​ត្រូវ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ​ដូច​ជា​សំណ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់ តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់ ដែល​គួរ​សរសើរ​ដំកើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផង ទ្រង់​បាន​លើក​ព្រះ‌ហស្ត​ស្តាំ​ឡើង នោះ​ដី​ក៏​ស្រូប​គេ​បាត់​ទៅ ដោយ‌សារ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នោះ​ទ្រង់​បាន​នាំ​រាស្ត្រ​ដែល​ទ្រង់​លោះ គឺ​បាន​នាំ​គេ​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ព្រះ‌បារមី គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ក៏​ញាប់‌ញ័រ ឯ​ពួក​សាសន៍​ភីលីស្ទីន គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច ពួក​មេ​នៃ​សាសន៍​អេដំម​មាន​សេចក្ដី​ភាន់‌ភាំង អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់​ក៏​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​អស់​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត សេចក្ដី​ស្ញែង‌ខ្លាច​នឹង​សេចក្ដី​ថប់​បារម្ភ​ក៏​គ្រប​សង្កត់​លើ​គេ​ទាំង​អស់ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​អំណាច​ព្រះ‌ហស្ត​ទ្រង់ ទាល់​តែ​រាស្ត្រ​ទ្រង់​បាន​ទៅ​ហួស ឱ​ព្រះ‌យេហូវ៉ា គឺ​ទាល់​តែ​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​បាន​ទៅ​បាត់​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ​ជា​មរដក​របស់​ទ្រង់ ជា​ទី​កន្លែង​ដែល​ទ្រង់​រៀបចំ​ទុក​ជា​ទី​លំនៅ​របស់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ​ដែល​ព្រះ‌ហស្ត​ទ្រង់​បាន​សាង ព្រះ‌យេហូវ៉ា ទ្រង់​នឹង​សោយ‌រាជ្យ ជា​រៀង‌រាប​ត​ទៅ អស់​‌កល្ប​ជានិច្ច ដ្បិត​អស់​ទាំង​សេះ​របស់​ផារ៉ោន បាន​ចូល​ទៅ​ក្នុង​សមុទ្រ នាំ​យក​ទាំង​រទេះ នឹង​ពល​របស់​ទ្រង់​ដែល​ជិះ​ដោយ​ទៅ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​មក​គ្រប​លើ​គេ តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដើរ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ។ ឯ​ហោរា​ម៉ារាម ជា​បង​ស្រី​របស់​អើរ៉ុន នាង​ក៏​យក​ក្រាប់​មក​នៅ​ដៃ ហើយ​បណ្តា​ស្ត្រី​ទាំង​អស់​គ្នា​ក៏​ទៅ​តាម​ទាំង​បន្ទរ​ក្រាប់ ហើយ​លោត‌កញ្ឆេង​កញ្ឆាត់​ផង ម៉ារាម​នាង​ក៏​ទទួល​ពាក្យ​ឆ្លើយ​នឹង​គេ​ថា ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ​ទាំង​អ្នក​ជិះ​ទៅ​ក្នុង​សមុទ្រ។ ម៉ូសេ​ក៏​នាំ​ពួក​អ៊ីស្រាអែល ពី​សមុទ្រ​ក្រហម​ទៅ ហើយ​គេ​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ើរ គេ​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៣​ថ្ងៃ មិន​ឃើញ​មាន​ទឹក​សោះ កាល​គេ​ទៅ​ដល់​ម៉ារ៉ា​ហើយ ក៏​ផឹក​ទឹក​ម៉ារ៉ា​មិន​បាន ដ្បិត​ទឹក​នោះ​ល្វីង​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ម៉ារ៉ា បណ្តាជន​ក៏​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា តើ​យើង​មាន​អ្វី​ផឹក លោក​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា រួច​ទ្រង់​បង្ហាញ​ដើម​ឈើ​១ ឲ្យ​លោក​បោះ​ទៅ​ក្នុង​ទឹក នោះ​ទឹក​ក៏​ត្រឡប់​ទៅ​ជា​សាប​វិញ នៅ​ទី​នោះ​ទ្រង់​បាន​តែង​ជា​ច្បាប់ នឹង​បញ្ញត្ត​សំរាប់​គេ ព្រម​ទាំង​ល្បង​គេ​ដែរ ទ្រង់​មាន​បន្ទូល​ថា បើ​ឯង​រាល់​គ្នា​ប្រុង​នឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​នៃ​ទ្រង់ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បញ្ញត្ត​ទ្រង់ ហើយ​កាន់​តាម​ច្បាប់​ទ្រង់​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​មិន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​ជា​អញ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​ពួក​សាសន៍​អេស៊ីព្ទ​នោះ​ឡើយ ដ្បិត​អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​ដែល​ប្រោស​ឯង​រាល់​គ្នា​ឲ្យ​ជា។ គេ​ក៏​ទៅ​ដល់​អេលីម ជា​ទី​ដែល​មាន​ក្បាល​ទឹក​១២ មាន​លម៉ើ​៧០​ដើម​ផង ហើយ​គេ​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ ជិត​កន្លែង​ទឹក។

ចែក​រំលែក
អាន និក្ខមនំ 15