និក្ខមនំ 15:1-18
និក្ខមនំ 15:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកម៉ូសេ និងកូនចៅអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានផ្តួល ទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ។ ព្រះយេហូវ៉ា ជាកម្លាំងរបស់ខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀង ព្រះអង្គបានសង្គ្រោះខ្ញុំ ហើយជាព្រះរបស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គ ជាព្រះនៃឪពុករបស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងព្រះអង្គ។ ព្រះយេហូវ៉ាជាអ្នកចម្បាំង ព្រះអង្គមានព្រះនាមថាព្រះយេហូវ៉ា។ ព្រះអង្គបានបោះអស់ទាំងរទេះ និងកងទ័ពរបស់ផារ៉ោនទៅក្នុងសមុទ្រ ពួកមេទ័ពជម្រើសរបស់ស្ដេច ក៏បានលង់ក្នុងសមុទ្រក្រហម ។ ទឹកសមុទ្របានគ្របគេបាត់ គេបានធ្លាក់ចុះទៅដល់បាតសមុទ្រ ដូចជាដុំថ្ម។ ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គមានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គបានបំបាក់សត្រូវខ្ទេចខ្ទី។ ព្រះអង្គបានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងព្រះអង្គ ដោយឫទ្ធានុភាពដ៏ធំរបស់ព្រះអង្គ ព្រះអង្គបានបញ្ចេញសេចក្ដីក្រោធរបស់ព្រះអង្គ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចភ្លើងឆេះជញ្ជ្រាំង។ ដោយសារកម្លាំងខ្យល់ពីព្រះនាសាព្រះអង្គ ទឹកក៏ឈរឡើងជាគំនរ ទឹកធំបានពូនឡើងដូចកំផែង អស់ទាំងទីជម្រៅក៏បានកកខះនៅបាតសមុទ្រ។ ខ្មាំងសត្រូវពោលថា "អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ"។ តែព្រះអង្គបានផ្លុំដោយខ្យល់ដង្ហើមរបស់ព្រះអង្គ នោះសមុទ្របានគ្របគេបាត់ គេលិចចុះទៅក្នុងទឹកធំ ដូចជាដុំសំណ។ ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ? ព្រះអង្គបានលើកព្រះហស្តស្តាំឡើង នោះផែនដីក៏ស្រូបគេបាត់ទៅ។ ដោយសារព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នោះព្រះអង្គបាននាំប្រជារាស្ត្រ ដែលព្រះអង្គបានប្រោសលោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធដោយព្រះបារមី។ គ្រប់ទាំងសាសន៍បានឮ ហើយញាប់ញ័រ ឯសាសន៍ភីលីស្ទីនក៏មានសេចក្ដីភ័យខ្លាច។ ពួកមេនៃសាសន៍អេដុមមានសេចក្ដីភាន់ភាំង ពួកខ្លាំងពូកែនៅស្រុកម៉ូអាប់មានសេចក្ដីភ័យញ័រ ហើយមនុស្សទាំងអស់ ដែលនៅស្រុកកាណានក៏ស្លុតចិត្ត។ សេចក្ដីស្ញែងខ្លាច និងសេចក្ដីថប់បារម្ភគ្របសង្កត់លើគេ គេបានទៅជាគ ដូចជាថ្ម ដោយសារភាពអស្ចារ្យនៃព្រះពាហុរបស់ព្រះអង្គ រហូតទាល់តែប្រជារាស្ត្រព្រះអង្គឆ្លងផុត ឱព្រះយេហូវ៉ាអើយ គឺទាល់តែប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុត។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងនាំគេចូលទៅដាំនៅលើភ្នំ ជាមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គរៀបចំទុក ជាទីលំនៅរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធ ដែលព្រះហស្តព្រះអង្គបានសាង។ ព្រះយេហូវ៉ានឹងសោយរាជ្យជារៀងរហូត អស់កល្បជានិច្ច»។
និក្ខមនំ 15:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេ និងជនជាតិអ៊ីស្រាអែល នាំគ្នាច្រៀងថ្វាយព្រះអម្ចាស់ដូចតទៅ៖ ទូលបង្គំច្រៀងថ្វាយព្រះអម្ចាស់ ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់ ព្រះអង្គបានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ! ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះទូលបង្គំ ព្រះអង្គជាព្រះរបស់ទូលបង្គំ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ។ ព្រះអង្គជាព្រះនៃឪពុករបស់ទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះអង្គ។ ព្រះអម្ចាស់ជាវីរបុរសដ៏អង់អាច ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។ ព្រះអង្គបានធ្វើឲ្យរទេះចម្បាំង និងកងទ័ពរបស់ស្ដេចផារ៉ោន វិនាសនៅក្នុងសមុទ្រ។ នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីប បានលង់ក្នុងសមុទ្រកក់។ ទឹកសមុទ្រក៏គ្របពីលើពួកគេ ពួកគេធ្លាក់ទៅក្នុងបាតសមុទ្រ ដូចដុំថ្ម។ ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមី ដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវ ដោយព្រះបារមីរបស់ព្រះអង្គ។ ព្រះអង្គប្រកបដោយព្រះចេស្ដា រុងរឿងក្រៃលែង ព្រះអង្គផ្ដួលរំលំអស់អ្នកប្រឆាំងនឹងព្រះអង្គ។ ពេលព្រះពិរោធរបស់ព្រះអង្គឆាបឆេះឡើង នោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។ ពេលខ្យល់របស់ព្រះអង្គបក់បោកមក ផ្ទៃទឹកក៏មកមូលផ្ដុំគ្នា រលកសមុទ្រងើបឡើង ដូចទំនប់ទឹកដែលនៅទីជម្រៅ ក៏មកកកកុញនៅបាតសមុទ្រដែរ។ ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ ខ្ញុំនឹងតាមគេទាន់ ខ្ញុំនឹងទទួលចំណែកជយភណ្ឌ យ៉ាងបរិបូណ៌ហូរហៀរ ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។ ព្រះអង្គបានផ្លុំខ្យល់ ធ្វើឲ្យទឹកសមុទ្រ គ្របទៅលើពួកគេ! ពួកគេលិចទៅក្នុងមហាសាគរ ដូចជាដុំសំណ។ ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹង ព្រះអង្គបាន? តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។ ព្រះអង្គជាព្រះគួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ព្រះអង្គសម្តែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។ ពេលព្រះអង្គលើកព្រះហស្ដស្ដាំឡើង ដីក៏ស្រូបខ្មាំងសត្រូវបាត់អស់ទៅ។ ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ! ហើយដឹកនាំពួកគេ ព្រះអង្គប្រើព្រះចេស្ដារបស់ព្រះអង្គ នាំពួកគេឆ្ពោះទៅកាន់ព្រះដំណាក់ ដ៏វិសុទ្ធរបស់ព្រះអង្គ។ ពេលឮដំណឹងនេះ ជាតិសាសន៍នានាភ័យញ័រ អ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុត មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។ ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។ ព្រះអម្ចាស់អើយ ពេលឃើញព្រះអង្គសម្តែងព្រះបារមីដ៏ខ្លាំងក្លា ពួកគេភាំងស្មារតី និយាយលែងចេញ រហូតទាល់តែប្រជារាស្ត្ររបស់ព្រះអង្គឆ្លងផុត គឺប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុតទៅ។ ព្រះអម្ចាស់អើយ ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គទៅដាក់លើ ភ្នំដែលជាចំណែកមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គបានរៀបចំសម្រាប់គង់នៅ។ ព្រះអម្ចាស់អើយ ព្រះអង្គបានសង់ទីសក្ការៈរបស់ព្រះអង្គឡើង ដោយព្រះហស្ដព្រះអង្គផ្ទាល់។ ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច រហូតតរៀងទៅ។
និក្ខមនំ 15:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចពីនោះមក ម៉ូសេ នឹងពួកកូនចៅអ៊ីស្រាអែល ក៏នាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម ទ្រង់បានផ្តួលទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ ព្រះយេហូវ៉ាទ្រង់ជាកំឡាំងនៃខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀងផង ទ្រង់បានជួយសង្គ្រោះខ្ញុំ ហើយជាព្រះនៃខ្ញុំ ឯខ្ញុំនឹងលើកសរសើរដល់ទ្រង់ គឺជាព្រះនៃឪពុកខ្ញុំៗនឹងដំកើងទ្រង់ ព្រះយេហូវ៉ាទ្រង់ជាអ្នកចំបាំង ព្រះនាមទ្រង់ជាព្រះយេហូវ៉ា ទ្រង់បានបោះអស់ទាំងរទេះ នឹងពលទ័ពរបស់ផារ៉ោនចោលទៅក្នុងសមុទ្រ ឯពួកមេទ័ពជ្រើសរើសទាំងប៉ុន្មាន ក៏បានលង់ទៅក្នុងសមុទ្រក្រហម អស់ទាំងទីជំរៅបានគ្របគេបាត់ គេបានចុះទៅដល់បាតសមុទ្រដូចជាថ្ម ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់មានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់បានបោកពួកខ្មាំងសត្រូវខ្ទេចខ្ទីហើយ គឺទ្រង់បានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ ដោយឫទ្ធានុភាពដ៏ជាធំរបស់ទ្រង់ ទ្រង់បានបញ្ចេញសេចក្ដីក្រោធនៃទ្រង់ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចជាភ្លើងឆេះជញ្ជ្រាំង ហើយដោយសារកំឡាំងខ្យល់ពីព្រះនាសាទ្រង់ នោះទឹកត្រូវគរជាគំនរឡើង ទឹកធំបានពូនឡើងដូចជាកំផែង អស់ទាំងទីជំរៅក៏បានកកខះនៅនាសមុទ្រ ឯពួកខ្មាំងសត្រូវ គេនិយាយថា អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ តែទ្រង់បានផ្លុំដោយខ្យល់ដង្ហើមទ្រង់ នោះសមុទ្រក៏គ្របលើគេវិញ ហើយគេត្រូវលិចចុះទៅក្នុងទឹកធំដូចជាសំណ ឱព្រះយេហូវ៉ាអើយ តើមានព្រះឯណាឲ្យដូចទ្រង់ តើមានអ្នកឯណាដែលមានសេចក្ដីបរិសុទ្ធដ៏វិសេសដូចទ្រង់ ដែលគួរសរសើរដំកើង ហើយក៏ធ្វើការអស្ចារ្យផង ទ្រង់បានលើកព្រះហស្តស្តាំឡើង នោះដីក៏ស្រូបគេបាត់ទៅ ដោយសារសេចក្ដីសប្បុរសរបស់ទ្រង់ នោះទ្រង់បាននាំរាស្ត្រដែលទ្រង់លោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធរបស់ទ្រង់ ដោយព្រះបារមី គ្រប់ទាំងសាសន៍បានឮ ហើយក៏ញាប់ញ័រ ឯពួកសាសន៍ភីលីស្ទីន គេកើតមានសេចក្ដីភ័យខ្លាច ពួកមេនៃសាសន៍អេដំមមានសេចក្ដីភាន់ភាំង អស់ទាំងមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ក៏មានសេចក្ដីភ័យញ័រ ហើយអស់ទាំងមនុស្សដែលនៅស្រុកកាណានក៏ស្លុតចិត្ត សេចក្ដីស្ញែងខ្លាចនឹងសេចក្ដីថប់បារម្ភក៏គ្របសង្កត់លើគេទាំងអស់ គេបានទៅជាគ ដូចជាថ្ម ដោយសារអំណាចព្រះហស្តទ្រង់ ទាល់តែរាស្ត្រទ្រង់បានទៅហួស ឱព្រះយេហូវ៉ា គឺទាល់តែរាស្ត្រដែលទ្រង់បានលោះបានទៅបាត់ហើយ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងនាំគេចូលទៅដាំនៅលើភ្នំជាមរដករបស់ទ្រង់ ជាទីកន្លែងដែលទ្រង់រៀបចំទុកជាទីលំនៅរបស់ទ្រង់ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធដែលព្រះហស្តទ្រង់បានសាង ព្រះយេហូវ៉ា ទ្រង់នឹងសោយរាជ្យ ជារៀងរាបតទៅ អស់កល្បជានិច្ច