និក្ខមនំ 15:1-11

និក្ខមនំ 15:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​ម៉ូសេ និង​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​យ៉ាង​ត្រចះ​ត្រចង់ ព្រះ‌អង្គ​បាន​ផ្តួល ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ។ ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះរបស់​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ជា​ព្រះ​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ជា​អ្នក​ចម្បាំង ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា​ព្រះ‌យេហូវ៉ា។ ព្រះ‌អង្គ​បាន​បោះ​អស់​ទាំង​រទេះ និង​កង​‌ទ័ព​របស់​ផារ៉ោន​ទៅ​ក្នុង​សមុទ្រ ពួក​មេ‌ទ័ព​ជម្រើស​របស់​ស្ដេច ក៏​បាន​លង់​ក្នុង​សមុទ្រ​ក្រហម ។ ទឹក​សមុទ្រ​បាន​គ្រប​គេ​បាត់ គេ​បាន​ធ្លាក់​ចុះ​ទៅ​ដល់​បាត​សមុទ្រ ដូច​ជា​ដុំ​ថ្ម។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​បំបាក់​សត្រូវ​ខ្ទេច‌ខ្ទី។ ព្រះ‌អង្គ​បាន​រំលំ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ ដោយ​ឫទ្ធា‌នុភាព​ដ៏​ធំ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បញ្ចេញ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សេចក្ដី​ក្រោធ​នោះ​បាន​បញ្ឆេះ​គេ​ដូច​ភ្លើង​ឆេះ​ជញ្ជ្រាំង។ ដោយ‌សារ​កម្លាំង​ខ្យល់​ពី​ព្រះ‌នាសា​ព្រះ‌អង្គ ទឹក​ក៏​ឈរ​ឡើង​ជា​គំនរ ទឹក​ធំ​បាន​ពូន​ឡើង​ដូច​កំផែង អស់​ទាំង​ទី​ជម្រៅ​ក៏​បាន​កក​ខះ​នៅ​បាត​សមុទ្រ។ ខ្មាំង​សត្រូវ​ពោល​ថា "អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ"។ តែ​ព្រះ‌អង្គ​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​របស់​ព្រះ‌អង្គ នោះ​សមុទ្រ​បាន​គ្រប​គេ​បាត់ គេ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ ដូចជា​ដុំ​សំណ។ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ តើ​មាន​អ្នក​ណា ដែល​មាន​ភាព​បរិសុទ្ធ​ដ៏​វិសេស​ដូច​ព្រះ‌អង្គ ដែល​គួរ​សរសើរ​តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ?

ចែក​រំលែក
អាន និក្ខមនំ 15

និក្ខមនំ 15:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ ទូលបង្គំ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ព្រះអង្គ​មាន​ជ័យ‌ជម្នះ​ដ៏​ត្រចះ‌ត្រចង់ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ! ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។ ព្រះ‌អម្ចាស់​ជា​វីរ‌បុរស​ដ៏​អង់‌អាច ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​រទេះ​ចម្បាំង និង​កង‌ទ័ព​របស់​ស្ដេច​ផារ៉ោន វិនាស​នៅ​ក្នុង​សមុទ្រ។ នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន‌ជាតិ​អេស៊ីប បាន​លង់​ក្នុង​សមុទ្រ​កក់។ ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេ ពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។ ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​មាន​ព្រះ‌បារមី ដ៏​ថ្កុំ‌ថ្កើង​អស្ចារ្យ! ព្រះអង្គ​កម្ទេច​ខ្មាំង​សត្រូវ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា រុងរឿង‌ក្រៃ‌លែង ព្រះអង្គ​ផ្ដួល​រំលំ​អស់​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ។ ពេល​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ឆាប‌ឆេះ​ឡើង នោះ​ពួក​គេ​ត្រូវ​ឆេះ ដូច​ភ្លើង​ឆេះ​គំនរ​ចំបើង។ ពេល​ខ្យល់​របស់​ព្រះអង្គ​បក់​បោក​មក ផ្ទៃ​ទឹក​ក៏​មក​មូល​ផ្ដុំ​គ្នា រលក​សមុទ្រ​ងើប​ឡើង ដូច​ទំនប់​ទឹក​ដែល​នៅ​ទី​ជម្រៅ ក៏​មក​កក‌កុញ​នៅ​បាត​សមុទ្រ​ដែរ។ ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជយ‌ភណ្ឌ យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។ ព្រះអង្គ​បាន​ផ្លុំ​ខ្យល់ ធ្វើ​ឲ្យ​ទឹក​សមុទ្រ គ្រប​ទៅ​លើ​ពួក​គេ! ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។ ព្រះ‌អម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹង ព្រះអង្គ​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏វិសុទ្ធ​ដូច​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង គួរ​សរសើរ​តម្កើង ព្រះអង្គ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ដ៏​អស្ចារ្យ។

ចែក​រំលែក
អាន និក្ខមនំ 15

និក្ខមនំ 15:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ពី​នោះ​មក ម៉ូសេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​ខ្ញុំ ឯ​ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ទ្រង់ គឺ​ជា​ព្រះ​នៃ​ឪពុក​ខ្ញុំៗ​នឹង​ដំកើង​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​ចំបាំង ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បោះ​អស់​ទាំង​រទេះ នឹង​ពល‌ទ័ព​របស់​ផារ៉ោន​ចោល​ទៅ​ក្នុង​សមុទ្រ ឯ​ពួក​មេ‌ទ័ព​ជ្រើស‌រើស​ទាំង​ប៉ុន្មាន ក៏​បាន​លង់​ទៅ​ក្នុង​សមុទ្រ​ក្រហម អស់​ទាំង​ទី​ជំរៅ​បាន​គ្រប​គេ​បាត់ គេ​បាន​ចុះ​ទៅ​ដល់​បាត​សមុទ្រ​ដូច​ជា​ថ្ម ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​បោក​ពួក​ខ្មាំង​សត្រូវ​ខ្ទេច‌ខ្ទី​ហើយ គឺ​ទ្រង់​បាន​រំលំ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់ ដោយ​ឫទ្ធា‌នុភាព​ដ៏​ជា​ធំ​របស់​ទ្រង់ ទ្រង់​បាន​បញ្ចេញ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ សេចក្ដី​ក្រោធ​នោះ​បាន​បញ្ឆេះ​គេ​ដូច​ជា​ភ្លើង​ឆេះ​ជញ្ជ្រាំង ហើយ​ដោយ‌សារ​កំឡាំង​ខ្យល់​ពី​ព្រះ‌នាសា​ទ្រង់ នោះ​ទឹក​ត្រូវ​គរ​ជា​គំនរ​ឡើង ទឹក​ធំ​បាន​ពូន​ឡើង​ដូច​ជា​កំផែង អស់​ទាំង​ទី​ជំរៅ​ក៏​បាន​កក​ខះ​នៅ​នា​សមុទ្រ ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ តែ​ទ្រង់​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​ទ្រង់ នោះ​សមុទ្រ​ក៏​គ្រប​លើ​គេ​វិញ ហើយ​គេ​ត្រូវ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ​ដូច​ជា​សំណ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់ តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់ ដែល​គួរ​សរសើរ​ដំកើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផង

ចែក​រំលែក
អាន និក្ខមនំ 15